បទ​វិភាគ៖ តើ​ហេតុផល​អ្វី​ខ្លះ​ដែល​មិន​អាច​បញ្ចប់​ជម្លោះ​នយោបាយ​នៅ​កម្ពុជា​បាន?

ដោយ ទីន ហ្សាការីយ៉ា
2014.04.19
បាតុកម្ម សង្គ្រោះ​ជាតិ ៦១០ កម្មករ​ប្រមូលផ្ដុំ​គ្នា​នា​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ធ្នូ ឆ្នាំ​២០១៣។
RFA/Mom Sophon

ស្ថានភាព​ជាប់​គាំង​ស្ថិត​នៅ​ក្នុង​ភាព​ស្រពិចស្រពិល​នៅ​ឡើយ ត្បិត​តែ​មេ​ដឹក​នាំ​កំពូល​គណបក្ស​ទាំង​ពីរ បាន​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ ហើយ​មាន​ជំនឿ​រៀងៗ​ខ្លួន​ថា បញ្ហា​ជាប់​គាំង​នយោបាយ​អាច​ដោះស្រាយ​បាន​ឆាប់ៗ​ក្ដី ក៏ប៉ុន្តែ​ជម្លោះ​នយោបាយ​នេះ​មាន​សង្ឃឹម​តិចតួច​ណាស់ ដែល​ថា​នឹង​អាច​ដោះស្រាយ​បញ្ចប់​នៅ​ក្រោយ​ពេល​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ។

តើ​មាន​ហេតុផល​អ្វី​ខ្លះ​ដែល​ថា បញ្ហា​ជម្លោះ​នយោបាយ​មិន​អាច​ដោះស្រាយ​បាន​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​នេះ​បាន​នោះ?

ស្ថានភាព​នយោបាយ​ជាប់​គាំង​បាន​វិវឌ្ឍន៍​មួយ​កម្រិត គឺ​ឈាន​ទៅ​ដល់​មេ​ដឹក​នាំ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ បាន​ជួប​គ្នា​ចរចា​តាម​ទូរស័ព្ទ។ បន្ទាប់​មក ទាំង លោក ហ៊ុន សែន ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សំដែង​សុទិដ្ឋិនិយម​ដូច​គ្នា​ថា បញ្ហា​ជាប់​គាំង​នយោបាយ​នេះ នឹង​ត្រូវ​ដោះស្រាយ​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ។

ការ​ប្រកាស​បែប​នេះ​របស់​មេ​ដឹក​នាំ​គណបក្ស​ទាំង​ពីរ ជា​រឿង​ដែល​មិន​ធ្លាប់​មាន​ក្រោយ​ពី​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣ មក។ ម្យ៉ាង​ក៏​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ពី​ប្រជាពលរដ្ឋ ដែល​ទន្ទឹង​រង់ចាំ​ការ​បញ្ចប់​ជម្លោះ​នយោបាយ ដែល​អូស​បន្លាយ​ពេល​យូរ​នេះ​មក​ហើយ​ដែរ។

នៅ​ក្នុង​កាលៈទេសៈ​នេះ តាម​មើល​ទៅ​ការ​បញ្ចប់​ជម្លោះ​នយោបាយ​លំបាក​នឹង​ឈាន​ទៅ​ដល់​ការ​សម្រេច ដូច​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​ណាស់ ដោយ​ហេតុ​ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​ពីរ ទោះ​បី​ជា​មេ​ដឹក​នាំ​ទាំង​ពីរ​មាន លោក សម រង្ស៊ី និង​លោក កឹម សុខា ធ្លាប់​បាន​ប្រកាស​ថា អ្នក​ទាំង​ពីរ​ដូច​ជា​មនុស្ស​តែ​មួយ​ក្ដី ក៏ប៉ុន្តែ​ធាតុ​ពិត មិន​ដូច្នោះ​ឡើយ។

