បទវិភាគ​៖ តើ​កម្ពុជា​ពិតជា​មាន​យុត្តិធម៌​សង្គម នីតិរដ្ឋ ឬ​នីតិមាត់ ក្នុង​រយៈពេល​៤០​ឆ្នាំ​មក​នេះ?

ដោយ ទីន ហ្សាការីយ៉ា
2019.04.04
16 រូបពីឆ្វេងទៅស្តាំ ជួរខាងលើជួរទី១៖ លោក ស ខេង, លោក ទៀ បាញ់, លោក ប្រាក់ សុខុន, លោក អូន ព័ន្ធមុនីរ័ត្ន និងលោក ស៊ុន ចាន់ថុល ជួរទី២៖ លោក កើត រិទ្ធ, លោក ឱម យ៉ិនទៀង, លោក ប៉ុល សារឿន, លោក នេត សាវឿន​ និងលោក សៅ សុខា, ជួរទី៣៖ លោក គុន គីម, លោក ហ៊ីង ប៊ុនហៀង, លោក ហ៊ុន ម៉ាណែត, លោកស្រី ហ៊ុន ម៉ាណា និង លោក សុខ ពុទ្ធីវុធ (រូបធំជាងគេឆ្វេងដៃ គឺរូបលោក ហ៊ុន សែន)។
RFA

យុត្តិធម៌ គឺជា​ពាក្យ​ដែល​គេ​តែងតែ​លឺ​នៅ​លើ​ដង​ផ្លូវ​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ ដែល​ពលរដ្ឋ​រងគ្រោះ​ដីធ្លី ក្រុម​អ្នក​រិះគន់ និង​ក្រុម​អ្នកនយោបាយ​ប្រឆាំង អះអាង​ថា យុត្តិធម៌​មិន​មាន​ទេ សម្រាប់​ពួកគាត់ ដោយសារតែ​តុលាការ មិនមែន​ជា​ទីកន្លែង​សម្រាប់​ផ្ដល់​ភាព​យុត្តិធម៌​ជូន​ពួកគាត់​ឡើយ​។

យុត្តិធម៌ គឺជា​បញ្ញត្តិ​នៅ​ក្នុង​ច្បាប់​ជាតិ​-​អន្តរជាតិ ដែល​តុលាការ​ជា​អ្នក​ស្វែងរក​ការ​ពិត ផ្ដល់​សច្ចភាព ជូន​ដល់​ពលរដ្ឋ​គ្រប់រូប ដោយ​យក​ច្បាប់​របស់​ប្រទេស និង​ច្បាប់សង្គម​ជា​គោល ដើម្បី​ឱ្យ​គ្រប់​ភាគី​ជម្លោះ ទទួល​បាន​ដោយ​ស្មើភាព​គ្នា និង​ស្ងប់ចិត្ត​។ ប៉ុន្តែ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ដែល​ប្រមុខ​រដ្ឋាភិបាល​ថា​ជា​ប្រទេស​ដែល​មាន​នីតិរដ្ឋ​នោះ ទទួលរង​ការ​រិះគន់​ថា ស្ថិត​នៅ​ក្រោម​បបូរមាត់​និង​អារម្មណ៍​របស់​អ្នក​កាន់អំណាច ឬ​គេ​ហៅថា ការអនុវត្ត​ច្បាប់ តាម​នីតិ​មាត់​ជាដើម។

តើ​ហេតុអ្វី​បាន​កម្ពុជា​ក្លាយទៅជា​ប្រទេស​នីតិមាត់​បែបនេះ​? សូម​លោក​អ្នកនាង​ស្ដាប់​បទវិភាគ​របស់​លោក ទីន ហ្សាការីយ៉ា អំពី​បញ្ហា​នេះ ដូច​តទៅ​៖

