បទវិភាគ៖ តើពេលណាសមស្រប ដែលលោក សម រង្ស៊ី អាចវិលចូលស្រុកខ្មែរវិញ?
2019.04.27
ស្របពេលដែលអ្នកគាំទ្ររបស់បក្សប្រឆាំង កំពុងត្រៀមខ្លួន និងទន្ទឹងរង់ចាំការវិលត្រឡប់របស់លោក សម រង្ស៊ី ទៅស្រុកខ្មែរវិញឆាប់ៗ របបលោក ហ៊ុន សែន ធ្វើយុទ្ធនាការបង្អើលលោក សម រង្ស៊ី កុំឱ្យវិលមកវិញ ដោយបន្តចាប់សកម្មជនបក្សនេះដាក់ពន្ធនាគារ គំរាមងើបមួយវ៉ៃមួយ និង ចេញដីកាតាមចាប់មន្ត្រីជាន់ខ្ពស់បក្សនេះ ៨រូបបន្ថែមទៀត រូបទាំងលោក សម រង្ស៊ីផង។ ប៉ុន្តែ លោក សម រុស្ស៊ី ឯណោះវិញ មិនរាថយទេ ដោយចុងក្រោយនេះ ធ្វើដំណើរទៅដឹកនាំបាតុកម្មភ្លើងទៀន នៅប្រទេសកូរ៉េ ដែលកាន់តែកៀកកម្ពុជា ហើយប្ដេជ្ញាថានឹងវិលត្រឡប់ទៅ ស្រុកខ្មែរវិញនៅឆ្នាំ២០១៩ នេះឱ្យខាងតែបាន ទោះលោក ហ៊ុន សែន គំរាមប្រើកាំភ្លើងយន្តបាញ់រះ នៅតាមព្រំដែនក៏ដោយ។
តើលោក សម រង្ស៊ី អាចនឹងវិលចូលស្រុកខ្មែរវិញ តាមការសន្យារបស់គាត់ដែរឬយ៉ាងណា?
ថ្ងៃឱសានវាទនៃការភ្នាល់គ្នា រវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី បានកន្លងផុតជិតពីរខែហើយ។ នៅក្នុងការភ្នាល់គ្នានោះ លោក សម រង្ស៊ី ភ្នាល់ថា លោកសុខចិត្ត វិលត្រឡប់ទៅស្រុកខ្មែរវិញ បើទោះបីជាត្រូវចាប់ខ្លួន បើប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា មិនត្រូវបានដោះលែងឱ្យមានសេរីភាពពេញលេញវិញ នៅត្រឹមថ្ងៃទី៣ ខែមីនា។ ចំណែកឯលោក ហ៊ុន សែន ឯណោះវិញ អះអាងថា រឿងដោះលែងលោក កឹម សុខា គឺចាំទាល់តែសេះដុះស្នែង។ មានន័យថា អត់ដោះលែងរហូត។ លោកភ្នាល់ថា បើលោកដោះលែង លោក កឹម សុខា នោះលោកនឹងសុខចិត្តចុះចេញពីតំណែងនាយករដ្ឋមន្ត្រីភ្លាម។
ទោះជាយ៉ាងនេះក្តី ការភ្នាល់គ្នានេះ គ្មានលក្ខណៈផ្លូវការ ឬទទួលស្គាល់ ពីស្ថាប័នណាមួយ ក្រៅពីបុគ្គលទាំងពីររូបនេះ នោះឡើយ។
