ជន​ជាតិ​ហ្វីលីពីន​ធ្វើ​បាតុកម្ម​គាំទ្រ​អ្នក​ភូមិ​បឹង​កក់

ស្ថានភាព​ប្រជា​ពល​រដ្ឋ​ខ្មែរ​រស់​នៅ​ម្ដុំ​បឹង​កក់ ក្រុង​ភ្នំពេញ ដែល​កំពុង​ប្រឈម​មុខ​នឹង​ការ​រុះរើ​លំនៅឋាន មាន​ជន​ជាតិ​ដទៃ​ជួយ​អំពាវនាវ​នៅ​បរទេស​សុំ​ឲ្យ​រដ្ឋ​អំណាច​កម្ពុជា​បញ្ឈប់​ គម្រោង​បណ្ដេញ​ប្រជា​ពល​រដ្ឋ​ក្រីក្រ។
ដោយ ហាស់ សាន
2011.03.27

ជន​ជាតិ​ហ្វីលីពីន​ប្រមាណ​ជាង ៥០​នាក់ បាន​រួម​សាមគ្គី​គ្នា​ក្នុង​នាម​អង្គការ​ប្រចាំ​តំបន់​អាស៊ី​មួយ ឈ្មោះ Leaders and Organizers of Community Organization in Asia ឬ​ប្រែ​ថា អ្នក​ដឹក​នាំ អ្នក​រៀបចំ​អង្គការ​សហគមន៍​នៅ​អាស៊ី គេ​ហៅ​កាត់​ថា LOCOA ដើរ​ធ្វើ​បាតុកម្ម​នៅ​មុខ​អគារ​ឈ្មោះ Country Space 1 នៅ​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាល​ពី​ថ្ងៃ​សុក្រ ទី​២៥ មីនា អំពាវនាវ​សុំ​ឲ្យ​ឈប់​បណ្ដេញ​ប្រជា​ពល​រដ្ឋ​ក្រីក្រ​ខ្មែរ នៅ​ម្ដុំ​បឹង​កក់ រាជ​ធានី​ភ្នំពេញ។

ក្រុម​បាតុករ​ហ្វីលីពីន​មាន​ប្រុស មាន​ស្រី មាន​ចាស់ មាន​ក្មេង បាន​នាំ​គ្នា​លើក​បដា​ដែល​សរសេរ​ចម្រុះ​ពាក្យ​ស្លោក មាន​ដូច​ជា​ថា គេ​រួម​សាមគ្គី​និង​ប្រជា​ពល​រដ្ឋ​នៅ​បឹង​កក់ សុំ​បញ្ឈប់​ការ​បណ្ដេញ​ឲ្យ​រុះរើ​លំនៅឋាន​នៅ​កម្ពុជា បញ្ឈប់​ការ​គំរាមកំហែង​លើ​ប្រជា​ពល​រដ្ឋ ជន​ក្រីក្រ​អាស៊ី​រួម​គ្នា​សុំ​ឲ្យ​រៀប​ផែនការ​ចែក​ដីធ្លី​ជា​ដើម។ សកម្មជន​សាសន៍​ហ្វីលីពីន​ទាំង​នោះ បាន​សំដែង​ការ​គាំទ្រ​របស់​គេ​ដល់​ប្រជា​ពល​រដ្ឋ​ខ្មែរ ដែល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​វេទនា មិន​ខុស​ពី​ប្រជា​ពល​រដ្ឋ​រស់​នៅ​ជាយ​ក្រុង​ម៉ានីល ដែល​អាច​នឹង​ត្រូវ​រដ្ឋាភិបាល​បង្ខំ​ឲ្យ​រុះរើ​ផ្ទះ​សម្បែង​ដូច​គ្នា ក្នុង​នាម​អភិវឌ្ឍន៍​ជាតិ។

តំណាង​ក្រុម​បាតុករ​ពី​អង្គការ LOCOA ព្យាយាម​ប្រគល់​ញត្តិ​ជូន​ឯក​អគ្គ​រាជ​ទូត​កម្ពុជា លោក អ៊ិន ម៉ៃ ដែល​មាន​ទី​តាំង​ស្ថាន​ទូត​នៅ​ជាន់​ទី​៧ នៃ​អគារ Country Space 1 នៅ​ទីក្រុង​ម៉ានីល ប៉ុន្តែ​អ្នក​យាម​ប្រាប់​ថា លោក​មិន​នៅ ហើយ​សូម​ទាក់​ទង​ម្ដង​ទៀត​នៅ​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​នេះ។ អ្នក​យាម​បាន​ទទួល​យក​ញត្តិ​ទៅ​ប្រគល់​ជូន​អ្នក​ការ​ទូត​ខ្មែរ​មួយ​ច្បាប់ សម្រាប់​រាជ​រដ្ឋាភិបាល មួយ​ច្បាប់​សម្រាប់​អភិបាល​រាជ​ធានី​ភ្នំពេញ។

រូបភាព​ពី​ការ​ធ្វើ​បាតុកម្ម​គាំទ្រ​តាម​ផ្លូវ​ចិត្ត ផ្លូវ​ស្មារតី ដល់​ជន​រង​គ្រោះ​ដូច​គ្នា ដែល​រស់​នៅ​ម្ដុំ​បឹង​កក់ ក្រុង​ភ្នំពេញ ត្រូវ​បាន​គេ​បញ្ជូន​ចែក​ចាយ​គ្រប់​ទិស​ទី ហើយ​បញ្ជូន​បន្ត​ដោយ​អង្គការ ឈ្មោះ​ក្រុម​ការងារ​ការ​ពារ​សិទ្ធិ​តាំង​លំនៅឋាន (Housing Rights Task Force) នៅ​កម្ពុជា និង​នៅ​អាស៊ី ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​មូលនិធិ ឈ្មោះ COPE និង​អង្គការ​ឈ្មោះ The Daily Urban Poor។

កាល​ពី​ថ្ងៃ​ទី​២១ មីនា ជន​ក្រីក្រ​អាស៊ី​បាន​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថាន​ទូត​កម្ពុជា និង​ស្ថាន​ទូត​ចិន នៅ​ក្រុង​បាងកក ប្រទេស​ថៃ ដើម្បី​គាំទ្រ​ជន​ក្រីក្រ​ខ្មែរ​នៅ​បឹង​កក់ ហើយ​កាល​ពី​ថ្ងៃ​២៣ មីនា ជន​ជាតិ​បង់ក្លាដេស​ក៏​បាន​ធ្វើ​បាតុកម្ម​គាំទ្រ​ប្រជា​ពល​រដ្ឋ​រស់​នៅ​ម្តុំ​បឹង​កក់​ដែរ នៅ​ទីក្រុង​ដាការ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Mar 27, 2011 07:11 PM

shame on the Cambodian govt...