តើ​ជនបរទេស​ខុស​ច្បាប់​អាច​រស់​នៅ​ស្រួល​ក្នុង​ប្រទេស​កម្ពុជា​ដោយ​សារកត្តា​អ្វី​ខ្លះ?

ដោយ មួង ណារ៉េត
2021.09.01
តើ​ជនបរទេស​ខុស​ច្បាប់​អាច​រស់​នៅ​ស្រួល​ក្នុង​ប្រទេស​កម្ពុជា​ដោយ​សារកត្តា​អ្វី​ខ្លះ? ជនអន្តោប្រវេសន៍​វៀតណាម​ដែល​រស់​នៅ​លើ​ទឹក​ទន្លេសាប​ភាគច្រើន​ប្រកប​របរ​ចិញ្ចឹម​ត្រី​ក្នុង​បែរ។ ពួកគេ​ព្រួយបារម្ភ បន្ទាប់​ពី​រដ្ឋបាល​រាជធានីភ្នំពេញ​បាន​រៀបចំសណ្តាប់ធ្នាប់លើផ្ទៃទឹកកាលពីខែមិថុនា ឆ្នាំ២០២១។
រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ

បញ្ហា​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​ជា​ក្ដីកង្វល់​ដ៏​ធំ​មួយ​របស់​បណ្ដា​អ្នក​ស្នេហា​ជាតិ​ខ្មែរ។ អ្នក​គិត​គូរ​ពី​បញ្ហា​ជាតិ​ទាំង​នោះ​យល់​ថា កំណើន​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​​នឹង​​ធ្វើ​ឱ្យ​ខ្មែរខាតបង់​ប្រយោជន៍​សេដ្ឋកិច្ច ដណ្ដើម​ឱកាស​ការងារ​របស់​ពលរដ្ឋខ្មែរ​ម្ចាស់​ស្រុកបង្កើត​ឲ្យ​មាន​ភាព​អយុត្តិធម៌​សង្គម​ ការ​ច្រណែន​និង​ការរើស​អើង​​ជាតិ​សាសន៍​កើត​​មាន​​អសន្តិសុខ​សង្គម ​ប៉ះពាល់​ដល់​សុវត្ថិភាព​សាធារណៈ ​បំពុល​បរិស្ថាន ព្រមទាំង​ប៉ះពាល់​ដល់​អធិបតេយ្យ​ជាតិ​ជាដើម។

ទោះជា​យ៉ាង​ណាក្ដី ជនអន្តោប្រវេសន៍​រាប់សែន​នាក់​ រួម​ទាំង​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​រាប់ម៉ឺន​នាក់​ផង បាន​រស់​នៅក្នុង​ប្រទេស​កម្ពុជា​យ៉ាង​សុខសាន្តរួច​ទៅ​ហើយ។ ជន​បរទេស​ទាំងនោះ ​អាច​រស់​នៅ​សុខសាន្តទៅ​បាន ដោយ​សារមូលហេតុ​សំខាន់​មួយ គឺ​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ មិន​មាន​ប្រសិទ្ធភាព។ ការ​អនុវត្តច្បាប់​មិន​មាន​ប្រសិទ្ធភាព​នេះ អាច​មកពី​​​កត្តាសំខាន់ៗ​មួយ​ចំនួន រួមមាន ភាព​ខ្វះឆន្ទៈរបស់​អ្នកដឹកនាំ​រដ្ឋ ដោយ​សារ​តែ​កត្តា​នយោបាយ និង​អំពើពុករលួយ ដែល​ចាក់ស្រេះ​យ៉ាង​ជ្រៅ​ក្នុង​សង្គម​ខ្មែរ

Vietname_in_Cambodia_New.jpg
ជនអន្តោប្រវេសន៍​វៀតណាម​ដែល​រស់​នៅ​លើ​ផ្ទៃទឹកទន្លេ​កម្ពុជា​បាន​រុះរើ​ផ្ទៃបណ្តែត​ទឹក​របស់​ពួកគេ ក្រោយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បញ្ជារ​ឱ្យរុះរើ​ដើម្បី​រៀបចំ​សណ្តាប់​ធ្នាប់​នៅលើ​ផ្ទៃទឹក​កាលពី​ខែមិថុនា ឆ្នាំ២០២១។ (រូបពលរដ្ឋផ្តល់ឱ្យ)

ការហូរ​ចូល​នៃ​ជនអន្តោរប្រវេសន៍​ខុសច្បាប់​ ទាក់ទង​គ្នាយ៉ាងខ្លាំង​ទៅនឹង​ឆន្ទៈ និង​និន្នាការ​នយោបាយ​របស់​អ្នក​កាន់​អំណាច។ នៅស្រុក​នេះ បើ​អ្នក​កាន់​អំណាច​​ទោរទន់​ទៅ​ខាងណា​ ជន​ជាតិ​នោះ​នឹង​មក​ច្រើន​​ទៅតាម​នោះ។ក្រសួង​មហាផ្ទៃ​ឱ្យដឹងថា ជនជាតិ​វៀតណាម​ មាន​ចំនួន​ច្រើន​ជាង​គេ​ តាម​ពីក្រោយ​ដោយ​ជនជាតិ​ចិន និង​ជនបរទេស​ចម្រុះជាតិ​សាសន៍​ដទៃ​ទៀត។