ពាក្យ​ថា យុត្តិធម៌ គឺជា​ពាក្យ​ដែល​ងាយ​និយាយ ក៏ប៉ុន្តែ​សម្រាប់​ការអនុវត្ត​ជាក់ស្ដែង​វិញ គឺ​លំបាក​សម្រាប់​មនុស្ស​រស់​នៅ​ក្នុង​សង្គម​មួយ ដែល​គ្មាន​សណ្ដាប់ធ្នាប់ និង​ការប្រើប្រាស់​អំណាច​ជាធំ ដើម្បី​ប្រើ​គាបសង្កត់​ទៅលើ​មនុស្ស​ទន់ខ្សោយ គ្មាន​លទ្ធភាព​តបត ហើយ​តុលាការ​មិនមែន​ជា​ទីកន្លែង​សម្រាប់​កាត់​សេចក្ដី​ឱ្យ​មនុស្ស​ជាទូទៅ​ប្រកបដោយ​យុត្តិធម៌ មិន​រើសអើង​វណ្ណៈ ឋានៈ និង​ក្រុម​បក្ខពួក​នោះ។

សម្រាប់​កម្ពុជា អ្នក​នយោបាយ​បក្ស​កាន់អំណាច អះអាង​ថា គឺជា​ប្រទេស​ប្រជាធិបតេយ្យ នីតិរដ្ឋ និង​យក​ច្បាប់​ជាធំ ។ ក៏ប៉ុន្តែ​ក្នុង​ការ​អនុវត្ត​ជាក់ស្ដែង របប​ក្រុងភ្នំពេញ​ប្រើប្រាស់​ច្បាប់​ជា​ឧបករណ៍ ក្នុង​ការ​បម្រើ​ផលប្រយោជន៍​បក្ខពួក​ខ្លួន នឹង​គាបសង្កត់​អ្នក​ដែល​ខ្លួន​មិន​ពេញចិត្ត​ទៅវិញ​។ ជាទូទៅ​បណ្ដឹង​ដែល​មាន​ប្រសិទ្ធភាព​នោះ គឺ​បណ្ដឹង​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បណ្ដឹង​របស់​ក្រុម​ឈ្មួញ​ដែល​ស្និទ្ធ​នឹង​វណ្ណៈ​អ្នកកាន់អំណាច ហើយ​ជាពិសេស​ទៅទៀត បើ​ដើមបណ្ដឹង ជា លោក ហ៊ុន សែន តែម្ដង។

មិន​ត្រឹមតែ​លោក​ជាដើម​បណ្ដឹង ដើម្បី​ឱ្យ​តុលាការ​ជួយ​ស្វែងរក​យុត្តិធម៌​ជូន​លោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​បញ្ជា​ឱ្យ​សភា​ឯក​បក្ស​របស់​លោក​កែប្រែ​ច្បាប់​បាន​ភ្លាមៗ​ដែរ ឱ្យ​តុលាការ​រក​ខុសត្រូវ​ជូន​លោក ដើម្បី​បង្ហាញ​ថា កម្ពុជា​ជា​ប្រទេស​នីតិរដ្ឋ និង​មាន​យុត្តិធម៌​សង្គម។

មាន​ករណី​ជាច្រើន​ដែល​បង្ហាញ​ថា ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ស្ថិត​នៅ​ក្រោម កណ្ដាប់ដៃ​របស់​លោក ហ៊ុន សែន។ មិន​ថា​ចៅក្រម ព្រះ​រាជអាជ្ញា​នោះទេ ទោះជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ក៏​លោក​អាច​បញ្ជា​បាន​ដែរ​។ ជាក់ស្ដែង​ដូចជា​ករណី​ថ្មីៗ​នេះ លោក​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក អង្គវង្ស វឌ្ឍានា ពិនិត្យមើល​សំណុំរឿង​លោក លឺ ឡាយស្រេង ហើយ​លោក​ប្រកាស​ឱ្យ​អតីត​ឧបនាយករដ្ឋមន្ត្រី​រូប​នេះ វិល​ចូល​ស្រុក​វិញ​ជាដើម​។ លោក ហ៊ុន សែន អះអាង​ថា គ្មាន​អ្នកណា​ហ៊ាន​ចាប់ខ្លួន លោក លឺ ឡាយស្រេង ទេ បើសិនជា​លោក​អនុញ្ញាត​ឱ្យ​លោក​វិល​ចូល​ស្រុក​ហើយ​នោះ។ រីឯ​លោក កឹម សុខា ប្រធាន​គណបក្សប្រឆាំង​វិញ លោក ហ៊ុន សែន ក៏​ប្រកាស​កុំ​សង្ឃឹមថា លោក​ដោះលែង​ពី​ការ​ឃុំខ្លួន​ផ្ទះ​ឱ្យ​សោះ ដោយសារ​លោក ចោទ លោក កឹម សុខា ជា​អ្នកបញ្ជា​មិន​ឱ្យ​មន្ត្រី​បក្ស​ប្រឆាំង​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ជាដើម«មាន​អា​អ្នកខ្លះ​នៅ​ឃុំ​ខ្លួន​ផ្ទះ​ទេ តែ​ប្រាប់​គេ​មិន​ឱ្យ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ ចាំ​តែ​ហ្អែង​រួច​ខ្លួន​តើ»

