ការបង្កើតស្ថាប័នគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតថ្មីគឺជារឿងចាំបាច់សម្រាប់ការបោះឆ្នោតនៅអាណត្តិក្រោយទៀត ប្រកបដោយសេរីត្រឹមត្រូវ និងយុត្តិធម៌។ ការបង្កើតស្ថាប័នគ.ជ.បថ្មីនិងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ក៏ជាដើមចមមួយដ៏សំខាន់ ក្នុងការបញ្ចប់វិបត្តិនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ។
គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សគ្រប់គ្រងអំណាចជាង៣០ឆ្នាំមកហើយនោះ គឺជាកូនសោរ ដ៏សំខាន់នៅក្នុងការព្រមព្រៀងគ្នាឲ្យមានការរៀបចំស្ថាប័នបោះឆ្នោតថ្មីនេះ។ ក៏ប៉ុន្តែមកទល់ពេលនេះ គេមិនទាន់ដឹងច្បាស់នៅឡើយទេថា តើគណបក្សប្រជាជនកម្ពុជា ពិតជាចង់ផ្លាស់ប្ដូរគ.ជ.ប ឬចង់មានស្ថាប័នរៀបចំការបោះឆ្នោតថ្មីដែលឯករាជ្យពិតប្រាកដឬយ៉ាងណា?
ស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺជាស្ថាប័នដ៏សំខាន់មួយសម្រាប់ធានានូវសុក្រឹតភាពនៃលទ្ធផលបោះឆ្នោត និងទប់ស្កាត់ភាពចលាចលផ្សេងៗ កុំឲ្យកើតមាន នៅក្រោយពេលបោះឆ្នោត ពិសេសការធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោតលទ្ធផលឆ្នោត។
ជាក់ស្ដែងបើពិនិត្យមើលដំណើរការបោះឆ្នោត និងលទ្ធផលបោះឆ្នោតសម្រាប់នីតិកាលទី៥ កាលពីថ្ងៃទី២៨កក្កដា ឆ្នាំ២០១៣កន្លងទៅ ស្ថាប័នរៀបចំការបោះឆ្នោត គ.ជ.ប ត្រូវបានសហគមន៍ជាតិ អន្តរជាតិ មើលឃើញថាជាស្ថាប័នមិនឯករាជ្យ និងធ្វើឲ្យមានមិនមានប្រក្រតីមួយចំនួននៅក្នុងពេលបោះឆ្នោត។
ការរៀបចំបោះឆ្នោតដែលពុំធានានូវភាពឯករាជ្យ និងសុក្រឹតភាពរបស់ស្ថាប័នដ៏សំខាន់មួយនេះ ទើបធ្វើឲ្យមានភាពវឹកវរនៅក្រោយពេលបោះឆ្នោត គឺគណបក្សសង្គ្រោះជាតិបានដឹកនាំធ្វើបាតុកម្មឥតឈប់ឈរ រហូតដល់មានការបង្ក្រាបបង្ហូរឈាម និងធ្វើឲ្យបាត់បង់ជីវិតប្រជាពលរដ្ឋថែមទៀត។
លទ្ធផលឆ្នោតដ៏ចម្រូងចម្រាស់នេះ បានធ្វើឲ្យជាប់គាំងនយោបាយអស់រយៈពេលពេញ១ឆ្នាំ។ ទោះបីជាយ៉ាងនេះក្ដី តែនៅទីបញ្ចប់គណបក្សជាប់ឆ្នោតទាំងពីរ បានសម្រេចបញ្ចប់វិបត្តិនយោបាយនៅថ្ងៃទី២២ កក្កដា ឆ្នាំ២០១៤ ដែលជាពេលវេលាមួយ ធ្វើឲ្យម្ចាស់ឆ្នោត និងសហគមន៍អន្តរជាតិមួយចំនួនមានការភ្ញាក់ផ្អើល និងសាទរចំពោះការបញ្ចប់ជម្លោះនយោបាយនេះ។