ទោះបី​ជា​ជនជាតិ​វៀតណាម​រាប់ម៉ឺននាក់ បាន​នាំគ្នា​រត់​ចេញ​ពី​កម្ពុជា​ទៅ​វៀតណាម​វិញ កាល​ក្នុង​សម័យ​សាធារណ​រដ្ឋខ្មែរ ឬរបប លន់ នល់ កាលពី​ឆ្នាំ១៩៧០ ដែល​កាលណោះគោលនយោបាយ​របស់​របប​នោះ មាន​ភាព​តឹងរឹងខ្លាំង ប្រឆាំង​វត្តមាន​ជនជាតិ​វៀតណាម​នៅលើ​ដី​ខ្មែរ​ពួកគេ​វិល​​ត្រលប់​មកវិញ ចាប់​ពី​ឆ្នាំ១៩៧៩ ក្រោយ​​របប​ខ្មែរក្រហម​ដួលរលំ។

ឯកសារ​ប្រវត្តិសាស្រ្ត​ជាច្រើនបង្ហាញថា កងទ័ព​វៀតណាម​ជាង​១សែន៥ម៉ឺននាក់ កាលពី​ចុង​ឆ្នាំ១៩៧៨ បាន​វាយ​សម្រុកចូល​ឈ្លានពាន​ទឹកដី​កម្ពុជា​រហូត​ធ្វើឲ្យ​របប​ខ្មែរ​ក្រហម​ដួល​រលំភ្លាមៗ។​ ក្នុង​ការ​ឈ្លានពាន​នេះ ក៏មាន​ការចូលរួម​ពី​កម្មាភិបាល​ខ្មែរក្រហម​ដែល​ផ្តាច់​ខ្លួនបង្កើត​រណៈសិរ្ស​ ២ ធ្នូ ដោយ​មាន​វៀតណាម​នៅពី​ក្រោយ​ មាន​ដូចជា​លោក ប៉ែន សុវណ្ណ លោក ជា ស៊ីម លោក ហេង សំរិន និងលោក ហ៊ុន សែន ជាដើម។

មន្រ្តីខ្មែរ​ដែល​បង្កើត​រណៈសិរ្ស ២ ធ្នូ ហៅការ​ឈ្លានពាន​របស់​វៀតណាម ថា​ជា​ការ​រំដោះ​ជាតិ និង​ប្រជាពលរដ្ឋឲ្យរួចផុត​ពី​របប​ពិឃាត​ខ្មែរ​ក្រហម។ ភ្លាមៗ​ក្រោយ​ដួល​រលំនៃ​របប​ខ្មែរក្រហម​ វៀតណាម​បាន​លើក​បន្តុប​មន្រ្តីខ្មែរ​ទាំង​នោះ​ឲ្យ​ដឹកនាំ​ប្រទេស ដើម្បី​ធ្វើជា​កូន​ជឹង​របស់​ខ្លួន។

ជាការ​ដឹង​គុណរបបក្រុង​ភ្នំពេញ​បាន​សង់​ស្តូប​មិត្តភាព​កម្ពុជា​-​វៀតណាម​ជាង ២០ នៅ​ទូទាំង​ប្រទេស។ ដោយការ​ជំពាក់​គុណ​វៀតណាម ដែលបានជួយ​លើក​បន្តុប​ខ្លួន​ឲ្យបាន​កាន់អំណាច​នេះ មេដឹកនាំ​របប​ក្រុង​ភ្នំពេញបាន​ជួយ​សម្រួល​សព្វបែប​យ៉ាង ដើម្បី​ឲ្យ​ជនអន្តោប្រវេសន៍​វៀតណាម​ បន្ត​ហូរ​ចូល និង​រស់នៅ​យ៉ាង​សុខសាន្ត​នៅក្នុង​ប្រទេស​កម្ពុជា។

ប៉ុន្តែ​នៅក្នុង​ចំណោម​មេដឹកនាំ​ទាំង​នោះ​មាន​មេដឹកនាំខ្មែរ​ម្នាក់ ដែល​ជំទាស់​នឹងវត្តមាន​របស់​ជនអន្តោប្រវេសន៍​វៀតណាម រហូត​នាំ​ទុក្ខ​ដល់​ខ្លួន។

448a6a3a-d6df-496a-aa9a-9026fadb492d.jpeg
រូបថត​អតីត​នាយក​រដ្ឋមន្ត្រី​លោក ប៉ែន សុវណ្ណ ក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា។ RFA/Cheu Sideth

