បញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់ជាក្ដីកង្វល់ដ៏ធំមួយរបស់បណ្ដាអ្នកស្នេហាជាតិខ្មែរ។ អ្នកគិតគូរពីបញ្ហាជាតិទាំងនោះយល់ថា កំណើនជនអន្តោប្រវេសន៍ខុសច្បាប់នឹងធ្វើឱ្យខ្មែរខាតបង់ប្រយោជន៍សេដ្ឋកិច្ចដណ្ដើមឱកាសការងាររបស់ពលរដ្ឋខ្មែរម្ចាស់ស្រុក បង្កើតឲ្យមានភាពអយុត្តិធម៌សង្គមការច្រណែននិងការរើសអើងជាតិសាសន៍កើតមានអសន្តិសុខសង្គម ប៉ះពាល់ដល់សុវត្ថិភាពសាធារណៈបំពុលបរិស្ថានព្រមទាំងប៉ះពាល់ដល់អធិបតេយ្យជាតិជាដើម។
ទោះជាយ៉ាងណាក្ដី ជនអន្តោប្រវេសន៍រាប់សែននាក់រួមទាំងជនអន្តោប្រវេសន៍ខុសច្បាប់រាប់ម៉ឺននាក់ផងបានរស់នៅក្នុងប្រទេសកម្ពុជាយ៉ាងសុខសាន្តរួចទៅហើយ។ជនបរទេសទាំងនោះអាចរស់នៅសុខសាន្តទៅបានដោយសារមូលហេតុសំខាន់មួយគឺការអនុវត្តច្បាប់អន្តោប្រវេសន៍មិនមានប្រសិទ្ធភាព។ការអនុវត្តច្បាប់មិនមានប្រសិទ្ធភាពនេះអាចមកពីកត្តាសំខាន់ៗមួយចំនួន រួមមាន ភាពខ្វះឆន្ទៈរបស់អ្នកដឹកនាំរដ្ឋដោយសារតែកត្តានយោបាយនិងអំពើពុករលួយ ដែលចាក់ស្រេះយ៉ាងជ្រៅក្នុងសង្គមខ្មែរ។

ការហូរចូលនៃជនអន្តោរប្រវេសន៍ខុសច្បាប់ទាក់ទងគ្នាយ៉ាងខ្លាំងទៅនឹងឆន្ទៈ និងនិន្នាការនយោបាយរបស់អ្នកកាន់អំណាច។នៅស្រុកនេះបើអ្នកកាន់អំណាចទោរទន់ទៅខាងណាជនជាតិនោះនឹងមកច្រើនទៅតាមនោះ។ ក្រសួងមហាផ្ទៃឱ្យដឹងថា ជនជាតិវៀតណាមមានចំនួនច្រើនជាងគេ តាមពីក្រោយដោយជនជាតិចិននិងជនបរទេសចម្រុះជាតិសាសន៍ដទៃទៀត។
ទោះបីជាជនជាតិវៀតណាមរាប់ម៉ឺននាក់ បាននាំគ្នារត់ចេញពីកម្ពុជាទៅវៀតណាមវិញកាលក្នុងសម័យសាធារណរដ្ឋខ្មែរ ឬរបប លន់ នល់ កាលពីឆ្នាំ១៩៧០ ដែលកាលណោះ គោលនយោបាយរបស់របបនោះមានភាពតឹងរឹងខ្លាំង ប្រឆាំងវត្តមានជនជាតិវៀតណាមនៅលើដីខ្មែរពួកគេវិលត្រលប់មកវិញ ចាប់ពីឆ្នាំ១៩៧៩ ក្រោយរបបខ្មែរក្រហមដួលរលំ។
ឯកសារប្រវត្តិសាស្រ្តជាច្រើនបង្ហាញថា កងទ័ពវៀតណាមជាង១សែន៥ម៉ឺននាក់ កាលពីចុងឆ្នាំ១៩៧៨ បានវាយសម្រុកចូលឈ្លានពានទឹកដីកម្ពុជារហូតធ្វើឲ្យរបបខ្មែរក្រហមដួលរលំភ្លាមៗ។ ក្នុងការឈ្លានពាននេះក៏មានការចូលរួមពីកម្មាភិបាលខ្មែរក្រហមដែលផ្តាច់ខ្លួនបង្កើតរណៈសិរ្ស ២ ធ្នូ ដោយមានវៀតណាមនៅពីក្រោយ មានដូចជាលោក ប៉ែន សុវណ្ណ លោក ជា ស៊ីម លោក ហេង សំរិន និងលោក ហ៊ុន សែន ជាដើម។
