តើមេរៀន​អ្វី​ខ្លះ​ដល់​ប្រជាពលរដ្ឋ​ ត្រូវ​ចង​ចាំ​ពី​ទង្វើ​របស់​រដ្ឋាភិបាល​ ចំពោះ​មុខ​វិបត្តិ​កូវីដ​១៩​​?

ដោយ ជុន ច័ន្ទបុត្រ
2021.05.26
តើមេរៀន​អ្វី​ខ្លះ​ដល់​ប្រជាពលរដ្ឋ​ ត្រូវ​ចង​ចាំ​ពី​ទង្វើ​របស់​រដ្ឋាភិបាល​ ចំពោះ​មុខ​វិបត្តិ​កូវីដ​១៩​​?
រូប៖ ហ្វេសប៊ុករដ្ឋបាលរាជធានីភ្នំពេញ និង​លោក ហ៊ុន សែន

ជំងឺ​កូវីដ​១៩​ឆ្លង​រាលដាល​ខ្លាំង​នៅ​កម្ពុជា​តាំង​ពី​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ។ ជំងឺ​នេះ​សម្លាប់​មនុស្ស​ជិត​ ២០០​នាក់​រួច​ទៅ​ហើយ ​គិត​ត្រឹម​ចុង​ខែ​ឧសភា។ ជា​ការ​ឆ្លើយ​តប​​ចំពោះ​ស្ថានការណ៍​អាក្រក់​នេះ របប​ក្រុង​ភ្នំពេញ​បាន​បិទ​ខ្ទប់​ហាម​មិន​ឱ្យ​ពលរដ្ឋ​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ សន្យា​ផ្ដល់​ជំនួយ​ស្បៀង​អាហារ​​ដល់​ពលរដ្ឋ​ដែល​ខ្វះ​ខាត និង​​បង្កើន​ការ​ចាក់​វ៉ាក់សាំង​ជា​ដើម។ 

តើ​មេរៀន​អ្វី​ខ្លះ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ចង​ចាំ ពី​ទង្វើ​របស់​រដ្ឋាភិបាល​ចំពោះ​ការ​ដោះស្រាយ​វិបត្តិ​កូវីដ​១៩?

យុទ្ធសាស្ត្រ​នានា​ដែល​រដ្ឋាភិបាល​ដាក់​ចេញ​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​ជំងឺ​កូវីដ​១៩ ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​សមត្ថភាព​ដឹកនាំ​ប្រទេស​​​របស់​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​រដ្ឋ។ ទោះបី​របប​ក្រុង​ភ្នំពេញ​មាន​សមាជិក​គណៈរដ្ឋមន្ត្រី​រាប់​រយ​នាក់​ក៏​ពិត​មែន តែ​អ្នក​សម្រេច​ការ​គ្រប់​បែប​យ៉ាង​មាន​តែ​ម្នាក់​គត់ គឺ​លោក ហ៊ុន សែន ដូច្នេះ​បើ​ចង់​ដឹង​ថា​រដ្ឋាភិបាល​នឹង​ដើរ​ផ្លូវ​ណា គេ​គ្រាន់​តែ​តាម​ដាន​ទង្វើ​និង​ប្រសាសន៍​របស់​លោក​ជា​ការ​ស្រេច។ ​

វិធី​ធ្វើ​ការ ឬ​ទង្វើ​របស់​លោក​ហ៊ុន សែន ក្នុង​គ្រា​អាសន្ន​លើក​នេះ គឺ​ជា​មេរៀន​សំខាន់​សម្រាប់​ពលរដ្ឋ​ យក​ទៅ​ពិចារណា​និង​ចង​ចាំ។ ទោះ​ជា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​អ្វី​ក៏​ដោយ លោក ហ៊ុន សែន ប្រើ​វិធី​សាស្ត្រ​ឈ្នះ​ដដែលៗ ​បី​យ៉ាង​ដែល​លោក​ធ្លាប់​ធ្វើ នោះ​គឺ​យុទ្ធសាស្ត្រ​និយាយ​ក្រឡាស់​សំដី​ដើម្បី​ឈ្នះ សម្លុត​គំរាម​កំហែង ​ដើម្បី​ឈ្នះ រួច​ឆ្លៀត​ឃោសនា​ទារ​​ឱ្យ​រាស្ត្រ​ដឹង​គុណ​លោក និង​គ្រួសារ​លោក​ដើម្បី​ឈ្នះ។ 