នៅក្នុងកិច្ចព្រមព្រៀងបញ្ចប់ជម្លោះនយោបាយនេះ អ្វីដែលជាបញ្ហាសំខាន់នោះ គឺគណបក្សជាប់ឆ្នោតទាំងពីរ បានយល់ព្រមផ្លាស់ប្ដូរ និងរៀបចំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី និងធ្វើវិសោធនកម្មច្បាប់បោះឆ្នោត វិសោធនកម្មមាត្រា៧៦ថ្មី និងដាក់ស្ថាប័នគ.ជ.បថ្មី ជាស្ថាប័នធម្មនុញ្ញ។ល។
បច្ចុប្បន្ននេះក្រុមការងារគណបក្សទាំងពីរកំពុងធ្វើសេចក្ដីព្រាងច្បាប់ ស្ដីពីការប្រព្រឹត្តិទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលគណបក្សសង្គ្រោះជាតិអះអាងថា សេចក្ដីព្រាងច្បាប់នេះ គេចង់ធ្វើឲ្យបញ្ចប់នៅមុន បំណាច់ឆ្នាំ២០១៤។
ទន្ទឹមនឹងនេះរដ្ឋាភិបាលជប៉ុនក៏ចាប់អារម្មណ៍ទៅលើកំណែទម្រង់ការបោះឆ្នោតនេះដែរ។ ភាគីជប៉ុនបានត្រៀមខ្លួនជាស្រេចក្នុងការជួយរៀបចំកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា រៀបចំឲ្យប្រកបដោយតម្លាភាព សុក្រឹតភាព ត្រឹមត្រូវ សេរីនិងយុត្តិធម៌។ ប៉ុន្តែការលូកដៃជួយ របស់ជប៉ុនបានប៉ុនណាទៅលើកំណែទម្រង់នេះ អាស្រ័យលើគណបក្សទាំងពីរឯកភាពគ្នា ថាតើចង់ឲ្យប្រទេសជប៉ុន ដែលគេស្គាល់ថាជាប្រទេសប្រជាធិបតេយ្យនិងមានភាពត្រឹមត្រូវលើការបោះឆ្នោតនោះ ជួយក្នុងកម្រិតណា?
នៅត្រង់ចំណុចនេះ តើគណបក្សប្រជាជនកម្ពុជាមានជំហរពិតប្រាកដក្នុងការកែទម្រង់ការបោះឆ្នោតដែរឬទេ?
តាមមើលទៅគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចជាង២ទសវត្សរ៍មកហើយនោះ ហាក់មានឆន្ទៈតិចតួចក្នុងការកែទម្រង់ការបោះឆ្នោតនេះ។
មានទឡ្ហីករណ៍(ភស្តុតាង) មួយចំនួន ដែលថាគណបក្សប្រជាជនកម្ពុជា ហាក់ដូចជាស្ទាក់ស្ទើរក្នុងការធ្វើកំណែទម្រង់ការបោះឆ្នោតនោះ ដូចជា គណបក្សទាំងពីរបានព្រមព្រៀងរៀបចំគ.ជ.បថ្មី និងផ្លាស់ប្ដូរសមាសភាពដឹកនាំគ.ជ.ប ដោយជ្រើសចេញ ពីគណបក្សជាប់ឆ្នោតទាំងពីរ ម្ខាង៤នាក់ និងយកចេញពីមន្ត្រីអង្គការសង្គមស៊ីវិល០១រូបទៅហើយ។ ចុះហេតុអ្វីបានជាគ.ជ.បចាស់ ដែលគណបក្សប្រឆាំងចោទថាមិនឯករាជ្យនោះ នៅតែដំណើរការងាររបស់ខ្លួនធម្មតាដដែល?
