ការដែលខ្មែរឈ្លោះជាមួយខ្មែរ ហើយទៅពឹងបរទេសអោយមកជួយអន្តរាគមន៍ កើតមាននៅក្នុងប្រវត្តិសាស្ត្រខ្មែរតាំងពីសម័យអង្គរមកម្ល៉េះ។ ការទៅពឹងបរទេស ជាពិសេសប្រទេសដែលមានព្រំដែនជិតខាងកម្ពុជា អោយមកចូលលូកដៃក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្មែរ បានធ្វើអោយប្រទេសកម្ពុជា រួមតូចទៅៗ រហូតនៅសល់ទំហំដែលមាននៅពេលបច្ចុប្បន្ននេះ។
រហូតមកទល់នឹងសតវត្សទី២១ នេះទៅហើយ ក៏អ្នកនយោបាយខ្មែរនៅតែរត់ទៅរកកិច្ចអន្តរាគមន៍បរទេសអោយមកជួយខ្មែរដដែល។ ថ្មីៗនេះ គណបក្សសង្គ្រោះជាតិ បានរត់ទៅពឹងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-Moon) ឲ្យស្នើទៅប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បើកកិច្ចប្រជុំជាបន្ទាន់ដើម្បីដោះស្រាយបញ្ហានៅកម្ពុជា ពិសេសគឺបញ្ហារំលោភបំពានសិទ្ធិមនុស្សប្រព្រឹត្តដោយគណបក្សកាន់អំណាច។ សាមសិបប្លាយឆ្នាំមុន អ្នកនយោបាយខ្មែរក៏ធ្លាប់ទៅពឹងប្រទេសវៀតណាម អោយមកជួយវាយបណ្ដេញក្រុមខ្មែរម្ខាងទៀតដែរ។
តើការរត់រកបរទេសឲ្យមកជួយដោះស្រាយបញ្ហារបស់ខ្មែរនេះជាការដែលអ្នកនយោបាយខ្មែរមិនរៀនសូត្រពីប្រវត្តិសាស្ត្រ ឬយ៉ាងណា?
ថ្វីត្បិតតែការដែលបក្សប្រឆាំងរត់ទៅរកបរទេស ពិសេសប្រទេសប្រជាធិបតេយ្យឲ្យមកជួយដោះស្រាយបញ្ហារបស់ខ្មែរ មិនមានអ្វីជារឿងថ្មីមែន ប៉ុន្តែអ្វីដែលចម្លែកនៅត្រង់ថា ហេតុអ្វីបានជាបក្សប្រឆាំងរត់ទៅរកបរទេសឲ្យជួយ ខណៈដែលខ្មែរកំពុងមានរដ្ឋាភិបាល ឬមេដឹកនាំដែលតែងអះអាងថា ដឹកនាំកម្ពុជា អោយក្លាយជាប្រទេសនីតិរដ្ឋ គោរពលទ្ធិប្រជាធិបតេយ្យសេរី ជាអ្នកពូកែបង្រួបបង្រួមផ្សះផ្សាជាតិតាមរយៈយុទ្ធសាស្ត្រឈ្នះឈ្នះ ឬប្រកាសឲ្យគេឯងមករៀនសូត្រពីរបៀបដឹកនាំរបស់ខ្លួនថែមទៀតនោះ។
តាមពិតរឿងរត់រកបរទេសឲ្យមកជួយខ្មែររបស់បក្សប្រឆាំងពេលនេះ មើលទៅវាក៏គ្មានអ្វីគួរធ្វើឲ្យពលរដ្ឋខ្មែរចម្លែកចិត្តនោះដែរ ព្រោះគេនៅចាំបានថា នៅក្នុងសម័យខ្មែរក្រហមកាន់កាប់ប្រទេសពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ មេដឹកនាំកំពូលៗមួយចំនួនរបស់គណបក្សប្រជាជនកម្ពុជា បច្ចុប្បន្ន រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លួនឯងផង ក៏បានរត់ចោលតួនាទី និងប្រទេសរបស់ខ្លួនទៅពឹងវៀតណាម ឲ្យមកជួយវាយផ្ដួលរំលំរដ្ឋាភិបាលខ្មែរក្រហម។ ការរត់ទៅពឹងពាក់វៀតណាម ពេលនោះ ដោយហេតុតែលោក ហ៊ុន សែន និងបក្ខពួកខ្លួនមើលឃើញផ្ទាល់នឹងភ្នែករាល់ថ្ងៃថា រដ្ឋាភិបាលខ្មែរក្រហមបានរំលោភបំពានសិទ្ធិពលរដ្ឋខ្មែរធ្ងន់ធ្ងរ មានតាំងពីការកាប់សម្លាប់ ការចាប់ចង ការបង្ខំឲ្យធ្វើការហួសកម្លាំង ឬការបង្អត់អាហារឲ្យដាច់ពោះស្លាប់ជាដើម។
