បទ​វិភាគ៖ បាតុកម្ម​ការពារ​ប្រជាធិបតេយ្យ និង​ប្រវត្តិ​ក្រុង​ហុងកុង

ដោយ ជី វីតា
2014.10.11
តវ៉ា​នៅ​ហុងកុង ៦២០ ក្រុម​អ្នក​តវ៉ា​ការពារ​លទ្ធិប្រជាធិបតេយ្យ​នា​ទីក្រុង​ហុងកុង កាល​ពី​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៤។
Photo AFP

ជាង​ដប់​ថ្ងៃ​ហើយ​ដែល​ពលរដ្ឋ​ចិន​ហុងកុង រាប់​ម៉ឺន​នាក់​ចេញ​ធ្វើ​បាតុកម្ម​តវ៉ា​តាម​ផ្លូវ​ថ្នល់ និង​កាន់​កាប់​តំបន់​ពាណិជ្ជកម្ម ដើម្បី​ការពារ​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ពី​ការ​ជ្រៀតជ្រែក​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ ពលរដ្ឋ​ហុងកុង ទាមទារ​សិទ្ធិ​ជ្រើស​រើស​មេ​ដឹក​នាំ​ហុងកុង ដោយ​ខ្លួន​ឯង និង​មិន​ចង់​អោយ​ក្រុង​ប៉េកាំង បំពាន​កិច្ច​ព្រមព្រៀង ៥០​ឆ្នាំ​រវាង​ចិន និង​អង់គ្លេស ឡើយ។

តើ​ទីក្រុង​ហុងកុង មាន​ប្រវត្តិ​បែប​ណា?

លោក ជី វិតា មាន​បទ​វិភាគ​មួយ​បកស្រាយ​អំពី​រឿង​នេះ តាម​ការ​សាកសួរ​របស់ អ្នកស្រី ម៉ៅ សុធានី ដែល​សេចក្តី​ដូច​ត​ទៅ៖

អ្នកស្រី ម៉ៅ សុធានី៖ លោក ជី វិតា តើ​បាតុកម្ម​នៅ​ទីក្រុង​ហុងកុង រហូត​មក​ដល់​ពេល​នេះ​មាន​សភាព​បែប​ណា​ហើយ?

លោក ជី វិតា៖ បាទ! គិត​ចាប់​ពី​ដើម​សប្ដាហ៍​នេះ​មក បាតុកម្ម​តវ៉ា​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​នៅ​ទីក្រុង​ហុងកុង មាន​សភាព​ធូរ​ស្រាល​បន្តិច បន្ទាប់​ពី​ហ្វូង​បាតុករ​សម្រេច​ចិត្ត​លែង​កាន់​កាប់​អគារ និង​ការិយាល័យ​រដ្ឋ ព្រម​ទាំង​បើក​ផ្លូវ​អោយ​មន្ត្រី​រាជការ​ចូល​ធ្វើ​ការ​វិញ​បាន។

ភាព​ធូរ​ស្រាល​បន្តិច​នេះ កើត​ឡើង​បន្ទាប់​ពី​មាន​កិច្ច​ប្រជុំ​មួយ​រវាង​តំណាង​បាតុករ​ដែល​ជា​និស្សិត និង​មន្ត្រី​រដ្ឋបាល​ក្រុង​ហុងកុង កាល​ពី​យប់​ថ្ងៃ​ច័ន្ទ ដែល​ភាគី​ទាំង​ពីរ​យល់​ព្រម​ជួប​ជជែក​គ្នា​ជា​ផ្លូវ​ការ​បន្ត​ទៀត ដើម្បី​រក​ដំណោះស្រាយ​ទៅ​នឹង​ការ​ទាមទារ​របស់​បាតុករ។ ប៉ុន្តែ​បាតុករ​មួយ​ចំនួន នៅ​បន្ត​កាន់​កាប់​តំបន់​ពាណិជ្ជកម្ម​ធំៗ​ដែល​ជា​ចរន្ត​សេដ្ឋកិច្ច​នៃ​ទីក្រុង​ហុងកុង។