មេរៀន​ដំបូង​ពលរដ្ឋ​អាច​ចាំ​ថា លោក ហ៊ុន សែន និយាយ​ក្រឡាស់​សំដី​ទៅ​កាន់​អ្នក​ទាំង​អស់​គ្នា ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ។

ជាង​ ២​ខែ​មក​នេះ លោក ហ៊ុន សែន និយាយ​ទៅ​កាន់​មហាជន​យ៉ាង​តិច​ណាស់​ ១៣​ដង​។ នៅ​ក្នុង​សុន្ទរកថា​មួយ​នៅ​ថ្ងៃ​ទី​១០ ខែមេសា ​លោក​បាន​ប្រកាស​ពី​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ទប់ទល់​នឹង​មហន្តរាយ​បណ្ដាល​មក​ពី​កូវីដ​១៩។ គឺ​ពេល​នោះ​ហើយ​ដែល​លោក​បាន​លើក​ឡើង​ពី​ចំណាត់​ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុង​គ្រា​អាសន្ន ដែល​ក្រោយ​មក​លោក​បាន​ក្រឡាស់​សំដី​របស់​ខ្លួន​វិញ។ 

លោក ហ៊ុន សែន ប្រកាស​ថា របប​របស់​លោក​នឹង​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ជូន​គ្រួសារ​អ្នក​ស្លាប់​ដោយ​សារ​កូវីដ​ចំនួន ​១០​លាន​រៀល និង​អង្ករ​ ១០០​គីឡូក្រាម ជួយ​បង់​ទឹក​បង់​ភ្លើង ៥ខែ។ ចំណែក​គ្រួសារ​អ្នក​ឆ្លង​ជំងឺ​វិញ រដ្ឋ​នឹង​ជួយ​បង់​ទឹក​ភ្លើង​ជំនួស​រយៈ​ពេល ​៣​ខែ។ ចំណែក​គ្រួសារ​ដែល​ត្រូវ​បិទ​ខ្ទប់​ក៏​នឹង​បាន​ប្រាក់​ពី​ឧបត្ថម្ភ​ពី​រដ្ឋ​ដែរ៖ «ចំពោះ​គ្រួសារ ដែល​ទទួល​រង​ការ​ធ្វើ​ចត្តាឡឺស័ក នៅ​តំបន់​ដែល​ត្រូវ​អនុ​វត្ត​នូវ​វិធានការ​បិទ​ខ្ទប់​រដ្ឋ​នឹង​ឧបត្ថម្ភ​ថវិកា​ចំនួន​ ៣០​ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារ ព្រម​ទាំង​ជួយ​បង់​ជំនួស​នូវ​ថ្លៃ​ប្រើ​ប្រាស់​ទឹក​ភ្លើង​ក្នុង​រយៈ​ពេល​ ២​ខែ»។ 