មួយវិញទៀត នៅពេលតំណាងរដ្ឋាភិបាលជប៉ុនបានមកជួបតំណាងគណបក្សទាំងពីរនៅ រដ្ឋសភានោះ គឺគណបក្សប្រជាជនកម្ពុជា មិនបានបើកចំហឲ្យអ្នកសារព័ត៌មានចូលទៅ យកព័ត៌មាន និងមិនបានធ្វើសន្និសីទសារព័ត៌មានអំពីលទ្ធផលជំនួបក្រុមស្រាវជ្រាវជប៉ុន ដូចគណបក្សសង្គ្រោះជាតិនោះឡើយ។
នៅក្នុងជំនួបរវាងគណបក្សទាំងពីរនេះ ក្រុមស្រាវជ្រាវជប៉ុន បានរកឃើញថា ការបោះឆ្នោតកាលពីឆ្នាំ២០១៣កន្លងទៅ មានបញ្ហាមួយចំនួន ដែលជាដើមចមនៃជម្លោះក្រោយ ពេលបោះឆ្នោត រួមមានទី១ បញ្ហាច្បាប់ ទី២ បញ្ហាកង្វះមន្ត្រីរៀបចំការបោះឆ្នោត ទី៣ សមាសភាពគ.ជ.បមិនឯករាជ្យ ទី៤ ការដោះស្រាយវិវាទបោះឆ្នោតមិនទាន់ត្រឹមត្រូវ និងទី៥បញ្ហាបញ្ជីឈ្មោះបោះឆ្នោត។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិអះអាងថា ជប៉ុនចង់ឲ្យគ.ជ.បថ្មី រៀបចំបញ្ជីឈ្មោះបោះឆ្នោតថ្មី តែនៅត្រង់ចំណុចនេះ គ.ជ.បចាស់ នៅតែដំណើរការការងាររបស់ខ្លួន និងរៀបចំចុះបញ្ជីអ្នកបោះឆ្នោតជាបន្តបន្ទាប់ ទៅតាមនីតិវិធីចាស់របស់ខ្លួនដែលមានស្រាប់។
ការដំណើរការងារបស់គ.ជ.បបច្ចុប្បន្ននេះ ពុំមែនមានន័យថា គ.ជ.ប បានធ្វើខុសទៅនឹងកិច្ចព្រមព្រៀងរបស់គណបក្សទាំងពីរនោះទេ ក៏ប៉ុន្តែកិច្ចព្រមព្រៀងនៃការចរចានេះ គណបក្សទាំងពីរ នៅត្រង់ប្រការ២ បានចងថាបើសិនគ.ជ.បថ្មីមិនអាចបង្កើតបានទេ គឺគ.ជ.បចាស់នៅតែដំណើរការរៀបចំការបោះឆ្នោតបានដដែលស្របតាមច្បាប់។
បើពិនិត្យមើលនៅក្នុងកិច្ចចចារកាលពីថ្ងៃទី២២កក្កដានោះ គណបក្សប្រជាជនកម្ពុជា ហាក់មានប្រៀបលើគណបក្សសង្គ្រោះជាតិ និងរៀបចំយុទ្ធសាស្ត្រទុកមុនជាស្រេច ចំពោះការចង់រក្សាទុកសុពលភាពរបស់គ.ជ.បចាស់ នៅតែអាចដំណើរការរៀបចំការបោះឆ្នោតបានដដែល បើសិនជាគ.ជ.បថ្មីមិនអាចបង្កើតបាននោះ។ បើសិនជាគណបក្ស ប្រជាជនកម្ពុជាចង់ឲ្យគ.ជ.បបច្ចុប្បន្ននេះ រំសាយចោល តើហេតុអ្វីចាំបាច់ចែងនៅក្នុងការចរចាទុកឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបច្ចុប្បន្នមានសមត្ថកិច្ច ក្នុងការរៀបចំការបោះឆ្នោត ឬក៏រៀបចំមិនទាន់?
