បទ​វិភាគ៖ តើ​បក្ស​ប្រឆាំង​អាច​នឹង​ដាក់​បេក្ខភាព​ថ្មី​សម្រាប់​អនុប្រធាន​ទី​១​រដ្ឋសភា​ដែរ​ឬ​ទេ?

ដោយ ទីន ហ្សាការីយ៉ា
2015.11.05
តវ៉ា​ប្រឆាំង​លោក កឹម សុខា ឲ្យ​ចេញ​ពី​តំណែង​រដ្ឋសភា ៦២០ ពលរដ្ឋ​តវ៉ា​លើក​បដា​ទាមទារ​ឲ្យ​លោក កឹម សុខា ចុះចេញ​ពី​តំណែង​អនុប្រធាន​ទី១ រដ្ឋសភា នា​មុខ​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥។
RFA/Rann Samnang

សភា​ឯក​បក្ស បាន​អនុម័ត​ដក​តួនាទី លោក កឹម សុខា ពី​អនុប្រធាន​ទី​១ រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​៣០ តុលា គឺ​ជា​បរិបទ​នយោបាយ​ថ្មី​មួយ​ទៀត បន្ទាប់​ពី​មាន​ព្រឹត្តិការណ៍​ថ្ងៃ​ទី​២៦ តុលា គឺ​ការ​ប្រើ​អំពើ​ហិង្សា​លើ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ពីរ​រូប ដែល​ធ្វើ​ឲ្យ​សាធារណជន​នៅ​ទូទាំង​ពិភពលោក​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ថែម​ទៀត​អំពី​នយោបាយ​នៅ​កម្ពុជា។

ការ​បោះ​ឆ្នោត​ដក​តួនាទី លោក កឹម សុខា ចេញ​ពី​សភា​នេះ គឺ​ធ្វើ​ឡើង​ដោយ​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ទាំង ៦៨​រូប ដោយ​មិន​បាត់​សំឡេង​តំណាង​រាស្ត្រ​ណា​មួយ​នោះ​ទេ។ ក៏ប៉ុន្តែ ក្រោយ​ពី​ការ​ដក​តួនាទី លោក កឹម សុខា នេះ ប្រធាន​រដ្ឋសភា បាន​ផ្ញើ​លិខិត​ជូន​គណបក្ស​សង្គ្រោះ​ជាតិ ភ្លាមៗ ដើម្បី​ស្នើ​បេក្ខភាព​ថ្មី​ជំនួស លោក កឹម សុខា វិញ។ តែ​សំណើ​នេះ ត្រូវ​បាន​គណបក្ស​សង្គ្រោះ​ជាតិ បដិសេធ។ គណបក្ស​សង្គ្រោះ​ជាតិ ក៏​បដិសេធ​ភ្លាម​ដែរ​ថា​នឹង​មិន​បញ្ជូន​មនុស្ស​ថ្មី ដើម្បី​ទទួល​យក​តំណែង​អនុប្រធាន​ទី​១ រដ្ឋសភា​ជំនួស លោក កឹម សុខា ទេ។

តើ​គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​ដូរ​ចិត្ត រួច​បញ្ជូន​បេក្ខភាព​ទៅ​ទទួល​យក​តំណែង​អនុប្រធាន​ទី​១ រដ្ឋសភា​នេះ​ឬ​ទេ?

ជា​រឿយៗ ការ​ខ្វែង​គំនិត​គ្នា​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ហាក់​មាន​ភាព​តានតឹង​ណាស់​ពី​ដំបូង តែ​នៅ​ទី​បំផុត គណបក្ស​សង្គ្រោះ​ជាតិ តែងតែ​សម្របសម្រួល ហើយ​យល់​ព្រម​តាម​ការ​ទាមទារ ឬ​ការ​គំរាមកំហែង​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែ​វិច្ឆិកា នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទើប​តែ​ទម្លាយ​អោយ​ដឹង​ថា លោក សម រង្ស៊ី បាន​ផ្ញើ​សារ​សូមទោស​លោក។ នេះ​ជា​អ្វី​ដែល​លោក សម រង្ស៊ី ធ្លាប់​ប្រកែក ហើយ​អាច​ជា​សញ្ញា​វិជ្ជមាន​មួយ​ឈាន​ទៅ​រក​ការ​សម្របសម្រួល​ជាថ្មី​ម្ដង​ទៀត។

