ថ្ងៃទី១២ ខែកុម្ភៈខាងមុខនេះ នឹងដល់ថ្ងៃគណៈកម្មការអឺរ៉ុប ចេញសេចក្តីសម្រេចចុងក្រោយមួយ អំពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។
មានមនុស្សម្នាច្រើនណាស់ កំពុងរង់ចាំអ៊ុតមើលលទ្ធផលនេះ។ ក្នុងនោះ ក៏មានកម្មកររោងចក្ររាប់សែននាក់ រួមទាំងអ្នកដែលបានផលពីការអនុគ្រោះពន្ធនេះ រាប់លាននាក់ផ្សេងទៀតផង ប្រហែលកំពុងបន់ស្រន់ កុំឲ្យគណៈកម្មការអឺរ៉ុប ព្យួរការអនុគ្រោះពន្ធនេះ។
ចំណែកឯសកម្មជនតស៊ូដើម្បីប្រជាធិបតេយ្យវិញ អាចមានអារម្មណ៍ច្របូកច្របល់បន្តិច ព្រោះបើគេដាក់ទណ្ឌកម្មកម្ពុជា នោះនឹងធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋស្លូតត្រង់ ដែលជាជនរងគ្រោះ រួមទាំងពួកគាត់ផងដែរ។ ប៉ុន្តែ បើមានទណ្ឌកម្មណាមួយ ក៏អាចជាការផ្តល់ក្តីសង្ឃឹមដល់ការតស៊ូរបស់ពួកគាត់ដែរ ព្រោះមានតែសម្ពាធនេះទេ ដែលអាចឲ្យមេដឹកនាំផ្តាច់ការ បន្ទន់ឥរិយាបទខ្លះ។
តើសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុបរឿង EBA នេះ នឹងចេញទៅជាយ៉ាងណា?
គិតត្រឹមថ្ងៃទី១២ ខែកុម្ភៈ គឺគម្រប់រយៈពេលមួយឆ្នាំគត់ នៃនីតិវិធីត្រួតពិនិត្យ និងវាយតម្លៃស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ដើម្បីគណៈកម្មការអឺរ៉ុបថ្លឹងថ្លែងថា តើគណៈកម្មការនេះ មានមូលហេតុគ្រប់គ្រាន់ ក្នុងការបន្តទុក ឬព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាដែរឬយ៉ាងណា?
មុននឹងចូលដល់តំណាក់កាលធ្វើសេចក្តីសម្រេចចុងក្រោយនេះ គណៈកម្មការអឺរ៉ុប បានទុកពេលឲ្យរបបក្រុងភ្នំពេញ រយៈពេល ១២ខែពេញ ដើម្បីកែលម្អបញ្ហាដែលគណៈកម្មការនេះរកឃើញ។ រយៈពេល ១២ខែនេះ គឺមិនទាន់គិត ពីការព្រមានរបស់សហភាពអឺរ៉ុប អំពីបញ្ហារំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរ ដែលគណៈកម្មការនេះ ត្រូវបញ្ជូនគណៈប្រតិភូស្វែងរកការពិត ដែលចុះផ្ទាល់ទៅដល់ប្រទេសកម្ពុជា ជាងកន្លះឆ្នាំ មុនចាប់ផ្តើមនីតិវិធីត្រួតពិនិត្យ និងវាយតម្លៃស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជានេះ។ ក្រុមស្វែងរកការពិតនោះ បានចេញរបាយការណ៍ បង្ហាញពីការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យយ៉ាងធ្ងន់ធ្ងរ ដែលទាមទារឲ្យរបបក្រុងភ្នំពេញស្តារវាឡើងវិញ។
បញ្ហាទាំងនោះរួមមាន ការរំលោភបំពានធ្ងន់ធ្ងរទៅលើសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងសិទ្ធិការងារជាដើម ដូចជាការចាប់លោក កឹម សុខា ដាក់ពន្ធនាគារ និងចោទប្រកាន់ពីបទក្បត់ជាតិ ការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលឈានទៅរម្លាយគណបក្សសង្គ្រោះជាតិ ការបោះឆ្នោតដោយផាត់ចោលគណបក្សប្រឆាំង ការដកហូតសិទ្ធិនយោបាយតំណាងរាស្រ្តបក្សប្រឆាំង ការបិទសិទ្ធិសេរីភាពប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ សិទ្ធិសេរីភាពអង្គការសង្គមស៊ីវិល សិទ្ធិសេរីភាពសហជីពកម្មករ សិទ្ធិធ្វើបាតុកម្មដោយអហិង្សា និងបន្តធ្វើទុក្ខបុកម្នេញសំឡេងប្រឆាំងជាដើម។