កាលពី​ឆ្នាំ២០០៧ ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី អតីត​នាយករដ្ឋមន្ត្រីក្នុង​សម័យ​ឆ្នាំ១៩៧៩ លោក ប៉ែន សុវណ្ណ លើកឡើង​ថា ជនអន្តោប្រវេសន៍​វៀតណាម​មក​រស់​នៅស្រុក​ខ្មែរ ក្រោយ​ថ្ងៃ៧ ​មករា ឆ្នាំ១៩៧៩ បាន​បង្ករជា​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​បូរណភាព​ទឹកដី​និង​អធិបតេយ្យ​ជាតិ។​ លោក​ថា លោក​ចង់​បង្កើត​ក្រុម​ការងារ​មួយ​ដោះ​ស្រាយ​បញ្ហា​អន្តោរ​ប្រ​វេសន៍​ដែរ ប៉ុន្តែ​ត្រូវបាន​ការិយា​ល័យ​ន​យោបាយ​ជំទាស់ « អ្នកប្រឆាំងខ្ញុំស្រួច​ស្រាល់​បំផុត គឺ​លោក ហ៊ុន ​សែន។ គេថា​កុំ​បង្កើតគណៈកម្មការ​ព្រំដែន​ជនអន្តោប្រវេសន៍​ហ្នឹង​ធ្វើអ៊ីចឹងដូចយើង​ចង្អៀតចង្អល់​ជាតិ​និយម​ហួស​ហេតុព្រោះ​ប្រជាជន​វៀត​ណាម គេមក​រស់​នៅរកស៊ីធម្មតាសាមញ្ញាដូចប្រជាពលរដ្ឋខ្មែរ​អ៊ីចឹង​ដែរ…»

លោក ប៉ែន សុវណ្ណ ត្រូវ​កងទ័ព​វៀតណាម និង​មន្ត្រី​ខ្មែរ​ ចាប់ដាក់​គុក​នៅ​វៀតណាម​ អស​រយៈពេល ១០ឆ្នាំលោក​សន្និដ្ឋាន​ថា មូល​ហេតុ​មួយ​ដែល​គេចាប់លោក​ដាក់គុកនេះ គឺ​ដោយ​សារ​លោក​ជំទាស់​នឹង​វត្ត​មាន​​ពលរដ្ឋ​វៀតណាម ដែល​ហូរ​ចូល​មក​រស់នៅ​កម្ពុជា កាន់​តែ​ច្រើន​ឡើងៗ។ លោក​ទទួល​មរណភាព​កាល​ពី​ចុងខែ ខែ​តុលា ឆ្នាំ​២០១៦ ដោយ​រោគាពាធ ក្នុងវ័យ​ ៨០​ឆ្នាំ។

បន្ទាប់ពីកម្ពុជា​ មានរដ្ឋាភិបាល​ចម្រុះ កើត​ក្រោយ​ការបោះឆ្នោត​លើក​ដំបូង​រួចមក​នោះ ​រដ្ឋសភា​បាន​ធ្វើច្បាប់​អន្តោប្រវេសន៍ ដែល​អនុម័តនៅឆ្នាំ១៩៩៤។ ច្បាស់នេះ​ជា​មូលដ្ឋាន​គតិយុត្តិសម្រាប់​ដោះ​ស្រាយ​បញ្ហា​អន្តរប្រវេសន៍។ ទោះជា​ច្បាប់​នេះ​មាន​ពិត​ តែវា​អនុវត្តបានតែ​លើករណី​ជនជាតិ​វៀតណាម ឬ​ជនបរទេស​ដទៃ​ទៀត​ដែល​ត្រូវអាជ្ញាធរ​ចាប់ខ្លួន​បាន ដោយ​ប្រព្រឹត្តបទល្មើស​ព្រហ្មទណ្ឌ​ ឬ​ឧក្រឹដ្ឋកម្ម​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ។ ជនអន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់ ​ដែល​មិន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ ឬ​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​នៅ​បន្ត​រស់​នៅ​យ៉ាង​សុខសាន្ត ទោះមក​នៅ​ដោយ​ខុស​ច្បាប់ក្តី។ ផ្ទុយ​ទៅ​វិញ ខាង​អាជ្ញធរ​វៀតណាម​ឃាត់​ខ្លួន និង​តែងតែ​បញ្ជូនពលរដ្ឋខ្មែរ​មក​វិញ​ ដូចជា​អ្នក​សុំទាន​ខ្មែរ និង​លក់ឆ្នោត ​ពេលចូល​ដីវៀតណាម​ខុស​ច្បាប់។