ករណី​លោក លឺ ឡាយ ស្រេង និង​លោក កឹម សុខា នេះ គឺជា​ឧទាហរណ៍​មួយ​ក្នុងចំណោម​សំណុំរឿង​ជាច្រើន​ទៀត​ស្ទើរតែ​រាប់មិនអស់ ដែល​លោក ហ៊ុន សែន អាច​បញ្ជា​ឱ្យ​តុលាការ ឬ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ចាត់ការ​បណ្ដឹង​របស់​លោក​នោះ​។ កាលពី​ឆ្នាំ​២០១៧ នៅមុន​បោះឆ្នោត លោក ហ៊ុន សែន បញ្ជា​ឱ្យ​តុលាការ​ចាត់ការ​លោក លឺ ឡាយស្រេង ក្រោយ​ពី​ហ្វេសប៊ុក ឈ្មោះ​សីហា ដែល​លោក​សរសើរ​មិន​ដាច់​ពី​មាត់​នោះ បាន​ទម្លាយ​សារ​សន្ទនា​ឯកជន​របស់​លោក លឺ ឡាយស្រេង ជាមួយ​អតីត​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច គឺ​អ្នកស្រី គី លំអង អំពី​ព្រះរាជ​អន្តរាគមន៍​របស់​ព្រះមហាក្សត្រ ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ និង​លោក ហ៊ុន សែន ឱ្យ​លុយ​មន្ត្រី​ហ៊្វុនស៊ិនប៉ិច​មួយ​ចំនួន​ជាដើម​។ ប៉ុន្តែ​ត្រូវ​បាន​លោក ហ៊ុន សែន ចោទ​ថា ប្រមាថ​ព្រះមហាក្សត្រ និង​បរិហារកេរ្តិ៍​លោក​ទៅវិញ។

លោក ហ៊ុន សែន មិន​ខ្វល់​ថា ការ​លួច​ថត​សំឡេង​សន្ទនា​ឯកជន​របស់​គេ​ថា ជា​រឿង​ខុសច្បាប់​អ្វី​ទេ ផ្ទុយ​ទៅវិញ​លោក យក​សំឡេង​លួច​ថត​គេ​តាម​ប្រព័ន្ធ​ទូរស័ព្ទ​នោះ ជា​ភស្តុតាង​នៃ​បណ្ដឹង​របស់​លោក​ទៅវិញ​។ លើស​ពី​នេះ លោក ហ៊ុន សែន មិន​ថែមទាំង​ចាត់​ទុក ការ​លួច​ថត​សំឡេង​នេះ​ថា ជា​រឿង​ខុសច្បាប់​អ្វី​ឡើយ។ តែ​លោក​ថែមទាំង​សរសើរ​អ្នក​លួច​ថត​សំឡេង ហើយ​ប្រកាស​ថា គ្រប់​អ្នក​នយោបាយ​ទាំងអស់​ដែល​សន្ទនា​រឿង​ឯកជន​នោះ លោក​ដឹង​ទាំងអស់ ហើយ​ថែមទាំង​យក​មក​និយាយ​ចំអក​ឡក​ឡើយ​នៅ​ទី​សាធារណៈ​ទៀត​ផង​។ នេះ​គឺជា​អ្វី​ដែល​ជា នីតិរដ្ឋ ក្រោម​ការដឹកនាំ​របស់​លោក​នៅ​ក្នុង​របប​បច្ចុប្បន្ន ក្រោម​រូបភាព អនុវត្ត​ច្បាប់ និង “យុត្តិធម៌​” ។

អ្វី​ទៅជា​នីតិរដ្ឋ?