ទោះក្រៅផ្លូវការយ៉ាងណាក្តី ទាំងលោក ហ៊ុន សែន និង លោក សម រង្ស៊ី សុទ្ធតែត្រៀមជើងព្រួលដូចគ្នា។ ខាងលោក ហ៊ុន សែន ត្រៀមកម្លាំងស្វាគមន៍លោក សម រង្ស៊ី។ ប៉ុន្តែ មិនមែនស្វាគមន៍ដោយក្តីស្មោះសរ ក្នុងន័យត្រេកអរ ចង់ឃើញវត្តមានលោក សម រង្ស៊ី វិលមកស្រុកខ្មែរវិញទេ។លោកស្វាគមន៍ចាំចាប់ដាក់គុក៖ «អ្នកដែលបានត្រៀមខ្លួនចូលស្រុក ខ្ញុំក៏បានត្រៀមខ្នោះ និងគុករួចហើយដែរ។ សូមអញ្ជើញអ្នកក្លាហាន មកកាន់ទឹកដីកម្ពុជា បន្ទាប់ពីឱសានវាទនៃការភ្នាល់គ្នា។ បើមិនមក អ្នកឯងមិនមែនជាមនុស្សទេ គឺជាសត្វតិរច្ឆាន! ព្រៃសចាំ ឬត្រពាំងផ្លុង ឬ ព្រះវិហារ ឬឧត្តរមានជ័យ ឬ កន្លែងណា everywhere! បើសិនអ្នកឯងមិនមក គឺអ្នកឯងជាសត្វឆ្កែសុទ្ធ»។
លោក ហ៊ុន សែន ខំប្រឹងធ្វើឱ្យព្រឹត្តិការណ៍នេះ កាន់តែគួរឱ្យព្រឺខ្លាច ដោយលោកឱ្យមន្ត្រីនាំពាក្យរបបលោក និង ស្ថាប័នតុលាការ ដែលរងការរិះគន់ ថាជាឧបករណ៍នយោបាយរបស់លោក និង កងកម្លាំងសមត្ថកិច្ចផង បញ្ចេញសារព្រមៗគ្នា ថាដីកាចាប់ខ្លួនលោក សម រង្ស៊ី មានក្នុងដៃរួចស្រាប់ និង ថាកម្លាំងត្រៀមចាំអស់ហើយ។ មន្ត្រីនាំពាក្យនៃរបបនេះ ថែមទាំងព្រលយពាក្យថា នឹងចូលទៅចាប់លោក សម រង្ស៊ី នៅព្រលានយន្តហោះស្ងាត់ៗ ដោយមិនឱ្យអ្នកគាំទ្រលោក សម រង្ស៊ី ដឹងជាមុនផង។
មិនតែប៉ុណ្ណោះ ដើម្បីកុំឱ្យសមត្ថកិច្ចពិបាកសុំយោបល់យូរ លោក ហ៊ុន សែន ថែមទាំងបើកភ្លើងខៀវ ថាឱ្យចាត់ការភ្លាមៗទៅលើលោក សម រង្ស៊ី ដោយមិនបាច់សួរលោកទេ៖ «ហើយមិនចាំបាច់មានបទបញ្ជាទេ ដីកាតុលាការ គេតាមឱ្យចាប់ខ្លួនអាណា តាមចាប់អាហ្នឹងទៅ! មិនចាំបាច់ថាវានៅឯណា មកឯណា អីឯណាទេ! ចុះសួរធ្វើអីទៀត បើដីកាតុលាការគេចេញបញ្ជា ឱ្យតាមចាប់ក្បាលអាណានោះ ចាប់អាហ្នឹងទៅ កុំខ្វល់វា»។
រឹតតែធ្វើឱ្យសាររបស់លោកស្ដាប់ទៅព្រឺខ្លាចបន្ថែមទៀតនោះ លោក ហ៊ុន សែន កាលពីចុងខែ មីនា កន្លងទៅថ្មីៗនេះ ព្រមានប្រើកាំភ្លើងស្វ័យប្រវត្តិ ដែលដាក់នៅតាមព្រំដែន ដើម្បីកម្ទេចលោក សម រង្ស៊ី ថែមទៀតផង៖ «ហើយបើមកតាមទល់ដែន អាហ្នឹងល្អមើលតើ! អញអត់ដឹងទេ! ឯងត្រូវដឹង ទល់ដែនគេធ្វើម៉េច? គេដាក់ត្រង់សេ ហើយគេមានកាំភ្លើងយន្តនៅទីនោះ! ប៉ុន្តែ ឯងត្រូវដឹង បើមកតាមទល់ដែនគឺរឿងធំហើយ»។