នាយកដ្ឋាន​អន្តោប្រវេសន៍​ផ្សាយ​ថា​ ខ្លួនបាន​បណ្ដេញ​ជនបរទេសចេញ​ពី​កម្ពុជា​ចំនួន​ជាង ១ម៉ឺន៥នាក់ ក្នុង​រយៈពេល​៧​ឆ្នាំចុង​ក្រោយ​នេះ ដែល​ភាគច្រើន​ជា​ជនអន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់​។ ប៉ុន្តែការ​បណ្ដេញ​ចេញ​នេះ គឺ​ធ្វើ​ឡើង​ដោយ​សារ​អ្នកទាំង​នោះ​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​ ជា​ជាង​បណ្ដេញ​ចេញ​ដោយ​ការ​ធ្វើអន្តោប្រវេសន៍​ខុសច្បាប់។

Vietname_in_Cambodia_Leave_13_07_2021.jpeg
អាជ្ញាធរ​វៀតណាម​បាន​យក​សាឡង់​ជាច្រើន​គ្រឿង​ទប់ស្កាត់លើផ្ទៃទន្លេ​មិន​ឱ្យ​ជនជាតិ​របស់​ខ្លួន​វិលទៅ​ស្រុក​វិញ​ឡើយ ក្រោយពី​អាជ្ញាធរកម្ពុជា​បាន​បណ្តេញចេញ​ចំពោះ​អ្នក​មិន​មាន​ឯកសារត្រឹមត្រូវកាលពីខែមិថុនា ឆ្នាំ២០២១។

ទោះជាមាន​ការបណ្ដេញ​ចេញ​ជនបរទេស ជាពិសេស​ជនជាតិ​វៀតណាម​ខ្លះ​ក៏​ដោយ​ ក៏ការ​ហូរ​ចូល​នៃ​ជនជាតិ​វៀតណាម មាន​ច្រើន​ជាង​ហូរ​ចេញ។ ​​សហគ​មន៍​វៀតណាម​នៅ​កម្ពុជា​ កាន់​តែរីក​ធំ​ទៅៗ។ ទោះបី​វៀតណាម​ដកទ័ព​ចេញ​ពី​កម្ពុជា​កាល​ពី​ឆ្នាំ១៩៨៩ ក្រោយ​លុកលុយ​ និង​ដាក់ទ័ព​នៅ​កម្ពុជា​អស់ ១០ឆ្នាំ​នោះក៏​ដោយ ក៏រហូត​មក​ដល់​ពេល​នេះ សមាគម​វៀតណាម​ បាន​ពង្រីក​សាខា​ស្ទើ​គ្រប់​ខេត្តក្រុង​។

សមាគម​វៀតណាម​មាន​តួនាទី​មើល​ការ​ខុស​ត្រូវជួយ​អន្តរាគមន៍​លើ​រាល់​បញ្ហា ដែល​ជន​ជាតិ​វៀតណាម​ជួបប្រទះ។ កាលពី​ខែមិថុនា​កន្លងទៅ​ក្នុង​ពេល​អាជ្ញាធរ​ដេញ​ជនជាតិ​វៀតណាម ដែល​រស់​នៅ​ខុស​ច្បាប់ ​ចេញពីផ្ទៃ​ទន្លេ ក្នុងរាជធានី​ភ្នំពេញ ប្រធាន​​សមាគមវៀតណាមបានចេញ​លិខិត​មួយ​ មិនមែន​ជួយ​អន្តរាគមន៍ ដើម្បី​សម្រួល​ឲ្យ​ជនជាតិ​វៀតណាម​ទាំង​នោះ​ បាន​វិល​ទៅ​ប្រទេស​វៀតណាម​វិញ​នោះ​ទេ ប៉ុន្តែបែរ​ជា​ហាមឃាត់ និង​រកមធ្យោបាយ​រារារាំង​​មិនឱ្យ​ជនជាតិ​វៀតណាម​ទាំង​អស់​នោះ ត្រឡប់​ទៅ​ស្រុក​វិញ​ឡើយ ដោយ​ឲ្យបន្ត​រស់នៅកម្ពុជា។

ជាងនេះ​ទៅ​ទៀត ដើម្បី​ទប់​កុំ​ឲ្យ​ជនជាតិ​ខ្លួន​ វិល​ទៅ​ស្រុក​ខ្លួន​វិញ អាជ្ញាធរវៀត​ណាមបញ្ជូន​នាវា និង​សាឡង់​ជាច្រើន​គ្រឿង បិទ​ទន្លេត្រង់​ព្រំដែន មិន​ឱ្យ​ពលរដ្ឋទាំង​នោះចូល​ទឹកដី​វៀតណាម​បាន។ភាគី​អន្តោរប្រវេសន៍​កម្ពុជា​វិញ បាន​ត្រឹម​ជួប​ទូតវៀត​ណាម​នៅភ្នំ​ពេញ ចរចាពិភាក្សា​គ្នា តែ​គ្មាន​បាន​ផល​អ្វី​ទាំង​អស់។