ក្នុងរយៈពេលមួយឆ្នាំពេញនេះ គណៈកម្មការអឺរ៉ុប ក៏បានផ្តល់ឱកាសឲ្យរបបក្រុងភ្នំពេញ ឆ្លើយតបចំនួនពីរលើក ជុំវិញរបាយការណ៍ និងការរកឃើញរបស់គណៈប្រតិភូគណៈកម្មការអឺរ៉ុប ដែលបានចុះទៅប្រទេសកម្ពុជាចំនួនពីរលើកទៀត ដើម្បីវាយតម្លៃឲ្យបានល្អិតល្អន់ អំពីបញ្ហាដែលកើតមានជាក់ស្តែងនៅប្រទេសកម្ពុជា។
ក្នុងរយៈពេល ៣៦៥ថ្ងៃ គណៈកម្មការនេះ ក៏បានស្តាប់កង្វល់ និងសំណូមពររបស់ភាគីទីបីចំនួន ១៣ស្ថាប័នផ្សេងទៀត រួមមានអង្គការសង្គមស៊ីវិល សហជីពកម្មករ ថៅកែរោងចក្រ សមាគមអ្នកបញ្ជាទិញ និង តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិជាដើម។ គណៈកម្មការនេះ ក៏ពិចារណារបាយការណ៍របស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជាផងដែរ។
របបក្រុងភ្នំពេញ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ បានបញ្ជូនចម្លើយតបរបស់ខ្លួន ជុំវិញការរកឃើញនៃបញ្ហាទាំងនោះ។ បីខែក្រោយមក គឺនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដដែល គណៈកម្មការអឺរ៉ុប បានចេញរបាយការណ៍បឋមមួយ ស្តីពីការព្យួរការអនុគ្រោះពន្ធ EBA នេះ។
នៅក្នុងរបាយការណ៍បឋមរបស់គណៈកម្មការអឺរ៉ុប កាលពីថ្ងៃទី១២ ខែវិច្ឆិកា ស្តីពីការព្យួរការអនុគ្រោះពន្ធ EBA ដែលមានកម្រាស់ ៧០ទំព័រ និងជារបាយការណ៍សម្ងាត់ ដែលអាស៊ីសេរីទទួលបានពីមន្រ្តី ដែលសុំលាក់អត្តសញ្ញាណ រកឃើញថា បញ្ហារំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ ដែលគណៈកម្មការនេះ បានស្នើឲ្យស្តារឡើងវិញនោះ រឹតតែអាក្រក់ជាងមុនទៅទៀត។ ទោះជាយ៉ាងនេះក្តី គណៈកម្មការអឺរ៉ុបទទួលស្គាល់ថា មានការប្រសើរឡើងខ្លះដែរ ក្នុងផ្នែកសិទ្ធិដីធ្លី និងសិទ្ធិការងារ។ ប៉ុន្តែ សូម្បីតែមានការប្រសើរឡើងខ្លះនេះក៏ដោយ ក៏គណៈកម្មការនេះ ថានៅតិចតួចស្តួចស្តើងពេកណាស់ ដែលមិនគ្រប់គ្រាន់ ក្នុងការបំពេញតាមលក្ខខណ្ឌ ដែលអាចបន្តទទួលបានការអនុគ្រោះពន្ធ EBA តទៅទៀតនោះទេ។
ក្រោយចេញរបាយការណ៍បឋមនេះ គណៈកម្មការអឺរ៉ុបទុកពេល ១ខែ ឲ្យរបបក្រុងភ្នំពេញ ឆ្លើយតបម្តងទៀត ទៅនឹងការរកឃើញនេះ។ របបក្រុងភ្នំពេញ ក៏បានបញ្ជូនឯកសារអំពីការឆ្លើយតបនេះ ទៅគណៈកម្មការអឺរ៉ុប នៅថ្ងៃចុងក្រោយនៃថ្ងៃផុតកំណត់នោះ គឺដាក់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩។
