ការចាប់ខ្លួនសកម្មជនគណបក្សនយោបាយ ព្រះសង្ឃ និងសកម្មជនដីធ្លី គណបក្សជាប់ឆ្នោតទាំងពីរបានច្រានចោលមិនទទួលខុសត្រូវទៅវិញទៅមក។
គណបក្សសង្គ្រោះជាតិ ចាត់ទុកការចាប់ខ្លួនសកម្មជនដីធ្លី ព្រះសង្ឃ និងសកម្មជនរបស់ខ្លួននោះ ថាជាសកម្មភាពដែលរំលោភទៅលើកិច្ចព្រមព្រៀងបញ្ចប់វិបត្តិនយោបាយកាលពីថ្ងៃទី២២ កក្កដា។ តែគណបក្សប្រជាជនកម្ពុជា បានច្រានចោលការចោទប្រកាន់នេះ។
តើរូបភាពចាប់ខ្លួនដែលកក្រើកឡើងវិញនៅពេលនេះ គឺជាយុទ្ធសាស្ត្រវាយផង ចរចាផង ឬយ៉ាងណា?
ល្បែងវាយផង ចរចាផងនេះ ត្រូវអ្នកនយោបាយខ្មែរទាំងពីរក្រុម យកមកប្រើប្រាស់ជាញឹកញយ។ ក្រុមខ្លះដែលមានចិត្តស្ទាក់ស្ទើរ ដូចដែលពាក្យខ្មែរនិយាយថា មិនចិត្តដាច់ ធ្វើស្ដេចមិនបាន លេងល្បែងនេះចាញ់រហូត។ ឯក្រុមដែលមានចិត្តដាច់វិញ តែងលេងល្បែងនេះឈ្នះជានិច្ច។
ក្រោយការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិ ដែលទទួលបានសំឡេងជាផ្លូវការតិចជាងអ្វីដែលខ្លួនគិតថាគួរទទួលបាន បានកេណ្ឌអ្នកស្រុកអោយធ្វើបាតុកម្មទាមទារយុត្តិធម៌។ ទន្ទឹមគ្នានឹងធ្វើបាតុកម្ម ពួកគេក៏ចរចាគ្នាជាមួយគណបក្សម្ខាងទៀតដែរ គឺគណបក្សប្រជាជនកម្ពុជា។ យុទ្ធសាស្ត្រវាយផង ចរចាផងរបស់គណបក្សសង្គ្រោះជាតិ ត្រូវបញ្ឈប់ពាក់កណ្ដាលទី ដោយមិនទាន់បានសម្រេចគោលដៅដែលខ្លួនគ្រោងទុកទេ។
គណបក្សកាន់អំណាច ដែលមិនសូវជាមានប្រវត្តិល្អក្នុងការអត់ធ្មត់ជាមួយនឹងអ្នកហ៊ានងើបតតាំងប្រឆាំងនឹងខ្លួន បានប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីបង្ក្រាបបាតុកម្មនេះ។ គេបាញ់សម្លាប់ក្រុមបាតុករផង គេចាប់ដាក់គុកខ្លះផង និងបិទទីតាំងសម្រាប់ប្រជាពលរដ្ឋចេញមុខតវ៉ាផង។ ជាលទ្ធផល គណបក្សសង្គ្រោះជាតិ ដែលចិត្តមិនដាច់ ក៏សុខចិត្តទទួលយកការសម្របសម្រួលនយោបាយមួយជាមួយគណបក្សប្រជាជនកម្ពុជា។
ឥឡូវនេះ គណបក្សប្រជាជនកម្ពុជា ជាអ្នកលេងល្បែងចរចាផង វាយផងនេះវិញម្តង។ គណបក្សប្រជាជនកម្ពុជា ដែលចិត្តដាច់ជាងនេះ លេងល្បែងនេះឈ្នះជាបណ្ដើរៗហើយ។ គ្រាន់តែគណបក្សប្រឆាំងនៅរ៉ែរ៉រង់ចាំតថ្លៃមុនចូលសភា តំណាងរាស្ត្រជាប់ឆ្នោតនៃគណបក្សនេះ រួមទាំងសកម្មជនផង ត្រូវគេចាប់វាយខ្មោះបញ្ចូលគុកព្រៃស។ ដើម្បីជាថ្នូរនៃការដោះលែងវិញ គណបក្សសង្គ្រោះជាតិ ត្រូវរត់ជាន់ជើងគ្នារកអាវកកុត និងសំពត់ចងក្បិនសឹងមិនទាន់ ដើម្បីទៅផឹកទឹកសម្បថមុខព្រះករុណា ដើម្បីចូលសភា នៅពេលដែលគណបក្សទាំងពីរ កំពុងមានភាពចម្រូងចម្រាសក្នុងការចរចា។