ការត្រៀមជើងព្រួលរបស់លោក ហ៊ុន សែន នេះ បើតាមមើលទៅ ហាក់ដូចជាមាំទាំខ្លាំងណាស់។ នេះអាចមិនមែនលោកចង់ចាប់លោក សម រង្ស៊ី ទេ តែអាចចង់បង្អើលកុំឱ្យលោក សម រង្ស៊ី វិលមកស្រុកវិញជាង។ មិនត្រឹមតែគំរាមចាំចាប់លោក សម រង្ស៊ី ប៉ុណ្ណោះទេ លោក ហ៊ុន សែន ត្រៀមមនុស្សចាំធ្វើបាប អ្នកដែលហ៊ានមកទទួលដំណើរលោក សម រង្ស៊ី ថែមទៀតផង៖ «បើបានជាជ្រុលអ៊ីចឹងទៅហើយ គឺថា លេងម៉ាអស់ដៃ។ គោលដៅរបស់យើង គឺមិនអាចលើកលែងឱ្យអ្នកណាក៏ដោយ ដែលមានការប៉ុនប៉ងដើម្បីធ្វើជាឈ្នាន់សម្រាប់ការចូលមករបស់ សម រង្ស៊ី ដើម្បីចូលស្រុក»។
នេះមិនមែនជាលើកទីមួយទេ ដែលលោក ហ៊ុន សែន បារម្ភខ្លាចលោក សម រង្ស៊ី វិលទៅស្រុកខ្មែរវិញនេះ។ កាលពីខែ តុលា ឆ្នាំ ២០១៦ ធ្លាប់ចេញបញ្ជាឱ្យហាមជើងយន្តដឹកអ្នកដំណើរទាំងអស់ កុំដឹកលោក សម រង្ស៊ី ទៅកម្ពុជាឱ្យសោះ។ បើយន្តហោះណាមួយហ៊ានដឹក ត្រូវបង្វែរជើងហោះហើរនោះ ទៅកាន់កន្លែងដើមវិញ។
ទោះជាយ៉ាងនេះក្តី ខាងលោក សម រង្ស៊ី ឯណោះ ក៏បានត្រៀមជើងព្រួលហូរហែមកហើយដែរ។ ដោយសារប្រព័ន្ធផ្សព្វផ្សាយរបស់គណបក្សប្រឆាំង ត្រូវបានរបបលោក ហ៊ុន សែន បិទចោល អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ យកបណ្ដាញផ្សព្វផ្សាយសង្គម ដូចជាហ្វេសប៊ុក (Facebook) និង យូធូប (YouTube) ដើម្បីបង្ហោះសារគាំទ្រដំណើរវិលត្រឡប់មកស្រុកខ្មែរវិញ របស់លោក សម រង្ស៊ីនេះ។ ពលករខ្មែរ ដែលធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ កូរ៉េ និង ប្រទេសជប៉ុន បានប្រមូលផ្តុំគ្នា ផ្ញើសារគាំទ្រលោក សម រង្ស៊ី។ ចំណែកឯ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានធ្វើយុទ្ធនាការកៀរគរ រកថវិកា ដើម្បីឧបត្ថម្ភដល់ដំណើរនេះ។
លោក សម រង្ស៊ី ហៅសាររបស់លោក ហ៊ុន សែន ដែលថ្លែងគំរាមចាប់ខ្លួនលោក និងធ្វើបាបអ្នកអមដំណើរលោក ថាជាសាររបស់ជនចិត្តមិនសឿង ព្រោះខ្លាចវត្តមានរបស់លោក៖ «ហ៊ុន សែន ឯងជនកំសាក។ បើ ហ៊ុន សែន ឯងគ្រាន់បើ កុំខ្លាចខ្ញុំ។ ឥឡូវយើងតទល់គ្នា មួយទល់នឹងមួយ។ តទល់តែពីរនាក់។ ហ្នឹងបានហៅថា ក្លាហាន បានថ្លៃថ្នូរ។ ប៉ុន្តែ ត្រៀមកងទ័ព ប៉ូលិស ទាហាន គុក ខ្នោះ ត្រៀមចាំមកទទួលខ្ញុំ។ ហ៊ុន សែន ឯងកំសាក ដោយសារមិនហ៊ានតទល់ជាមួយខ្ញុំ។ ឥឡូវគ្រាន់បើ យើងឱ្យប្រជារាស្ត្រធ្វើជាសាក្សី! ឱ្យប្រជារាស្ត្រមើល យើងតទល់គ្នា មួយទល់នឹងមួយ»។