ទោះជាយ៉ាងណាក៏ដោយ ស្រដៀងទៅនឹងបក្សប្រឆាំងដែលកំពុងរត់រកឲ្យបរទេសជួយក្នុងពេលបក្សកាន់អំណាចថា កម្ពុជាគ្មានបញ្ហានោះ ការរត់ទៅឲ្យប្រទេសវៀតណាម ជួយរបស់លោក ហ៊ុន សែន និងបក្សពួករបស់គាត់ ក៏ស្របពេលដែលមេដឹកនាំខ្មែរក្រហមពេលនោះតែងអួតប្រាប់ពលរដ្ឋខ្មែរសឹងតែរាល់ថ្ងៃថា ក្រោមការដឹកនាំរបស់ខ្លួនកម្ពុជា មានការរីកចម្រើន មិនដែលមាននៅក្នុងប្រវត្តិសាស្ត្រខ្មែរ ដូចជាថា កម្ពុជាប្រជាធិបតេយ្យដ៏រុងរឿង មហិមា និង ជយោ! បក្សកុម្មុយនិស្តកម្ពុជា ដ៏ត្រឹមត្រូវ និងភ្លឺស្វាង មហាអស្ចារ្យ មហាលោតផ្លោះ ជាដើម។
បើស្ដាប់តែតាមការឃោសនា និងការអួតអាងរបស់ពួកខ្មែរក្រហមពេលនោះ គេមិនដឹងឡើយថា របបខ្មែរក្រហមអាក្រក់ប៉ុណ្ណានោះទេ បើមួយថ្ងៃៗគេឮសុទ្ធតែពាក្យថាមហារុងរឿង មហាភ្លឺស្វាង មហាអស្ចារ្យ ឬមហាលោតផ្លោះអ៊ីចឹងនោះ តែតាមពិត វាគឺជារបបកាប់សម្លាប់ធ្វើបាបពលរដ្ឋខ្មែរគ្មានត្រាប្រណី។ ថ្វីបើមេដឹកនាំខ្មែរក្រហមខំប្រឹងអួតអាងយ៉ាងណាក្តី ការពិតវានៅតែជាការពិត គឺអ្វីៗមិនអាចលាក់កំបាំងពីភ្នែករបស់ពលរដ្ឋខ្មែរបានឡើយ ពិសេសពីភ្នែករបស់ក្រុមលោក ហ៊ុន សែន ដែលរត់ទៅរកឲ្យវៀតណាម ជួយ។
ទោះជាបែបនេះក្ដី គណបក្សប្រជាជនកម្ពុជា ដែលកន្លងមកធ្លាប់រត់ទៅពឹងបរទេសឲ្យជួយដោយសារតែខ្មែរគ្នាឯងធ្វើបាបនោះ ពេលបានឡើងកាន់អំណាច ក្រុមនេះតែងរិះគន់បក្សប្រឆាំងទៅវិញថា ឲ្យតែមានបញ្ហាប្រូច ឲ្យតែមានបញ្ហាប្រុយចោលពលរដ្ឋ គឺមិនហ៊ាននៅប្រឈមនឹងបញ្ហាឡើយ ឬថា ឲ្យតែមានបញ្ហារវាងខ្មែរ និងខ្មែរ ចូលចិត្តរត់ទៅរកបរទេសឲ្យជួយ មិនព្រមចូលមកអង្គុយដោះស្រាយបញ្ហាជាមួយគ្នាជាដើម។
ជាក់ស្ដែង ក្រោយការស្នើរបស់បក្សប្រឆាំងឲ្យលោក បាន គីមូន ឲ្យប្រទេសហត្ថលេខីទីក្រុងប៉ារីស កោះប្រជុំជាបន្ទាន់ដោះស្រាយបញ្ហារបស់កម្ពុជា អ្នកនាំពាក្យបក្សកាន់អំណាច លោក សុខ ឥសាន ថ្លែងចាត់ទុកការស្នើរបស់បក្សប្រឆាំងថា ជារឿងហែកហួរផ្ទៃក្នុងរបស់កម្ពុជា ខុសពីការពិត។
