បទ​វិភាគ៖ បុគ្គលិក​លក្ខណៈ​នៃ​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន រយៈពេល​៣២​ឆ្នាំ

0:00 / 0:00

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​បាន ៣២​ឆ្នាំ​ហើយ មក​ដល់​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៧។ លោក ហ៊ុន សែន ស្ថិត​ក្នុង​ចំណោម​នាយក​រដ្ឋមន្ត្រី​កំពុង​កាន់​តំណែង​យូរ​ជាង​គេ​នៅ​លើ​ពិភពលោក។ តើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​បុគ្គលិក​លក្ខណៈ​បែប​ណា និង​កត្តា​អ្វី​ខ្លះ ដែល​ធ្វើ​ឲ្យ​លោក​កាន់​អំណាច​បាន​យូរ​ដូច្នេះ?

ក្នុង​ចំណោម​អ្នក​ដឹកនាំ​ដែល​មិន​មែន​សែ​រាជវង្ស លោក ហ៊ុន សែន ស្ថិត​ក្នុង​ចង្កោម​មេ​ដឹកនាំ​កំពុង​កាន់​អំណាច ៤៤​រូប យូរ​ជាង​គេ​លើ​ពិភពលោក។ ក្នុង​ចំណោម​មេ​ដឹកនាំ ៤៤​រូប​នោះ លោក​ស្ថិត​ក្នុង​លំដាប់​លេខ​៧ ខាង​កាន់​តំណែង​យូរ​ជា​នាយក​រដ្ឋមន្ត្រី​ដែល​មាន​រយៈពេល ៣២​ឆ្នាំ គិត​មក​ដល់​ដើម​ឆ្នាំ​២០១៧ នេះ។

ចំណែក​មេ​ដឹកនាំ​ដែល​ជាប់​លំដាប់​លេខ​១ ខាង​កាន់​អំណាច​យូរ​ជាង​គេ​បំផុត​នៅ​លើ​លោក​នេះ គឺ​ប្រធានាធិបតី​ប្រទេស​កាំមឺរូន (Cameroon) នៃ​ទ្វីប​អាហ្វ្រិក លោក ផល ប៊ិយ៉ា (Paul Biya)។ ដំបូង​ជា​នាយក​រដ្ឋមន្ត្រី ហើយ​បច្ចុប្បន្ន​ជា​ប្រធានាធិបតី។ លោក ផល ប៊ិយ៉ា គឺ​ជា​មេ​ដឹកនាំ​កំពុង​ស្ថិត​ក្នុង​តំណែង​រយៈពេល ៤២​ឆ្នាំ​ហើយ។

ស្រដៀង​គ្នា​នឹង​កម្ពុជា ដែរ ក្រោម​ការ​ដឹកនាំ​របស់​លោក ផល ប៊ិយ៉ា (Paul Biya) រាល់​ការ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​កាំមឺរូន (Cameroon) ត្រូវ​បាន​បក្ស​ប្រឆាំង និង​ប្រទេស​លោក​ខាង​លិច​ចោទ​ថា តែង​កើត​មាន​ភាព​មិន​ប្រក្រតី និង​ការ​លួច​សន្លឹក​ឆ្នោត។

ពី​កូន​ទាហាន​ខ្មែរ​ក្រហម​ក្លាយ​ទៅ​ជា​នាយក​រដ្ឋមន្ត្រី​ក្នុង​វ័យ ៣២​ឆ្នាំ លោក ហ៊ុន សែន គឺ​ជា​នាយក​រដ្ឋមន្ត្រី​ក្មេង​ជាង​គេ​នៅ​ក្នុង​ពិភពលោក​នៅ​ក្នុង​ឆ្នាំ​១៩៨៥។ ជា​នាយក​រដ្ឋមន្ត្រី ប៉ុន្តែ​មាន​អំណាច​ខ្លាំង​ជាង​ស្ដេច​ផែនដី លោក ហ៊ុន សែន មាន​ឈ្មោះ​ដើម​ថា ហ៊ុន ប៊ុនណាល់។ លោក​ប្ដូរ​មក​ឈ្មោះ ហ៊ុន សែន នៅ​ឆ្នាំ​១៩៧២ គឺ​បន្ទាប់​ពី​លោក​ចូលរួម​ជាមួយ​ចលនា​ទ័ព​ព្រៃ​ខ្មែរ​ក្រហម​បាន ២​ឆ្នាំ។