មួយ​ថ្ងៃ​ក្រោយ​មក ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ចេញ​ប្រកាស​មួយ បរិយាយ​លម្អិត​ពី​នីតិវិធី ក្នុង​ការ​ផ្ដល់​ជំនួយ​ឧបត្ថម្ភ​ជូន​ពលរដ្ឋ។ គ្រប់​ប្រព័ន្ធ​ផ្សព្វ ផ្សាយ​ទាំង​ជាតិ​អន្តរជាតិ សុទ្ធ​តែ​ផ្សាយ​ព្រោង​ព្រាត។ ១០ថ្ងៃ​ក្រោយ​មក​ គឺ​នៅ​ថ្ងៃ​ទី​២០ ខែ​មេសា  លោក ហ៊ុន សែន ថ្លែង​សារ​រយៈ​ពេល​ជាង​ ៨​នាទី តាម​រយៈ​ខ្សែ​អាត់​សំឡេង ​យក​ផ្សាយ​តាម​ហ្វេស​ប៊ុក​ផ្ទាល់​ខ្លួន​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រណប​រដ្ឋាភិបាល។ លោក​ថ្លែង​ដោយ​សំឡេង​ស្រទន់​រាង​កម្សត់​បន្តិច តែ​ក៏​មិន​ភ្លេច​ព្រមាន​ពលរដ្ឋ​ឱ្យ​ទទួល​យក​ការ​ក្រឡាស់​សំដី​របស់​ខ្លួន៖ «ខ្ញុំ​សូម​មេត្តា​បងប្អូន យោគ​យល់​អធ្យាស្រ័យ ដែល​រដ្ឋ​មិន​អាច​ផ្ដល់​ប្រាក់​ ៣០​ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារ ឬ​ក្នុង​ ១​ម្នាក់​ជូន​បង​ប្អូន​បាន​តទៅ​ទៀត​ទេ​។ ៣០​ម៉ឺន​រៀល​វា​មិន​ធំ​ទេ​សម្រាប់​បង​ប្អូន​តែ​វា​ធំ​សម្រាប់​រដ្ឋាភិបាល ហើយ​បើ​បង​ប្អូន​ម្នាក់ៗ​ គិត​តែ​ទារ​ឱ្យ​ខាង​តែ​បាន​រដ្ឋ​ជួប​ការ​លំបាក​ក្នុង​ការ​ដោះស្រាយ​តើ​ដោះស្រាយ​របៀប​ណា។ 

មួយ​ថ្ងៃ​ក្រោយ​មក​ក្រសួង​សេដ្ឋកិច្ច បាន​លុប​ចោល​ការ​សម្រេច​ផ្ដល់​ប្រាក់​តាម​សំដី​លោក​ហ៊ុន សែន។ ក្ដី​សង្ឃឹម​របស់​ពលរដ្ឋ​ថា​នឹង​បាន​ជំនួយ​ឧបត្ថម្ភ​ជា​ទឹក​ប្រាក់​គ្រាន់​បាន​ទិញ​បន្លែ​ត្រី​សាច់​បរិភោគ​នោះ ក៏​ត្រូវ​រលាយ​ខ្សុល​ដូច​អំបិល​ត្រូវ​ទឹក។ 

មេរៀន​បន្ទាប់ គឺ​ពលរដ្ឋ​អាច​ដឹង​ថា លោក ហ៊ុន សែន នៅ​តែ​និយម​ប្រើ​អំពើ​ហិង្សា​គំរាម​កំហែង​ពលរដ្ឋ។ កង​កម្លាំង​របស់​លោក ​ហ៊ុន សែន បាន​ប្រើ​វិធី​គ្រប់​គ្រង​បែប​ហិង្សា​គំរាម​កំហែង​ទៅ​លើ​ពលរដ្ឋ ក្រោម​ហេតុផល​អនុវត្ត​ច្បាប់​ប្រឆាំង​ជំងឺ​កូវីដ១៩។

កម្លាំង​ប៉ូលិស ទាហាន ប៉េអិម​ប្រដាប់​ដោយ​អាវុធ បាន​ដាក់​ពង្រាយ​ដើម្បី​ឃ្លាំ​មើល​អ្នក​ដែល​រស់​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់ ឬ​តំបន់​ក្រហម។ អាជ្ញាធរ​របប​នេះ ​បាន​ប្រកាស​រក​ទិញ​រំពាត់​ផ្ដៅ​ចែក​គ្នា​ទុក​វាយ​ពលរដ្ឋ​ដែល​ហ៊ាន​ចេញ​ពី​តំបន់​ហាម​ឃាត់ តាម​វិធី​ក្ដៅ​ក្រៅ​ច្បាប់។