បញ្ហានេះប្រហែលជាមិនមែនកត្តាខ្លាចការរៀបចំគ.ជ.បថ្មី មិនទាន់នោះទេ ព្រោះថាភាគីជប៉ុនបានប្រកាសតាំងពីមុនចរចា ត្រូវរ៉ូវគ្នាមកទៀតថា ជប៉ុននឹងជួយរៀបចំក្នុងការកែទម្រង់ការបោះឆ្នោតនេះ។
ចំណែកខាងគណបក្សសង្គ្រោះជាតិ ដែលធ្លាប់តែឡើងបង្ហាញជំហររបស់ខ្លួន អំពីដំណើរការរៀបចំសេចក្ដីព្រាងច្បាប់ ស្ដីពីការរៀបចំនិងការប្រព្រឹត្តិទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅតាមស្ថាប័នផ្សព្វផ្សាយនានានោះ ឥឡូវបែរជានៅសម្ងំស្ងៀម។ មើលទៅគណបក្សនេះ ហាក់ដូចជាចង់យកចិត្តគណបក្សប្រជាជនកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ ការមិនមាត់មិនកររបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ជាមួយសារព័ត៌មានអំពីដំណើរការរៀបចំគ.ជ.បថ្មីនេះ មិនប្រាកដថាអាចលួងចិត្តគណបក្សប្រជាជនកម្ពុជា ហើយសម្រេចដូចបំណងនោះឡើយ។
គណបក្សប្រជាជនកម្ពុជាអាច នឹងក្រឡាស់នៅនាទីចុងក្រោយក៏ថាបាន។ ការក្បត់កិច្ចព្រមព្រៀងតែងកើតមានឡើងជានិច្ច ទោះបីជាអ្នកក្បត់តែងប្រកែកថាមិនក្បត់ ដោយយកលេសថាបោះឆ្នោតតាមបែបប្រជាធិបតេយ្យមកធ្វើជាត្រីមុខក៏ដោយចុះ។
គេនៅចាំបានថាកាលពីបោះឆ្នោតជ្រើសរើសប្រធានដឹកនាំគណៈកម្មការជំនាញក្នុងសភា ខាងគណបក្សសង្គ្រោះជាតិ បានដាក់អ្នកស្រី មួរ សុខហួរ ជាបេក្ខជនប្រធានគណៈកម្មការទី៨ និង លោក យឹម សុវណ្ណ ជាប្រធានគណៈកម្មការទី១០ តែតំណាងរាស្ត្រគណបក្សកម្ពុជាមិនបោះឆ្នោតទុកចិត្តក្នុងសភានោះឡើយ គឺមានតែ១ សំឡេងប៉ុណ្ណោះ។ ដំណើរការស្រដៀងគ្នានេះអាចកើតមានឡើង នៅពេលបោះឆ្នោតជ្រើសរើសសមាសភាពគ.ជ.បក៏ថាបាន។
ចំពោះគណបក្សសង្គ្រោះជាតិវិញ ក៏ដូចគ្នាដែរបើសិនជាខាងគណបក្សប្រជាជនកម្ពុជាដាក់ថ្នាក់ដឹកនាំគ.ជ.បបច្ចុប្បន្ន ក្នុងចំណោមបេក្ខភាពទាំង៤រួបនោះ អាចថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមិនបោះឆ្នោតទុកចិត្តនៅក្នុងសភាវិញដែរ។
ហើយបើដំណើរការនេះ កើតឡើងវិញខាងគណបក្សប្រជាជនកម្ពុជាក៏នឹង គ្មានអ្វីត្រូវខាតបង់ទេ។ កិច្ចព្រមព្រៀង កាលពីថ្ងៃទី២២កក្កដានោះ បានរៀបចំជើងព្រួលទុកមុនជាស្រេចទៅហើយ ក្នុងការរក្សាវត្តមានគ.ជ.បដែលមានស្រាប់។ នេះបើផ្អែកទៅលើខ្លឹមសារនៃកិច្ចព្រមព្រៀងរវាងគណបក្សទាំងពីរ ដែលចែងថា គ.ជ.បសព្វថ្ងៃនឹងបន្តដំណើរការដដែល បើសិនជាគ.ជ.បថ្មីបង្កើតមិនបាន។ ដូច្នេះហើយបានគ.ជ.បបច្ចុប្បន្ន បានរៀបចំការចុះឈ្មោះប្រជាពលរដ្ឋក្នុងបញ្ជីបោះឆ្នោតទៅតាមនីតិវិធីរបស់ខ្លួន។ ដោយហាក់ដូចជាដឹងខ្លួនឯង ថាស្ថាប័ននេះនឹងដំណើរការរៀបចំការបោះឆ្នោតពេលខាងមុខទៀត។ ហើយពេលនោះគ.ជ.ប ក៏នឹងនៅជាស្ថាប័នឯករាជ្យក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់គណបក្សប្រជាជនកម្ពុជា ដូចដែលគេធ្លាប់ឃើញនោះដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។