នីតិរដ្ឋ (Rule of Law) មានន័យថា “ រដ្ឋ​ដែល​ប្រកាន់យក​ច្បាប់​ជាធំ​។ ន័យ​នីតិ​សាស្ត្រ​វិញ មានន័យថា ជា​ទម្រង់​នៃ​ការគ្រប់គ្រង​រដ្ឋ ដែល​ទទួលស្គាល់ និង​ការពារ​សិទ្ធិ​សេរីភាព ធានា​នូវ​ការប្រើប្រាស់​សិទ្ធិ​សេរីភាព មាន​តុលាការ​ឯករាជ្យ ដែល​ជា​ស្ថាប័ន​ស្វែងរក យុត្តិធម៌ ជូន​ពលរដ្ឋ ការពារ​ការអនុវត្ត​ច្បាប់​មិន​ឱ្យ​មានការ​រំលោភច្បាប់“។

រីឯ ពាក្យ​យុត្តិធម៌ វិញ តាម​វចនានុក្រម​សម្តេច​ព្រះសង្ឃរាជ ជួន ណាត មាន​ន័យថា ជា​សេចក្ដី​ទៀងត្រង់ ការគួរ​តាមច្បាប់​ធម៌​ដែល​គួរ​កាន់ ការប្រព្រឹត្តិ​ត្រឹមត្រូវ​ដូចជា​ការវិនិច្ឆ័យ​ក្ដី ប្រកបដោយ​យុត្តិធម៌ កាត់​ក្តី​ដោយ​សុចរិត​ធម៌។ ចំពោះ​និយមន័យ យុត្តិធម៌ តាម​ទស្សនៈ​របស់​ប្លាតុង (Platon) គឺជា​តម្លៃ​ខ្ពស់​បំផុត សម្រាប់​ធ្វើ​ឱ្យ​ប្រទេស មាន​លំនឹង និង​សណ្ដាប់ធ្នាប់។ ទស្សនៈ​ប្លាតុង​នេះ បង្ហាញ​ថា ដើម្បី​ឱ្យ​មាន​យុត្តិធម៌​ទៅ​បាន លុះ​ណា ត្រូវ​រៀបចំ​មនុស្ស​ម្នាក់ៗ​ទៅតាម​ទីកន្លែង និង​ទៅតាម​អ្វី​ដែល​មនុស្ស​ទាំងនោះ​ត្រូវ​ធ្វើ ហើយ​មិន​ត្រូវ​រំលោភបំពាន ទៅលើ​សកម្មភាព​បំពេញ​ការងារ​របស់​អ្នក​ទាំង​នោះ​ឡើយ។

ក៏ប៉ុន្តែ​សម្រាប់​ការដឹកនាំ​ប្រទេស​ជាក់ស្ដែង​របស់​លោក ហ៊ុន សែន វិញ គឺ​ផ្ទុយ​ពី​និយម​នេះ​ទៅវិញ​។ លោក ហ៊ុន សែន ក្រៅពី​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ជា​ឧបករណ៍​នយោបាយ​របស់​ខ្លួន​នោះ ពេលខ្លះ លោក​តាំង​ខ្លួន​ជា​អ្នក​កាត់​សេចក្ដី​ជំនួស​តុលាការ​ដែរ ដូចជា​លោក បាន​លូកដៃ អារកាត់ បង្ខំ​ឱ្យ​អតីត​អគ្គនាយក​ទូរទស្សន៍​ស៊ីអិនស៊ី CNC ដើរ​ចេញពី​ការងារ ដោយសារតែ​ជម្លោះផ្ទៃក្នុង​របស់​ស្ថានីយ៍​ទូរទស្សន៍​មួយ​នេះ។ លោក​ថែមទាំង​ព្រមាន​ថា បើ​មិន​ព្រម​តាម​លោក​ទេ ទោះជា​លោក គិត ម៉េង ជា​ម្ចាស់​ស្ថានីយ៍​ទូរទស្សន៍​នេះ ការពារ​ក៏ដោយ ហើយ​លោក​ថែមទាំង​ប្រមាថ​ដល់​ស្ថាប័ន​រាជបល្ល័ង​ទៀត​ថា ទោះជា​ម៉ែ​ស្ដេច ឱ​ស្ដេច​ក៏​លោក​មិន​ខ្លាច​ដែរ។