ប៉ុន្តែ កាលពីថ្ងៃទី២០ ខែកុម្ភៈ លោក សម រង្ស៊ី សរសេរសារតាមទំព័រហ្វេសប៊ុករបស់លោកថា លោក ហ៊ុន សែន បានដកខ្លួន ពីការភ្នាល់គ្នាជាមួយលោកទៅហើយ ដោយលោក ហ៊ុន សែន បានកែប្រែលក្ខខណ្ឌ នៃការភ្នាល់គ្នានោះ តាមតែចិត្ត។ លោក សម រង្ស៊ី បន្ថែមថា លោក ហ៊ុន សែន បានក្រឡាស់ពាក្យសម្តី ដោយដាក់បញ្ចូលលក្ខខណ្ឌថ្មីមួយ គឺការលើកលែងទោសពីព្រះមហាក្សត្រ ដែលលក្ខខណ្ឌនេះ មិនមានចែងនៅក្នុងការភ្នាល់គ្នា ពីដើមទីឡើយ។ លោកលើកឡើងថា ការកែប្រែលក្ខខណ្ឌជាឯកតោភាគី ពីសំណាក់ភាគីមួយ ក្នុងការភ្នាល់គ្នាណាមួយ ធ្វើឱ្យការភ្នាល់គ្នានោះ ក្លាយទៅជាមោឃៈ។
ពេលឃើញសារនេះ លោក ហ៊ុន សែន ឯណោះ ចាត់ទុកថាលោក សម រង្ស៊ី ថា បានបោះបង់ការភ្នាល់នេះហើយ។ ទោះបីលោកប្រកាសជាច្រើនលើកច្រើនគ្រា ថាលែងជ្រលក់រកលោក សម រង្ស៊ី និងផ្ដាំឱ្យមន្ត្រីនាំពាក្យ និង មន្ត្រីឯទៀត ឈប់ឆ្លើយឆ្លងរឿងលោក សម រង្ស៊ី ក៏លោកនៅតែឆ្លៀតឌឺដងឡងសម្ដី តាមរយៈទំនុកច្រៀងថ្មី យកលំនាំបទចាស់ ទទាយំឆ្លង៖ «ទទាយំឆ្លងមានពីរឈុតណា៎!។ អាទទាយំឆ្លងបងណ្ហើយអត់ឆ្លើយ អាហ្នឹងមួយ! អាបទចុងក្រោយនេះ ម្ភៃនាទីទាំងសរសេរ ទាំងបង្ហោះហ្វេសប៊ុក តែម្ភៃនាទីគ្រប់គ្រាន់ ព្រោះជំនាញខាងនិពន្ធ ឱ្យតែមានដឹងថាភ្លេងគេស្រាប់ មានអញដាក់ទៅតាមហ្នឹង! ទទាយំឆ្លងត្រយ៉ងបងណ្ហើយរត់ហើយ សង្សារបងណ្ហើយ រត់អីលឿនម្ល៉េះ?»។
មិនតែប៉ុណ្ណោះ លោក ហ៊ុន សែន បានបញ្ជាឱ្យយកបទនេះ ទៅច្រៀងសម្រាប់រាំវង់ កាលពីក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ដែលទើបតែកន្លងផុតទៅថ្មីនេះទៀតផង។
តាមពិត មិនចាំបាច់ ដល់ចូលឆ្នាំឯណា អ្នកចម្រៀងមួយក្រុម នៃកម្មវិធីដែល ដែលគេដាក់ថា “ចម្រៀងគ្រួសារខ្មែរ” ដែលតាមពិតបើហៅថា“ចម្រៀងគ្រួសារត្រកូលហ៊ុន” ដូចជាទំនងជាងនោះ ត្រូវលោក ហ៊ុន សែន បង្គាប់ឱ្យច្រៀង ចាក់ផ្សាយតាំងពីមុនចូលឆ្នាំទៅទៀត៖ «ទទាយំឆ្លង ត្រយ៉ងបងណ្ហើយរត់ហើយ សង្សារបងណ្ហើយ រត់អីលឿនម្ល៉េះ?»។