លោក សម រង្ស៊ី ក៏​ធ្លាប់​ប្រកែក​យ៉ាង​ដាច់​អហង្ការ​ថា នឹង​មិន​ចូល​សភា​ទេ។ តែ​អ្វី​ដែល​កើតឡើង​បន្ទាប់​មក​ទៀត យើង​ទាំង​អស់​គ្នា​បាន​ដឹង​ច្បាស់​ហើយ។ នេះ​វា​មិន​ខុស​អី​ពី​រឿងល្ខោន​ដែល​ឈុត​ខ្លះ​តួឯក​តួអង្គ​ឈ្លោះ​កាប់​ចាក់​គ្នា ឈុត​ខ្លះ​ក៏​ត្រូវ​រ៉ូវ​គ្នា​វិញ ដើម្បី​អូស​បន្លាយ​សាច់រឿង​អោយ​រំកិល​ទៅ​មុខ។ ល្ខោន​លេង​កាន់តែ​យូរ អ្នក​មើល​កាន់​តែ​ដឹង​តួ​ណា​ចិត្ត​ល្អ តួ​ណា​ចិត្ត​អាក្រក់​កាន់តែ​ច្បាស់។

​កៅអី​អនុ​ប្រធាន​សភា​ទី​១ នៅ​ចន្លោះ​ចោល បន្ទាប់​ពី​លោក កឹម សុខា អង្គុយ​នៅ​លើ​កៅអី​នេះ​បាន​ជាង​មួយ​ឆ្នាំ ក្រោយ​ពី​មាន​កិច្ច​ព្រមព្រៀង​បញ្ចប់​ជម្លោះ​នយោបាយ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។ ក៏​ប៉ុន្តែ​វាសនា​លោក កឹម សុខា មិន​អាច​រក្សា​កៅអី​នេះ​បាន​ចប់​អាណត្តិ​នោះ​ទេ ដោយសារ​តែ​ស្ថានភាព​នយោបាយ​ប្រែប្រួល។

​សង្គ្រាម​ពាក្យ​សំដី​គឺ​ជា​ដើមចម​មួយ​ដ៏​សំខាន់ ដែល​រុញច្រាន​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ពិសេស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រើ​យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ របស់​ខ្លួន ដើម្បី​ផ្ដួល​គូបដិបក្ខ​នៅ​មុន​ការ​ប្រកួតប្រជែង​នៅ​ពេល​ខាង​មុខ​បាន​មក​ដល់ ដែល​នយោបាយ​បែប​នេះ​ផ្ទុយ​ពី​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ​កំពុងតែ​អនុវត្ត។

ថ្វី​ត្បិត​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជា​ស្ថាប័ន​កំពូល​របស់​ជាតិ និង​ជា​ស្ថាប័ន​តាក់តែង​ច្បាប់​ដើម្បី​ឲ្យ​ស្ថាប័ន​នីតិប្រតិបត្តិ​អនុវត្ត ក៏ប៉ុន្តែ​សម្រាប់​ប្រទេស​កម្ពុជា ស្ថាប័ន​ប្រតិបត្តិ​មាន​ឥទ្ធិពល​លើ​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​ស្ថាប័ន​តុលាការ​ទៅ​វិញ។