នៅ​ក្នុង​សម័យ​ទំនើប​នៃ​សតវត្ស​ទី​២១ នេះ គ្មាន​នរណា​អាច​រំលោង​ផុត​ឈ្មោះ ហ៊ុន សែន ទេ នៅ​ពេល​គេ​និយាយ ឬ​សរសេរ​អំពី​រឿងរ៉ាវ​ផ្សេងៗ​នៅ​កម្ពុជា។

លទ្ធផល​ទើប​សំខាន់

អ្នក​ស្រាវជ្រាវ និង​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​កម្ពុជា មួយ​ចំនួន​យល់​ឃើញ​ស្រដៀង​គ្នា​ថា លោក ហ៊ុន សែន ជា​អ្នក​នយោបាយ​ខ្មែរ​ដ៏​ពូកែ​ម្នាក់​ដែល​មាន​សព្វគ្រប់។ លោក​ឆ្លាត​ឈ្លាស​វៃ ជឿជាក់ ចរិត​ជា​អ្នក​ប្រយុទ្ធ ពោរពេញ​ដោយ​កលយុទ្ធ ល្បិច​ស្នៀត ចរិត​ឆេវឆាវ ហិង្សា អាត្មា​និយម ចិត្ត​មុត ដាច់ខាត ឱបក្រសោប និង​បំបែក​បំបាក់​ដើម្បី​គ្រប់គ្រង។

កត្តា​ចម្បង​មួយ​ដែល​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ស្ថិត​ក្នុង​អំណាច​កំពូល​គ្មាន​គូ​ប្រៀប​បាន​ជាង​បី​ទសវត្សរ៍​មក​នេះ អាច​មក​ពី​លោក​មាន​ចរិត​មិន​ខ្លាច​ញញើត ឬ​រួញរា​ក្នុង​ការ​កម្ចាត់​ចោល​នូវ​គូ​ប្រជែង​របស់​លោក។ អ្វី​ដែល​ជា​ឧបសគ្គ ទោះ​ស្ថិត​ក្នុង​តម្លៃ​ណា​ក៏ដោយ លោក​មិន​ទុក​ឲ្យ​នៅ​រាំង​ផ្លូវ​របស់​លោក​ឡើយ។ ហើយ​ដើម្បី​សម្រេច​គោលដៅ​របស់​លោក លោក​មិន​ស្ទាក់ស្ទើរ​ទេ​ក្នុង​ការ​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ទាំងអស់។ អ្វី​ដែល​សំខាន់ គឺ​លទ្ធផល​ឯណោះ​ទេ។

ព្រឹត្តិការណ៍​សំខាន់

លោក ហ៊ុន សែន ទទួល​បាន​រហស្សនាម​ថា ជា​បុរស​ខ្លាំង​បន្ទាប់​ពី​លោក​បាន​ផ្ដួល​រំលំ ឬ​កាច់​បំបាក់​ធ្មុង​គូ​សត្រូវ​នយោបាយ​របស់​លោក រាប់​ចាប់​តាំង​ពី​ឥស្សរជន​សំខាន់ៗ​ក្នុង​ជួរ​បក្ស​ប្រជាជន​កម្ពុជា របស់​លោក រហូត​ដល់​ស្ដេច​ផែនដី។