មានចម្ងល់ជាច្រើន បានផុសចេញពីស្រទាប់មហាជនទូទៅ រួមទាំងអ្នកគាំទ្រគណបក្សប្រឆាំងផង ថាចុះលោក សម រង្ស៊ី ឯណោះវិញ បោះបង់គម្រោងវិលត្រឡប់ទៅស្រុកខ្មែរវិញនេះ ហើយឬអ្វី បើតាមរយៈសាររបស់លោក កាលពីថ្ងៃទី២០ ខែកុម្ភៈនោះ?
ចចម្លើយពីមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ថាមិនបោះបង់ទេ។ អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ចេញមុខមកស្រាយបំភ្លឺភ្លាមៗ ថាគម្រោងធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី នៅដដែល៖ «ការត្រឡប់ទៅវិញរបស់លោកប្រធានស្តីទី សម រង្ស៊ី អត់មានផ្លាស់ប្ដូរអ្វីទាល់តែសោះ។ សូមបងប្អូនជ្រាបថា អ្នកដែលផ្តល់ព័ត៌មានថា លោក សម រង្ស៊ី ផ្អាកការវិលត្រឡប់ទៅវិញនេះ គឺចេញពីព័ត៌មាននៃគណបក្សប្រជាជនកម្ពុជា បង្ហាញឱ្យឃើញថា ជាព័ត៌មានមិនពិត ក្លែងក្លាយ ដោយខ្លាចការវិលត្រឡប់ទៅវិញរបស់លោក ប្រធានស្តីទី សម រង្ស៊ី ប៉ុណ្ណោះ»។
លោក សម រង្ស៊ី ធ្លាប់បានបញ្ជាក់កាលពីចុងឆ្នាំ២០១៨ ថាលោកនឹងវិលទៅស្រុកខ្មែរវិញ ក្នុងឆ្នាំ ២០១៩ នេះ។ កាលពីថ្ងៃទី១៥ ខែ កុម្ភៈ លោកបានបញ្ជាក់ជំហរនេះម្តងទៀត៖ «ខ្ញុំវិលទៅប្រទេសកម្ពុជាវិញនេះ មិនមែនឱ្យលោក ហ៊ុន សែន ចាប់ខ្ញុំងាយៗទេ។ ខ្ញុំនឹងជំរុញប្រជាពលរដ្ឋរាប់សែន រាប់លាននាក់ ទៅចាប់លោក ហ៊ុន សែន វិញ។ យើងត្រូវបញ្ចប់របបផ្ដាច់ការ របបឃោរឃៅ ដែលលោក ហ៊ុន សែន ដឹកនាំជាង ៣០ឆ្នាំមកហើយ។ ឆ្នាំ២០១៩ ជាឱកាសមាស ជាឱកាសប្រវត្តិសាស្ត្រ ដើម្បីជំរុញឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន ផ្លាស់ប្ដូរដោយសន្តិវិធី ផ្លាស់ប្ដូរតាមបែបបទប្រជាធិបតេយ្យ ដែលប្រជារាស្ត្រចង់បាន ដែលប្រជារាស្ត្ររង់ចាំយូរណាស់មកហើយ»។
