អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ជំរុញ​ឲ្យ​មន្ត្រី​ប្រកាស​ទ្រព្យ​សម្បត្តិ

នា​ពេល​កន្លង​មក​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​អនុវត្ត​ការងារ​របស់​ ខ្លួន​ជា​បណ្ដើរ​ៗ​ហើយ ដើម្បី​ចាត់​ការ​ទៅ​លើ​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​បាន​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ។
ដោយ ទីន ហ្សាការីយ៉ា
2011.03.02
Share on WhatsApp
Share on WhatsApp

មន្ត្រី​នាំ​ពាក្យ​នៃ​ក្រុម​ប្រឹក្សា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​អះអាង​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កំពុង​តែ​ជំរុញ​ឲ្យ​មន្ត្រី​នៅ​ក្នុង​រដ្ឋាភិបាល​ប្រកាស​ទ្រព្យ​សម្បត្តិ​ឲ្យ​បាន​មុន​កាល​បរិច្ឆេទ​កំណត់ នៅ​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១១ ខាង​មុខ។

លោក កែវ រេមី មន្ត្រី​នាំ​ពាក្យ​នៃ​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ បាន​មាន​ប្រតិកម្ម​ថា អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មិន​បាន​ពន្យារ​ពេល​តម្រូវ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ធ្វើ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ដូច​ដែល​កាសែត​បរទេស ឈ្មោះ កាសែត The Cambodia daily ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២ មិនា ឆ្នាំ​២០១១ នេះ​ទេ ៖ "អ៊ីចឹង​គឺ​ឋិត​នៅ​ក្នុង​កាល​វិភាគ​របស់​យើង​ដដែល ដូច​ដែល​យើង​បាន​ធ្វើ​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​កន្លង​មក​ហើយ គឺ​យើង​បាន​ដំណើរ​ការ​នៃ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​នៃ​ដំណាក់​កាលៗ របស់​ក្រសួង​នីមួយៗ ទៅ​តាម​សេចក្ដី​សម្រេច​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ"

លោក កែវ រេមី បាន​លើក​ឡើង​ទៀត​ថា នៅ​ក្នុង​ដំណើរ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​មន្ត្រី​បម្រើ​ការ​ងារ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​នេះ ក៏​មាន​មន្ត្រី​មួយ​ចំនួន​ដែល​មាន​ងារ​ជា​ឧកញ៉ា បាន​សុំ​លាលែង​ពី​តួ​នាទី​នៅ​ក្នុង​រដ្ឋាភិបាល​ផង​ដែរ។

មន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​ប្រឆាំង និង​ជា​អ្នក​តំណាង​រាស្ត្រ លោក សុន ឆ័យ បាន​ពន្យល់​ថា ការ​ដក​ខ្លួន​ចេញ​ពី​តួនាទី​នៅ​ក្នុង​រដ្ឋាភិបាល​របស់​ឧកញ៉ា​ទាំង​នោះ ដោយ​សារ​តែ​ពួក​គេ​មាន​ការ​ភ័យ​ខ្លាច និង​ដើម្បី​ជៀស​ផុត​អំពី​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ជា​ដើម ៖ "ទ្រព្យ​គេ​មាន​ច្រើន​ណាស់​ចំពោះ​ពួក​ឧកញ៉ា​ទាំង​នោះ ព្រោះ​គេ​មាន​ឥទ្ធិពល​ទៅ​លើ​គណ​បក្ស​កាន់​អំណាច គេ​ឲ្យ​សាលា​មួយ​ពីរ​ទៅ គេ​ជួយ​បក្ស​តិច​តួច​ទៅ គេ​អត់​ត្រូវ​ការ​បង់​ពន្ធ ហើយ​គេ​លាក់​ទ្រព្យ​គេ ព្រោះ​កាល​ណា​ថា គណ​បក្ស​កាន់​អំណាច​ដឹង​ថា គេ​មាន​ទ្រព្យ​គេ​ហ្នឹង បំណង​កេះកៀវ​យក​ទ្រព្យ​គេ ឬ​ក៏​ទារ​គេ​ជួយ​នេះ ជួយ​នោះ​ថែម ម៉្លោះ​ហើយ​គេ​បារម្ភ​កាល​ណា​គេ​ប្រកាស​ទៅ គេ​ដឹង​ថា​គាត់​មាន​ប្រាក់​ប៉ុន្មាន"

ការ​តម្រូវ​ឲ្យ​ប្រកាស​ទ្រព្យ​សម្បត្តិ​នេះ គេ​បាន​អនុវត្ត​តាំង​ពី​ដើម​ខែ​មករា ឆ្នាំ​២០១១ មក ដែល​មុខ​សញ្ញា​ត្រូវ​ប្រកាស​នោះ​មាន​ចំនួន​ជាង ១០​ម៉ឺន​នាក់ ដែល​ត្រូវ​ធ្វើ​ការ​ប្រកាស​ជា​សម្ងាត់​បំផុត ផ្ញើ​មក​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ រាប់​ទាំង​របាយ​ការណ៍​ផ្ទះ​សម្បែង រថយន្ត និង​ប្រាក់​ចំណូល​ជា​ដើម។

ចំពោះ​អ្នក​ដែល​ជាប់​កាតព្វកិច្ច​ប្រកាស​ទ្រព្យ​សម្បត្តិ​នោះ គឺ​ផ្ដោត​លើ​នាយក​រដ្ឋ​មន្ត្រី ប្រធាន​សភា​ជាតិ ប្រធាន​ព្រឹទ្ធ​សភា មន្ត្រី​រាជ​ការ​ស៊ីវិល នគរបាល យោធា មន្ត្រី​តុលាការ តំណាង​រាស្ត្រ សមាជិក​ព្រឹទ្ធសភា រដ្ឋសភា មេ​ដឹក​នាំ​អង្គការ​សង្គម​ស៊ីវិល និង​ទីប្រឹក្សា​របស់​រដ្ឋាភិបាល​ជា​ដើម ដែល​បាន​តែង​តាំង​ដោយ​ព្រះ​រាជ​ក្រឹត្យ និង​អនុក្រឹត្យ ហើយ​មន្ត្រី និង​បុគ្គលិក​នៃ​ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ​ទាំង​អស់ ក៏​ត្រូវ​ប្រកាស​ទ្រព្យ​សម្បត្តិ​ផង​ដែរ។

លោក កែវ រេមី បាន​បញ្ជាក់​ថា ចំពោះ​មន្ត្រី​ណា​ដែល​មិន​ធ្វើ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ឲ្យ​បាន​មុន​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១១ ខាង​មុខ​នេះ​ទេ អ្នក​នោះ​នឹង​ត្រូវ​ទទួល​ការ​ពិន័យ​ទៅ​តាម​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។