នរណា​ក៏​ដោយ​ក៏​ដឹង​ដែរ​ថា លោក ហ៊ុន សែន មាន​ឥទ្ធិពល​លើ​គ្រប់​ស្ថាប័នរដ្ឋ​ទាំងអស់​។ ចំពោះ​ស្ថាប័ន​តុលាការ​វិញ ក៏​រង​រិះគន់​ខ្លាំងក្លា​ពី​សាធារណជន ដែល​អ្នកខ្លះ ដាក់​រហ័ស​នាម​ថា តុលាការ​គឺជា​អាយ៉ង​របស់​បក្ស​កាន់អំណាច ឬ​ការអនុវត្ត​ច្បាប់​នោះ គឺ​អនុវត្ត​តាម​នីតិមាត់​ជាដើម​។ នៅ​ត្រង់​ចំណុច​នេះ លោក ហ៊ុន សែន ក៏​តែងតែ​ប្រើ​ប្រព័ន្ធ​តុលាការ ដើម្បី​ចាត់ការ​អ្នក​រិះគន់ ឬ​បក្ស​ប្រឆាំង​ដែរ។ លោក ហ៊ុន សែន តែងតែ​ឈ្នះក្ដី​ជានិច្ច ដូចជា​ករណី​ប្ដឹង​ប្រឆាំង​លោក សម រង្ស៊ី ពី​បទ​បណ្ដឹង​បរិហារកេរ្តិ៍ និង​បណ្ដឹង​ផ្សេងៗ​ទៀត​។ បញ្ហា​នេះ តាមមើលទៅ​ទំនងជា​លោក ហ៊ុន សែន យល់ថា លោក​ឈ្នះ ក្រុម​គ្រួសារ​លោក​និង​បក្ខ​ពួក​លោក​ឈ្នះ​នេះ​ហើយ ដែល​ជា​យុត្តិធម៌​សម្រាប់​សង្គម និង​នីតិរដ្ឋ​ក៏​ថា​បាន។ ប៉ុន្តែ​ពាក្យ​ថា​យុត្តិធម៌​នេះ ជំនួស​មកវិញ គឺ​ធ្វើ​ឱ្យ​ពលរដ្ឋ និង​អ្នកនយោបាយ​បក្ស​ប្រឆាំង​ឈឺចាប់ ដូចជា​ករណី ចាប់​លោក កឹម សុខា ដាក់​ពន្ធនាគារ ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ និង​ចាប់ចង​អ្នក​រងគ្រោះ​ដីធ្លី​ដាក់​ពន្ធនាគារ​ជាដើម។

ក្រៅ​ពី​នេះ​ទៀត បញ្ហា​សង្គម​កើតមាន​ជា​ហូរហែ រដ្ឋបាល​គ្រប់គ្រង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​អាច​ដោះស្រាយ​បាន ពិសេស​ទៅទៀត​នោះ ប្រជាពលរដ្ឋ​ជាច្រើន​ខកចិត្ត​នឹង​រដ្ឋាភិបាល​ទៅលើ​គម្រោង​អភិវឌ្ឍន៍​តាមរយៈ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​វិនិយោគ​ដាំ​ដើម​កៅស៊ូ ការ​រាវ​រុករក​រ៉ែ ការ​កាប់​បំផ្លាញ​ព្រៃឈើ ប្រព័ន្ធ​តុលាការ​មិនមែន​ជា​កន្លែង​កាត់សេចក្ដី​ឈរ​លើ​គោលការណ៍​ឯករាជ្យ ឥត​លម្អៀង ឬ​យុត្តិធម៌​នេះ។

ផ្ទុយទៅវិញ ប្រជាពលរដ្ឋ​រាប់​ម៉ឺន​គ្រួសារ​រង​ទុក្ខ​ទឹកភ្នែក​ដោយសារតែ​ការ​អភិវឌ្ឍ និង​បង្ក​ឱ្យ​មាន​ជម្លោះដីធ្លី​សឹងតែ​នៅ​ពាសពេញ​ប្រទេស​។ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ភាពអយុត្តិធម៌​នៅតែ​អូស​បន្លាយ ឧទាហរណ៍​ជា​ករណី​ជម្លោះដីធ្លី​ខ្លះ ម្ចាស់​ដី​ជាប់គុក​ក្រុម​ឈ្មួញ​បាន​ដី ដូចជា​ករណី​ជម្លោះដីធ្លី​នៅ​ខែត្រ​ព្រះសីហនុ​ជាដើម ដែល​តុលាការ​សម្រេច​ឱ្យ​ម្ចាស់​ដី​ជាប់គុក«យំ​ទាមទារ​រក​យុត្តិធម៌ (អយុត្តិធម៌​ណាស់ អា​តុលាការ​ពុករលួយ ម្ចាស់​ដី​ជាប់​គុក មិន​ទៅ​ចាប់​ពួក​អា​មេ​ចោរ​លួច​ដី​គេ ? តុលាការ​ពុករលួយ ចៅក្រម​ព្រះរាជអាជ្ញា ពុករលួយ»