ជនជាតិ​វៀតណាម​ដែល​នៅ​លើទឹក​ស្រាប់​ទាំង​នោះ បាន​មករស់នៅ​លើ​គោក​យ៉ាង​គ្រហ៊ើៗ ដោយ​មាន​អាជ្ញាធរ​ក្រុងភ្នំពេញ សម្រួល​និង​​រៀបចំ​កន្លែង​ឱ្យស្នាក់​នៅជូន​ពួកគេយ៉ាង​សមគួរថែម​ទៀត​ផង។

Vietname_in_Cambodia_Leave_02.jpg
ផ្ទះបណ្តែតទឹករបស់ជនជាតិវៀតណាមនៅលើផ្ទៃទន្លេបានអូសសន្តោងចេញពីភូមិសាស្ត្ររាជធានីភ្នំពេញកាលពីខែមិថុនា ឆ្នាំ២០២១។ (ពលរដ្ឋផ្តល់ឱ្យ)

ទោះបី​ជនជាតិ​វៀតណាម​រស់​នៅ​ខុស​ច្បាប់​នៅ​កម្ពុជា​ ប៉ុន្តែ​ពួកគេ​ហាក់​ដូចជា​បាន​ទទួល​ការយក​ចិត្ត​ទុក​ដាក់​ និង​ការពារ​យ៉ាង​សម្បើម។

ក្នុងពេល​ជាង​ជិត ៣០ឆ្នាំ ចុង​ក្រោយ​នេះ ជារៀងរាល់​ពេល​អ្នក​ធំៗ​កម្ពុជា និង​វៀតណាមជួបគ្នាក្នុង​ជំនួប​ផ្លូវការ​ម្ដងៗ មិនថា ថ្នាក់​ប្រមុខ​រដ្ឋ ប្រមុខ​រដ្ឋាភិបាល ប្រមុខ​បក្ស ប្រមុខ​រដ្ឋសភា ឬ​យោធា​នោះ​ទេ គឺ​មេដឹកនាំ​វៀតណាមមិនញញើត​មាត់ចំពោះការ​ស្នើឱ្យ​កម្ពុជា​ផ្ដល់ភាព​ស្រប​ច្បាប់ ជូន​​ពលរដ្ឋ​ខ្លួន ដើម្បី​បន្តរស់​នៅ​លើទឹកដី​ខ្មែរ​នោះ​ឡើយ។ បើទោះជា​គ្មាន​មេដឹកនាំ​កម្ពុជា​ណា​ម្នាក់​ ឆ្លើយតប​ថា​ព្រម ឬឆ្លើយ​ថា​ទេ ចំពោះ​សំណើ​ពីវៀតណាម​ក៏​ដោយ ក៏​គិត​ត្រឹម​បំណាច់​ខែមិថុនា ឆ្នាំ២០១៩ កម្ពុជា​បានផ្ដល់​បណ្ណស្នាក់នៅ​អចិន្ត្រៃយ៍​ជូន​ជន​ជាតិ​វៀតណាមចំនួន​ជិត៩ម៉ឺននាក់ (៨៩.៤៧១នាក់)រួច​ទៅ​ហើយ។ ​នេះ​បើតាម​របាយការណ៍​ផ្លូវការ​ពី​ក្រសួង​មហាផ្ទៃ​ដែល​ចេញ​ផ្សាយ​កាល​ពីឆ្នាំ២០២០។

លើសពី​នេះ​កម្ពុជាថែមទាំង​បាន​រៀបចំដី ៤០ហិចតា សម្រាប់​ទទួល​ជនជាតិ​វៀតណាម​នៅ​ក្នុង​ទន្លេ​ខេត្តកំពង់ឆ្នាំង ឱ្យ​ពួកគេឡើងមករស់​នៅ​លើ​ដីគោក​នោះទៅ​ទៀត។ប្រការនេះ​ធ្វើឲ្យ​ពលរដ្ឋ​ម្ចាស់​ស្រុក​ដែល​មាន​ជម្លោះ​ដីធ្លី និង​អ្នកខ្វះ​ដី​សង់ផ្ទះ​សម្បែង​ដោយ​សារអាជ្ញាធរ​បណ្តេញ​ចេញ​ពី​លំនៅ​ដ្ឋាន​ ប្រៀបធៀប​អំពី​ការ​ប្រព្រឹត្តរបស់​អាជ្ញាធរ​មក​លើ​ពលរដ្ឋ​ម្ចាស់​ស្រុក​ និង​ការ​ប្រព្រឹត្ត​ចំពោះ​ជនអន្តោប្រវេសន៍​វៀតណាម។

គិតមក​ដល់​ពេល​នេះ​ដែរ​របប​ក្រុង​ភ្នំពេញ​បាន​ផ្ដល់​ដីសម្បទាន​ជាង​១លាន​ហិចតារ​ ឱ្យ​ក្រុមហ៊ុន​ឯកជន។ ក្នុងនោះ​មានក្រុមហ៊ុន​ឯកជននិង​រដ្ឋវៀតណាម​ជា​ច្រើន ​បានទទួល​ដី​សម្បទាន​ទាំងនេះ។ ពួកគេ​ថែម​ទាំង​ទទួល​ជនជាតិ​វៀតណាម​រាប់ពាន់​នាក់​មក​ធ្វើការ នៅលើ​ដីសម្បទាន​របស់​ខ្មែរ​ទាំង​នោះ​ថែម​ទៀត​ផង។