ទំនង​ជា​ដឹង​ថា​ស្ថានការណ៍​មិន​ស្រួល ហើយ​ខ្លាច​មាន​ចលនា​ប្រឆាំង​តប​ត​វិញ​ផង​នោះ ទើប​លោក ស ខេង ចេញ​បទ​បញ្ជា​មួយ​រំលឹក​ដល់​កង​កម្លាំង​ពី​ភារកិច្ច​របស់​ខ្លួន​ក្នុង​ការ​អនុវត្ត​ច្បាប់​ការពារ​ពលរដ្ឋ ទើប​ចរន្ត​នៃ​ការ​វាយ​សំពង​ពលរដ្ឋ​នេះ​បាន​ថម​ថយ​នេះ​ទៅ​វិញ ប៉ុន្តែ​ពលរដ្ឋ​មួយ​ចំនួន​ត្រូវ​រំពាត់​ផ្ដៅ​រួច​ទៅ​ហើយ។

អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​បាន​ចាប់​ខ្លួន​មនុស្ស​រាប់​សិប​នាក់ ដាក់​គុក​និង​ពិន័យ​ជា​ប្រាក់។ ក្នុង​នោះ​មាន​នាយ​នគរ​បាល​ផ្កាយ ​២​ម្នាក់​ជាប់​គុក​ព្រោះ​រៀប​ចំ​ពិធី​កម្សាន្ត​ចូល​ឆ្នាំ​ក្នុង​ផ្ទះ​ខ្លួន​ឯង  និង​ឧត្ដមសេនីយ៍​យោធា​ម្នាក់​ទៀត​ជាប់​គុក​ពី​បទ​ដឹក​ជញ្ជូន​ជន​ជាតិ​ចិន​ឆ្លង​ខេត្ត​បំពាន​បម្រាម​ឆ្លង​ខេត្ត។ 

ប្រជាពលរដ្ឋ​ខ្លះ​ជាប់​គុក​ដោយសារ​ផឹក​ស៊ី​ហើយ​ផុស​ផ្សាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ឬ​ទីក​តុក​ដោយ​ខ្លួន​ឯង​ល្មើស​វិធាន​សុខាភិបាល។ លោក ហ៊ុន សែន ថែម​ទាំង​បញ្ជា​ទៅ​កាន់​ក្រសួង​យុត្តិធម៌​ឱ្យ​រៀប​ចំ​សវនាការ កាត់​ទោស​​​​អ្នក​បំពាន​ច្បាប់​កូវីដ​ទៀត​ផង។

តុលាការ​ ភ្នំពេញ​ដែល​កាល​ពី​ឆ្នាំ​មុន​មិន​ហ៊ាន​បើក​សវនាការ​កាត់​ក្ដី​លោក កឹម សុខា ក្រោម​លេស​ការពារ​ការ​ឆ្លង​រាល​ដាល​កូវីដ១៩ ​នោះ បាន​រៀប​ចំ​សវនាការ​កាត់​ទោស​អ្នក​បំពាន​វិធានការ​សុខាភិបាល​បាន​ដោយ​រលូន។ លោក ហ៊ុន សែន បាន​ប្រកាស​ថា​មិន​អនុញ្ញាត​ឱ្យ​អ្នក​ណា​ដែល​បង្ក​ឱ្យ​មាន​ការ​រីក​រាល​ជំងឺ​កូវីដ រួច​ខ្លួន​នៅ​ក្រៅ​សំណាញ់​ច្បាប់​ឡើយ។ ប៉ុន្តែ​របប​នេះ បែរ​ជា​មិន​តាម​ដាន​រក​អ្នក​ដែល​ធ្វើ​ឱ្យ​បែក​ធ្លាយ​សម្លេង​របស់​លោក ហ៊ុន សែន ដែល​និយាយ​ពី​គម្រោង​បិទ​ក្រុង នាំ​ឱ្យ​មនុស្ស​ម្នា​សម្រុក​ផ្អើល​ជាន់​ជើង​គ្នា​ទៅ​រក​ទិញ​ទំនិញ​ពាស​ពេញ​ផ្សារ​នោះ​ទេ។