លោក សម រង្ស៊ី បានបញ្ជាក់ជំហរដាច់ខាតនេះ សាជាថ្មីទៀត កាលពីថ្ងៃទី២០ ខែមេសា ពីទីក្រុងក្វាងយូ (Qwangju) ប្រទេសកូរ៉េខាងត្បូង ពេលលោកចូលរួមដឹកនាំមហាបាតុកម្មភ្លើងទៀន ដែលមានមនុស្សចូលរួមជិតមួយម៉ឺននាក់ ភាគច្រើនជាពលករខ្មែរ។ លោកបញ្ជាក់ថា លោកកំពុងកេណ្ឌមនុស្សកាន់តែច្រើនបន្ថែមទៀត ដើម្បីសម្រេចគោលបំណងនេះ៖ «តែសូមបញ្ជាក់ថា ការវិលត្រឡប់ទៅវិញនេះ គឺមិនមែនឱ្យ ហ៊ុន សែន ចាប់ខ្ញុំដូចចាប់ កឹម សុខា ទេ។ ខ្ញុំវិលត្រឡប់ ទៅស្រុកខ្មែរវិញឆ្នាំនេះ គឺមិនមែនឱ្យ ហ៊ុន សែន លួចសម្លាប់ខ្ញុំដូចគាត់លួចសម្លាប់ កែម ឡី ទេ។ ខ្ញុំទៅស្រុកខ្មែរវិញ គឺខ្ញុំប្រមូលកម្លាំង ពលរដ្ឋខ្មែរពីប្រទេសកូរ៉េ ពីប្រទេសម៉ាឡេស៊ី ពីប្រទេសថៃ ហើយមកតាំងពីអាមេរិក អូស្ត្រាលីនិង បារាំងជាដើម គឺនៅពេលហ្នឹងយើងទៅរួមគ្នា។ យើងបុកសម្រុកចូលទៅក្នុងប្រទេសកម្ពុជា ហើយយើងលើកទឹកចិត្ត យើងបំផុសប្រជាពលរដ្ឋ ឱ្យងើបឈរ»។
ទោះបីជាលោក សម រង្ស៊ី កំណត់យកឆ្នាំ២០១៩ នេះ ជាពេលវិលទៅស្រុកខ្មែរវិញក៏ដោយ ក៏លោកនៅតែមិនបានបញ្ជាក់ពេលវេលាជាក់លាក់បានទេ ដោយលោកអះអាងថា តាមក្បួនយុទ្ធសាស្ត្រ លោកមិនត្រូវប្រាប់ឱ្យលោក ហ៊ុន សែន ដឹងមុនអំពីពេលវេលាកំណត់ជាក់លាក់នេះទេ ដើម្បីសុវត្ថិភាពលោកផង និង ដើម្បីសុវត្ថិភាព របស់អ្នកអមដំណើរលោកផង។ ប៉ុន្តែ លោកបង្ហើបថា ពលរដ្ឋខ្មែរគង់តែនឹងដឹងព័ត៌មាននេះ ក្នុងពេលវេលាសមស្របណាមួយជាក់ជាមិនខាន។
ការណ៍ដែលលោក សម រង្ស៊ី ប្រកាសអំពីគម្រោងវិលទៅស្រុកខ្មែរវិញនេះ អាចមានគោលដៅ ធំៗពីរ ទីមួយ គឺដើម្បីផ្ដល់ក្តីសង្ឃឹមដល់មន្ត្រី និង អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅមូលដ្ឋាន ដែលកំពុងកំព្រារងា ដោយសារតែប្រធានគណបក្សលោក កឹម សុខា នៅតែស្ថិតក្នុងការឃុំឃាំង គ្មានសេរីភាព ក្នុងជីវភាពនយោបាយ និង មន្ត្រីជាន់ខ្ពស់បក្សនេះ គ្មានសិទ្ធិធ្វើនយោបាយដែរ។
សកម្មជនគណបក្សសង្គ្រោះជាតិ នៅមូលដ្ឋានមួយរូបឈ្មោះ ថានន់ នៅភ្នំពេញ បង្ហាញការគាំទ្រពេញទំហឹង ឱ្យលោក សម រង្ស៊ី វិលទៅស្រុកខ្មែរវិញ ព្រោះសកម្មជនមូលដ្ឋាន កំពុងរងភាពរងា ខ្វះភាពកក់ក្ដៅ ដោយសារតែលោក សម រង្ស៊ី ត្រូវនិទ្ទេសខ្លួនទៅក្រៅប្រទេសចោលពួកគាត់៖ «ពួកខ្ញុំហ៊ានស្លាប់ ដើម្បីផ្លាស់ប្ដូរប្រទេស ដើម្បីទទួលប្រជាធិបតេយ្យឡើងវិញ។ ពួកខ្ញុំហ៊ានលះបង់។ វាគ្រប់គ្រាន់ហើយ ក្នុងការជិះជាន់គ្រប់សព្វបែបយ៉ាងនេះ។ ពួកខ្ញុំរងាណាស់»។