​ជា​កា​ពិត​ណាស់ នៅ​មុន​ពេល​សភា​ប្រជុំ​យ៉ាង​ប្រញាល់​ដក​តួនាទី​លោក កឹម សុខា ចេញ​ពី​អនុ​ប្រធាន​ទី​១​រដ្ឋសភា​នោះ លោក ហ៊ុន សែន ថ្លែង​នៅ​ក្នុង​ពិធី​ជួបជុំ​អ្នក​គាំទ្រ​នៅ​ប្រទេស​បារាំង ឆ្លើយ​តប​ទៅ​គណបក្ស​ប្រឆាំង​ថា បើសិនជា​មាន​ការ​ធ្វើ​បាតុកម្ម​នៅ​ប្រទេស​បារាំង លោក​ក៏​មាន​បាតុកម្ម​នៅ​ស្រុក​ខ្មែរ​ប្រឆាំង​វិញ​ដែរ ហើយ​ការ​ធ្វើ​បាតុកម្ម​នេះ អាច​របូត​តួនាទី​លោក កឹម សុខា ពី​អនុ​ប្រធាន​ទី​១​រដ្ឋសភា​ទៀត​ក៏​ថា​បាន។ លោក ហ៊ុន សែន សង្កត់​ធ្ងន់​ថា "បើ​លេង​កុំ​ខឹង បើ​ខឹង​កុំ​លេង"។

ការ​ប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ មាន​ប្រសិទ្ធភាព​ភ្លាមៗ គឺ​នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ក៏​មាន​ក្រុម​បាតុករ​ធ្វើ​បាតុកម្ម​នៅ​មុខ​រដ្ឋសភា​ជាង ២​ពាន់​នាក់ បាតុកម្ម​ទាមទារ​ទម្លាក់​លោក កឹម សុខា ហើយ​ចោទ​ប្រកាន់​ថា លោក កឹម សុខា មិន​បាន​ធ្វើ​ដូច​ការ​សន្យា​នៅ​មុន​ពេល​បោះ​ឆ្នោត និង​ជា​អ្នក​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​សង្គម​ជាដើម។

មិន​យូរ​ប៉ុន្មាន​ដោយ​សភា​សំអាង​លើ​ហេតុផល​នេះ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ធ្លាប់​រង​ការ​ចោទ​ប្រកាន់​ថា ជា​ក្រុម​តំណាងរាស្ត្រ ឬ​សភា​ឯក​បក្ស​នៅ​ពេល​ជាប់​គាំង​នយោបាយ និង​បាន​អនុម័ត​ច្បាប់​មួយ​ចំនួន​នោះ។ ឥឡូវ​នេះ មិន​ខុស​ពី​មុន​ទៀត​ឡើយ ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​សុក្រ ទី​៣០ ខែ​តុលា បាន​អនុម័ត​ទម្លាក់​លោក កឹម សុខា ចេញ​ពី​តួនាទី​ភ្លាមៗ ដែល​ការ​ដក​តួនាទី​ហាក់​ដូច​ជា​ការ​ធ្វើ​ឡើង ដើម្បី​បំពេញ​ចិត្ត​លោក ហ៊ុន សែន ព្រោះ​ថា ការ​ប្រកាស​របស់​លោក ហ៊ុន សែន ពី​ការ​ធ្វើ​បាតុកម្ម​ក៏​មាន​បាតុកម្ម​កើត​ឡើង​មែន ហើយ​ការ​ប្រកាស​ពី​ការ​របូត​តួនាទី​លោក កឹម សុខា ទីបំផុត​កៅអី​អនុ​ប្រធាន​សភា​ទី​១ ក៏​បាន​របូត​ដូច​លោក ហ៊ុន សែន អះអាង​មែន គឺ​សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ទាំង ៦៨​រូប ចូល​ប្រជុំ​និង​អនុម័ត​ដោយ​គ្មាន​បាត់ ១​សំឡេង​ឡើយ។