មន្រ្តីខ្មែរដែលបង្កើតរណៈសិរ្ស ២ ធ្នូ ហៅការឈ្លានពានរបស់វៀតណាមថាជាការរំដោះជាតិ និងប្រជាពលរដ្ឋឲ្យរួចផុតពីរបបពិឃាតខ្មែរក្រហម។ភ្លាមៗក្រោយដួលរលំនៃរបបខ្មែរក្រហម វៀតណាមបានលើកបន្តុបមន្រ្តីខ្មែរទាំងនោះឲ្យដឹកនាំប្រទេសដើម្បីធ្វើជាកូនជឹងរបស់ខ្លួន។
ជាការដឹងគុណរបបក្រុងភ្នំពេញបានសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាមជាង ២០ នៅទូទាំងប្រទេស។ដោយការជំពាក់គុណវៀតណាមដែលបានជួយលើកបន្តុបខ្លួនឲ្យបានកាន់អំណាចនេះមេដឹកនាំរបបក្រុងភ្នំពេញ បានជួយសម្រួលសព្វបែបយ៉ាងដើម្បីឲ្យជនអន្តោប្រវេសន៍វៀតណាមបន្តហូរចូល និងរស់នៅយ៉ាងសុខសាន្តនៅក្នុងប្រទេសកម្ពុជា។
ប៉ុន្តែនៅក្នុងចំណោមមេដឹកនាំទាំងនោះមានមេដឹកនាំខ្មែរម្នាក់ ដែលជំទាស់នឹងវត្តមានរបស់ជនអន្តោប្រវេសន៍វៀតណាម រហូតនាំទុក្ខដល់ខ្លួន។

កាលពីឆ្នាំ២០០៧ ក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី អតីតនាយករដ្ឋមន្ត្រីក្នុងសម័យឆ្នាំ១៩៧៩ លោក ប៉ែន សុវណ្ណ លើកឡើងថា ជនអន្តោប្រវេសន៍វៀតណាមមករស់នៅស្រុកខ្មែរ ក្រោយថ្ងៃ៧ មករា ឆ្នាំ១៩៧៩ បានបង្ករជាប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បូរណភាពទឹកដីនិងអធិបតេយ្យជាតិ។ លោកថា លោកចង់បង្កើតក្រុមការងារមួយដោះស្រាយបញ្ហាអន្តោរប្រវេសន៍ដែរ ប៉ុន្តែត្រូវបានការិយាល័យនយោបាយជំទាស់ « អ្នកប្រឆាំងខ្ញុំស្រួចស្រាល់បំផុត គឺលោក ហ៊ុន សែន។ គេថាកុំបង្កើត គណៈកម្មការព្រំដែនជនអន្តោ ប្រវេសន៍ហ្នឹងធ្វើ អ៊ីចឹងដូចយើង ចង្អៀតចង្អល់ជាតិនិយមហួសហេតុ ព្រោះប្រជាជន វៀតណាម គេមករស់នៅ រកស៊ីធម្មតាសាមញ្ញាដូចប្រជាពលរដ្ឋខ្មែរអ៊ីចឹងដែរ… » ។
លោក ប៉ែន សុវណ្ណ ត្រូវកងទ័ពវៀតណាម និងមន្ត្រីខ្មែរ ចាប់ដាក់គុកនៅវៀតណាម អសរយៈពេល ១០ឆ្នាំ។ លោកសន្និដ្ឋានថាមូលហេតុមួយដែលគេចាប់លោកដាក់គុកនេះ គឺដោយសារលោកជំទាស់នឹងវត្តមានពលរដ្ឋវៀតណាម ដែលហូរចូលមករស់នៅកម្ពុជា កាន់តែច្រើនឡើងៗ។ លោកទទួលមរណភាពកាលពីចុងខែ ខែតុលា ឆ្នាំ២០១៦ ដោយរោគាពាធ ក្នុងវ័យ ៨០ឆ្នាំ។