ជំហរ​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​គេ​មើល​ឃើញ​ថា លោក កឹម សុខា ហាក់​ដូច​ជា​មាន​ជំហរ​រឹងមាំ​ជាង លោក សម រង្ស៊ី ទោះ​បី​ជា លោក សម រង្ស៊ី បាន​ដើរ​ចូល​ក្នុង​ឆាក​នយោបាយ​មុន​ក្ដី។ កត្តា​នេះ​ហើយ ដែល លោក ហ៊ុន សែន ប្រកាស​ចង់​ទាក់ទង​ចរចា​ជាមួយ លោក សម រង្ស៊ី នៅ​ខណៈ​ដែល លោក កឹម សុខា កំពុង​បំពេញ​បេសកកម្ម​នៅ​ក្រៅ​ប្រទេស។ ទី​បំផុត លោក សម រង្ស៊ី និង​លោក ហ៊ុន សែន បាន​ទាក់ទង​គ្នា​ចរចា​តាម​ទូរស័ព្ទ​មែន។

ការ​ចរចា​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ទី​៩ មេសា នោះ តាម​មើល​ទៅ លោក ហ៊ុន សែន កំពុង​លេង​ល្បែង​នយោបាយ​មួយ​ថ្មី​ទៀត​អូស​ទាញ លោក សម រង្ស៊ី ដើម្បី​ឲ្យ​ទទួល​ស្គាល់​រដ្ឋបាល​របស់​លោក ដែល​កំពុង​ដឹក​នាំ​ដោយ​ឯក​បក្ស ឲ្យ​ទៅ​ជា​រដ្ឋាភិបាល ឬ​សភា​ពហុ​បក្ស ពីព្រោះ​រូបមន្ត​នេះ លោក​ធ្លាប់​បាន​ធ្វើ​ជោគជ័យ​ទៅ​លើ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ម្ដង​រួច​ទៅ​ហើយ កាល​ពី​ឆ្នាំ​២០០៤ ដែល​កាល​ណោះ សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ជា​ព្រះ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ចង​សម្ព័ន្ធភាព​ជាមួយ​គណបក្ស សម រង្ស៊ី ដ៏​រឹងមាំ​ក្រោយ​បោះ​ឆ្នោត​អាណត្តិ​ទី​៣ ឈ្មោះ​ថា សម្ព័ន្ធភាព​អ្នក​ប្រជាធិបតេយ្យ ដែល​សម្ព័ន្ធភាព​នេះ​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​នោះ​ទេ។

នៅ​ទី​បំផុត លោក ហ៊ុន សែន បាន​ជោគជ័យ​ទៅ​លើ​ការ​បំបែក​បំបាក់​សម្ព័ន្ធភាព​នេះ​ដូច​គ្រោង​ទុក​មែន ដោយ​សម្ដេច​ក្រុមព្រះ បាន​បោះ​បង់​ចោល លោក សម រង្ស៊ី។ ជាមួយ​គ្នា​នេះ​ដែរ ការ​ចរចា​រវាង លោក សម រង្ស៊ី និង​លោក ហ៊ុន សែន នៅ​ពេល​នេះ មើល​ទៅ​មិន​ខុស​ពី លោក ហ៊ុន សែន ធ្លាប់​ធ្វើ​ជាមួយ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ នោះ​ទេ។

លោក សម រង្ស៊ី ខ្លួន​ឯង​វិញ ហាក់​ដូច​ជា​ភ្លេច​នូវ​អតីត​កាល​របស់​ខ្លួន ដូច​ជា​ចង់​ដើរ​លើ​គន្លង​ចាស់​របស់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ពីព្រោះ​ថា លោក សម រង្ស៊ី បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ស្នាក់​ការ​គណបក្ស​សង្រ្គោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១០ មេសា ថា បើ​កុំ​តែ​បញ្ហា​បច្ចេកទេស ពោល​គឺ​បើ លោក កឹម សុខា មិន​ទៅ​បរទេស​ទេ ប្រហែល​ជា​មេ​ដឹក​នាំ​កំពូល​គណបក្ស​ប្រជាជន​កម្ពុជា និង​មេ​ដឹក​នាំ​កំពូល​គណបក្ស​សង្គ្រោះ​ជាតិ នឹង​អាច​ចូល​គាល់​ព្រះមហាក្សត្រ នឹង​ចុះ​កិច្ច​ព្រមព្រៀង​ដំណោះស្រាយ​នយោបាយ​រួម​មួយ​នៅ​មុខ​ព្រះ​ភ័ក្ដ្រ​របស់​ព្រះអង្គ​នៅ​ថ្ងៃ​សុក្រ ទី​១១ មេសា កន្លង​ទៅ៖ «ពី​ដើម​អាច​ថា មាន​គម្រោង​ផង ថា​ចង់​ឲ្យ​មាន​ជំនួប​កំពូល​ក្នុង​ព្រះបរមរាជវាំង​នៅ​ថ្ងៃ​សុក្រ ស្អែក​ទី​១១ មេសា ប៉ុន្តែ​យើង​មាន​បញ្ហា​បច្ចេកទេស គឺ​លោក កឹម សុខា កំពុង​ស្ថិត​នៅ​សហរដ្ឋ​អាមេរិក ព្រោះ​ចង់​មក​ស្អែក​ក៏​មក​អត់​ទាន់​ដែរ ព្រោះ​ត្រូវ​ជិះ​យន្តហោះ​យ៉ាង​តិច ២៤ ទៅ ៣០​ម៉ោង​ដែរ ដូច្នេះ​ទោះ​បី​ជា​មាន​ហេតុផល​តម្រូវ​ឲ្យ លោក កឹម សុខា មក​ក៏​មក​អត់​ទាន់​ដែរ»