តាំងពីក្រោយគណៈកម្មការអឺរ៉ុប ចេញរបាយការណ៍បឋមនោះ រហូតរបបក្រុងភ្នំពេញឆ្លើយតប និងរហូតមកដល់ថ្ងៃគណៈកម្មការអឺរ៉ុប នឹងចេញសេចក្តីសម្រេចចុងក្រោយនេះ គឺមានរយៈពេលបីខែគត់។
ក្នុងរយៈពេលបីខែចុងក្រោយនេះ ក៏មិនឃើញមានអ្វីកែប្រែឲ្យល្អប្រសើរគួរឲ្យកត់សម្គាល់នោះដែរ ក្រៅតែពីការប្រញាប់ប្រញាល់បញ្ជូនរឿងលោក កឹម សុខា ទៅជំនុំជម្រះ ទាំងតក់ក្រហល់។ ប៉ុន្តែ តុលាការនៅតែមិនទម្លាក់ចោលបទចោទប្រកាន់លើលោក កឹម សុខា ដែលសំណុំរឿងនេះ រងការរិះគន់ជុំទិស ថាមានចរិតនយោបាយ តាំងពីដំបូងទីមកម្ល៉េះ។
ផ្ទុយទៅវិញរបបក្រុងភ្នំពេញ នៅតែបន្តធ្វើទុក្ខបុកម្នេញសកម្មជន និងមន្រ្តីបក្សប្រឆាំង ដូចជាការចាប់សកម្មជនបក្សប្រឆាំងពេញផ្ទៃប្រទេស ដោយសារអ្នកទាំងនោះ បង្ហាញជំហរគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី។ ទោះបីជាក្រោយមក លោក ហ៊ុន សែន បញ្ជាឲ្យដោះលែងអ្នកទាំងនោះស្ទើរតែទាំងអស់ ឲ្យនៅក្រៅឃុំវិញក៏ដោយ ក៏អ្នកទាំងនោះ នៅតែស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលគ្មានសិទ្ធិសេរីភាពគ្រប់គ្រាន់ ព្រោះតុលាការកោះហៅពេលណាក៏បាន។ រដ្ឋាភិបាលក៏មិនបានបង្ហាញជំហរណាមួយ ដែលថានឹងលុបវិសោនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលនាំឲ្យរម្លាយគណបក្សសង្គ្រោះជាតិនោះចោលវិញ ឬ អនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ បើកដំណើរការឡើងវិញ ឬផ្តល់តំណែងក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោតរបស់គណបក្សង្គ្រោះជាតិ ទាំង ៥០០៧នាក់ទៅឲ្យពួកគាត់វិញ ឬមិនទម្លាក់បទចោទប្រកាន់លើអតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីររូប ឬមិនទម្លាក់ចោលបទចោទប្រកាន់លើមន្រ្តីសហជីពកម្មករ ដែលកំពុងជាប់បណ្តឹងជិត ១០០បណ្តឹងនៅតុលាការ (៩៩ បណ្តឹង) ឬបើកឲ្យទូលាយលំហសេរីភាពក្នុងការបញ្ចេញមតិ សេរីភាពក្នុងការតវ៉ា និងធ្វើបាតុកម្មដោយសន្តិវិធីជាដើមនោះទេ។
ផ្ទុយទៅវិញ អ្វីដែលជាជំហរច្បាស់លាស់របស់រដ្ឋាភិបាល គឺបន្តបង្ក្រាបសំឡេងប្រឆាំង ដោយចោទក្រុមនេះ ថាជាពួកឧទ្ទាមក្រៅច្បាប់ ឬក្រុមបដិវត្តពណ៌។ បន្តគម្រាមថានឹងបង្ក្រាបកម្មកររោងចក្រកាត់ដេរ និងពលរដ្ឋឯទៀតដែលហ៊ានក្រោកតវ៉ាពេលបាត់ EBA។ បំផុសប្រជាពលរដ្ឋ ឲ្យជឿថា ចំណាត់ការបំបាត់សំឡេងប្រឆាំងនេះ គឺដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍ។ បន្តបំផុសប្រជាពលរដ្ឋឲ្យជឿថា អ្នកដែលធ្វើឲ្យបាត់ EBA គឺក្រុមបក្សប្រឆាំង មិនមែនក្រុមបក្សកាន់អំណាចទេ និងបន្តតាំងខ្លួនជាអ្នករងគ្រោះ ដោយអ្វីដែលពួកគាត់ ហៅថាជាការអនុវត្តស្តង់ដារពីររបស់សហគមន៍អន្តរជាតិ ចំពោះកម្ពុជាជាដើម។