ប្រព័ន្ធ​ដោះស្រាយ​ទំនាស់​នៅ​ក្នុង​របប​សព្វថ្ងៃ មិន​សូវ​មាន​ប្រសិទ្ធភាព​រាប់​ទាំង​មន្ត្រី​នគរបាល​យុត្តិធម៌ ពិសេស​តុលាការ​ដែល​គេ​រក​ឃើញ​ថា តុលាការ​មិន​ឯករាជ្យ និង​មិនមែន​ជាទី​ផ្ដល់​យុត្តិធម៌​ឱ្យ​ជនរងគ្រោះ។ បញ្ហា​នេះ ធ្វើ​ឱ្យ​មាន​ចលនា​ងើប​តវ៉ា​ប្រឆាំង​ក្រុម​ឈ្មួញ និង​អាជ្ញាធរ​រដ្ឋាភិបាល​ងើបឡើង​ផុលផុស ពិសេស​នៅ​ឆ្នាំ​២០១៣ ដែល​ជា​ឆ្នាំ​បោះឆ្នោត​អាណត្តិ​ទី​៥។ ការ​តវ៉ា​ធ្វើបាតុកម្ម បាន​រីក​រាលដាល​ដល់​កម្មករ​រោងចក្រ រហូតដល់​ប្រឈមមុខ​ដាក់គ្នា​រវាង​កម្ម​ករ​ប្រើ​ដុំ​ថ្ម តតាំង​នឹង​សមត្ថកិច្ច​ប្រើ​អាវុធ​បាញ់​ប្រហារ​ទៅលើ​កម្មករ ធ្វើ​ឱ្យ​មនុស្ស​ជាច្រើន​នាក់​ស្លាប់ និង​រង​របួស​នៅ​ផ្លូវ​វ៉េងស្រេង កាលពី​ឆ្នាំ​២០១៤។ ទាំងនេះ​ក៏​អាច​ជា​ការ​ដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ​ដែរ ដែល​របប​ឯក​បក្ស​ដោះស្រាយ។

អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) ធ្លាប់​ចេញ​របាយការណ៍ ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ធ្វើជា​ឧបករណ៍​ដើម្បី​គាបសង្កត់​បក្ស​ប្រឆាំង និង​អ្នក​ដែល​ហ៊ាន​និយាយ​រិះគន់​រដ្ឋាភិបាល​។ របាយការណ៍​កម្រាស់ ៤០​ទំព័រ​មាន​ចំណងជើង​ថា "​តុលាការ​នៃ​ភាព​អយុត្តិធម៌​" ការ​បង្ក្រាប ភាព​សកម្ម​តាមរយៈ​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​ក្នុង​ប្រទេស​កម្ពុជា​។ របាយការណ៍​នេះ​ក៏​រៀបរាប់​ពី​ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ ក្នុង​ការ​ដាក់​គំនាប​ទៅលើ​សកម្មជន​ដីធ្លី មន្ត្រី​និង​សកម្មជន​បក្ស​ប្រឆាំង អ្នកការពារ​សិទ្ធិមនុស្ស ជាដើម​។​