លោក ហ៊ុន សែន ទទួល​ស្គាល់​ថា អ្នក​ធ្វើ​ឱ្យ​បែក​ធ្លាយ​សំឡេង​របស់​លោក​នោះ​ជា​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល និង​គណបក្ស​កាន់​អំណាច ហើយ​អ្នក​នោះ​ក៏​គ្រាន់​តែ​រង​ពិន័យ​រដ្ឋបាល​និង​ទទួលការ​ស្ដី​បន្ទោស​ពី​បក្ស។ ​នេះ​អាច​ជា​មេរៀន​ដែល ប្រជាពលរដ្ឋ​អាច​យល់​បាន​ថា សំណាញ់​ច្បាប់​សម័យ​តេជោ ជាប់​តែ​ត្រី​តូច​តែ​ប៉ុណ្ណោះ។ 

មេរៀន​ចុង​ក្រោយ គឺ​វប្បធម៌​ទារ​គុណ​ស្រ័យ។ គណបក្សប្រជាជន​ទារ​ឱ្យ​ពលរដ្ឋ​បោះឆ្នោតឱ្យសងគុណ ៧មករា នៅរដូវបោះឆ្នោត​ម្ដងៗ។ ចំណែក​ឯ​នៅ​រដូវ​ជំងឺ​ឆ្លង​រាត​ត្បាត​នេះ លោក ហ៊ុន សែន ក៏​មិន​ភ្លេច​ឆ្លៀត​ឃោសនា​​ឱ្យ​ពលរដ្ឋ​ជំពាក់​​គុណ​គ្រួសារ​លោក​ហ៊ុន សែន ដូច​គ្នា​ដែរ។

ពលរដ្ឋ​ខ្លះ​ដាច់​បាយ​ស្រែក​រក​ជំនួយ អ្នក​ខ្លះ​ទៀត សម្រេចចិត្ត​លើក​បដា​ទាមទារ​ឱ្យ​រដ្ឋ​ទទួល​ខុស​ត្រូវ។ ទី​ណា​មាន​ការ​ទាមទារ​ខ្លាំង អាជ្ញាធរ​យក​ជំនួយ​ទៅ​ជូន​ទី​នោះ បើ​កន្លែង​ណា​មិន​មាន​ពលរដ្ឋ​ទារ​ខ្លាំង នោះ​អាជ្ញាធរ​ក៏​ភ្លេច​ទៅ​តាម​នោះ​ដែរ។

Lockdown_people_in_Stung_Meanchey_call_for_food_aid_042921_Pokpo21.jpg
ពលរដ្ឋ​ក្នុង​តំបន់​បិទ​ខ្ទប់​ ដើម្បី​បង្ការ​ជំងឺ​កូវីដ១៩ នៅ​សង្កាត់​ស្ទឹង​មានជ័យ រាជធានី​ភ្នំពេញ លើក​បដា​អំពាវនាវ​រក​ជំនួយ​ស្បៀង​អាហារ កាល​ពី​រាត្រីថ្ងៃ​ទី២៩ ខែ​មេសា ឆ្នាំ២០២១។ រូប៖ ពលរដ្ឋ