បន្ទាប់ពីកម្ពុជា មានរដ្ឋាភិបាលចម្រុះកើតក្រោយការបោះឆ្នោតលើកដំបូងរួចមកនោះរដ្ឋសភាបានធ្វើច្បាប់អន្តោប្រវេសន៍ដែលអនុម័តនៅឆ្នាំ១៩៩៤។ ច្បាស់នេះជាមូលដ្ឋានគតិយុត្តិសម្រាប់ដោះស្រាយបញ្ហាអន្តរប្រវេសន៍។ទោះជាច្បាប់នេះមានពិត តែវាអនុវត្តបានតែលើករណីជនជាតិវៀតណាមឬជនបរទេសដទៃទៀតដែលត្រូវអាជ្ញាធរចាប់ខ្លួនបាន ដោយប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌឬឧក្រឹដ្ឋកម្មធ្ងន់ធ្ងរប៉ុណ្ណោះ។ជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ដែលមិនប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌឬឧក្រិដ្ឋកម្មធ្ងន់ធ្ងរនៅបន្តរស់នៅយ៉ាងសុខសាន្តទោះមកនៅដោយខុសច្បាប់ក្តី។ផ្ទុយទៅវិញ ខាងអាជ្ញធរវៀតណាមឃាត់ខ្លួន និងតែងតែបញ្ជូនពលរដ្ឋខ្មែរមកវិញដូចជាអ្នកសុំទានខ្មែរ និងលក់ឆ្នោត ពេលចូលដីវៀតណាមខុសច្បាប់។
នាយកដ្ឋានអន្តោប្រវេសន៍ផ្សាយថា ខ្លួនបានបណ្ដេញជនបរទេសចេញពីកម្ពុជាចំនួនជាង ១ម៉ឺន៥នាក់ ក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះដែលភាគច្រើនជាជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់។ ប៉ុន្តែការបណ្ដេញចេញនេះគឺធ្វើឡើងដោយសារអ្នកទាំងនោះប្រព្រឹត្តបទល្មើសផ្សេងៗជាជាងបណ្ដេញចេញដោយការធ្វើអន្តោប្រវេសន៍ខុសច្បាប់។

ទោះជាមានការបណ្ដេញចេញជនបរទេសជាពិសេសជនជាតិវៀតណាមខ្លះក៏ដោយក៏ការហូរចូលនៃជនជាតិវៀតណាមមានច្រើនជាងហូរចេញ។ សហគមន៍វៀតណាមនៅកម្ពុជាកាន់តែរីកធំទៅៗ។ទោះបីវៀតណាមដកទ័ពចេញពីកម្ពុជាកាលពីឆ្នាំ១៩៨៩ ក្រោយលុកលុយនិងដាក់ទ័ពនៅកម្ពុជាអស់១០ឆ្នាំនោះក៏ដោយក៏រហូតមកដល់ពេលនេះសមាគមវៀតណាមបានពង្រីកសាខាស្ទើគ្រប់ខេត្តក្រុង។
សមាគមវៀតណាមមានតួនាទីមើលការខុសត្រូវជួយអន្តរាគមន៍លើរាល់បញ្ហា ដែលជនជាតិវៀតណាមជួបប្រទះ។ កាលពីខែមិថុនាកន្លងទៅក្នុងពេលអាជ្ញាធរដេញជនជាតិវៀតណាម ដែលរស់នៅខុសច្បាប់ ចេញពីផ្ទៃទន្លេ ក្នុងរាជធានីភ្នំពេញ ប្រធានសមាគមវៀតណាមបានចេញលិខិតមួយ មិនមែនជួយអន្តរាគមន៍ដើម្បីសម្រួលឲ្យជនជាតិវៀតណាមទាំងនោះបានវិលទៅប្រទេសវៀតណាមវិញនោះទេ ប៉ុន្តែបែរជាហាមឃាត់ និងរកមធ្យោបាយរារារាំងមិនឱ្យជនជាតិវៀតណាមទាំងអស់នោះត្រឡប់ទៅស្រុកវិញឡើយ ដោយឲ្យបន្តរស់នៅកម្ពុជា។