ព័ត៌មាន​ចុង​ក្រោយ​អោយ​ដឹង​ថា កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ តុលា ឆ្នាំ​២០១៤ អាជ្ញាធរ​ក្រុង​ហុងកុង បាន​លុប​ចោល​គម្រោង​ជួប​ប្រជុំ​ជាមួយ​ក្រុម​បាតុករ ដោយ​អះអាង​ថា ក្រុម​បាតុករ​នៅ​មាន​ចេតនា​មិន​ល្អ​ក្នុង​ការ​ចរចា​ដោយ​នៅ​តែ​បន្ត​ធ្វើ​បាតុកម្ម។

ទោះ​ជា​យ៉ាង​ណា បាតុករ​ប្ដេជ្ញា​ថា​នឹង​បន្ត​ធ្វើ​បាតុកម្ម​ទៅ​មុខ​ទៀត ដរាប​ណា​រដ្ឋាភិបាល​មិន​ព្រម​ផ្តល់​ការ​សន្យា​ជា​ទី​ពេញ​ចិត្ត​ណា​មួយ ទៅ​នឹង​ការ​ទាមទារ​របស់​ពួក​គេ។

អ្នកស្រី ម៉ៅ សុធានី៖ តើ​ពួក​គេ​ចង់​បាន​អ្វី​អោយ​ប្រាកដ?

លោក ជី វិតា៖ បាទ! ពួក​គេ​ទាមទារ​ឲ្យ​ប្រធាន​ប្រតិបត្តិ​ក្រុង​ហុងកុង បច្ចុប្បន្ន គឺ​លោក លឿង ឈុន យីង (Leung Chun-Ying) ដែល​ត្រូវ​បាន​តែង​តាំង​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ចុះ​ចេញ​ពី​តំណែង។ ពលរដ្ឋ​ហុងកុង យល់​ឃើញ​ថា បក្ស​កុម្មុយនិស្ត​ចិន ចាប់​ផ្តើម​បន្តិច​ម្តងៗ​លូក​ដៃ​ចូល​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​នយោបាយ​ហុងកុង។

អ្នកស្រី ម៉ៅ សុធានី៖ យើង​ដឹង​ថា ឥឡូវ​ហុងកុង ជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន ចុះ​ហេតុ​អ្វី​បាន​ជា​រដ្ឋ​អំណាច​ប៉េកាំង លូក​ដៃ​មិន​បាន?

លោក ជី វិតា៖ បាទ! ដើម្បី​អោយ​យល់​ច្បាស់​អំពី​បញ្ហា​នេះ ខ្ញុំ​សូម​ជម្រាប​ជូន​អំពី​ប្រវត្តិ​ក្រុង​ហុងកុង បន្តិច។ ក្រោយ​ពេល​គ្រប់គ្រង​ទីក្រុង​ហុងកុង អស់​រយៈ​កាល​មួយ​សតវត្សរ៍​កន្លះ (១៥០​ឆ្នាំ) មក ចក្រភព​អង់គ្លេស បាន​ប្រគល់​ហុងកុង អោយ​ចិន វិញ​នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​១៩៩៧។ បើ​ទោះ​ជា​ពលរដ្ឋ​ហុងកុង ជា​ជនជាតិ​ចិន ដូច​ចិន​ដី​គោក​ក៏ដោយ ប៉ុន្តែ​បន្ទាប់​ពី​រស់នៅ​ក្រោម​អាណានិគម​អង់គ្លេស ១៥០​ឆ្នាំ​មក ពលរដ្ឋ​ហុងកុង មាន​ភាព​ស៊ាំ​ទៅ​នឹង​ជីវភាព​រស់នៅ​ក្រោម​របប​នយោបាយ និង​ច្បាប់​ទម្លាប់ ព្រម​ទាំង​វប្បធម៌​ដែល​ខុស​ប្លែក​គ្នា​ពី​ពលរដ្ឋ​ចិន​ដី​គោក។