ជាងនេះ​ទៅទៀត​ការ​ជជែក​អំពី​បញ្ហា​ជនអន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់​នេះជា​ពិសេស​ពេល​មន្រ្តីគណបក្ស​ប្រឆាំង ឬ​សកម្មជន​ទូទៅ​លើក​បញ្ហានេះបាន​ក្លាយ​ជា​រឿង​រសើប និង​រងការ​រិះគន់​ និង​ជំទាស់​ពី​ខាង​មន្រ្តីគណបក្ស​កាន់​អំណាច និង​រដ្ឋាភិបាល ដោយ​ចាត់ទុក​រឿង​នេះ​ថា​ជា​ការ​រើសអើង​ពូជ​សាសន៍។ ការបំបិទ​មាត់​អ្នក​លើក​បញ្ហា​ជនអន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់​នេះ ដោយ​យក​លេស​ថា ជាការ​រើសអើង​ពូជសាសន៍​នេះ ធ្វើឲ្យ​បញ្ហានេះ ខ្វះ​ឆន្ទៈ​នយោបាយ​ ក្នុង​ការ​យក​ចិត្តទុក​ដាក់​ឲ្យ​បាន​ត្រឹមត្រូវ។ រឿងនេះ​ក្លាយជា​ប្រធានបទ​ប៉ះមិន​បាន។

ជារឿយៗ នៅ​ពេលបោះឆ្នោតជាតិម្តងៗ បញ្ហា​នៃភាព​មិន​ប្រក្រតី​ពី​មណ្ឌល​បោះឆ្នោត​មួយ​ចំនួនកើត​មាន​ឡើង ដោយ​ប្រជាពលរដ្ឋ រាយការណ៍​អំពី​វត្តមាន​របស់​ជនជាតិ​វៀតណាម​ ដែល​មាន​អត្តសញ្ញាណ​បណ្ណខ្មែរ​ ចូលរួម​បោះឆ្នោត សម្រេច​ជោគវាសនា​រប​ស់ខ្មែរ។ មន្រ្តី​បក្ស​ប្រឆាំង​ ក៏មិន​គាំទ្រ​ឲ្យជនអន្តោប្រវេសន៍​វៀតណាម​មាន​សិទ្ធិបោះឆ្នោត​ដើម្បី​សម្រេចរឿង​ជោគវាសនា​របស់​ប្រទេស​ជាតិ​នោះ​ដែរ។ ប៉ុន្តែ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បោះឆ្នោត​ មិន​បាន​ស៊ើប​អង្កេត​ករណី​នេះ​នោះ​ឡើយ។ គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត តែងតែ​រង​ការរិះគន់​ថា​លម្អៀង​ទៅ​រក​គណបក្ស​កាន់​អំណាច និង​របប​ដឹកនាំ​សព្វថ្ងៃ ដោយ​សារសមាសភាព​ជាច្រើន ក្នុង​គណៈកម្មាធិការ​នេះ ​ជា​មនុស្ស​ស្និទ្ធ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន។

ចំពោះ​ជន​អន្តោប្រវេសន៍​ជាតិ​ចិន​វិញ ជនជាតិ​នេះ ក៏មក​រស់​នៅ​កម្ពុជា​តាមរយៈ​និន្នាការ​នយោបាយ​របស់​លោក ហ៊ុន សែន និង​រស់​នៅ​យ៉ាង​សុខសាន្ត ដោយមាន​ការ​យក​ចិត្តទុកដាក់ និង​ការពារយ៉ាង​ពេញ​ទំហឹង​ពី​របប​ក្រុង​ភ្នំពេញ​ដែរ។

China_36_travel_by_baot_to_cambodia_will_send_back_to_china_24_07_2021_01.jpg
ជនជាតិចិនចំនួន ៣៦នាក់ ដែលឆ្លងដែនខុសច្បាប់មកកម្ពុជាត្រូវបានអាជ្ញាធរខេត្តព្រះសីហនុឃាត់ខ្លួន កាលពីខែកក្កដា ឆ្នាំ២០២១នេះ។

ជនជាតិ​ចិន​ទទួល​បាន​កិច្ចការពារ​ពិសេស​ពី​របប​ក្រុង​ភ្នំពេញ​ក៏​ដោយ​សារ​តែជំហរ​នយោបាយ​របស់​របប​លោក ហ៊ុន សែន ដែល​ងាក​ខ្លាំង​ទៅ​រក​ប្រទេស​ចិន​កុម្មុនិស្តនេះ ដើម្បី​ជា​ខ្នង​បង្អែក​ ទប់ទល់​នឹង​ប្រទេស​ប្រជាធិបតេយ្យ​សេរី ដែល​មិន​ពេញ​ចិត្ត​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរនៅ​កម្ពុជា។