ជាងនេះទៅទៀតដើម្បីទប់កុំឲ្យជនជាតិខ្លួនវិលទៅស្រុកខ្លួនវិញ អាជ្ញាធរវៀតណាមបញ្ជូននាវានិងសាឡង់ជាច្រើនគ្រឿងបិទទន្លេត្រង់ព្រំដែន មិនឱ្យពលរដ្ឋទាំងនោះចូលទឹកដីវៀតណាមបាន។ ភាគីអន្តោរប្រវេសន៍កម្ពុជាវិញ បានត្រឹមជួបទូតវៀតណាមនៅភ្នំពេញ ចរចាពិភាក្សាគ្នាតែគ្មានបានផលអ្វីទាំងអស់។
ជនជាតិវៀតណាមដែលនៅលើទឹកស្រាប់ទាំងនោះបានមករស់នៅលើគោកយ៉ាងគ្រហ៊ើៗដោយមានអាជ្ញាធរក្រុងភ្នំពេញ សម្រួលនិងរៀបចំកន្លែងឱ្យស្នាក់នៅជូនពួកគេយ៉ាងសមគួរថែមទៀតផង។

ទោះបីជនជាតិវៀតណាមរស់នៅខុសច្បាប់នៅកម្ពុជាប៉ុន្តែពួកគេហាក់ដូចជាបានទទួលការយកចិត្តទុកដាក់ និងការពារយ៉ាងសម្បើម។
ក្នុងពេលជាងជិត ៣០ឆ្នាំ ចុងក្រោយនេះជារៀងរាល់ពេលអ្នកធំៗកម្ពុជា និងវៀតណាមជួបគ្នាក្នុងជំនួបផ្លូវការម្ដងៗ មិនថា ថ្នាក់ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលប្រមុខបក្សប្រមុខរដ្ឋសភាឬយោធានោះទេគឺមេដឹកនាំវៀតណាម មិនញញើតមាត់ ចំពោះការស្នើឱ្យកម្ពុជាផ្ដល់ភាពស្របច្បាប់ ជូនពលរដ្ឋខ្លួនដើម្បីបន្តរស់នៅលើទឹកដីខ្មែរនោះឡើយ។បើទោះជាគ្មានមេដឹកនាំកម្ពុជាណាម្នាក់ឆ្លើយតបថាព្រមឬឆ្លើយថាទេ ចំពោះសំណើពីវៀតណាមក៏ដោយក៏គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០១៩កម្ពុជាបានផ្ដល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ជូនជនជាតិវៀតណាមចំនួនជិត៩ម៉ឺននាក់ (៨៩.៤៧១នាក់)រួចទៅហើយ។ នេះបើតាមរបាយការណ៍ផ្លូវការពីក្រសួងមហាផ្ទៃដែលចេញផ្សាយកាលពីឆ្នាំ២០២០។
លើសពីនេះកម្ពុជាថែមទាំងបានរៀបចំដី ៤០ហិចតា សម្រាប់ទទួលជនជាតិវៀតណាមនៅក្នុងទន្លេខេត្តកំពង់ឆ្នាំងឱ្យពួកគេឡើងមករស់នៅលើដីគោកនោះទៅទៀត។ប្រការនេះធ្វើឲ្យពលរដ្ឋម្ចាស់ស្រុកដែលមានជម្លោះដីធ្លី និងអ្នកខ្វះដីសង់ផ្ទះសម្បែងដោយសារអាជ្ញាធរបណ្តេញចេញពីលំនៅដ្ឋានប្រៀបធៀបអំពីការប្រព្រឹត្តរបស់អាជ្ញាធរមកលើពលរដ្ឋម្ចាស់ស្រុកនិងការប្រព្រឹត្តចំពោះជនអន្តោប្រវេសន៍វៀតណាម។