ទីពីរ គឺជាការធ្វើតេស្តស្ទង់កម្លាំងគាំទ្ររបស់គណបក្សសង្គ្រោះជាតិ ក្នុងស្ថានភាពដែលកំពុងរងការធ្វើទុក្ខបុកម្នេញ ពីគណបក្សកាន់អំណាច។
សារនេះ ក៏អាចជាការដាក់សម្ពាធឱ្យលោក ហ៊ុន សែន ប្រញាប់ដោះលែងលោក កឹម សុខា ឱ្យមានសេរីភាពពេញលេញឡើងវិញនោះដែរ ព្រោះគណបក្សសង្គ្រោះជាតិ ត្រូវការឱ្យមានមេដឹកនាំ ដែលមានសេរីភាពគ្រប់គ្រាន់ ក្នុងការដឹកនាំបក្ស។
ការអូសបន្លាយពេលកាន់តែយូរ កាន់តែធ្វើឱ្យសកម្មជន នៅមូលដ្ឋានកាន់តែរងា និងអស់សង្ឃឹម។ ទោះបីជាអ្នកទាំងនោះ មិនទៅចុះចូលជាមួយគណបក្សប្រជាជនយ៉ាងណាក្តី ក៏ភាពអសកម្មយូរទៅ ស្របពេលដែលរបបលោក ហ៊ុន សែន កំពុងតែប្រើប្រាស់ប្រព័ន្ធឃោសនាទាំងឯកជន និងរដ្ឋ ដើម្បីបំពងសំឡេងតែម្ខាង និងគណបក្សប្រឆាំងគ្មានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបែបនេះ យូរៗទៅអាចធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍ និងកម្លាំងអ្នកគាំទ្របក្សប្រឆាំង ជាក់ជាមិនខាន។
រវាងលោក កឹម សុខា និងលោក សម រង្ស៊ី ដាច់ខាតត្រូវតែមានម្នាក់ មានសេរីភាពធ្វើនយោបាយ ដោយពេញលេញនៅកម្ពុជា។ ការបោះឆ្នោតឃុំ-សង្កាត់ខែ មិថុនា ឆ្នាំ ២០១៧កន្លងទៅ នៅមានវត្តមានតែលោក កឹម សុខា ដឹកនាំបក្ស គណបក្សសង្គ្រោះជាតិបានសំឡេងឆ្នោតគាំទ្រជាងបីលានសំឡេង។ តែការបានសំឡេងគាំទ្រច្រើនជិតពាក់កណ្តាលនគរបែបនេះ បើទោះបីគ្មានវត្តមានលោក សម រង្ស៊ី នេះ ក៏ដោយសារតែអ្នកទាំងពីរ បង្ហាញភាពជាមនុស្សតែមួយនោះដែរ។
ដូច្នេះ និមិត្តរូបនៃការរួបរួមគ្នា រវាងលោក កឹម សុខា និងលោក សម រង្ស៊ី គឺជាចំណុចខ្លាំង របស់គណបក្សសង្គ្រោះជាតិ។ វត្តមានរបស់លោក សម រង្ស៊ី នៅក្នុងប្រទេស អាចមិនចាំបាច់ទេ ប្រសិនបើលោក កឹម សុខា មានសេរីភាពអាចដឹកនាំបក្សដោយផ្ទាល់បាន។ ប្រសិនបើលោក ហ៊ុន សែន ដោះលែងលោក កឹម សុខា មុនខែកក្កដា ខាងមុខនេះ នោះដំណើរវិលត្រឡប់ ទៅកម្ពុជាវិញរបស់លោក សម រង្ស៊ី អាចមិនទាន់សំខាន់។