ជា​ការ​ប្រតិកម្ម​នៃ​ការ​ដក​តំណែង​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជំទាស់​ភ្លាមៗ នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា ដោយ​លើក​ពី​ភាព​មិន​ប្រក្រតី​យ៉ាង​ធ្ងន់ធ្ងរ​ពីរ​ករណី​ធំៗ​គឺ ទី​១ ជា​ការ​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រោះ​រដ្ឋធម្មនុញ្ញ​មិន​មាន​ចែង​អំពី​ការ​អនុម័ត​ញត្តិ​បន្ទោស ឬ​ដក​តួនាទី ឬ​តំណែង​របស់​ប្រធាន ឬ​អនុ​ប្រធាន​សភា​ទេ។ ការ​បោះ​ឆ្នោត​ជ្រើសតាំង​ប្រធាន ឬ​អនុ​ប្រធាន​សភា​ថ្មី​មក​ជំនួស​បាន លុះត្រាតែ​ក្នុង​ករណី​ដែល​ប្រធាន អនុ​ប្រធាន​នោះ សុំ​លាលែង​ពី​មុខ​តំណែង ឬ​ទទួល​អនិច្ចកម្ម​យោង​លើ​មាត្រា​៨៧ នៃ​រដ្ឋធម្មនុញ្ញ។ ​ទី​២ ជា​ការ​រំលោភ​លើ​កិច្ច​ព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​មាន​អាសនៈ​ក្នុង​រដ្ឋសភា​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​២០១៤។

​ទោះបីជា​សមាជិកសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​បោះឆ្នោត​អនុម័ត​ដក​លោក កឹម សុខា ចេញ​ពី​តួនាទី​បែប​នេះ​ក្ដី ក៏ប៉ុន្តែ​កៅអី​អនុ​ប្រធាន​ទី​១​រដ្ឋសភា​នេះ នៅ​តែ​ជា​កូតា​គណបក្ស​សង្គ្រោះ​ជាតិ ដដែល។ ក្រោយ​ពី​ការ​ដក​លោក កឹម សុខា បាន​ប៉ុន្មាន​ម៉ោង​នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា ដដែល លោក ហេង សំរិន អនុ​ប្រធាន​រដ្ឋសភា បាន​ផ្ញើ​លិខិត​ទៅ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​បេក្ខជន​ថ្មី​ជំនួស​លោក កឹម សុខា ក្នុង​តំណែង​អនុប្រធាន​ទី​១​រដ្ឋសភា និង​ដាក់​ឲ្យ​សភា​បោះ​ឆ្នោត​អនុម័ត​សម្រាប់​នីតិកាល​ទី​៥​នេះ។ សំណើ​នេះ គណបក្ស​សង្គ្រោះ​ជាតិ មិន​បង្អង់​ឡើយ​គឺ​បាន​ឆ្លើយ​តប​ភ្លាមៗ​ថា គណបក្ស​នេះ​នឹង​មិន​បញ្ជូន​សមាជិក​សភា​ដើម្បី​ទទួល​យក​កៅអី​អនុ​ប្រធាន​សភា​ទី​១​ជំនួស​លោក កឹម សុខា នោះ​ឡើយ។

ក្រៅពី​លោក សម រង្ស៊ី ថ្លែង​បដិសេធ​មិន​បញ្ជូន​មនុស្ស​ទៅ​ទទួល​យក​កៅអី​លោក កឹម សុខា ធ្លាប់​អង្គុយ​នេះ លោក សម រង្ស៊ី ក៏​អះអាង​បញ្ជាក់​ក្នុង​ឱកាស​លោក​វិល​ត្រឡប់​ពី​បរទេស​កាល​ពី​យប់​ថ្ងៃ​ទី​៣ ខែ​តុលា ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​មិន​បញ្ជូន​មនុស្ស​​ទៅ​ទទួល​យក​តួនាទី​អនុ​ប្រធាន​ទី​១​រដ្ឋ​សភា​នេះ​ដែរ។