ជាង​នេះ​ទៅ​ទៀត អ្វី​ដែល​មិន​អាច​ឈាន​ទៅ​ដល់​ការ​ចុះ​កិច្ច​ព្រមព្រៀង​គ្នា​បាន​នេះ អាច​មក​ពី លោក កឹម សុខា ជំទាស់។ ម្យ៉ាង​គណបក្ស​សង្គ្រោះ​ជាតិ មាន​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​ខ្លួន គឺ​មេ​បក្ស​ទាំង​ពីរ ប្រធាន និង​អនុប្រធាន មិន​អាច​សម្រេច​ដោយ​ម្នាក់​ឯង​បាន​ទេ រាល់​ការ​ចុះ​ហត្ថលេខា​សម្រេច​លើ​រឿង​អ្វី​មួយ ទាល់​តែ​មាន​ការ​ព្រមព្រៀង​រវាង​ប្រធាន និង​អនុប្រធាន។

នៅ​ត្រង់​ចំណុច​នេះ​ហើយ​ដែល លោក ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​ថា បើ​ការ​ចរចា​លើក​នេះ​មិន​ត្រូវរ៉ូវ​គ្នា ប្រជាពលរដ្ឋ​មិន​អាច​បន្ទោស​រូប​លោក និង​លោក សម រង្ស៊ី បាន​ទេ គឺ​ត្រូវ​បន្ទោស លោក កឹម សុខា។ ការ​ប្រកាស​របស់ លោក ហ៊ុន សែន នេះ ហាក់​ដូច​ជា​រូប​លោក និង​លោក សម រង្ស៊ី បាន​ត្រូវរ៉ូវ​គ្នា​អស់​ទៅ​ហើយ តែ លោក កឹម សុខា ជំទាស់។

ទន្ទឹម​នឹង​នេះ លោក សម រង្ស៊ី បាន​ឲ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​កាសែត​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​សម្រេច​ជា​ចុង​ក្រោយ​នៅ​ពេល លោក កឹម សុខា បាន​មក​ដល់​ប្រទេស​វិញ។ ម្យ៉ាង​វិញ​ទៀត នៅ​មុន​ចូល​ឆ្នាំ​មួយ​ថ្ងៃ លោក សម រង្ស៊ី ក៏​បាន​ចេញ​ទៅ​សហគមន៍​អឺរ៉ុប ដែរ។ ការ​ទៅ​ក្រៅ​ប្រទេស​របស់ លោក សម រង្ស៊ី នេះ ហាក់​បី​ដូច​ជា លោក សម រង្ស៊ី បាន​ដឹង​ពី​ល្បែង​បំបែក​បំបាក់​របស់​ដៃគូ​បដិបក្ខ ហើយ​គេចវេស​ពី លោក ហ៊ុន សែន មួយ​រយៈពេល​សិន។

នៅ​ក្រោយ លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​វិល​មក​ដល់​មាតុ​ប្រទេស​វិញ តើ​ការ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​អាច​បញ្ចប់​ជម្លោះ​នយោបាយ​ឬ​យ៉ាង​ណា?

