បទ​វិភាគ៖ តើ​វប្បធម៌​ជ្រុល​និយម​ពិត​ជា​ធ្វើ​ឲ្យ​សង្គម​ខ្មែរ​បែកបាក់​ពិតមែន​ឬ​ទេ?

ដោយ ឯក សិរី
2015.11.06
ញ៉យ ចំរើន ៦២០ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រង​របួស​ដោយ​ការ​វាយ​ប្រហារ​ពី​មនុស្ស​មួយ​ក្រុម លោក ញ៉យ ចំរើន នៅ​​ទីស្នាក់ការ​គណបក្ស​​មុន​ពេល​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ កាល​ពី​ថ្ងៃ​ទី​២៦ តុលា ឆ្នាំ​២០១៥។
RFA/Brach Chev

ការ​ប្រេះស្រាំ​ដែល​ពិបាក​នឹង​ផ្សះផ្សា​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន កំពុង​ស៊ី​រូង​យ៉ាង​ជ្រៅ​មិន​ត្រឹមតែ​ក្នុង​រង្វង់​អ្នក​នយោបាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​រីក​រាលដាល​ក្នុង​ចំណោម​អ្នក​គាំទ្រ​បក្ស​នយោបាយ និង​យុវជន។ អ្វី​ដែល​គួរ​អោយ​បារម្ភ​ខ្លាំង​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ការ​លេច​ឡើង​នូវ​វប្បធម៌​ជ្រុល​និយម​ក្នុង​សង្គម​កម្ពុជា ដែល​អាច​នាំ​អោយ​ប្រទេស​ឈាន​ទៅ​រក​គ្រោះ​មហន្តរាយ​ពិបាក​នឹង​ស្មាន​ដល់។

តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ដែល​បណ្ដាល​ឲ្យ​មាន​វប្បធម៌​ជ្រុល​និយម​កើត​ឡើង​ក្នុង​សង្គម​ខ្មែរ​នៅ​ពេល​បច្ចុប្បន្ន?

ការ​បែកបាក់​ដែល​ហាក់​គ្មាន​សង្ឃឹម​ថា នឹង​អាច​ផ្សះផ្សា​ឡើង​វិញ​បាន​នៅ​ក្នុង​សង្គម​ជាតិ​កម្ពុជា បច្ចុប្បន្ន កំពុងតែ​លេច​ឡើង​អោយ​ឃើញ​កាន់​តែ​ច្បាស់ ស្រប​ពេល​ដែល​វប្បធម៌​សន្ទនា​ហាក់​កំពុង​ត្រដរ​ខ្យល់ បន្ទាប់​ពី​ការវិវត្តន៍​នយោបាយ​ចុង​ក្រោយ​បាន​ឡើង​កម្ដៅ​កាន់​តែ​ខ្លាំង​រវាង​គណបក្ស​នយោបាយ​បដិបក្ខ​ទាំង​ពីរ​នៅ​ក្នុង​រដ្ឋសភា។ ពោល​គឺ​ការ​វាយ​ប្រហារ​ទៅ​លើ​អ្នក​តំណាងរាស្ត្រ​ពីរ​រូប​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា នៅ​ក្បែរ​របង​រដ្ឋសភា​ពី​សំណាក់​ក្រុម​បាតុករ​ប្រកាន់​តឹង​មួយ​ក្រុម​ដែល​គាំទ្រ​គណបក្ស​កាន់​អំណាច និង​ការ​ដក​តំណែង​អនុ​ប្រធាន​រដ្ឋ​សភា​ជាតិ លោក កឹម សុខា។