គិតមកដល់ពេលនេះដែររបបក្រុងភ្នំពេញបានផ្ដល់ដីសម្បទានជាង១លានហិចតារឱ្យក្រុមហ៊ុនឯកជន។ ក្នុងនោះមានក្រុមហ៊ុនឯកជន និងរដ្ឋវៀតណាមជាច្រើន បានទទួលដីសម្បទានទាំងនេះ។ ពួកគេថែមទាំងទទួលជនជាតិវៀតណាមរាប់ពាន់នាក់មកធ្វើការនៅលើដីសម្បទានរបស់ខ្មែរទាំងនោះថែមទៀតផង។
ជាងនេះទៅទៀតការជជែកអំពីបញ្ហាជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់នេះ ជាពិសេសពេលមន្រ្តីគណបក្សប្រឆាំងឬសកម្មជនទូទៅលើកបញ្ហានេះ បានក្លាយជារឿងរសើប និងរងការរិះគន់ និងជំទាស់ពីខាងមន្រ្តីគណបក្សកាន់អំណាច និងរដ្ឋាភិបាល ដោយចាត់ទុករឿងនេះថាជាការរើសអើងពូជសាសន៍។ការបំបិទមាត់អ្នកលើកបញ្ហាជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់នេះដោយយកលេសថា ជាការរើសអើងពូជសាសន៍នេះ ធ្វើឲ្យបញ្ហានេះ ខ្វះឆន្ទៈនយោបាយក្នុងការយកចិត្តទុកដាក់ឲ្យបានត្រឹមត្រូវ។ រឿងនេះក្លាយជាប្រធានបទប៉ះមិនបាន។
ជារឿយៗ នៅពេលបោះឆ្នោតជាតិម្តងៗ បញ្ហានៃភាពមិនប្រក្រតីពីមណ្ឌលបោះឆ្នោតមួយចំនួន កើតមានឡើងដោយប្រជាពលរដ្ឋរាយការណ៍អំពីវត្តមានរបស់ជនជាតិវៀតណាមដែលមានអត្តសញ្ញាណបណ្ណខ្មែរចូលរួមបោះឆ្នោតសម្រេចជោគវាសនារបស់ខ្មែរ។ មន្រ្តីបក្សប្រឆាំងក៏មិនគាំទ្រឲ្យជនអន្តោប្រវេសន៍វៀតណាមមានសិទ្ធិបោះឆ្នោតដើម្បីសម្រេចរឿងជោគវាសនារបស់ប្រទេសជាតិនោះដែរ។ប៉ុន្តែគណៈកម្មាធិការជាតិរៀបចំបោះឆ្នោតមិនបានស៊ើបអង្កេតករណីនេះនោះឡើយ។គណៈកម្មការជាតិរៀបចំការបោះឆ្នោត តែងតែរងការរិះគន់ថាលម្អៀងទៅរកគណបក្សកាន់អំណាច និងរបបដឹកនាំសព្វថ្ងៃដោយសារសមាសភាពជាច្រើនក្នុងគណៈកម្មាធិការនេះជាមនុស្សស្និទ្ធនឹងគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន។
ចំពោះជនអន្តោប្រវេសន៍ជាតិចិនវិញជនជាតិនេះក៏មករស់នៅកម្ពុជាតាមរយៈនិន្នាការនយោបាយរបស់លោក ហ៊ុន សែន និងរស់នៅយ៉ាងសុខសាន្តដោយមានការយកចិត្តទុកដាក់និងការពារយ៉ាងពេញទំហឹងពីរបបក្រុងភ្នំពេញដែរ។

ជនជាតិចិនទទួលបានកិច្ចការពារពិសេសពីរបបក្រុងភ្នំពេញក៏ដោយសារតែជំហរនយោបាយរបស់របបលោក ហ៊ុន សែន ដែលងាកខ្លាំងទៅរកប្រទេសចិនកុម្មុនិស្តនេះដើម្បីជាខ្នងបង្អែកទប់ទល់នឹងប្រទេសប្រជាធិបតេយ្យសេរីដែលមិនពេញចិត្តនឹងការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរនៅកម្ពុជា។