ស្របពេលជាមួយគ្នានេះ របបក្រុងភ្នំពេញ បានអនុម័តច្បាប់ស្តីពីសហជីព ដ៏ចម្រូងចម្រាស់ និងប្រកាសឲ្យប្រើប្រាស់ ស្របពេលដែលមន្រ្តីសហជីព អះអាងថា ច្បាប់នេះរឹតត្បិតសិទ្ធិសេរីភាពសហជីព និងកម្មករយ៉ាងខ្លាំង។ ចំណែកឯច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលរងការរិះគន់ថារឹតត្បិតសិទ្ធិសេរីភាពអង្គការសង្គមស៊ីវិល ក៏នៅតែគ្មានការកែលម្អអ្វីនោះដែរ។ ប្រការនេះ ធ្វើឲ្យសមាគមក្រុមហ៊ុនបញ្ជាទិញ កាលពីខែ មករា បានផ្ញើលិខិតទី ៥ របស់ខ្លួនទៅលោក ហ៊ុន សែន ដោយរម្លឹកឲ្យរបបនេះ ស្តារស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ ដើម្បីបញ្ចៀសទណ្ឌកម្មពីសហភាពអឺរ៉ុប រឿងព្យួរការអនុគ្រោះពន្ធ EBA នេះ។
លិខិតនេះ ដែលជាលិខិតទី៥ ក្នុងរយៈពេលជាងពីរឆ្នាំចុងក្រោយនេះ ដែលផ្ញើដំបូងតាំងពីឆ្នាំ២០១៧ អាចបញ្ជាក់ថា អ្នកបញ្ជាទិញព្រួយបារម្ភរឿងនេះយូរហើយ ហើយក៏សង្កេតឃើញភាពមិនប្រសើរឡើងផ្នែកសិទ្ធិមនុស្សនេះដែរ។
ជាងនេះទៅទៀត ខាងរដ្ឋាភិបាលកម្ពុជា បានកាត់បន្ថយអត្ថប្រយោជន៍របស់កម្មករ ដែលបានពីថ្ងៃឈប់សម្រាក ដោយការកាត់បន្ថយថ្ងៃឈប់សម្រាក។ មិនតែប៉ុណ្ណោះ ថ្មីៗ នេះ ទាំងរដ្ឋាភិបាល និងថៅកែរោងចក្រ រួមគ្នារកលទ្ធភាពកាត់បន្ថយប្រាក់ឈ្នួលរបស់កម្មករ ដែលធ្វើការវេនយប់ ពី ១៣០ភាគរយ មកនៅត្រឹម ១០០ភាគរយវិញ ដែលមន្រ្តីសហជីព ថាជាការរំលោភសិទ្ធិកម្មករយ៉ាងដំណំ និងប៉ះពាល់ដល់ជីវភាពកម្មករវេនយប់។
ស្របពេលដែលការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យនេះ មិនប្រសើរ របបក្រុងភ្នំពេញ បែរជាអះអាងថាខ្លួនមិនខ្វល់នឹងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនេះទេ ព្រោះរបបនេះ ចាត់ទុកការរកឃើញរបស់គណៈកម្មការអឺរ៉ុប មិនឆ្លុះបញ្ចាំងការពិតនៅកម្ពុជា និងថាលក្ខខណ្ឌរបស់គណៈកម្មការអឺរ៉ុប ដែលទាមទារឲ្យរបបនេះស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ គឺជាការជ្រៀតជ្រែក ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ធ្វើឲ្យកម្ពុជាបាត់ឯករាជ្យ និងអធិបតេយ្យ ប្រសិនបើធ្វើតាម។
ជំនួសឲ្យការស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ របបលោក ហ៊ុន សែន ហាក់ដូចជាប្រឹងអួត អំពីការបានត្រៀមជើងព្រួលរួចរាល់ សម្រាប់ទប់ទល់នឹងទណ្ឌកម្មនេះ។ ការត្រៀមជើងព្រួលនោះ រួមមានកំណែទម្រង់សេដ្ឋកិច្ច ដែលដាក់ចេញកាលពីខែមីនា ឆ្នាំ២០១៩ ដែលលោក ហ៊ុន សែន អះអាងថា កាត់បន្ថយប្រាក់ចំណាយក្រោមតុ បង្កើនប្រាក់ចំណេញដល់អ្នកវិនិយោគ ដើម្បីនៅតែអាចនាំចេញផលិតផលទៅទីផ្សារអឺរ៉ុប បើទោះបីជាត្រូវបង់ពន្ធ។ លោក ហ៊ុន សែន ក៏អួតអំពីកំណើនចំណូលពន្ធរដ្ឋ។ លោកអួតអំពីរដ្ឋមានមាស ៣០ តោនទាំងនៅធនាគារជាតិ និងនៅបរទេស។ លោកអួតពីប្រទេសកម្ពុជា ថានឹងធូរធារឆាប់ៗ ហើយដែលគង់តែនឹងបាត់ការអនុគ្រោះពន្ធនេះដោយស្វ័យប្រវត្តិ។ ជាងនេះទៅទៀត លោកថា លោកមិនឱនក្បាលចំពោះការទណ្ឌកម្មនេះទេ និងព្រមានសហភាពអឺរ៉ុប ថានឹងស្តាយក្រោយបើដាក់ទណ្ឌកម្មរបបលោក និងនៅអួតច្រើនទៀត។