ការ​ប្រេះឆា​នេះ បាន​កំពុងតែ​ស៊ី​រូង​សង្គម​ខ្មែរ​យ៉ាង​ជ្រៅ​ដោយ​ចាប់​ផ្ដើម​ដំបូង​ពី​ក្នុង​រង្វង់​អ្នក​នយោបាយ ហើយ​សាយភាយ​រហូត​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន។ ទី​បញ្ចប់​សង្គម​ជាតិ​ទាំង​មូល​ប្រហែល​អាច​ត្រូវ​បែក​ខ្ទេចខ្ទាំ​គ្មាន​ថ្ងៃ​អាច​ផ្សះផ្សា​បាន។ ទាំង​អ្នក​នយោបាយ ទាំង​អ្នក​គាំទ្រ​របស់​ខ្លួន ចាត់​ទុក​គូបដិបក្ខ​ខ្មែរ​ម្ខាង​ទៀត​ថា​ជា​សត្រូវ​ស្លាប់​រស់ ហើយ​ជេរ​ប្រមាថកាតទាន ចង​អាឃាត និង​តែង​បង្ក​អោយ​មាន​ការ​ប្រព្រឹត្ត​នូវ​ទង្វើ​ជ្រុល​និយម​គ្រប់​រូបភាព។ សូម្បីតែ​ព្រះសង្ឃ​ដែល​ជា​សក្ការ​បុគ្គល​ដ៏​ខ្ពង់ខ្ពស់​ដែល​ពុទ្ធសាសនិក​ខ្មែរ​គោរព ក៏​ត្រូវ​បាន​ក្រុម​ប្រកាន់​តឹង​ជេរប្រមាថ​ដោយ​គ្មាន​ស្គាល់​បុណ្យ និង​បាប ស្ថានសួគ៌ និង​នរក។

សំឡេង​របស់​បាតុករ៖ «ទៅ! ទៅ​វត្ត​ទៅ! លោក​ឆ្កួត​អី​មោហ៍​អ៊ីចឹង! យី​អា​ត្រងោល ខុស​វិន័យ​ព្រះពុទ្ធ​សាសនា...»

ក្រោម​ហេតុផល​បែប​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ខ្មែរ និង​ខ្មែរ​ស្ដាប់​គ្នា​លែង​យល់ និង​មិន​អាច​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ។

មូលហេតុ​ចម្បង​ទី​មួយ​ដែល​បណ្ដាល​ឲ្យ​មាន​វប្បធម៌​ជ្រុល​និយម​កើត​ឡើង​ក្នុង​សង្គម​ខ្មែរ​នៅ​ពេល​បច្ចុប្បន្ន គឺ​អាច​មក​ពី​សំណល់​នៃ​ឥទ្ធិពល​សង្គ្រាម​ហែកហួរ​ជាង​បី​ទសវត្ស​នៅ​ក្នុង​ផ្នត់​គំនិត​ជនជាតិ​ខ្មែរ។

នៅ​ពេល​ដែល ប៉ុល ពត ឡើង​កាន់​អំណាច​នៅ​ឆ្នាំ​១៩៧៥ ខ្មែរ​ក្រហម​មិន​ត្រឹមតែ​កាប់​សម្លាប់ និង​បង្អត់​អាហារ​ប្រជាជន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​បំផ្លាញ​ស្ទើរ​តែ​ទាំង​អស់​នូវ​ឫសកែវ​នៃ​អត្តសញ្ញាណ​ជនជាតិ​ដ៏​ស្លូត​ត្រង់​នេះ ដោយ​ជំនួស​មក​វិញ​នូវ​ភាព​សាហាវ​យង់ឃ្នង គំនុំ និង​សេចក្ដី​ស្អប់​ខ្ពើម។ ទោះ​បី​របប​ខ្មែរ​ក្រហម​បាន​ស្លាប់​បាត់ ប៉ុន្តែ​សំណល់​នៃ​ភាព​ឃោរឃៅ ការ​ចង​អាឃាត​គ្នា​នៅ​តែ​មាន​នៅ​ក្នុង​ផ្នត់គំនិត​របស់​ក្រុម​ប្រកាន់​តឹង​ខ្មែរ​មួយ​ចំនួន។ មូលហេតុ​សំខាន់​ទី​២ គឺ​ប្រហែល​ជា​មក​ពី​ទម្លាប់​ប្រកាន់​ទស្សនៈ​ចង្អៀតចង្អល់ "ក្រៅ​ពី​អញ​គឺ​មាន​តែ​អញ"។