ការចាប់ខ្លួនលើកនេះ តាមមើលទៅប្រហែលជាមិនខុសលើកមុននោះឡើយ គណបក្សប្រជាជនកម្ពុជា បានប្រើផែនការចាស់សកម្មភាពថ្មី គឺតុលាការបានសើរើករណី លោក មាជ សុវណ្ណារ៉ា និងយុវជន ទេព ណារិន យកមកចោទប្រកាន់ឡើងវិញ និងផ្ដន្ទាទោសទាក់ទងនឹងការចូលរួមធ្វើបាតុកម្មនៅស្ពាននាគក្បែរទីលានប្រជាធិបតេយ្យ ដែលដឹកនាំដោយ អ្នកស្រី មូរ សុខហួរ នោះ។ បើសិនជាសកម្មជនគណបក្សសង្គ្រោះជាតិ ទាំងពីរនេះ ជាអ្នកញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ កាលពីថ្ងៃទី១៥ កក្កដា មែននោះ ហេតុអ្វីបានជាតុលាការដោះលែង អ្នកស្រី មូរ សុខហួរ ដែលជាអ្នកដឹកនាំធ្វើបាតុកម្ម និងតំណាងរាស្ត្រមួយចំនួនទៀត ក្រោយពេលមានកិច្ចព្រមព្រៀងនយោបាយ?
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ វិច្ឆិកា បានចាប់ឃុំខ្លួន លោក មាជ សុវណ្ណារ៉ា ជាខ្មែរ-អាមេរិកាំង និងជាប្រធាននាយកដ្ឋានព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយរបស់គណបក្សសង្គ្រោះជាតិ ក្រោមបទចោទប្រកាន់ផ្ដើមគំនិតហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ និងដឹកនាំចលនាកុបកម្ម។ បើសិនជាតុលាការរកឃើញថា លោកពិតជាមានទោសមែន លោក មាជ សុវណ្ណារ៉ា នឹងអាចជាប់ពន្ធនាគាររហូតដល់ ៣០ឆ្នាំ។
ការចាប់ខ្លួន លោក មាជ សុវណ្ណារ៉ា នេះ ធ្វើឡើងក្រោយពេលតុលាការបានចាប់ខ្លួនអ្នកភូមិបឹងកក់ ចំនួន ៧នាក់ និងបានបើកសវនាការបិទទ្វារ។ តុលាការបានសម្រេចកាត់ទោសស្ត្រីសកម្មជនដីធ្លីទាំង ៧នាក់នេះ រួមមាន អ្នកស្រី ទេព វន្នី ផង ឲ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ ហើយម្នាក់ៗត្រូវពិន័យទឹកប្រាក់ពីរលានរៀល។