ចំណែកឯសហភាពអឺរ៉ុប មិនអួតរឿងដាក់ទណ្ឌកម្មលើកម្ពុជាទេ។ ប៉ុន្តែបានបញ្ជាក់នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនរួចហើយថា ប្រព័ន្ធការអនុគ្រោះពន្ធនេះ កម្ពុជាទទួលបាន ក៏ដោយសារតែត្រូវគោរពលក្ខខណ្ឌគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឲ្យបានខ្ជាប់ខ្ជួននោះដែរ។ តែយ៉ាងណា កម្ពុជា មិនបានគោរពលក្ខខណ្ឌទាំងនោះនោះទេ។
សហភាពអឺរ៉ុប បានផ្តល់ឱកាស និងអនុញ្ញាតឲ្យភាគីកម្ពុជា ជួបជាច្រើនលើក ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ដើម្បីស្វែងរកដំណោះស្រាយ បញ្ចៀសការព្យួរការអនុគ្រោះពន្ធ។ ទាំងលោក ហ៊ុន សែន និងរដ្ឋមន្រ្តីការបរទេសកម្ពុជាលោក ប្រាក់ សុខុន និងគណៈប្រតិភូកម្ពុជា សុទ្ធតែបានជួបមន្រ្តីជាន់ខ្ពស់របស់សហភាពអឺរ៉ុប ជាច្រើនដងហើយដែរ។ ប៉ុន្តែ ជំនួបទាំងនោះ មិនទទួលបានផ្លែផ្កាអ្វីឡើយ ដោយសារតែជំហររបស់ភាគីកម្ពុជា មិនព្រមស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។
ជាងនេះទៅទៀត កាលពីដើមខែធ្នូ ឆ្នាំ២០១៩ នៅក្នុងអង្គសវនាការ នៃគណៈកម្មការពាណិជ្ជកម្មអន្តរជាតិ របស់សភាសហភាពអឺរ៉ុប មានអ្នកតំណាងរាស្ត្រសហភាពអឺរ៉ុប ក៏បានស្នើឱ្យព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះដែរ ព្រោះពួកគេយល់ថា សហភាពអឺរ៉ុបមិនគួរទទួលយកការកែប្រែ ដែលរបបក្រុងភ្នំពេញ បានធ្វើតិចតួចនោះឡើយ។ ម្យ៉ាងទៀត ជាការព្រមាន ពួកគាត់ថា រឿងរំលោភសិទ្ធិមនុស្ស និងសិទ្ធិការងារនៅក្នុងប្រទេសកម្ពុជា មិនមែនជារឿងថ្មីទេ គឺវាកើតមានយូរឆ្នាំ និងជាប្រព័ន្ធទៅហើយ។
បើតាមប្រសាសន៍របស់អ្នកនាំពាក្យរបស់គណៈកម្មការអឺរ៉ុប ដែលដកស្រង់ដោយសារព័ត៌មាន Bloomberg កាលពីថ្ងៃទី៦ ខែកុម្ភៈ ចំណាត់ការណាមួយ ដែលសហភាពអឺរ៉ុបនឹងដាក់ចេញ គឺត្រូវតែថ្លឹងថ្លែងឲ្យគ្រប់ជ្រុងជ្រោយ និងដើម្បីដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្សនេះ ឲ្យមានប្រសិទ្ធភាព។
ដូច្នេះបើផ្អែកទៅលើស្ថានភាពនេះ កម្ពុជាច្បាស់ជាមិនអាចគេចផុតពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះទេ។ តែលអ្វីដែលមិនទាន់ច្បាស់នៅពេលនេះ គឺថាតើគណៈកម្មការអឺរ៉ុប នឹងពិចារណាព្យួរទាំងស្រុង ឬព្យួរខ្លះទុកខ្លះ តែប៉ុណ្ណោះ?
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។