វា​ជា​រឿង​ធម្មតា​ដែល​មនុស្ស​តែង​មាន​ទស្សនៈ​ខុស​គ្នា ហើយ​ក៏​គ្មាន​អ្នក​ណា​ម្នាក់​ចេះ​សព្វ​គ្រប់​តែ​រឿង​នោះ​ឡើយ។ ការ​ប្រកាន់​ខ្លួន​ថា ជា​ស្នូល​កណ្ដាល ជា​តួឯក និង​ត្រឹមត្រូវ​គ្រប់​កាលៈទេសៈ ដោយ​មិន​ព្រម​ទទួល​យក​គំនិត​អ្នក​ដទៃ គឺ​ជា​ហេតុផល​ដែល​នាំ​ទៅ​រក​ការ​មិន​ចុះ​សម្រុង​គ្នា។ នៅ​ពេល​ដែល​ភាគី​ទាំង​សង​ខាង​មិន​ព្រម​ស្ដាប់​គ្នា នៅ​ទីបំផុត ពួកគេ​ក៏​ក្ដៅ​ចុង​ច្រមុះ​រៀងៗ​ខ្លួន ហើយ​កំសួល​កំហឹង​ក៏​ផ្ទុះ​ឡើង​តាម​គ្រប់​រូបភាព រួម​ទាំង​ការ​ប្រព្រឹត្ត​ទង្វើ​ជ្រុល​និយម​តាម​ដែល​អាច​ធ្វើ​បាន​ដើម្បី​យក​ឈ្នះ​លើ​គូបដិបក្ខ។

មូលហេតុ​មួយ​ទៀត គឺ​អាច​បណ្ដាល​មក​ពី​ការ​ទទួល​រង​សេចក្ដី​ឈឺ​ចាប់​ពី​អំពើ​អយុត្តិធម៌។  ការ​ឈឺ​ចាប់​ដែល​បណ្ដាល​មក​ពី​អំពើ​អយុត្តិធម៌ និង​ការ​ជិះជាន់ អាច​ជា​មូលហេតុ​មួយ​ផង​ដែរ ដែល​ធ្វើ​អោយ​ពលរដ្ឋ​ខ្មែរ​ត្រូវ​ប្រកាន់​យក​ភាព​ជ្រុល​និយម​ក្នុង​រយៈពេល​ខ្លី​ដើម្បី​តបត​ទៅ​នឹង​អ្នក​គាប​សង្កត់។ ជា​ឧទាហរណ៍ ការ​ងើប​ឡើង​បះបោរ​របស់​ប្រជា​កសិករ​នៅ​សំឡូត ខេត្ត​បាត់ដំបង នៅ​ឆ្នាំ​១៩៦៧ ប្រឆាំង​នឹង​ការ​ជិះជាន់​របស់​អាជ្ញាធរ ដែល​ការ​បះបោរ​នេះ​គឺ​ជា​ចំណុច​ផ្ដើម​នៃ​ការ​រត់​ចូល​ព្រៃម៉ាគី ដើម្បី​ប្រឆាំង​រដ្ឋាភិបាល។ ទិដ្ឋភាព​ស្រដៀង​នេះ ក៏​បាន​កើត​ឡើង​ផង​ដែរ​នៅ​ខេត្ត​កំពង់ស្ពឺ កាល​ពី​ឆ្នាំ​២០១១ នៅ​ពេល​ដែល​ប្រជាកសិករ​ជាង ២០០​នាក់ ងើប​ឡើង​ប្រឆាំង​នឹង​អាជ្ញាធរ​ដែល​រឹបអូស​ដីធ្លី​ទៅ​អោយ​ក្រុមហ៊ុន​ឯកជន។