ហើយ​រហូត​មក​ដល់​បច្ចុប្បន្ន ហុងកុង មាន​ប្រព័ន្ធ​តុលាការ​ខ្លួន​ឯង។ ហុងកុង មាន​រូបិយប័ណ្ណ​របស់​ខ្លួន និង​មាន​លិខិត​ឆ្លង​ដែន​ដោយ​ឡែក​ពី​ចិន។ ហុងកុង មាន​វប្បធម៌ និង​សំនៀង​ភាសា​របស់​ខ្លួន និង​មាន​ប្រព័ន្ធ​គ្រប់គ្រង​ប្រទេស​តាម​របៀប​អង់គ្លេស ដែល​ខុស​ប្លែក​ពី​រដ្ឋាភិបាល​ចិន​ប៉េកាំង ដែល​ដឹក​នាំ​តាម​បែប​កុម្មុយនិស្ត​សង្គម​និយម។ ពោល គឺ​ចិន​ហុងកុង មាន​អ្វីៗ​ទាំងអស់​គ្រប់គ្រាន់​ជា​រដ្ឋ​តូច​មួយ។ ប៉ុន្តែ​អ្វី​ដែល​ហុងកុង មិន​មាន​នោះ គឺ​កងទ័ព និង​ក្រសួង​ការ​បរទេស។

អ្នកស្រី ម៉ៅ សុធានី៖ តើ​ពេល​អង់គ្លេស ធ្វើ​អាណានិគម​មក​លើ​ហុងកុង អង់គ្លេស បាន​អោយ​ប្រជាជន​ហុងកុង មាន​ប្រជាធិបតេយ្យ​ពេញ​លេញ​ឬ​ទេ?

លោក ជី វិតា៖ អត់​ទេ។ ហុងកុង ក្រោម​ការ​គ្រប់គ្រង​របស់​អង់គ្លេស រយៈពេល ១៥០​ឆ្នាំ រាជ​រដ្ឋាភិបាល​អង់គ្លេស មិន​ដែល​បាន​ផ្តល់​សិទ្ធិ​បោះ​ឆ្នោត​អោយ​ប្រជាជន​ហុងកុង ដើម្បី​ជ្រើស​រើស​មេ​ដឹក​នាំ​របស់​ខ្លួន​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​ឡើយ។ អាជ្ញាធរ​អង់គ្លេស តែង​តែ​តែង​តាំង​ចៅហ្វាយ​ក្រុង​ហុងកុង ដោយ​ផ្ទាល់។

ទោះ​ជា​យ៉ាង​ណា ក្រោម​អាណានិគម​របស់​អង់គ្លេស ហុងកុង រហូត​មក​ដល់​ពេល​នេះ អនុវត្ត​ប្រព័ន្ធ​មូលធន​និយម​ដែល​ផ្តល់​សិទ្ធិ​សេរីភាព​ដល់​ប្រជាជន និង​ក្រុមហ៊ុន អោយ​មាន​កម្មសិទ្ធិ​កាន់​កាប់​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន។

ដោយ​ដឹង​ថា​ប្រព័ន្ធ​ច្បាប់ និង​របប​នយោបាយ​នៅ​ទីក្រុង​ហុងកុង អាច​នឹង​ត្រូវ​ផ្លាស់ប្ដូរ បន្ទាប់​ពី​ប្រគល់​ទៅ​អោយ​ប្រទេស​ចិន​កុម្មុយនិស្ត​វិញ​នោះ អង់គ្លេស បាន​ធ្វើ​ការ​ចរចា​ជាមួយ​រដ្ឋាភិបាល​ចិន មុន​នឹង​ព្រមព្រៀង​ប្រគល់​កោះ​ហុងកុង អោយ​ចិន វិញ។

អ្នកស្រី ម៉ៅ សុធានី៖ តើ​ចិន និង​អង់គ្លេស បាន​ព្រមព្រៀង​គ្នា​អ្វី​ខ្លះ លោក ជី វិតា?

លោក ជី វិតា៖ បាទ! ក្នុង​សេចក្តី​ប្រកាស​រួម​គ្នា​រវាង​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ចក្រភព​អង់គ្លេស ចុះ​កាលបរិច្ឆេទ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​១៩៨៤ និង​បន្ទាប់​មក កិច្ច​ព្រមព្រៀង​នេះ​ក៏​បាន​ចុះ​បញ្ជី​នៅ​អង្គការ​សហប្រជាជាតិ ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​១៩៨៥ នោះ ចក្រភព​អង់គ្លេស និង​ចិន បាន​ព្រមព្រៀង​គ្នា​ថា ទីក្រុង​ហុងកុង នឹង​ត្រូវ​ស្ថិត​នៅ​ក្រោម​អធិបតេយ្យភាព​របស់​ចិន វិញ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​១៩៩៧។