ក្នុង​ជីវិត​នយោបាយ​របស់​លោក លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្កើត​ព្រឹត្តិការណ៍​ជាច្រើន​ដែល​នាំ​ឲ្យ​ពលរដ្ឋ​កម្ពុជា និង​សហគមន៍​អន្តរជាតិ​ស្គាល់ និង​ចាប់​អារម្មណ៍​លើ​លោក។ ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ទី​១ គឺ​នៅ​ពេល​លោក​ដឹកនាំ​កម្លាំង​ទៅ​ចាប់​ខ្លួន​លោក ប៉ែន សុវណ្ណ នាយក​រដ្ឋមន្ត្រី​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា នៅ​ចុង​ឆ្នាំ​១៩៨១ ដែល​ពេល​នោះ កម្ពុជា ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​កងទ័ព​វៀតណាម។ បួន​ឆ្នាំ​ក្រោយ​មក លោក​ឧបនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស បាន​ត្រូវ​តែងតាំង​ជា​នាយក​រដ្ឋមន្ត្រី បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី ចាន់ ស៊ី ទទួល​មរណភាព។

ព្រឹត្តិការណ៍​លេចធ្លោ​បន្ទាប់​មក គឺ​អ្នក​នយោបាយ​វ័យ​ក្មេង​ពូកែ​វោហារសាស្ត្រ​រូប​នេះ តំណាង​ឲ្យ​កម្ពុជា ជួប​ចរចា​ជាមួយ​សម្ដេច​ព្រះ​នរោត្តម សីហនុ តំណាង​ឲ្យ​អ្នក​តស៊ូ​នៅ​ក្នុង​ចុង​ទសវត្សរ៍​៨០ នៅ​ប្រទេស​បារាំង ឈាន​ទៅ​ដល់​បង្កើត​បាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ និង​ការ​បោះឆ្នោត​តំណាង​រាស្ត្រ​នៅ​ឆ្នាំ​១៩៩៣។

នៅ​ពេល​មនុស្ស​ជាច្រើន​ហាក់​ប្រមាថ​ពី​សមត្ថភាព​របស់​លោក ថា​ជា​អតីត​កូន​ទាហាន​ខ្មែរ​ក្រហម មិន​ដឹង​មក​ពីណា និង​រៀន​មិន​បាន​ជ្រៅជ្រះ លោក ហ៊ុន សែន កាន់​តែ​ធ្វើ​ឲ្យ​ពិភពលោក​ស្គាល់​លោក​កាន់​តែ​ខ្លាំង។ អ្នក​នយោបាយ​វ័យ​ក្មេង​រូប​នេះ មិន​ត្រឹម​តែ​ពូកែ​គំរាម​កំហែង​គេ​ឯង​ទេ ប៉ុន្តែ​លោក​ថែម​ទាំង​ពូកែ​លួងលោម និង​ប្រើ​មនុស្ស​ទៀត​ផង​នៅ​ក្នុង​ពេល​តែ​មួយ។

បើ​ទោះ​ជា​គណបក្ស​ប្រជាជន​កម្ពុជា ចាញ់​ឆ្នោត​ឆ្នាំ​១៩៩៣ ក៏ដោយ លោក ហ៊ុន សែន អាច​ប្រើប្រាស់​សម្ដេច​ព្រះ​នរោត្តម សីហនុ បាន​ជោគជ័យ​ក្នុង​ការ​ប្រឆាំង​អាជ្ញាធរ​អ៊ុនតាក់ (UNTAC) ដែល​គ្រប់គ្រង​ការ​បោះឆ្នោត​នៅ​ពេល​នោះ។ ភ័យ​នឹង​ការ​គំរាម​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ប្រកាស​បំបែក​ខែត្រ​ទាំង​៧ នៅ​ភូមិភាគ​បូព៌ា ឲ្យ​ទៅ​ជា​រដ្ឋ​មួយ​ផ្សេង​ទៀត សម្ដេច​ឪ​សុខ​ចិត្ត​ប្រឆាំង​អាជ្ញាធរ​អ៊ុនតាក់ ចែក​អំណាច​ស្មើ​គ្នា​រវាង​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​កម្ពុជា បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​ដែល​មាន​នាយក​រដ្ឋមន្ត្រី​ពីរ​រូប គឺ​សម្ដេច​ព្រះ​នរោត្តម រណឫទ្ធិ ជា​នាយក​រដ្ឋមន្ត្រី​ទី​១ និង​លោក ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​ទី​២។