មូលហេតុ​សំខាន់​មួយ​ទៀត គឺ​ការ​ឃ្លាតឆ្ងាយ​ពី​គន្លង​ព្រះពុទ្ធ​សាសនា។ ព្រះពុទ្ធ​សាសនា​បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ប្រៀនប្រដៅ​អោយ​មនុស្ស​ធ្វើ​អំពើ​ល្អ ស្គាល់​បុណ្យ និង​បាប។ ការ​ប្រកាន់​យក​មជ្ឈិម​មគ្គ ឬ​ផ្លូវ​កណ្ដាល គឺ​ជា​ឱវាទ​របស់​ព្រះសម្មាសម្ពុទ្ធ។ យ៉ាងណាមិញ ក្នុង​ពេល​បច្ចុប្បន្ន ការ​ប្រតិបត្តិ​ដោយ​ត្រឹមត្រូវ​តាម​ព្រះពុទ្ធ​សាសនា ហាក់​មិន​សូវ​ទទួល​ការ​ចាប់​អារម្មណ៍ ជា​ពិសេស​ក្នុង​ចំណោម​យុវជន។ ការ​បាត់បង់​ជំនឿ​បុណ្យ​បាប និង​ការ​មិន​ប្រតិបត្តិ​ឱវាទ​សាសនា គឺ​ជា​មូលហេតុ​ដែល​នាំ​អោយ​ប្រព្រឹត្ត​អំពើ​អកុសល និង​ភាព​ជ្រុល​និយម​នៅ​ក្នុង​សង្គម​កម្ពុជា។

តើ​ប្រជាជាតិ​កម្ពុជា អាច​កាត់​បន្ថយ​ភាព​ជ្រុលនិយម មិន​ឆ្វេង​ពេក មិន​ស្ដាំ​ពេក​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន​បាន​ដោយ​របៀប​ណា?

ជា​ការ​ពិត​ណាស់ ការ​ចូល​រួម និង​ការ​ជជែក​ពិភាក្សា ត្រូវ​បាន​លើក​ទឹក​ចិត្ត​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ យ៉ាងណាមិញ ការ​ចូលរួម​របស់​ពលរដ្ឋ​នេះ​ទៀតសោត រឹតតែ​មាន​តម្លៃ​ជា​សារវន្ត​ប្រសិនបើ​ជា​ការ​ចូល​រួម​ក្នុង​ន័យ​ស្ថាបនា និង​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ។ លើស​ពី​នេះ​ទៅ​ទៀត ការ​ជជែក​ពិភាក្សា​ដោយ​សន្តិវិធី​ដើម្បី​ដោះស្រាយ​បញ្ហា គឺ​ជា​ជម្រើស​ប្រសើរ​បំផុត​ជាង​ការ​ដោះស្រាយ​ដោយ "ប្រើ​កំហឹង​ទល់​នឹង​កំហល់" ឬ "ប៉ះ​ដៃ​យក​ដៃ ប៉ះ​ជើង​យក​ជើង" ឬ​ប្រកាន់​យក​វប្បធម៌​រិះគន់​បញ្ជោះ​បន្សោក និង​ជេរ​ប្រមាថកាតទាន ដូច​ដែល​អ្នក​នយោបាយ​ខ្មែរ និង​អ្នក​គាំទ្រ​គណបក្ស​មួយ​ចំនួន​ធ្លាប់​ប្រកាន់​យក​ក្នុង​ពេល​កន្លង​មក ពិសេស​ជាង​នេះ​ទៅ​ទៀត ការ​ប្រតិបត្តិ​នូវ​មជ្ឈិម​បដិបទា ឬ​មាគ៌ា​កណ្ដាល​របស់​ព្រះពុទ្ធ​ជា​ម្ចាស់ គឺ​ជា​ឱសថ​ដែល​អាច​ជួយ​ផ្សះផ្សា​ការ​ប្រេះស្រាំ​សង្គម​កម្ពុជា ក្នុង​ពេល​បច្ចុប្បន្ន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សភា​អឺរ៉ុប ជំរុញ​ឱ្យ​​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅសល់៨០% និង​ដាក់​ទណ្ឌកម្ម​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។