តុលាការចោទប្រកាន់អ្នកទាំងនោះពីបទបង្កឧបសគ្គដល់ចរាចរណ៍ នៅពេលពលរដ្ឋប្រមាណ ៦០នាក់ តវ៉ានៅមុខសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី១០ វិច្ឆិកា សុំឲ្យអាជ្ញាធរដោះស្រាយបញ្ហាផ្ទះរបស់ពួកគេលិចទឹក ដោយសារការអភិវឌ្ឍនៅតំបន់បឹងកក់។ នៅថ្ងៃបន្តបន្ទាប់ទៀត តុលាការក៏ចាប់សកម្មជនគណបក្សសង្គ្រោះជាតិ លោក ទេព ណារិន និងព្រះសង្ឃចំនួន បីអង្គទៀត។ សកម្មភាពចាប់ខ្លួនលើកនេះ តាមមើលទៅក៏មិនចាញ់លើកមុនៗដែរ។ សកម្មភាពទាំងនេះ អាចថាបង្ខំឲ្យគណបក្សសង្គ្រោះជាតិ ទាល់ច្រក ហើយចេញមកដឹកនាំធ្វើបាតុកម្មទៀត ដើម្បីជាលេសមួយដែលគណបក្សប្រជាជនកម្ពុជា ចោទថា គណបក្សសង្គ្រោះជាតិ មិនគោរពកិច្ចព្រមព្រៀងនៅពេលដែលគណបក្សសង្គ្រោះជាតិ បានចោទប្រកាន់រួចទៅហើយថា គណបក្សប្រជាជនកម្ពុជា មិនគោរពកិច្ចព្រមព្រៀងបញ្ចប់ជម្លោះនយោបាយកាលពីថ្ងៃទី២២ ខែកក្កដា នោះ។
តែបញ្ហានេះ គណបក្សសង្គ្រោះជាតិ នឹងមិនអាចបញ្ចេញកម្ដៅនយោបាយដើរបាតុកម្មដូចមុនទេ ព្រោះថា រចនាសម្ព័ន្ធនៅក្នុងរដ្ឋសភា ឬការបែងចែងតួនាទីគ្នា ដែលគណបក្សសង្គ្រោះជាតិ ទាមទារឲ្យមានតុល្យភាពអំណាចក្នុងសភានោះ គឺខ្លួនទាមទារបានហើយ។ ម្យ៉ាង គណបក្សសង្គ្រោះជាតិ ក៏អាចធ្វើសកម្មភាពបានមួយចំនួនដែរនៅក្នុងសភា ដូចជា ការកោះហៅរដ្ឋមន្ត្រីមួយចំនួនមកសាកសួរ ហើយតំណាងរាស្ត្រទាំងអស់ទទួលបានប្រាក់បៀវត្ស ជាដើម។
ដូច្នេះ ចង់មិនចង់ បញ្ហាចំពោះមុខរបស់គណបក្សសង្គ្រោះជាតិ នៅពេលនេះ ហាក់កំពុងសម្ដែងពីការអត់ធ្មត់របស់ខ្លួន និងប្រើវិធីសាស្ត្រសម្របសម្រួលជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរកដំណោះស្រាយដោះលែងសកម្មជនរបស់ខ្លួន ដូចដែល លោក សម រង្ស៊ី បានដាក់លិខិតទៅលោកឧបនាយករដ្ឋមន្ត្រី ស ខេង ជាឧទាហរណ៍ស្រាប់។
ក្រៅពីនេះទៀត គោលបំណងធំនៃការចាប់ខ្លួនពេលនេះ អាចថាជាការដាក់សម្ពាធកុំឲ្យគណបក្សសង្គ្រោះជាតិ តឹងរ៉ឹងលើការធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលគណបក្សទាំងពីរកំពុងតែដំណើរការធ្វើនោះ។
ទីបញ្ចប់ទៅ ការកែទម្រង់ស្ថាប័ន គ.ជ.ប.ថ្មី ល្មមៗក៏ឯកភាពទៅ ដើម្បីបញ្ចប់នូវការចាប់ចង និងរួចផុតពីសម្ពាធនេះ។ និយាយឲ្យងាយស្រួលស្ដាប់ ប្រហែលជាគណបក្សប្រជាជនកម្ពុជា ប្រើយុទ្ធសាស្ត្រដើម្បីឲ្យគណបក្សសង្គ្រោះជាតិ ក្ដៅក្រហាយ ហើយចេញដឹកនាំធ្វើបាតុកម្ម នៅពេលនោះ អាជ្ញាធរមានឱកាសចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងកាន់តែច្រើនថែមទៀត។ នៅពេលនោះ គណបក្សទាំងពីររវល់នឹងការចរចា ឬធ្វើការសម្របសម្រួលផ្នែកនយោបាយ សុំឲ្យដោះលែងសកម្មជនរបស់ខ្លួនវិញ រីឯការជជែកអំពីការបង្កើត គ.