ទោះ​បី​ជា​នៅ​ក្នុង​កាលៈទេសៈ​នេះ គណបក្ស​ប្រឆាំង​នៅ​តែ​ប្រកាន់​ជំហរ​បដិសេធ​ដាច់អហង្ការ​បែប​នេះ​ក្ដី ក៏ប៉ុន្តែ​ស្ថានការណ៍​នយោបាយ​អាច​ប្រែប្រួល​មួយ​រំពេច។ នរណា​ក៏​ដឹង​ដែរ​ថា គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​បាន​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត និង​មិន​ចូល​សភា​ទេ ក៏ប៉ុន្តែ​នៅ​ថ្ងៃ​ចរចា​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ គណបក្ស​នេះ​សម្រេច​ដើរ​ចូល​សភា គឺ​បន្ទាប់​ពី​មាន​ព្រមព្រៀង​នយោបាយ​បញ្ចប់​ជម្លោះ ក៏​នាំគ្នា​ដើរចូល​សភា​យ៉ាង​ទាន់ហន់​ក្នុង​ហេតុផល​ថា ដើម្បី​ប្រយោជន៍​ជាតិ និង​ប្រើប្រាស់​វប្បធម៌​សន្ទនា​ជា​ធំ។

​ក្រៅ​ពី​នេះ​ទៀត គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​មិន​អាច​បដិសេធ​មិន​បញ្ជូន​មនុស្ស​ជំនួស​លោក កឹម សុខា រហូត​នោះ​ទេ បើសិនជា​គណបក្ស​នេះ​នៅ​តែ​ចង់​រក្សា​ជំហរ​វប្បធម៌​សន្ទនា​នោះ ព្រោះ​ថា លោក សម រង្ស៊ី នៅ​តែ​ប្រកាស​ថា នឹង​យក​វប្បធម៌​សន្ទនា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នយោបាយ​ដ៏​ចម្រូងចម្រាស​នៅ​ពេល​បច្ចុប្បន្ន​នេះ​ដែរ។ ឧទាហរណ៍​ការ​ជួប​គ្នា​ដោយ​សម្ងាត់​រវាង​លោក សម រង្ស៊ី និង​លោក ស ខេង អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ជា​ឧទាហរណ៍​ស្រាប់ ដោយ​គណបក្ស​ទាំង​ពីរ​ឯកភាព​បន្ត​យក​វប្បធម៌​សន្ទនា​ជា​គោល​សំខាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា។

លើស​ពី​នេះ​ទៀត ល្បែង​នយោបាយ​របស់​គណបក្ស​ទាំង​ពីរ​កំពុងតែ​លេង​គ្នា​ម្នាក់​ម្ដង។ គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​បរិបទ​នេះ គឺ​ត្រូវការ​មនុស្ស​មក​ជំនួស​កៅអី​លោក កឹម សុខា វិញ ដើម្បី​បញ្ចប់​ការ​រិះគន់​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ ពិសេស​គឺ​រិះគន់​ពី​សភា​ឯកបក្ស​មិន​ឆ្លុះ​បញ្ចាំង​ពី​សង្គម​ប្រជាធិបតេយ្យ​ជាដើម។

ម្យ៉ាង​ទៀត​នៅ​ស្រប​ពេល​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​មាន​ប្រៀប​ជាង​គណបក្ស​ប្រឆាំង​ក្នុង​យុទ្ធសាស្ត្រ​នយោបាយ​យក​ឈ្នះ​ចាញ់​គ្នា។ ប្រៀប​នយោបាយ​នោះ​គឺ​តុលាការ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​គណបក្ស​កាន់​អំណាច បាន​ចាប់​ខ្លួន​សកម្មជន និង​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រឆាំង​ចំនួន ១៥​នាក់ ហើយ​មក​ទល់​ពេល​នេះ។ បើសិនជា​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​រឹងទទឹង​នោះ វាសនា​របស់​សកម្មជន​គណបក្ស​របស់​ខ្លួន​គ្មាន​ថ្ងៃ​ដោះលែង​នោះ​ទេ។ ម្យ៉ាង​ទៀត តួនាទី​ប្រធាន​គណៈកម្មការ​ជំនាញ​នៅ​ក្នុង​រដ្ឋសភា​ដែល​ជា​កូតា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ អាច​នឹង​រង្គោះរង្គើ​ទៀត​ក៏​ថា​បាន។