បំបែក​បំបាក់​ដើម្បី​គ្រប់គ្រង

រដ្ឋាភិបាល​ក្បាល​ពីរ​រស់​មិន​បាន​យូរ នៅ​ពេល​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ទី​២ ទម្លាក់​សម្ដេច​ព្រះ​នរោត្តម រណឫទ្ធិ ពី​នាយក​រដ្ឋមន្ត្រី​ទី​១ តាម​រយៈ​រដ្ឋ​ប្រហារ​បង្ហូរ​ឈាម​នៅ​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧។

នៅ​មុន និង​ក្រោយ​រដ្ឋ​ប្រហារ គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច ត្រូវ​លោក​បំបែក​ចេញ​ជាច្រើន​ចម្រៀក​ឈ្លោះ​គ្នា​គ្មាន​ទី​បញ្ចប់។ គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច ដែល​ជា​គណបក្ស​នាំ​មុខ​គេ ធ្លាប់​ឈ្នះ​ឆ្នោត​ឆ្នាំ​១៩៩៣ ត្រូវ​ធ្លាក់​ខ្លួន​គ្មាន​កៅអី​អង្គុយ​នៅ​ក្នុង​រដ្ឋសភា។

និយាយ​ពី​ការ​អូស​ទាញ​វិញ​កម្លាំង​មក​គាំទ្រ​វិញ ក៏​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពូកែ​ដែរ។ លោក​ប្រើ​វិធី​លួងលោម​ផ្តល់​មុខ​តំណែង និង​អំណាច​បុណ្យ​ស័ក្តិ អ្នក​ដែល​ធ្លាប់​ជា​គូ​សត្រូវ ឬ​គូ​ប្រជែង​នយោបាយ​ជាមួយ​លោក ដរាប​ណា​ឥស្សរជន​ទាំងនោះ​ដើរ​តាម​លោក ឬ​នៅ​ស្ងៀម​មិន​ស្រដី។ លោក​នាយក​រដ្ឋមន្ត្រី​ហៅ​វិធី​នេះ​ថា ជា​វប្បធម៌​ចែក​រំលែក ប៉ុន្តែ​អ្នក​សង្កេតការណ៍​ហៅ​វិធី​នេះ​ថា ជា​ការ​សូកប៉ាន់។

ចរិត​នយោបាយ​មួយ​ផ្នែក​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​មាន​ភាព​ស្រដៀង​គ្នា​នឹង​មេ​ដឹកនាំ​ចិន លោក តេង ស៊ាវភិង។ លោក តេង ស៊ាវភិង មាន​ទ្រឹស្ដី​មួយ​ថា មិន​ថ្វី​ទេ ឆ្មា​ពណ៌​ស​ក៏​បាន ពណ៌​ខ្មៅ​ក៏​បាន ឲ្យ​តែ​វា​ចាប់​កណ្ដុរ។

សម្រាប់​លោក ហ៊ុន សែន កន្លង​មក លោក​ហាក់​ដូចជា​ទាស់​ទេ ទោះ​ជា​អ្នក​ទាំងនោះ​ជា​ខ្មែរ​ក្រហម​និយម​ក្តី រាជា​និយម​ក្តី ឬ សឺន សាន និយម​ទេ ដរាប​ណា​ឥស្សរជន​ទាំងនោះ​មាន​ប្រយោជន៍​ដល់​លោក លោក​ប្រើ​ទាំងអស់ ហើយ​ករណី​ខ្លះ​នៅ​ឲ្យ​តែ​ស្ងៀម ចាំ​តែ​ហូប​ប្រាក់​ខែ​ក៏​លោក​ទុក​ឲ្យ​ម៉ា​រស់​ដែរ។