លើសពីនេះ កន្លងមកគេក៏តែងឮលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងដែរថា គ្មានបរទេសណាស្រឡាញ់ខ្មែរជាងខ្មែរនោះទេ ហើយក៏គ្មានបរទេសណាស្គាល់ខ្មែរជាងខ្មែរនោះដែរ គឺមានតែខ្មែរទេដែលស្គាល់រឿងខ្មែរច្បាស់ជាងនរណាៗទាំងអស់។ តាមរយៈការថ្លែងនេះ គេអាចសន្និដ្ឋានបានថា លោក ហ៊ុន សែន ប្រហែលជាមិនចូលចិត្តឲ្យបរទេសចូលមកលូកដៃក្នុងកិច្ចការរបស់ខ្មែរនោះទេ ប៉ុន្តែការថ្លែងដូចនេះរបស់លោក ហ៊ុន សែន លោកហាក់ដូចជាភ្លេចថា ខ្លួនលោកផ្ទាល់ធ្លាប់រត់ទៅរកវៀតណាម ឲ្យចូលផ្ដួលរំលំខ្មែរក្រហមនៅពេលខ្មែរក្រហមធ្វើបាប។ ប៉ុន្តែមកដល់ចំណុចនេះ តើគេត្រូវបន្ទោសលើក្រុមលោក ហ៊ុន សែន ដែលរត់ទៅឲ្យវៀតណាមជួយ ឬគេត្រូវបន្ទោសការដឹកនាំរបស់ខ្មែរក្រហមដែលដឹកនាំមិនបានល្អ ធ្វើឲ្យខ្មែរឈឺចាប់ ហើយនៅទីបំផុត គ្មានជម្រើសអ្វីក្រៅតែពីឲ្យខ្មែររត់ទៅពឹងបរទេសឲ្យជួយដូចក្រុមលោក ហ៊ុន សែន នោះ?
លោក ហ៊ុន សែន ធ្លាប់និយាយថា បើរបបខ្មែរក្រហមមិនមានការកាប់សម្លាប់ ឬធ្វើបាបពលរដ្ឋខ្លួនឯងនោះទេ លោកក៏មិនចាំបាច់អ្វីដែលត្រូវរត់ទៅរកប្រទេសវៀតណាម ជួយនោះដែរ ព្រោះលោកថា ដំណើរទៅកាន់ប្រទេសវៀតណាម គឺជាការផ្សងគ្រោះថ្នាក់ខ្លាំងណាស់ គឺផ្សងគ្រោះថ្នាក់ទាំងជាមួយទាហានខ្មែរក្រហម និងជាមួយទាហានរបស់វៀតណាម ដោយសារតែវៀតណាម អាចគិតថា ក្រុមលោកគឺជាទាហានដែលខ្មែរក្រហមបញ្ជូនទៅដើម្បីយកការសម្ងាត់ពីប្រទេសវៀតណាម។ គ្រោះថ្នាក់មួយទៀតនោះ គឺវៀតណាម អាចចាប់បញ្ជូនពួកលោកមកឲ្យខ្មែរក្រហមវិញ ពេលនោះលោកប្រាកដជាត្រូវពួកខ្មែរក្រហមសម្លាប់ចោលជាមិនខាន ដោយសារតែក្បត់អង្គការ។
តាមការអះអាងរបស់លោក ហ៊ុន សែន នេះ អាចឲ្យគេពិបាកបន្ទោសក្រុមលោក ហ៊ុន សែន ណាស់ ប៉ុន្តែអ្នកដែលគេត្រូវស្ដីបន្ទោសនោះ គឺពួកមេដឹកនាំខ្មែរក្រហមទៅវិញទេ ដែលដឹកនាំមិនល្អធ្វើបាបតែខ្មែរគ្នាឯង ហើយឲ្យខ្មែររត់ទៅពឹងបរទេស។
ងាកមកមើលបក្សប្រឆាំងវិញ គេនៅចាំបានថា នៅពេលដែលមេបក្សប្រឆាំង លោក សម រង្ស៊ី ទទួលការចំអករបស់មន្ត្រីបក្សកាន់អំណាចនៅពេលនិយាយថា លោកមិនហ៊ាននៅក្នុងប្រទេសប្រឈមនឹងបញ្ហា ពិសេសនៅពេលមានភាពតានតឹងជាមួយបក្សកាន់អំណាចម្ដងៗនោះ លោក សម រង្ស៊ី ក៏តែងលើកឡើងថា អ្វីដែលលោកកំពុងធ្វើក៏មិនខុសគ្នាប៉ុន្មានពីអតីតព្រះមហាក្សត្រ សម្ដេចព្រះ នរោត្តម សីហនុ ដែលបាននិរទេសព្រះកាយទៅគង់នៅក្រៅប្រទេស ក្រោយពេលព្រះអង្គត្រូវបានគេទម្លាក់ពីអំណាច ហើយក៏មិនខុសអីពីលោក ហ៊ុន សែន ដែលរត់ទៅរកវៀតណាម ជួយក្នុងពេលខ្មែរក្រហមកាន់អំណាច។