ជ.ប.ថ្មី ទុកមួយឡែកសិន។ ការធ្វើដូច្នេះ នៅទីបំផុត ការបោះឆ្នោតនៅឆ្នាំ២០១៨ គណបក្សទាំងពីរនឹងប្រើ គ.ជ.ប.ចាស់ ដែលមានស្រាប់ដដែល។ ក៏ប៉ុន្តែ វិធីពន្យារពេលនេះ គណបក្សសង្គ្រោះជាតិ ហាក់បីដូចជាដឹងល្បិចកលមួយនេះរបស់គណបក្សប្រជាជនកម្ពុជា។ ដូច្នេះហើយ បានជាមេដឹកនាំគណបក្សសង្គ្រោះជាតិ នៅតែប្រកាសថា ខ្លួននឹងយកវប្បធម៌សន្ទនាក្នុងការដោះស្រាយបញ្ហា។
លើសពីនេះទៀត ស្ថាប័នរៀបចំការបោះឆ្នោតថ្មីនេះ គឺជាស្ថាប័នសំខាន់សម្រាប់កំណត់ជោគវាសនាគណបក្សនយោបាយ ឬប្រទេសជាតិ ទោះបីជាសំឡេងឆ្នោតប្រជាពលរដ្ឋជាអ្នកផ្ដល់ជូនគណបក្សនយោបាយតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យក៏ដោយចុះ តែប្រជាធិបតេយ្យនៅកម្ពុជា មានរូបភាពផ្សេងពីប្រទេសជឿនលឿនមួយចំនួន ដូចជានៅប្រទេសជប៉ុន ជាដើម។
ម្យ៉ាងទៀត បើសិនជា គ.ជ.ប ដែលមានស្រាប់ជាស្ថាប័នឯករាជ្យមែននោះ មិនមែនគណបក្សប្រឆាំងមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនោះឡើយ ហើយក៏មិនមានការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិដែរ។
ផ្ទុយទៅវិញ បញ្ហាចម្បងដែលគេឯងដឹងថា រដ្ឋាភិបាលបានប្រើដៃតុលាការចាត់ការទៅលើសកម្មជនដីធ្លី សកម្មជននយោបាយ និងព្រះសង្ឃនោះ ដោយសារតែភាពខ្វះចន្លោះរបស់គណបក្សសង្គ្រោះជាតិ កាលពីពេលចរចាជាមួយគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២២ កក្កដា នោះ ដូចជាគណបក្សសង្គ្រោះជាតិ ទទួលយកលទ្ធផលចរចាយ៉ាងទាន់ហន់ គឺការចរចាធ្វើឡើងតែរយៈពេលមួយថ្ងៃ ដែលធ្វើឡើងផ្ទុយពីអ្វីដែលខ្លួនបានសន្យាជាមួយអ្នកគាំទ្រខ្លួនថា ត្រូវតែសួរម្ចាស់ឆ្នោតជាមុនសិន មុននឹងសម្រេចលើរឿងចរចា។ ម្យ៉ាងទៀត គណបក្សប្រជាជនកម្ពុជា បានរៀបជើងព្រួលជាស្រេច ដោយចងរក្សាទុក គ.ជ.ប.ចាស់ អាចដំណើរការស្របតាមច្បាប់ដដែល បើសិនជា គ.ជ.ប.