ប្រទេសចិនគ្មានប្រវត្តិ ចេះខ្វល់ខ្វាយអំពីការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យអ្វីនោះទេ។ចំណុចនេះត្រូវចិត្តនិងគោលជំហររបស់របបក្រុងភ្នំពេញដែលមានះមិនព្រមស្តារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញ ព្រោះអាងបានរដ្ឋាភិបាលចិននៅចាំជួយកាងការពារ។
ដោយសារតែនិន្នាការនេះធ្វើឲ្យជនអន្តោប្រវេសន៍ចិនហូរចូលស្រុកខ្មែរដូចទឹកបាក់ទំនប់។អ្នកទាំងនោះរួមមានអ្នករកស៊ីបើរោងចក្រសហគ្រាសធំៗអ្នកជំនួញទូទៅអ្នកបច្ចេកទេស ទេសចរណ៍ ជនស៊ីវិលទូទៅ និងអ្នកមកលេងល្បែងស៊ីសង និងពួកក្រុមម៉ាហ្វីយ៉ា ជាដើម។
របាយការណ៍ក្រសួងមហាផ្ទៃ បង្ហាញថា ក្នុងឆ្នាំ ២០១៩ មានជនជាតិចិនរស់នៅក្នុងប្រទេសកម្ពុជារយ:ពេលវែង ចំនួនជាង ២សែន៥ម៉ឺននាក់ (២៥០.០០០)។
ជនជាតិចិនមួយចំនួនបានបង្កើតជាបក្សក្រុមចាប់ជម្រិតតាមអនឡាញនិងបណ្ដាញលាងលុយកង្វក់ថែមទៀតផង។ ក្រសួងរតនាគារអាមេរិកបានរកឃើញមេបក្សសង្គមងងឹត វ៉ាន គួក គ័យ (Wan Kuok Koi) ដែលបានបង្កើតសមាគមឬបក្សហុងម៉ិនក្នុងប្រទេសកម្ពុជាដូចគ្នានឹងបក្សសង្គមងងឹតនៅម៉ាកាវ ឬហុងកុងដែរ។ ក្នុងថ្ងៃបើកបក្សនោះក៏មានវត្តមានមន្ត្រីធំៗក្នុងជួររាជការរួមទាំងឧបនាយករដ្ឋមន្ត្រីអ្នកស្រី ម៉ែន សំអន និងមេអាវុធហត្ថលើផ្ទៃប្រទេសលោក សៅ សុខា ជាភ្ញៀវកត្តិយសទៀតផង។ បុគ្គល វ៉ាន គួកគ័យនេះ ត្រូវបានសហរដ្ឋអាមេរិករកឃើញថា មានសកម្មភាពជិតស្និទ្ធជាមួយឧក្រិដ្ឋជនដទៃទៀត ក្នុងផ្នែកល្បែងស៊ីសងខុសច្បាប់តាមអ៊ីនធើណិត នៅខេត្តព្រះសីហនុ ដែលនាំឲ្យកើតឡើងច្រើននូវបទល្មើសអំពើហិង្សា អំពើពុករលួយ និងការបន្លំឆបោកលុយរាប់ពាន់លានដុល្លារ។
នៅខេត្តព្រះសីហនុ ជនជាតិចិនបានក្ដោបក្តាប់សេដ្ឋកិច្ចក្រុងទាំងមូលនាំឱ្យមានអតិផរណាកង្វះការងារធ្វើសម្រាប់ពលរដ្ឋម្ចាស់ស្រុក និងខ្ទេចខ្ទាំហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងបំផ្លាញបរិស្ថានជាដើម។ប៉ុន្តែខេត្តនេះប្ដូរមុខមាត់ទៅជាទីសំបូរអគារខ្ពស់ៗរបស់ក្រុមហ៊ុនចិនបនល្បែងរយកន្លែង និងអគារសាងសង់មិនទាន់រួចរាប់រយអគារ។