គេ​សង្កេត​ឃើញ​ថា គ្មាន​ឡើយ​ជំនួយ​ពី​ថវិកា​ជាតិ មិន​ឃើញ​ទេ​ជំនួយ​របស់​រដ្ឋ ឃើញ​តែ​អំណោយ​ដ៏​អស្ចារ្យ របស់​អ្នក​មាន​អំណាច​ចិត្ត​បុណ្យ ឈ្មោះ ហ៊ុន សែន ដែល​អំណោយ​នោះ មាន​អង្ករ​ ២០គីឡូ មី​មួយ​កេស ត្រី​ខ​១២​កំប៉ុង ទឹក​ត្រី​ ៦​ដបស៊ី​អ៊ីវ​ ៦​ដប ហើយ​គ្រប់​កញ្ចប់​ជំនួយ​ទាំង​នោះ​មាន​ឆ្លាក់​អក្សរ​ពី​លើ​ថា​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេជោ និង​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត។

រាល់​ពេល​ដែល​ត្រូវ​គេ​ហៅ​មក​ទទួល​អំណោយ​ម្ដងៗ ពលរដ្ឋ​ត្រូវ​មក​មុន​អង្គុយ​ចាំ​ស្ដាប់​ប្រសាសន៍​អ្នកនាំ​អំណោយ​មក​នោះ រាប់ម៉ោង។ ប្រសាសន៍​គណៈអធិបតី​ទាំង​នោះ​ភាគ​ច្រើន​​រំលឹក​គុណ​គុណូបការៈ​របស់ លោក ហ៊ុន សែន។ ពលរដ្ឋ​មួយ​ចំនួន​ខ្យល់​ចាប់​វិល​មុខ​ដួល​នៅ​នឹង​កន្លែង​ដោយសារ​ចាំ​យក​អំណោយ​យូរ​ពេក បូក​រួម​នឹង​កង្វះ​អាហារ​ហូប​ចុក​ជា​ច្រើន​ថ្ងៃ​មក​ហើយ​ផង។ 

ទន្ទឹម​នេះ​លោក ហ៊ុន សែន ក៏​ប្រឹង​ឃោសនា​ឱ្យ​ពលរដ្ឋ​ដឹង​គុណ​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពិ​សេស​​ទំព័រ​ហ្វេសប៊ុក។ ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក បាន​ផ្សាយ​បទ​ចម្រៀង​ប្រមាណ​ច្រើន​ជាង ​៥០​បទ ក្នុង​រយៈ​ពេល ​២​ខែ​ចុង​ក្រោយ​នេះ។ បទ​ចម្រៀង​និមួយៗ​ និពន្ធ​ដោយ​អ្នក​ជំនាញ​តែង​និពន្ធ​ពី​ក្រសួង​ព័ត៌មាន និង​ក្រសួង​វប្បធម៌។ បទ​ទាំង​នោះ​និពន្ធ​ឡើង​ដោយ​យក​បទ​ភ្លេង​ចាស់ តែ​ទំនុក​ថ្មី​ភ្ជាប់​នឹង​ព្រឹត្តិការណ៍​កូវីដ​១៩ ហើយ​ប្រាកដ​ណាស់​ខ្លឹមសារ លើក​តម្កើង សរសើរ​វីរភាព​​របស់​លោក​ហ៊ុន សែន ត្រង់​ៗ​តែ​ម្ដង។

ចម្រៀង​ទាំង​អស់​នោះ ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​រយៈ​ទួរទស្សន៍​និង​វិទ្យុ​ក្នុង​ស្រុក​យ៉ាង​ទូលំ​ទូលាយ មិន​ដូច​ព័ត៌មាន​ស្ដី​ពី​បច្ចុប្បន្នភាព​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ ទេ។ ក្រសួង​សុខាភិបាល​លាក់​លៀម​ព័ត៌មាន​នេះ ទន្ទឹម​គ្នា​នឹង​ព្រឹត្តិការណ៍​ដែល​លោក ហ៊ុន សែន បើក​ឱ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត​ទៅ​មក​ឡើង​វិញ​។