ថ្មីបង្កើតមិនបាននោះ។ តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញក៏ត្រេកអរដែរដែលគណបក្សសង្គ្រោះជាតិ យល់ព្រមចូលសភា ដើម្បីឲ្យសភាស្របច្បាប់ ដែលអ្នកច្បាប់ថា សភាមិនគ្រប់ទឹក និងជាការទាញការចាប់អារម្មណ៍ពីប្រទេសម្ចាស់ជំនួយឡើងវិញ។ ដូចនេះ លោក ហ៊ុន សែន ក៏សម្រេចចិត្តលឿនក្នុងការយល់ព្រមបង្កើត គ.ជ.ប.ថ្មីដែរ។ តែពេលនេះ លោក ហ៊ុន សែន ហាក់បីដូចជាស្ទាក់ស្ទើរក្នុងការបង្កើត គ.ជ.ប.ថ្មីនេះទៅវិញ ដោយសើរើសំណុំរឿងចាស់ក្នុងការចោទចាប់ចង ដែលក្រុមមន្ត្រីសិទ្ធិមនុស្សអះអាងថា គណបក្សកាន់អំណាចកំពុងរំលោភទៅលើកិច្ចព្រមព្រៀងបញ្ចប់វិបត្តិនយោបាយនោះ។
បញ្ហាទាំងនេះ បើសិនជាគណបក្សសង្គ្រោះជាតិ នៅតែទាមទារដាច់ខាតតាមអ្វីដែលខ្លួនចង់បាន និងសង្គមស៊ីវិលចង់បាន ទាក់ទងនឹងការបង្កើត គ.ជ.ប.ថ្មីនោះ សកម្មជនរបស់ខ្លួនក៏អាចបន្តនៅក្នុងពន្ធនាគារ ដែលមិនអាចសម្របសម្រួលផ្នែកនយោបាយបាន ហើយសកម្មជនមួយចំនួនទៀតនៅជាប់បណ្ដឹងនៅតុលាការនោះ ក៏អាចនឹងតុលាការបន្តចាប់ខ្លួនទៀតដែរ ព្រោះការបដិសេធរបស់ក្រសួងយុត្តិធម៌ មិនដោះលែង លោក មាជ សុវណ្ណារ៉ា តាមការស្នើសុំរបស់ លោក សម រង្ស៊ី នោះជាឧទាហរណ៍ស្រាប់។
ម្យ៉ាងវិញទៀត បើយើងមើលពីពាក្យផ្សះផ្សាជាតិវិញ គ្រាន់តែជាពាក្យចេញពីមាត់អ្នកនយោបាយតែប៉ុណ្ណោះ។ ផ្សះផ្សាជាតិ នឹងមិនមានទេនៅក្នុងសង្គមកម្ពុជា ដែលប្រកាន់របបប្រជាធិបតេយ្យនៅក្មេងខ្ចីនៅឡើយនេះ។ កម្ពុជា អាចពន្លត់ភ្លើងនយោបាយរវាងគូបដិបក្ខនេះ មានតែការសម្របសម្រួលនយោបាយទេ។ បញ្ហានេះក៏បានឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្ររបស់កម្ពុជា ជាហូរហែមកដែរ។
ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំគណបក្សសង្គ្រោះជាតិ ក្រោយពីបានទៅជួបមន្ត្រីជាន់ខ្ពស់របស់ខ្លួននៅគុកព្រៃស កាលពីថ្ងៃច័ន្ទ កន្លងទៅ បានប្រកាសជំហររបស់ខ្លួនពីកៀនរបងគុកថា នឹងមិនអនុញ្ញាតអោយយកការចាប់ខ្លួនសកម្មជនបក្សធ្វើជាថ្នូរក្នុងការបង្កើត គ.ជ.ប.ថ្មីទេ។ ប្រសិនបើការប្ដេជ្ញារបស់ លោក កឹម សុខា ពេលនេះ ជាការប្ដេជ្ញាពិតមែននោះ គណបក្សប្រជាជនកម្ពុជា អាចនឹងបរាជ័យក្នុងល្បែងដែលខ្លួនធ្លាប់លេងឈ្នះរហូតនោះជាលើកទីមួយក្នុងប្រវត្តិសាស្ត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។