ប៉ុន្តែ​បើ​ប្រឆាំង​នឹង​លោក ឬ​មិន​ធ្វើ​តាម​លោក​វិញ លោក​មិន​ទុក​មុខ​ឲ្យ​ទេ បើ​ទោះ​ជា​អ្នក​នោះ​ជា​មេ​របស់​លោក​ក្តី ឬ​ជា​ស្ដេច​ផែនដី​ក្តី។

នៅ​ខែ​កក្កដា ឆ្នាំ​២០០៤ បន្ទាប់​ពី​ព្រះមហាក្សត្រ​សម្ដេច​ព្រះ​នរោត្តម សីហនុ យាង​ទៅ​ប្រទេស​កូរ៉េ​ខាង​ជើង ដើម្បី​គេច​ចេញ​ពី​ការ​ចុះ​ហត្ថលេខា​លើ​សេចក្តី​ព្រាង​ច្បាប់​ធម្មនុញ្ញ​បន្ថែម តាម​ការ​ចង់​បាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ លោក​នាយក​រដ្ឋមន្ត្រី ក៏​បាន​ស្នើ​ទៅ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ស៊ីម ដែល​ជា​ប្រមុខ​រដ្ឋ​ស្តីទី ឲ្យ​ចុះ​ហត្ថលេខា។ ប៉ុន្តែ​លោក ជា ស៊ីម បដិសេធ​មិន​ចុះ​ហត្ថលេខា​ទៀត។ ដើម្បី​សម្រេច​បំណង​របស់​ខ្លួន លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ប្រើ​ធម៌​ក្តៅ ដោយ​បញ្ជូន​កម្លាំង​ប៉ូលិស​ទៅ​ព័ទ្ធ​ផ្ទះ​លោក ជា ស៊ីម បង្ខំ​ឲ្យ​ចាកចេញ​ទៅ​ក្រៅ​ប្រទេស​មួយ​រយៈ ដើម្បី​បើក​ឱកាស​ឲ្យ​លោក ញឹក ប៊ុនឆៃ ដែល​ជា​អនុប្រធាន​ព្រឹទ្ធសភា ក្លាយ​ជា​ប្រមុខ​រដ្ឋ​ស្តីទី ហើយ​អាច​ចុះ​ហត្ថលេខា​លើ​សេចក្តី​ព្រាង​ច្បាប់​ធម្មនុញ្ញ​បន្ថែម​នោះ។

បើ​តាម​សារព័ត៌មាន​អនឡាញ (Online) របស់​ថៃ ឈ្មោះ ឌឹ មេនិកជើ (The Manager) លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខឹង​ណាស់​ពេល​នោះ ថែម​ទាំង​បញ្ជា​ឲ្យ​ផ្តាច់​ទឹក ផ្តាច់​ភ្លើង​ទៅ​ផ្ទះ​លោក ជា ស៊ីម ទៀត​ផង។

ច្បាប់​ធម្មនុញ្ញ​បន្ថែម​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចង់​បាន​រហូត​ធ្វើ​បាប​មេ​ខ្លួន​ឯង​នោះ គឺ​តាក់តែង​ឡើង​ដើម្បី​តម្រូវ​ឲ្យ​រដ្ឋសភា បោះឆ្នោត​ជ្រើសរើស​សមាសភាព​ក្បាល​ម៉ាស៊ីន​ដឹកនាំ​រដ្ឋសភា និង​គណៈរដ្ឋមន្ត្រី រួម​ទាំង​នាយក​រដ្ឋមន្ត្រី​ផង​ក្នុង​ពេល​តែ​មួយ។ សេចក្តី​ព្រាង​ច្បាប់​នេះ ស្នើ​ឡើង​នៅ​ក្រោយ​ពី​មាន​វិបត្តិ​ជាប់​គាំង​នយោបាយ ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០០៣ អស់​រយៈពេល​ជាង ១​ឆ្នាំ។