ទោះជាយ៉ាងណាក៏ដោយ ភាពខុសគ្នារវាង លោក ហ៊ុន សែន និងលោក សម រង្ស៊ី ឬបក្សប្រឆាំងដែលអំពាវនាវឲ្យបរទេសជួយខ្មែរពេលនេះនៅត្រង់ថា លោក ហ៊ុន សែន បានរត់ទៅរកប្រទេសវៀតណាម ដែលធ្លាប់រំលោភបំពានខ្មែរ ធ្លាប់ប្លន់យកទឹកដីខ្មែរស្ទើរមួយចំហៀងនគរឲ្យមកជួយ។ លើសពីនេះ ពេលលោក ហ៊ុន សែន រត់ទៅពឹងវៀតណាម នោះ គឺដើម្បីឲ្យវៀតណាម ចូលមកផ្ដួលរំលំពួកខ្មែរក្រហមដោយប្រើកម្លាំងយោធាតែម្ដង។ ប៉ុន្តែសម្រាប់បក្សប្រឆាំងនៅពេលនេះវិញ គឺរត់រកអង្គការសហប្រជាជាតិ និងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឲ្យជួយដោះស្រាយបញ្ហាខ្មែរ ពិសេសនោះ គឺមិនមែនទៅពឹងបរទេសឲ្យមកប្រើកម្លាំងយោធាដើម្បីផ្ដួលរំលំរដ្ឋាភិបាលបច្ចុប្បន្ននោះឡើយ គឺឲ្យមកជួយដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្ស និងការគាបសង្កត់របស់បក្សកាន់អំណាច។
វាអាចមិនមែនជារឿងចៃដន្យទេ ដែលបក្សប្រឆាំងស្នើទៅអង្គការសហប្រជាជាតិនៅពេលនេះ ព្រោះថា គឺតួអង្គអង្គការសហប្រជាជាតិនេះឯងដែលបានចូលមករៀបចំការបោះឆ្នោតនៅកម្ពុជា កាលពីឆ្នាំ១៩៩៣ ជាការបោះឆ្នោតមួយដែលត្រូវបានគេចាត់ទុកថា មានលក្ខណៈសេរី និងត្រឹមត្រូវបំផុតក្នុងប្រវត្តិសាស្ត្រការបោះឆ្នោតនៅកម្ពុជា ទៅតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលភាគីជម្លោះទាំងអស់របស់កម្ពុជា និងប្រទេសមួយចំនួនទៀត រួមទាំងមហាអំណាចផង ព្រមព្រៀងគ្នាអនុវត្ត។
ប៉ុន្តែនៅពេលនេះ បក្សប្រឆាំងមើលឃើញថា គណបក្សកាន់អំណាចមិនបានអនុវត្តទៅតាមស្មារតីនៃកិច្ចព្រមព្រៀងនេះឡើយ បើទោះជាវាមានកំណើតជិត ២៥ឆ្នាំមកហើយក្ដី។ ជាក់ស្ដែងសមាជិកបក្សប្រឆាំងជាច្រើនត្រូវបានរដ្ឋាភិបាលចាប់ខ្លួន ខណៈមេបក្សប្រឆាំងទាំង២ ត្រូវបានតុលាការចោទប្រកាន់ និងអាចប្រឈមការចាប់ខ្លួនដូចគ្នា។ ក្រៅពីនោះ មន្ត្រីការពារសិទ្ធិមនុស្ស មន្ត្រី គ.ជ.ប អ្នកវិភាគ ខ្លះត្រូវបានចាប់ខ្លួន ខ្លះទៀតកំពុងប្រឈមនឹងការចោទប្រកាន់តាមផ្លូវតុលាការ។ ចំណែកពលរដ្ឋផ្សេងទៀតដែលជួបប្រជុំដោយសន្តិវិធីក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាហូរហែ។ នេះមិនទាន់រាប់បញ្ចូលរឿងតំណាងរាស្ត្របក្សប្រឆាំង ២នាក់ដែលត្រូវបានបាតុករគាំទ្របក្សកាន់អំណាចវាយឲ្យរងរបួសធ្ងន់ធ្ងរក្នុងពេលកន្លងមកនោះផង។