សេចក្តី​ប្រកាស​រួម ក៏​បាន​ចែង​ដែរ​ថា រដ្ឋ​អំណាច​ទីក្រុង​ប៉េកាំង នឹង​អនុវត្ត​នយោបាយ ប្រទេស​មួយ​ប្រព័ន្ធ​ពីរ សម្រាប់​ទីក្រុង​ហុងកុង បន្ទាប់​ពី​អង់គ្លេស ប្រគល់​អោយ​វិញ។ ក្នុង​កិច្ច​ព្រមព្រៀង​បាន​បញ្ជាក់​ដែរ​ថា ចិន នឹង​មិន​យក​ប្រព័ន្ធ​នយោបាយ​សង្គម​និយម​ដែល​អនុវត្ត​នៅ​ប្រទេស​ខ្លួន មក​អនុវត្ត​នៅ​ហុងកុង នោះ​ទេ។ ក្នុង​សេចក្តី​ប្រកាស​រួម​នោះ ក៏​បាន​ព្រមព្រៀង​គ្នា​ថា ប្រព័ន្ធ​មូលធន​និយម​ដែល​មាន​ស្រាប់ និង​របៀប​របប​រស់នៅ​ដែល​ពលរដ្ឋ​ហុងកុង បាន​ប្រតិបត្តិ​ពី​មុន​មក នឹង​ត្រូវ​រក្សា​ទុក​បន្ត​អនុវត្ត​រយៈពេល ៥០​ឆ្នាំ​ទៅ​មុខ​ទៀត។ ចំណុច​ដ៏​សំខាន់​នេះ ក៏​បាន​ចារ​ទុក​នៅ​ក្នុង​ច្បាប់​ហុងកុង ផង​ដែរ។

ក្រោម​កិច្ច​ព្រមព្រៀង ហុងកុង គឺ​ជា​តំបន់​រដ្ឋបាល​ពិសេស​របស់​ចិន។ បច្ចុប្បន្ន ហុងកុង មាន​ប្រជាជន​ជាង ៧​លាន​នាក់ ជា​ទីក្រុង​ដ៏​រីក​ចម្រើន​ជឿន​លឿន​មួយ ដែល​មាន​ក្រុមហ៊ុន​ខាង​ភាគ​ហ៊ុន​ធំ​ជាង​គេ​ទី​៣​លើ​ពិភពលោក។

អ្នកស្រី ម៉ៅ សុធានី៖ តើ​រដ្ឋ​អំណាច​ក្រុង​ប៉េកាំង អាច​បារម្ភ​ថា ពលរដ្ឋ​ហុងកុង អាច​មាន​បំណង​ផ្តាច់​ខ្លួន​ចេញ​ពី​ចិន​ដី​គោក​ឬ​ទេ?

លោក ជី វិតា៖ គេ​សង្កេត​ឃើញ​ថា ការ​តវ៉ា​ពេល​នេះ​មិន​មាន​សារ​ជាក់លាក់​ចង់​បំបែក​រដ្ឋ​ទេ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ រដ្ឋបាល​ក្រុង​ប៉េកាំង ក៏​មាន​ការ​ប្រុង​ប្រយ័ត្ន​ដែរ មិន​ចង់​ឃើញ​ក្រុង​ហុងកុង ប្រែ​ក្លាយ​ទៅ​ជា​តំបន់​បះបោរ​មួយ​ទៀត ដូចជា តំបន់​ទីបេ និង​តំបន់​ស៊ិនជាង ដែល​កំពុង​ប្រឆាំង​ទាមទារ​ផ្តាច់​ខ្លួន​ពី​ប្រទេស​ចិន នោះ។