ក្រៅ​ពី​នេះ​ទៀត ស្ថានការណ៍​នយោបាយ​នៅ​ពេល​នេះ​អាច​ធូរ​ស្បើយ​បន្តិច​វិញ ព្រោះ​ថា លោក សម រង្ស៊ី បាន​ផ្ញើ​សារ​សុំ​ទោស​លោក ហុន សែន បន្ទាប់​ពី​លោក សម រង្ស៊ី រិះគន់​លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​បែប​ហ្វាស៊ីស ធ្វើ​ឲ្យ​លោក ហ៊ុន សែន ខ្ញាល់​ហើយ​ព្រមាន​ឲ្យ​សុំ​ទោស​នោះ។

​ការ​សុំទោស​របស់​លោក សម រង្ស៊ី នៅ​ពេល​នេះ តាម​មើល​ទៅ​លោក សម រង្ស៊ី ចង់​វិល​មក​រក​តុ​ចរចា​ដើម្បី​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ទៀត​កំពុង​កើត​មាន ពិសេស​រឿង​ដោះលែង​សកម្មជន​របស់​ខ្លួន។ បើសិនជា​គណបក្ស​សង្គ្រោះ​ជាតិ យល់​ព្រម​បញ្ជូន​មនុស្ស​ជំនួស​លោក កឹម សុខា នោះ ការ​ដោះលែង​សកម្មជន​របស់​ខ្លួន​នឹង​អាច​កើត​មាន​ក៏​ថា​បាន។ បញ្ហា​នេះ លោក សម រង្ស៊ី ក៏​ព្រលយ​ឲ្យ​ដឹង​ដែរ​ថា លោក​សង្ឃឹម​ថា ការ​ប្រើប្រាស់​វប្បធម៌​សន្ទនា គឺ​ដើម្បី​សុំ​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន​របស់​ខ្លួន​វិញ។

នៅ​ក្នុង​ដំណាក់កាល​នេះ គណបក្ស​សង្គ្រោះ​ជាតិ អាច​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​បន្ត​ចូល​សភា​ធ្វើ​ការ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក ហ៊ុន សែន នោះ​ទេ បើ​មិន​អ៊ីចឹង​ទេ ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា នឹង​កាន់តែ​អាក្រក់​ទៅៗ។

សរុប​សេចក្ដី​ទៅ ការ​ប្រើប្រាស់​នយោបាយ​ឈ្នះ ឈ្នះ​របស់​លោក ហ៊ុន សែន នៅ​តែ​មាន​ប្រសិទ្ធភាព​សម្រាប់​សង្គម​កម្ពុជា។ បើ​ងាក​ទៅ​មើល​ប្រវត្តិសាស្ត្រ​ថយ​ក្រោយ​ជាង​ពីរ​ទសវត្សរ៍​មុន​វិញ លោក ហ៊ុន សែន ក៏​ធ្លាប់​លេងល្បែង​បែប​នេះ​ជាមួយ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ជា​ច្រើន​លើក​ច្រើន​សា​ដែរ។ នៅ​ក្រោយ​ការ​​បោះឆ្នោត​ឆ្នាំ​១៩៩៣ ដែល​កាល​ណោះ គណបក្ស​ប្រជាជន​កម្ពុជា ចាញ់​ឆ្នោត​នោះ លោក ហ៊ុន សែន មិន​ព្រម​ចុះចាញ់​នោះ​ឡើយ។