ឆ្លើយ​តប​នឹង​បញ្ហា​នេះ តាម​មើល​ទៅ ការ​បញ្ចប់​ជម្លោះ​នយោបាយ​ហាក់​ដូច​ជា​សង្ឃឹម​តិចតួច​ណាស់ ពីព្រោះ​ថា បើ​មើល​ពី​ជំហរ​របស់ លោក កឹម សុខា ហាក់​បី​ដូច​ជា​មិន​ទាន់​នោះ​ទេ។ លោក កឹម សុខា ហាក់​ដឹង​អំពី​យុទ្ធសាស្ត្រ​បំបែក​បំបាក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ពីព្រោះ​ថា ចំណុច​មួយ​ចំនួន​ដែល លោក ហ៊ុន សែន បាន​ព្រមព្រៀង​ជាមួយ លោក សម រង្ស៊ី រួម​មាន ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត និង​ផ្ដល់​ឲ្យ​បង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ជាដើម។ ចំណុច​ដែល​មិន​ត្រូវ​គ្នា ត្រង់​កាល​បរិច្ឆេទ​ការ​បោះ​ឆ្នោត​មុន​អាណត្តិ។

ក៏ប៉ុន្តែ ការ​យល់​ព្រម​របស់ លោក ហ៊ុន សែន នេះ ហាក់​ដូច​ជា​ល្បិច​នយោបាយ​របស់ លោក ហ៊ុន សែន ទៅ​វិញ​ទេ ពីព្រោះ​ថា ការ​ផ្ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដោយ​គ្រប់គ្រង​ដោយ​គណបក្ស​ប្រឆាំង​នេះ តាម​មើល​ទៅ​មិន​មែន​ជា​ការ​ងាយ​នោះ​ទេ ពីព្រោះ​ថា លោក ហ៊ុន សែន គិត​ថា ការ​ផ្ដល់​ឲ្យ​ស្ថានីយ​វិទ្យុ ទូរទស្សន៍ ឲ្យ​គណបក្ស​ប្រឆាំង ដូច​ជា​ឲ្យ​កាំបិត​ចាក់​លើ​ដំបៅ​របស់​ខ្លួន​ឯង ដោយ​ហេតុ​ថា ការ​ដឹក​នាំ​របស់​លោក​កន្លង​មក​មាន​រឿងរ៉ាវ​ជាច្រើន ដូច​ជា​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ និង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ជាដើម។

ជាក់ស្ដែង ប្រធាន​វិទ្យុ​សំបុកឃ្មុំ លោក ម៉ម សូណង់ដូ បាន​ស្នើសុំ​ហ្រ្វេកង់​វិទ្យុ​បន្ថែម​នៅ​តាម​ខេត្ត និង​សុំ​ស្ថានីយ​ទូរទស្សន៍​ជាច្រើន​ឆ្នាំ​មក​ហើយ ដែល​គេ​ស្គាល់​ថា លោក ម៉ម សូណង់ដូ ជា​មនុស្ស​ឯករាជ្យ រដ្ឋាភិបាល​មិន​ផ្ដល់​ជូន​នោះ​ឡើយ ទោះ​បី​ជា លោក ម៉ម សូណង់ដូ បាន​ដឹក​នាំ​ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម​ជាច្រើន​លើក​ក៏ដោយ។