បើ​តាម​អ្នក​សង្កេតការណ៍​ខ្លះ ចិន ក៏​មាន​បំណង​ទុក​អោយ​ហុងកុង ដែល​ជា​មណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​ដ៏​ធំ​នេះ ដើរ​តួ​ជា​ស្ពាន​សម្រាប់​ផ្សារភ្ជាប់​គ្នា​រវាង​ប្រទេស​មូលធន​និយម និង​ប្រទេស​ចិន សម្រាប់​គោល​បំណង​ពង្រីក​សេដ្ឋកិច្ច​របស់​ខ្លួន។ ប៉ុន្តែ​រដ្ឋាភិបាល​ចិន ដែល​កំពុង​មាន​មោទនភាព​ចំពោះ​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច និង​យោធា​របស់​ខ្លួន​នោះ ក៏​ភ័យ​ព្រួយ​អំពី​អស្ថិរភាព​សង្គម និង​លទ្ធភាព​បែក​បាក់​ទឹក​ដី​ដ៏​ធំ​ល្វឹងល្វើយ​ដែល​ខ្លួន​កំពុង​គ្រប់គ្រង​នេះ​ដែរ។ ក្តី​ព្រួយ​បារម្ភ​នេះ បាន​ជំរុញ​អោយ​ចិន បង្កើន​ការ​លូក​ដៃ​ចូល​ទៅ​ក្នុង​ការ​ត្រួតត្រា​លើ​ការ​គ្រប់គ្រង​ក្រុង​ហុងកុង ដែល​អាច​នាំ​អោយ​ប៉ះពាល់​ដល់​កិច្ច​ព្រមព្រៀង​ជាមួយ​អង់គ្លេស។

អ្នកស្រី ម៉ៅ សុធានី៖ ចង់​សួរ​បញ្ជាក់​ថា ថ្នាក់​ដឹក​នាំ​ក្រុង​ហុងកុង បច្ចុប្បន្ន ឡើង​តាម​ការ​បោះ​ឆ្នោត​ដែរ​មែន​ទេ?

លោក ជី វិតា៖ បាទ! តាម​ការ​បោះ​ឆ្នោត​ដែរ ប៉ុន្តែ​បេក្ខជន​ឈរ​ឈ្មោះ​ដែល​ក្រុង​ប៉េកាំង ហៅ​ថា​ប្រធាន​ប្រតិបត្តិ​នោះ គណបក្ស​កុម្មុយនីស្ត​ចិន ជា​អ្នក​រៀបចំ។ នេះ​ជា​របៀប​ប្រជាធិបតេយ្យ​បែប​ប្រទេស​កុម្មុយនិស្ត​ដូចជា​នៅ​ប្រទេស​វៀតណាម អ៊ីចឹង​ដែរ គឺ​គេ​រៀបចំ​អោយ​ពលរដ្ឋ​មាន​សិទ្ធិ​បោះ​ឆ្នោត​ជ្រើស​រើស​មេ​ដឹក​នាំ​របស់​ខ្លួន ប៉ុន្តែ​បេក្ខជន​ឈរ​ឈ្មោះ​សុទ្ធតែ​បក្ស​ជា​អ្នក​រៀប​អោយ​ឈរ។ កត្តា​នេះ​ហើយ​ដែល​ពលរដ្ឋ​ក្រុង​ហុងកុង កើត​ទុក្ខ​មិន​សុខ​ចិត្ត ហើយ​មាន​បាតុកម្ម​ផ្ទុះ​ឡើង។ ពលរដ្ឋ​ក្រុង​ហុងកុង យល់​ថា ទីក្រុង​ប៉េកាំង មាន​បំណង​បន្តិច​ម្តងៗ​ដក​ហូត​សិទ្ធិ​សេរីភាព​របស់​ពួក​គេ អោយ​ឃ្លាត​ចាក​ឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ។

អ្នកស្រី ម៉ៅ សុធានី៖ ប៉ុន្តែ​ទាក់ទង​នឹង​របៀប​ជ្រើស​រើស​មេ​ដឹក​នាំ​ក្រុង​ហុងកុង នេះ កាល​ពី​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អង់គ្លេស រយៈពេល ១៥០​ឆ្នាំ​នោះ ក៏​មិន​មាន​ប្រជាធិបតេយ្យ​ដែរ​មែន​ទេ?