ប្រទេស​ចិន គ្មាន​ប្រវត្តិ​ ចេះ​ខ្វល់ខ្វាយ​អំពីការ​រំលោភ​សិទ្ធិ​មនុស្ស និ​ង​បំផ្លាញ​ប្រជាធិបតេយ្យ​អ្វី​នោះ​ទេ។ ចំណុច​នេះ ត្រូវ​ចិត្ត​និង​​គោលជំហរ​របស់​របប​ក្រុង​ភ្នំពេញ​ដែល​មានះមិន​ព្រមស្តារ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ ព្រោះ​អាង​​បាន​រដ្ឋាភិបាលចិន​នៅ​ចាំ​ជួយ​កាង​ការពារ។

ដោយសារ​តែនិន្នាការ​នេះ​ធ្វើឲ្យ​ជនអន្តោប្រវេសន៍​ចិន​ហូរ​ចូល​ស្រុក​ខ្មែរ​ដូច​ទឹក​បាក់​ទំនប់។ អ្នក​ទាំង​នោះ ​រួមមាន​អ្នក​រកស៊ី​បើ​រោងចក្រ​សហគ្រាស​ធំៗ​អ្នក​ជំនួញ​ទូទៅ​អ្នក​បច្ចេកទេស ទេសចរណ៍ ជន​ស៊ីវិល​ទូទៅ និង​អ្នកមកលេង​ល្បែង​ស៊ីសង និង​ពួកក្រុម​ម៉ាហ្វីយ៉ា ជាដើម។

របាយការណ៍​ក្រសួង​មហាផ្ទៃ​ បង្ហាញថា ក្នុង​ឆ្នាំ ​២០១៩ មាន​ជន​ជាតិ​ចិន​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​រយ​:​ពេល​វែង ​ចំនួនជាង ២សែន៥ម៉ឺននាក់ (២៥០​.០០០)។

ជនជាតិ​ចិន​មួយ​ចំនួន​បាន​បង្កើត​ជា​បក្ស​ក្រុម​ចាប់ជម្រិតតាម​អនឡាញ ​និង​បណ្ដាញ​លាង​លុយ​កង្វក់​ថែម​ទៀត​ផង។ ក្រ​សួង​​​រតនាគារ​អាមេរិក​បាន​រក​ឃើញ​មេបក្ស​សង្គម​ងងឹត វ៉ាន គួក គ័​យ (Wan Kuok Koi​) ដែល​បានបង្កើត​សមាគម ឬ​បក្សហុងម៉ិន ក្នុង​ប្រទេស​កម្ពុជា​ដូច​គ្នា​នឹង​បក្ស​សង្គម​ងងឹត​នៅ​ម៉ាកាវ​ ឬហុងកុងដែរ។ ក្នុងថ្ងៃ​បើក​បក្ស​នោះ ក៏​មាន​វត្តមាន​មន្ត្រីធំៗ​ក្នុង​ជួរ​រាជការ​ រួម​ទាំង​ឧបនាយករដ្ឋមន្ត្រី​អ្នកស្រី ម៉ែន សំអន និង​មេអាវុធហត្ថ​លើ​ផ្ទៃប្រទេស​លោក សៅ សុខា ជា​ភ្ញៀវ​កត្តិយសទៀត​ផង។ បុគ្គល​ វ៉ាន គួកគ័យនេះ ត្រូវ​បានសហរដ្ឋអាមេរិក​រក​ឃើញ​ថា ​មាន​សកម្មភាព​ជិតស្និទ្ធ​ជាមួយ​ឧក្រិដ្ឋជន​ដទៃទៀត​ ក្នុង​ផ្នែក​ល្បែងស៊ីសង​ខុសច្បាប់​តាម​អ៊ីនធើណិត នៅ​ខេត្ត​ព្រះសីហនុ ដែល​នាំ​ឲ្យ​កើតឡើង​ច្រើន​នូវ​បទល្មើស​អំពើហិង្សា អំពើពុករលួយ និង​ការបន្លំ​ឆបោក​លុយរាប់​ពាន់​លាន​ដុល្លារ។

នៅខេត្តព្រះ​សីហនុ​ ជនជាតិ​ចិន​បាន​ក្ដោបក្តាប់​សេដ្ឋកិច្ច​ក្រុង​ទាំង​មូល​នាំឱ្យ​មាន​អតិផរណា​ កង្វះ​ការងារ​ធ្វើ​សម្រាប់​ពលរដ្ឋ​ម្ចាស់​ស្រុក និង​​​ខ្ទេចខ្ទាំហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ​និង​បំផ្លាញ​បរិស្ថាន​ជា​ដើម។ ប៉ុន្តែខេត្ត​នេះ ប្ដូរ​មុខ​មាត់​ទៅ​ជាទី​សំបូរ​អគារខ្ពស់ៗ​របស់​ក្រុមហ៊ុន​ចិន បនល្បែង​រយ​កន្លែងនិង​អគារ​សាងសង់​មិន​ទាន់​រួច​រាប់​រយអគារ។