នៅ​ត្រង់​ចំណុច​នេះ នៅ​ក្នុង​កិច្ច​ពិភាក្សា​ពិសេស​របស់​វិទ្យុ​អាស៊ីសេរី រវាង លោក កឹម សុខា និង​លោក ជុន ច័ន្ទបុត្រ កាល​ពី​រាត្រី​ថ្ងៃ​ទី​១៦ មេសា លោក កឹម សុខា បាន​លើក​ឡើង​ថា លោក ហ៊ុន សែន មិន​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ចរចា​ទម្លុះ​ភាព​ជាប់​គាំង​នយោបាយ​នោះ​ឡើយ លោក ហ៊ុន សែន កំពុង​ប្រើ​ល្បិចកល​របស់​ខ្លួន ដើម្បី​ផ្ដួល​គូ​ប្រកួត៖ «បន្លំ​ទាំងអស់ យើង​ស្ដាប់​ទៅ​ដូច​ជា​គ្មាន​អ្វី​ដែល​យើង​ស្ដាប់​ពី​ខាង​ក្រៅ? លោក​ប្រធាន សម រង្ស៊ី គាត់​ស្ដាប់​ទៅ គេ​និយាយ​មក​ដូច​ជា​គេ​មាន​ចេតនា។ លោក ជុន ច័ន្ទបុត្រ៖ ពេល​ជជែក​គ្នា​ស្ដាប់​ទៅ​ដូច​ជា​មាន​សុឆន្ទៈ? លោកកឹម សុខា៖ បាទ! ពេល​ជាក់ស្ដែង​ចេញ​កាឡា​សា ដូច​ថា យើង​នឹង​បោះ​ឆ្នោត​ឡើង​វិញ តែ​ស្រាប់​ចេញ​មក ២០១៨ ដដែល។ អ្វី​ដែល​គេ​ចង់​ទី​១​នោះ ខ្ញុំ​មិន​ព្រម​ដាច់​ខាត​នោះ គឺ​ប្រកា​ទី​១ គឺ​គណបក្ស​ទាំង​ពីរ​ឯកភាព​គ្នា​ចូល​សភា ដើម្បី​ដោះស្រាយ​បញ្ហា​ជាប់​គាំង ខ្ញុំ​ថា​អត់​ទេ យើង​មិន​ទាន់​អី​ផង មក​ចង់​ឲ្យ​ចូល​សភា​ម៉េច? គឺ​ត្រូវ​ដាក់​ថា គណបក្ស​ទាំង​ពីរ​ឯកភាព​គ្នា​ដោះស្រាយ​ប្រទេស​ជាតិ​ជាមួយ​គ្នា​តែ​មិន​មែន​មាន​ន័យ​ថា ចូល​សភា​ភ្លាម​ទេ អា​ហ្នឹង​ជា​ចំណុច​ដែល​គេ​សរសេរ​បន្លំៗ​មក កាល​យើង​សរសេរ​ទៅ​មិន​មែន​ចូល​សភា​ទេ»

ទាក់ទង​នឹង​បញ្ហា​នេះ ជម្លោះ​នយោបាយ​នឹង​មិន​អាច​ដោះស្រាយ​បាន​ឆាប់ៗ​នោះ​ឡើយ ពីព្រោះ​ការ​ចរចា​រវាង លោក សម រង្ស៊ី និង​លោក ហ៊ុន សែន នេះ ហាក់​បី​ដូច​ជា​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដឹង​ពី​យុទ្ធសាស្ត្រ​ពិត​ប្រាកដ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​វិញ​ទេ។ បញ្ហា​នេះ គណបក្ស​សង្គ្រោះ​ជាតិ នឹង​បន្ថែម​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​យុទ្ធសាស្ត្រ​របស់ លោក ហ៊ុន សែន ចង់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ចូល​ទៅ​ក្នុង​សភា​ដើម្បី​ឲ្យ​សភា​សព្វថ្ងៃ​ស្រប​ច្បាប់ និង​ជា​យុទ្ធសាស្ត្រ​ដើម្បី​ចង់​ត្រួតត្រា​គណបក្ស​ប្រឆាំង​បន្ថែម​ទៀត។

ជាង​នេះ​ទៅ​ទៀត លោក កឹម សុខា និង​លោក សម រង្ស៊ី បាន​ដឹង​ខ្លួន​ច្បាស់​ថា បើ​សិន​ជា​ភាគី​ទាំង​ពីរ ភាគី​ណា​មួយ​ក្បត់​គ្នា គឺ​ភាគី​នោះ​នឹង​បាត់​បង់​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ ដោយ​គេ​បាន​មើល​ឃើញ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ជា​គំរូ​ស្រាប់។ បញ្ហា​នេះ បញ្ហា​ជាប់​គាំង​នយោបាយ​នឹង​អាច​អូស​បន្លាយ​ពេល​យូរ​ត​ទៅ​ទៀត ដោយ​ហេតុ​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ដឹង​ថា លោក ហ៊ុន សែន បាន​ប្រើ​គ្រប់​វិធី​ដើម្បី​បំបែក​បំបាក់​គណបក្ស​សង្គ្រោះ​ជាតិ នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។