លោក ជី វិតា៖ ត្រូវ​ហើយ ចំណុច​នេះ​ហើយ​ដែល​ចិន​ប៉េកាំង​អស់​សំណើច។ អស់​សំណើច​ត្រង់​ថា ក្រោម​អាណានិគម​អង់គ្លេស អង់គ្លេស ក៏​មិន​ដែល​ផ្តល់​សិទ្ធិ​សេរីភាព​អោយ​ពលរដ្ឋ​ហុងកុង បោះ​ឆ្នោត​ជ្រើស​រើស​អភិបាល​ក្រុង​ហុងកុង ផ្ទាល់​តាម​ការ​ចង់​បាន​របស់​ពួក​គេ​ដែរ។ អង់គ្លេស តែង​តាំង​អភិបាល​ក្រុង​ហុងកុង ពី​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។ ចំណែក​ឥឡូវ​នេះ ចិន ជ្រើស​រើស​បេក្ខជន​របស់​ខ្លួន​អោយ​ឈរ​ឈ្មោះ​ជា​មេ​ដឹក​នាំ​ហុងកុង ពី​ប៉េកាំង។ តើ​វា​ខុស​គ្នា​ទេ? តាម​ពិត​វា​ដូច​តែ​គ្នា​ទេ ដូច​គ្នា​ត្រង់​ថា ពលរដ្ឋ​ហុងកុង ពី​មុន និង​ឥឡូវ នៅ​តែ​គ្មាន​សិទ្ធិ​បោះ​ឆ្នោត​ជ្រើស​រើស​មេ​ដឹក​នាំ​ហុងកុង របស់​ខ្លួន​តាម​បែប​ប្រជាធិបតេយ្យ។

អ្នកស្រី ម៉ៅ សុធានី៖ បើ​តែ​មួយ​ដំប និង​បួន​ទេ ហេតុ​អី​បាន​ជា​ពលរដ្ឋ​ហុងកុង នាំ​គ្នា​ធ្វើ​ការ​តវ៉ា​នា​ពេល​នេះ?

លោក ជី វិតា៖ ចម្លើយ​ទៅ​នឹង​សំណួរ​នេះ​អាច​មាន​ពីរ។ ទី​១ ពលរដ្ឋ​ហុងកុង សំអាង​លើ​កិច្ច​ព្រមព្រៀង​រវាង​ចិន និង​អង់គ្លេស ដែល​ចែង​ថា ចិន មិន​ត្រូវ​ផ្លាស់ប្ដូរ​របប​នយោបាយ ជាពិសេស​របប​មូលធន​និយម​របស់​ហុងកុង ក្នុង​រយៈពេល ៥០​ឆ្នាំ​ក្រោយ​កិច្ច​ព្រមព្រៀង​អង់គ្លេស ប្រគល់​ហុងកុង អោយ​ចិន វិញ​នៅ​ឆ្នាំ​១៩៩៧។ រហូត​មក​ដល់​ពេល​នេះ ទើប​តែ​បាន ១៧​ឆ្នាំ​ទេ។

ចំណុច​ទី​២ គឺ​ថា ពលរដ្ឋ​ហុងកុង ភាគ​ច្រើន​ភ័យ​ខ្លាច​របប​កុម្មុយនិស្ត។ ពួក​គេ​បារម្ភ​ថា បើ​អនុញ្ញាត​អោយ​ចិន លូក​ដៃ​បន្តិច​ម្តងៗ​ចូល​មក​ត្រួតត្រា​លើ​ហុងកុង របប​កុម្មុយនិស្ត​ផ្តាច់​ការ​របស់​ចិន អាច​នឹង​ឆ្លង​ចូល​ហុងកុង យ៉ាង​ឆាប់​ជា​មិន​ខាន។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ ចំពោះ​អនាគត​ទីក្រុង​ហុងកុង គ្មាន​អ្នក​ណា​ដឹង​ច្បាស់​ទេ​ថា តើ​នៅ​ឆ្នាំ​២០៤៧ គឺ​រយៈពេល ៥០​ឆ្នាំ​ក្រោយ​ពី​អង់គ្លេស ប្រគល់​ហុងកុង អោយ​ចិន វិញ​នោះ នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា​នោះ​ទេ។

តើ​ក្រុង​ប៉េកាំង នឹង​នៅ​រក្សា​ទុក​នូវ​របប​នយោបាយ ប្រទេស​មួយ​ប្រព័ន្ធ​ពីរ​ដូច​បច្ចុប្បន្ន ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ពី​ហុងកុង ដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​ក្នុង​ពិភពលោក ឬ​ប្រែ​ក្លាយ​ហុងកុង អោយ​ទៅ​ជា​អាណា​ខេត្ត​មួយ​របស់​ចិន?

ទោះ​ជា​យ៉ាង​ណា ប្រហែល​ជា​មាន​តែ​បក្ស​កុម្មុយនិស្ត​ចិន តែ​ប៉ុណ្ណោះ ទើប​ដឹង​ពី​ចម្លើយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។