សំណុំរឿងជនបរទេសរស់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់នេះ ពាក់ព័ន្ធគ្នានឹងអំពើពុករលួយ។ គិតត្រឹមឆ្នាំ២០១៩ ក្រសួងមហាផ្ទៃរកឃើញឯកសារក្លែងក្លាយឬមិនប្រក្រតីចំនួនជាង២ម៉ឺនច្បាប់ដែលចេញឱ្យជនជាតិវៀតណាម ជាង៦ម៉ឺននាក់ ឲ្យកាន់កាប់ និងប្រើប្រាស់។ ឯកសារទាំងនោះ ជាប្រភេទឯកសារបញ្ជាក់អត្តសញ្ញាណពលរដ្ឋដូចជា សៀវភៅគ្រួសារ និងសៀវភៅស្នាក់ជាដើម។ ឯកសារទាំងនេះក៏មានសារសំខាន់សម្រាប់ដាក់ពាក្យសុំអត្តសញ្ញាណប័ណ្ណនិងលិខិតឆ្លងដែនដែរ។
ពិតណាស់ជនជាតិវៀតណាមទាំងនោះមិនអាចទទួលបានឯកសារស្របច្បាប់ណាមួយបាននោះឡើយបើពួកគេមិនយកប្រាក់ទៅទិញពីមន្ត្រីកាន់ការទាំងនេះ។ទោះជាយ៉ាងណាក៏ដោយ ក៏គ្មានមន្ត្រីណាម្នាក់ជាប់ពិរុទ្ធក្នុងសំណុំរឿងចេញឯកសារបញ្ជាក់អត្តសញ្ញាណឱ្យជនបរទេសខុសច្បាប់ទាំងនេះនោះឡើយ។ ក្រសួងមហាផ្ទៃបានត្រឹមដកហូតឯកសារទាំងនោះមកវិញ និងពិន័យរដ្ឋបាលលើមន្ត្រីដែលធ្វើខុសប៉ុណ្ណោះ។
សូម្បីតែរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង កាលពីខែកញ្ញា ឆ្នាំ២០១៥ ក៏ទទួលស្គាល់ ថាកងកម្លាំងនគរបាលជាអ្នកការពារឧក្រិដ្ឋជន រួមមានជនជាតិរុស្ស៊ីមួយក្រុមដែលធ្វើព្យុះធ្វើភ្លៀងនៅខេត្តព្រះសីហនុស្រេចតែនឹងចិត្ត។
ជារួមជនបរទេសនឹងមិនអាចរស់នៅខុសច្បាប់នៅក្នុងប្រទេសកម្ពុជាដោយស្រួលបានទេ ប្រសិនណាកម្ពុជាមានស្ថេរភាពនយោបាយសាមគ្គីភាពផ្ទៃក្នុងនិងមាននីតិរដ្ឋពិតប្រាកដ។ ដូច្នេះបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់នៅតែជាអាទិភាពចម្បង ដែលអ្នកកាន់អំណាចគួរដោះស្រាយ ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបានដើម្បីបង្ហាញពីប្រសិទ្ធភាពនៃការពង្រឹងការអនុវត្តច្បាប់អន្តោប្រវេសន៍សមត្ថភាពដឹកនាំរដ្ឋនិងឆន្ទៈនយោបាយពិតប្រាកដដើម្បីប្រយោជន៍ជាតិពិសេសប្រាប់ជនរួមជាតិរបស់ខ្លួនថា ខ្លួនធ្វើការបម្រើជាតិខ្មែរ មិនមែនធ្វើការតាមខ្សែញាក់របស់បរទេសឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។