បន្ទាប់​ពី​ការ​សម្រេច​ឱ្យ​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត ករណី​ជំងឺ​កូវីដ​១៩ ​ឆ្លង​ចេញ​ពី​សហគមន៍​រាជធានី​ភ្នំពេញ​ទៅ​តាម​បណ្ដា​ខេត្ត​ក៏​កើត​មាន​ដែរ។ គិត​ត្រឹម​ថ្ងៃ​ទី​១៧​ ឧសភា ខេត្ត​រតនគីរី ដែល​​ពី​មុន​មក​មិន​ធ្លាប់​មាន​អ្នក​ឆ្លង​កូវីដ​សោះ ស្រាប់​តែ​រក​ឃើញ​អ្នក​ឆ្លង​កូវីដ​១៩​ ចំនួន​ ៨នាក់ ជា​ករណី ពលរដ្ឋ​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ។

ក្រសួង​សុខាភិបាល​ផ្សាយ​ត្រឹម​ចំនួន​អ្នក​ឆ្លង​ថ្មី តួ​លេខ​អ្នក​ស្លាប់ ចំនួន​អ្នក​សម្រាក​នៅ​មន្ទីរ​ពេទ្យ និង​ចំនួន​អ្នក​ជា​សះស្បើយ  ដោយ​លាក់​បាំង​ព័ត៌មាន​ពី​ទី​កន្លែង​ឆ្លង​ជំងឺ ពី​ប្រវត្តិ​អ្នក​ឆ្លង​ជំងឺ ទី​កន្លែង​សម្រាក​ព្យាបាល។ ល។ អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​ត្រឹម​បញ្ជាក់​ខ្លី​ថា​នឹង​ផ្ទេរ​ព័ត៌មាន​ទៅ​ឱ្យ​ខេត្ត​សាមី​ជា​អ្នក​ប្រកាស​វិញ។ ​ ពលរដ្ឋ​ឯណា​ទៅ​ហ៊ាន​សួរ​នាំ​ទៅ​សាលា​ខេត្ត ឬ​មន្ទីរ​សុខាភិបាល​ខេត្ត​នោះ។ បើ​ចង់​សួរ​ក៏​មិន​ដឹង​ជា​សួរ​តាម​ណា​ដែរ។  រដ្ឋាភិបាល​លោក ហ៊ុន សែន ទំនង​ជា​ទាយ​ដឹង​ថា បើ​សិន​ជា​បង្ហាញ​របាយការណ៍​គ្រប់​ជ្រុង​ជ្រោយ​នោះ​ពលរដ្ឋ​អាច​នឹង​បន្ទោស​នាយក​រដ្ឋមន្ត្រី ដូច្នេះ​ការ​ផ្សាយ​ឱ្យ​ពលរដ្ឋ​ដឹង​គុណ​លោក ហ៊ុន សែន ក៏​នឹង​លែង​មាន​ន័យ។ 

សរុប​សេចក្ដី​មក​ពលរដ្ឋ​ខ្មែរ​អាច​ដឹង​កាន់​តែ​ច្បាស់​ពី​សមត្ថភាព​ដោះស្រាយ​បញ្ហា​របស់​​រដ្ឋាភិបាល​លោក ហ៊ុន សែន ថា ​គាត់​មាន​សមត្ថភាព​ប៉ុណ្ណា ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុង​គ្រា​អាសន្ន​នេះ​។ ​ មេរៀន​ទាំង​នេះ អាច​ជា​ទុន​សម្រាប់​ពលរដ្ឋ​ចង​ចាំ ជាពិសេស​ យុវជន​ជំនាន់​ក្រោយ​យក​ទៅ​ពិចារណា​ក្នុង​ការ​ជ្រើស​រើស​មេ​ដឹក​នាំ​ប្រទេស​ជាតិ​នៅ​ថ្ងៃ​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។