ជាង​នេះ​ទៅ​ទៀត របប​លោក ហ៊ុន សែន ក៏​មិន​ពេញចិត្ត​ចំពោះ​សកម្មភាព តវ៉ា​ទាមទារ​រក​យុត្តិធម៌​នៅ​ទី​សាធារណៈ​ឡើយ។ ប្រជាពលរដ្ឋ​ទំនង​ជាង​មិន​ភ្លេច​ឡើយ ចំពោះ​អំពើ​ហិង្សា​កាលពី​២២ ឆ្នាំមុន​នៅ​កណ្ដាល​ក្រុងភ្នំពេញ គឺ​ព្រឹត្តិការណ៍ បោក​គ្រាប់បែកដៃ ៤​គ្រាប់​ទៅលើ​ក្រុម​កម្មករ​ធ្វើ​បាតុកម្ម​ដឹកនាំ​ដោយ លោក សម រង្ស៊ី នៅមុខ​មន្ទីរ​រដ្ឋសភា​ចាស់ កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​របស់​ក្រុម​កម្មករ ការ​រក​យុត្តិធម៌​សង្គម និង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​នោះ បាន​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​ចំនួន ១៦​នាក់ និង​ជិត ២០០​នាក់​រង​របួស​។ រហូត​មក​ទល់​ពេលនេះ ក្រុម​គ្រួសារ​មិនទាន់​ទទួល​យុត្តិធម៌​នៅឡើយ ទោះបី​សំណុំ​រឿង​នេះ មិនទាន់​បិទ​បញ្ចប់​នៅឡើយ​ក្ដី។

ដោយឡែក​សម្រាប់​ក្រុម​គ្រួសារ ឬ​លោកនាយក​រដ្ឋមន្ត្រី​ផ្ទាល់​វិញ មិន​អាច​ឱ្យ​អ្នកណា​ប៉ះ​មួយ​សរសៃ​សក់​បាន​ឡើយ​។ ជាញ​ញឹកញាប់​តុលាការ​តែងតែ​ចាប់ខ្លួន​អ្នក​រិះគន់​លោក ហ៊ុន សែន ធ្វើឡើង​ទាំង ដោយ​ផ្ទាល់​ឬ​ប្រយោល ទោះជា​អតីត​កូនចៅ​របស់​លោក​ផ្ទាល់ ក៏​លោក​មិន​លើកលែង​ឱ្យ​ដែរ​។ លោក​ប្រើប្រាស់​តុលាការ ដើម្បី​ស្វែងរក​យុត្តិធម៌ ដូចជា​ករណី អតីត​ឧត្តមសេនីយ៍​យោធា​ផ្កាយ​១ លី ដា​វីត បាន​សរសេរ​សា​រលើ​ហ្វេសប៊ុក​របស់​ខ្លួន រិះគន់ លោក ហ៊ុន សែន ថា ធ្វើ​អ្វីៗ ដើម្បី​ការពារ​អំណាច និង​ដឹកនាំ​កម្ពុជា​ទាំង​ល្ងង់ខ្លៅ​នោះ ត្រូវ​បាន​តុលាការ​ចាប់ខ្លួន​ភ្លាម មិន​បង្អង់​យូរ​ឡើយ​។ ករណី លោក ផែង វណ្ណៈ​វិញ នរណា​ក៏​ដឹង​ដែរ​ថា លោក​ជា​មនុស្ស​បម្រើ​គណបក្ស​កាន់អំណាច​ដែរ​នោះ នៅ​ពេល​និយាយ​ប៉ះពាល់​លោក ហ៊ុន សែន តុលាការ​ក៏​ចាប់ខ្លួន​ភ្លាមៗ​ដែរ ក្រោយ​ពី​មាន​បណ្ដឹង​ពី​មេធាវី​លោក ហ៊ុន សែន ដើម្បី​ស្វែងរក​យុត្តិធម៌។

ប្រទេស​ដែល​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ តែង​យក​ច្បាប់​ជា​មូលដ្ឋាន និង​បែងចែក​ដាច់​ពី​គ្នា​រវាង​អង្គការ​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ គឺ​មានន័យថា អ្នកកាន់អំណាច មិន​មាន​ឥទ្ធិពល ទៅលើ​ស្ថាប័ន​យុត្តិធម៌​ឡើយ​។ មក​ដល់​ឆ្នាំ​ទី​៤០ នៃ​ការ​កាន់អំណាច​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ជ្រោះ​ជ្រៅ​នៃ​របប​ផ្ដាច់ការ ដែល​ជា​ទូទៅ ច្បាប់​គឺ​ស្ថិត​លើ​បបូរមាត់​របស់​អ្នក​កាន់អំណាច ឬ​នីតិមាត់​នោះ​ឯង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សភា​អឺរ៉ុប ជំរុញ​ឱ្យ​​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅសល់៨០% និង​ដាក់​ទណ្ឌកម្ម​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។