ទាក់ទង​នឹង​មូលហេតុ​ដែល​ព្រះអង្គ​មិន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ព្រាង​ច្បាប់​ធម្មនុញ្ញ​បន្ថែម​នោះ សម្ដេច​ព្រះ​នរោត្តម សីហនុ សរសេរ​នៅ​ក្នុង​គេហទំព័រ​របស់​ព្រះអង្គ​ថា " សេចក្តី​ស្នើ​នោះ​នាំ​មក​នូវ​ការ​បែកបាក់​ធ្ងន់ធ្ងរ​ចំពោះ​ជាតិ​របស់​យើង។ ខ្ញុំ​មិន​អាច​ទទួល​ខុស​ត្រូវ​ចំពោះ​កិច្ចការ​ដ៏​ធ្ងន់ធ្ងរ​សម្បើម​នេះ​ទេ "

ហើយ​មុន​ចាកចេញ​ពី​កម្ពុជា នៅ​ពេល​នោះ ព្រះអង្គ​បាន​ផ្ញើ​លិខិត​ទៅ​កាន់​លោក ជា ស៊ីម ដោយ​មាន​បន្ទូល​យ៉ាង​ខ្លី​ថា " ចុះ​ហត្ថលេខា​លើ​សេចក្តី​ព្រាង​ច្បាប់​នោះ ឬ​អត់ វា​អាស្រ័យ​លើ​មនសិការ​របស់​សម្ដេច "

រដ្ឋធម្មនុញ្ញ​កម្ពុជា កំណត់​ឲ្យ​មាន​ការ​បោះឆ្នោត​ជ្រើសរើស​ក្បាល​ម៉ាស៊ីន​ដឹកនាំ​គណៈកម្មការ​រដ្ឋសភា និង​ប្រធាន​រដ្ឋសភា​ដាច់​ដោយឡែក​ពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ក្រសួង និង​គណៈរដ្ឋមន្ត្រី ដែល​ត្រូវ​ការ​សំឡេង ២​ភាគ​៣ នៃ​សមាជិក​សភា​ទាំងមូល។ ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពេល​នោះ ភ័យ​ខ្លាច​តំណាង​រាស្ត្រ​ហ៊្វុនស៊ិនប៉ិច និង​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា មួយ​ចំនួន​មិន​បោះឆ្នោត​ឲ្យ​លោក​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​បន្ត​ទៀត ដូច្នេះ​ទើប​បង្ខំ​ចិត្ត​ធ្វើ​ច្បាប់​ធម្មនុញ្ញ​បន្ថែម ដើម្បី​ឲ្យ​បាន​បោះឆ្នោត​ជា​កញ្ចប់ ឬ​ក្នុង​ពេល​តែ​មួយ។

អ្នក​វិភាគ​មួយ​ចំនួន រួម​ទាំង​លោក​បណ្ឌិត សុខ ទូច ផង បាន​ហៅ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​នោះ​ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​យ៉ាង​ធ្ងន់ធ្ងរ។

ទោះ​ជា​ប៉ះពាល់​អ្វី​ក៏​មិន​ថ្វី​ដែរ ឲ្យ​តែ​បំណង​របស់​លោក​បាន​សម្រេច។ ភ័យ​ខ្លាច​ព្រះមហាក្សត្រ​កម្ពុជា មិន​ឡាយព្រះហស្ដលេខា​ទទួល​ស្គាល់​សន្ធិសញ្ញា​បំពេញ​បន្ថែម​ស្ដីពី​កម្ពុជា-វៀតណាម ឆ្នាំ​២០០៥ នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០០៥ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គំរាម​រំលាយ​រាជា​និយម​ជំនួស​មក​វិញ​នូវ​របប​សាធារណរដ្ឋ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ បុរស​ខ្លាំង លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហាក់​ដូចជា​មាន​ចរិត​ខ្លាច​សំណួរ​រសើប។ នៅ​ក្នុង​រាល់​យុទ្ធនាការ​បោះឆ្នោត​ម្តងៗ​ក្នុង ៥​អាណត្តិ​កន្លង​មក​នេះ គេ​មិន​ដែល​ឃើញ​លោក ហ៊ុន សែន ចេញ​មុខ​ចូលរួម​ក្នុង​វេទិកា​បើក​ឲ្យ​មាន​ការ​សួរ​ដេញដោល​ជាមួយ​បក្ស​នយោបាយ​ដទៃ។ គេ​ឃើញ​លោក​និយាយ​ថ្លែង​តែ​ម្នាក់​ឯង​ច្រើន​ជាង។ នៅ​ក្នុង​រដ្ឋសភា​ក៏​ដូច្នេះ​ដែរ មាន​ម្តង​នោះ​លោក​នាយក​រដ្ឋមន្ត្រី​ទៅ​និយាយ​ឲ្យ​តំណាង​រាស្ត្រ​ស្តាប់​ប្រមាណ ៥​ម៉ោង​អំពី​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម ប៉ុន្តែ​ហាម​សួរ។