ម្យ៉ាង រដ្ឋាភិបាលនៅតែចោទប្រកាន់បក្សប្រឆាំង និងសង្គមស៊ីវិលថា ប៉ុនប៉ងផ្ដួលរំលំខ្លួន បើទោះជាគេដឹងគ្រប់គ្នាថា បក្សប្រឆាំង និងសង្គមស៊ីវិល គ្មានកម្លាំងទ័ពឯណាអាចទៅផ្ដួលរំលំរដ្ឋាភិបាលបាននោះក្តី។ លើសពីនេះ លោក ហ៊ុន សែន កាលពីពេលថ្មីៗនេះ បានប្រកាសដាច់ណាត់ថា បើនរណាមិនឲ្យគ្រួសារលោកបានសុខ លោកក៏មិនអោយអ្នកនោះបានសុខដូចគ្នា។ ប្រឈមនឹងបញ្ហាទាំងអស់នេះហើយ ទើបបក្សប្រឆាំងចាំបាច់ត្រូវស្វែងរកអន្តរាគមន៍ពីអង្គការសហប្រជាជាតិ និងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ព្រោះថា បើពឹងលើរដ្ឋាភិបាលឲ្យបន្ធូរដៃហាក់មិនមានសង្ឃឹមឡើយ។
ក្នុងពេលដែលអ្នកនយោបាយខ្មែរកំពុងប្រឈមនឹងការបែកបាក់ ហើយរហូតដល់ធ្វើឲ្យបក្សប្រឆាំងត្រូវបង្ខំចិត្តស្នើឲ្យបរទេសជួយដូចនេះ ធ្វើឲ្យគេនឹកទៅដល់ព្រះរាជបន្ទូលផ្ដាំផ្ញើចុងក្រោយរបស់អតីតព្រះមហាវីរក្សត្រ សម្ដេចព្រះ នរោត្តម សីហនុ ដែលព្រះអង្គបានអំពាវនាវឲ្យកូនចៅ ជាពិសេសគឺអ្នកនយោបាយខ្មែរតែម្ដង ឲ្យចេះស្រឡាញ់រួបរួមគ្នាជាធ្លុងមួយ ដើម្បីអាចឲ្យខ្មែរក្លាយជាជាតិមួយខ្លាំងឡើងវិញ ជាពិសេសកុំឲ្យបរទេសមើលងាយខ្មែរ។
តាមពិតស្មារតីរួមរួមគ្នាដើម្បីកុំឲ្យបរទេសមើលងាយនេះ ធ្លាប់ត្រូវបានសម្ដេចព្រះ នរោត្តម សីហនុ អនុវត្តជាមួយលោក ហ៊ុន សែន រួចមកហើយដែរ នៅក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ ដែលកាលណោះគណបក្សប្រជាជនកម្ពុជា បានចាញ់ឆ្នោតគណបក្សហ៊្វុនស៊ិនប៉ិច តែមិនព្រមទទួលយកលទ្ធផលបោះឆ្នោត។ ប៉ុន្តែដើម្បីកុំឲ្យខ្មែរបែកបាក់គ្នាបន្តទៀត ព្រះអង្គបានសម្របសម្រួលឲ្យមានការចែកអំណាចគ្នា រហូតឈានដល់ការបង្កើតរដ្ឋាភិបាលចម្រុះមួយដែលមាននាយករដ្ឋមន្ត្រី២ ក្នុងពេលតែមួយ គឺព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ជានាយករដ្ឋមន្ត្រីទី១ និងលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីទី២។
ទោះជាយ៉ាងណាក៏ដោយចុះ ស្មារតីបង្រួបបង្រួមរបស់សម្ដេចព្រះ នរោត្តម សីហនុ ហាក់ត្រូវបានអ្នកនយោបាយខ្មែរបំភ្លេចចោល បើទោះជាអ្នកខ្លះធ្លាប់ទទួលបានផលប្រយោជន៍ពីស្មារតីបង្រួបបង្រួមជាតិរបស់អតីតព្រះមហាក្សត្រក្ដី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។