China_3_in_prah_Sihanouk.jpg
ជនអន្តោប្រវេសន៍ចិនតែងតែបង្កការភ័យខ្លាច និងអសន្តិសុខនៅក្នុងប្រទេសកម្ពុជា។

សំណុំរឿង​ជន​បរទេស​រស់​នៅ​​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់​នេះ ពាក់ព័ន្ធគ្នា​នឹង​អំពើពុករលួយ។​ គិតត្រឹម​ឆ្នាំ​២០១៩ ក្រសួង​មហាផ្ទៃរកឃើញ​ឯកសារ​ក្លែងក្លាយ​ ឬ​មិន​ប្រក្រតី​ចំនួន​ជាង​២​ម៉ឺនច្បាប់ ដែល​ចេញឱ្យជនជាតិ​វៀតណាម​ ជាង៦ម៉ឺននាក់ ឲ្យ​កាន់កាប់ ​និង​ប្រើប្រាស់។​ ឯកសារទាំង​នោះ ជាប្រភេទ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ពលរដ្ឋ​ដូចជា សៀវភៅគ្រួសារ និង​សៀវភៅ​ស្នាក់​ជាដើម។ ឯកសារទាំង​នេះ ក៏មានសារ​សំខាន់សម្រាប់​ដាក់​ពាក្យ​សុំ​អត្ត​សញ្ញាណប័ណ្ណ និង​លិខិតឆ្លង​ដែនដែរ។

ពិតណាស់​ជនជាតិវៀតណាម​ទាំង​នោះ មិន​អាច​ទទួល​បាន​ឯកសារ​ស្របច្បាប់​ណាមួយ​បាននោះ​ឡើយ បើ​ពួកគេ​មិន​យក​ប្រាក់​ទៅ​ទិញ​ពី​មន្ត្រីកាន់ការ​ទាំង​នេះ។ ទោះជា​យ៉ាងណា​ក៏​ដោយ ក៏​គ្មាន​មន្ត្រី​ណា​ម្នាក់​ជាប់​ពិរុទ្ធ​ក្នុង​សំណុំរឿង​ចេញ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ឱ្យ​ជនបរទេស​ខុសច្បាប់​ទាំង​នេះ​នោះ​ឡើយ។ ក្រសួង​មហាផ្ទៃ​បាន​ត្រឹម​ដកហូត​ឯកសារ​ទាំងនោះ​មកវិញនិង​ពិន័យ​រដ្ឋបាល​លើ​មន្ត្រី​ដែល​ធ្វើខុស​ប៉ុណ្ណោះ។

សូម្បី​តែ​រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​លោក ស ខេង កាលពីខែកញ្ញា ឆ្នាំ២០១៥​ ក៏ទទួល​​ស្គាល់ ថា​កងកម្លាំង​នគរបាល​ជា​អ្នក​ការ​ពារ​ឧក្រិដ្ឋជន រួមមាន​ជនជាតិ​រុស្ស៊ីមួយក្រុម ដែល​ធ្វើព្យុះ​ធ្វើភ្លៀង​នៅ​ខេត្តព្រះសីហនុ​ស្រេច​តែ​នឹង​ចិត្ត

ជារួមជនបរទេស​នឹង​មិន​អាច​រស់​នៅ​ខុសច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជាដោយ​ស្រួល​បានទេ ប្រសិន​ណា​កម្ពុជា​មាន​ស្ថេរភាព​នយោបាយ សាមគ្គីភាព​ផ្ទៃក្នុង និង​មាន​នីតិរដ្ឋ​ពិត​ប្រាកដ។ ដូច្នេះ​បញ្ហា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ នៅតែ​ជា​អាទិភាព​ចម្បង ​ដែល​អ្នកកាន់​អំណាច​គួរ​ដោះស្រាយ​ ឱ្យបាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើទៅ​បាន ដើម្បី​បង្ហាញពីប្រសិទ្ធភាព​នៃការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ សមត្ថភាព​ដឹកនាំ​រដ្ឋ និង​ឆន្ទៈនយោបាយ​ពិត​ប្រាកដ​ដើម្បី​ប្រយោជន៍​ជាតិ​ ពិសេស​ប្រាប់​ជន​រួមជាតិ​របស់​ខ្លួនថា ខ្លួន​ធ្វើការបម្រើ​ជាតិ​ខ្មែរ​ មិនមែន​ធ្វើការ​តាមខ្សែ​ញាក់​របស់​បរទេស​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។