សក្ខីកម្ម​មួយ​ទៀត​ដែល​ប្រហែល​អាច​បញ្ជក់​ពី​ការ​មិន​ចង់​ប្រឈម​មុខ​នឹង​សំណួរ​រសើបៗ​នោះ គឺ​មន្ត្រី​របស់​លោក​មិន​អនុញ្ញាត​ឲ្យ​អ្នក​កាសែត​មួយ​ចំនួន​ដែល​រិះគន់​រដ្ឋាភិបាល ចូលរួម​ក្នុង​ពិធី​ជួបជុំ​រវាង​អ្នក​សារព័ត៌មាន និង​នាយក​រដ្ឋមន្ត្រី។

នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៧ គឺ​ជា​ខួប​ទី ៣២​ឆ្នាំ​នៃ​ការ​ឡើង​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ដើម្បី​អបអរ​សាទរ​ឱកាស​នេះ លោក​នាយក​រដ្ឋមន្ត្រី​បាន​រៀបចំ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​ជា​លើក​ដំបូង គឺ​ជួប​អ្នក​សារព័ត៌មាន។ លោក​បាន​អញ្ជើញ​អ្នក​សារព័ត៌មាន និង​មន្ត្រី​នាំ​ពាក្យ​ព័ត៌មាន​ជាង ១.០០០​នាក់ គឺ​ដើម្បី​សំណេះសំណាល​បើក​ឱកាស​ស្វែង​យល់​គ្នា​រវាង​អ្នក​សារព័ត៌មាន និង​រដ្ឋាភិបាល។ ប៉ុន្តែ​បើ​ទោះ​ជា​យ៉ាង​នោះ​ក្តី អង្គភាព​សារព័ត៌មាន​មួយ​ចំនួន មាន​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) វិទ្យុ​អាស៊ីសេរី (RFA) ដែល​រិះគន់​រដ្ឋាភិបាល មិន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ឡើយ។ មន្ត្រី​រដ្ឋាភិបាល​សុំ​មិន​បញ្ចេញ​ឈ្មោះ ថា​ហេតុផល​មិន​អញ្ជើញ​សារព័ត៌មាន​ទាំងនេះ ខ្លាច​នៅ​ពេល​ជួប​សម្ដេច អ្នក​ទាំងនោះ​លើក​សំណួរ​ធ្ងន់ៗ​ទៅ សម្ដេច​ខឹង​មន្ត្រី​ដែល​ចាត់ចែង​ឲ្យ​អ្នក​កាសែត​ទាំងនោះ​ទៅ​ចូលរួម។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ បុគ្គលិក​លក្ខណៈ​មួយ​ទៀត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​ការ​ឱបក្រសោប​មនុស្ស​ដែល​មាន​ភក្តី​ភាព​ចំពោះ​លោក បើ​ទោះ​ជា​ពួក​គេ​ប្រព្រឹត្ត​កំហុស​យ៉ាង​ណា​ក៏ដោយ​ចុះ។

ប្រវត្តិវិទូ​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា លោក ដេវិឌ ឆាណ្ឌល័រ (David Chandler)អះអាង​ថា ដរាប​ណា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​មាន​ជីវិត កម្ពុជា គ្មាន​ទេ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។