នៅ​ទីបំផុត អតីត​ព្រះ​មហា​វីរក្សត្រ ធ្វើការ​សម្របសម្រួល និង​បង្ខំ​ឲ្យ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ចូល​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ នៅ​ពេល​នោះ សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ទូល​ថ្វាយ​ព្រះបិតា​របស់​ព្រះអង្គ​វិញ​ថា ព្រះអង្គ​មាន​ការ​លំបាក​ណាស់​ក្នុង​ការ​ធ្វើការ​ជាមួយ​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​វាយ​ប្រហារ និង​សម្លាប់​មន្ត្រី​ហ្វ៊ុនស៊ិនប៉ិច របស់​ព្រះអង្គ​ក្នុង​យុទ្ធនាការ​បោះឆ្នោត​អាណត្តិ​ទី​១​នោះ។ ក៏ប៉ុន្តែ​នៅ​ទី​បំផុត គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មិន​អាច​ដឹកនាំ​រដ្ឋាភិបាល​តែ​ឯង​បាន​ទេ ទោះបីជា​ឈ្នះ​ឆ្នោត​ក្ដី ក្នុង​ហេតុផល​ដើម្បី​បង្រួបបង្រួម​ជាតិ និង​ជៀស​ពី​ការ​ប្រឈម​កងកម្លាំង​ដាក់​គ្នា សម្ដេច​ក្រុមព្រះ​ក៏​សុខ​ចិត្ត​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​គ្នា ដោយ​ព្រះអង្គ​ជា​នាយករដ្ឋមន្ត្រី​ទី​១ និង​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​២។

អ្នក​នយោបាយ​កម្ពុជា បាន​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ដដែលៗ ហើយ​លោក ហ៊ុន សែន នៅ​តែ​ជោគជ័យ​លើក​គូបដិបក្ខ ទោះ​បី​ក្នុង​រូបភាព​អ្វី​ក៏ដោយ។ នៅ​ក្នុង​បរិបទ​នយោបាយ​បច្ចុប្បន្ន​នេះ​វិញ គណបក្ស​ទាំង​ពីរ​មិន​អាច​គេចវេះ​ពី​វប្បធម៌​សន្ទនា​នោះ​ទេ ពោល​គឺ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​អាច​មិន​បញ្ជូន​មនុស្ស​ទៅ​ជំនួស​លោក កឹម សុខា នោះ​ឡើយ។

បើ​តាម​គន្លង​ដែល​អ្នក​នយោបាយ​ទាំង​ពីរ​ក្រុម​ធ្លាប់​ដើរ​កន្លង​មក គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​បញ្ជូន​មនុស្ស​សម្រាប់​ស្នង​តំណែង​អនុ​ប្រធាន​ទី​១​រដ្ឋសភា ដើម្បី​ជំនួស​លោក កឹម សុខា ក្នុង​ពេល​ឆាប់ៗ​នេះ​មិន​ខាន នៅ​ខណៈ​ដែល​កូនចៅ​របស់​ខ្លួន​កំពុង​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​គណបក្ស​ប្រជាជន​កម្ពុជា ផង​នោះ ហើយ​ពេល​នោះ វាំងនន​នៃ​រឿង​ល្ខោន​ដែល​គេ​រូត​បិទ​មួយ​ភ្លែត ក៏​ត្រូវ​គេ​រូត​បើក​ឡើង​វិញ។ ចំណែក​ឯ​តួ​ឯក​តួអង្គ ទាំង​តួ​ចិត្តល្អ និង​តួ​ចិត្ត​អាក្រក់ ក៏​ចេញ​មក​សំដែង​រឿង​ល្ខោន​ដែល​លាយឡំ​ទៅ​ដោយ​ភាព​ទន់ភ្លន់ ផ្អែមល្ហែម​ដាក់​គ្នា​ផង ផិត​ក្បត់​គ្នា ញុះញង់ វាយប្រហារ​ឈ្នានីស​គ្នា​ផង​នោះ​ជា​ថ្មី​ម្ដង​ទៀត។ អ្វី​ដែល​ប្លែក​នោះ នៅ​ត្រង់​ថា នៅ​ក្នុង​រឿងល្ខោន​ពិត​នៃ​នយោបាយ​កម្ពុជា តួ​ចិត្ត​អាក្រក់​ហាក់​មិន​ងាយ​បរាជ័យ​ដូច​រឿងល្ខោន​សម្ដែង​លើ​ឆាក​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សភា​អឺរ៉ុប ជំរុញ​ឱ្យ​​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅសល់៨០% និង​ដាក់​ទណ្ឌកម្ម​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។