ខែកក្កដា គឺជាថ្ងៃផុតកំណត់ដំណាក់កាលទីមួយ នៃនីតិវិធីព្យួរការអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប។ ក្នុងដំណាក់កាលប្រាំមួយខែ ចាប់ពីខែ កុម្ភៈ ដល់ខែកក្កដានោះ សហភាពអឺរ៉ុប ពិនិត្យតាមដាន និងវាយតម្លៃស៊ីជម្រៅ ថាតើកម្ពុជាបានធ្វើអ្វីខ្លះ ដើម្បីកែប្រែស្ថានការណ៍អាក្រក់បច្ចុប្បន្ន។ សហភាពអឺរ៉ុប ផ្តល់ឱកាសឱ្យកម្ពុជា ក្នុងការចរចា និងចូលរួមសហការ ក្នុងការប្រមូលព័ត៌មានចាំបាច់។ ក្រោយខែ កក្កដានេះ ពោលគឺ បីខែបន្ទាប់ រាប់ពីខែ សីហា ដល់ខែតុលា គឺជាពេលវេលាសរសេររបាយការណ៍ សរុបលទ្ធផលនៃដំណាក់កាលតាមដានប្រាំមួយខែដំបូងនោះ។
ជាងមួយខែ ក្រោយដាក់ចេញនូវរយៈពេលកំណត់ ជុំវិញនីតិវិធីព្យួរការអនុគ្រោះពន្ធ EBA តំណាងសហភាពអឺរ៉ុប ដឹកនាំដោយនាយករងផ្នែកគ្រប់គ្រងប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃសហភាពអឺរ៉ុប លោកស្រី ផៅឡា ផែមផាឡូនី (Paola Pampaloni) បានចុះទៅស្រុកខ្មែរ ពីរថ្ងៃ កាលពីថ្ងៃទី១៩ និង ២០ ខែ មីនាកន្លងទៅ ដើម្បីត្រួតពិនិត្យស្ថានភាពសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យនៅកម្ពុជា មុននឹងសម្រេចព្យួរការអនុគ្រោះពន្ធនេះ។
ចំណុចសំខាន់មួយ ដែលសហភាពអឺរ៉ុបទាមទារ ឱ្យរបបលោក ហ៊ុន សែន ស្តារឡើងវិញ គឺដោះលែងលោក កឹម សុខា ជាបន្ទាន់ និង ដោយឥតលក្ខខណ្ឌ។ ហើយបើតាមប្រសាសន៍របស់លោក សម រង្ស៊ី ការវិលត្រលប់ចូលកម្ពុជាវិញរបស់លោក ផ្អែកភាគច្រើនសម្ពាធអន្តរជាតិ ជាពិសេសគឺភ្ជាប់ទៅនឹងដំណាក់កាលផ្សេងៗ នៃនីតិវិធីព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBAនេះ ៖ «ដូច្នេះយើងត្រូវរង់ចាំ ឱ្យមានទណ្ឌកម្មអន្តរជាតិ កាន់តែខ្លាំង ឱ្យអន្តរជាតិសំពង ហ៊ុន សែន ឱ្យអន្តរជាតិខោកក្បាល ហ៊ុន សែន ឱ្យ ហ៊ុន សែន ទ្រម ឱ្យទន់មែនទែន។ ពេលនោះ បានយើងចូលទៅ ចាប់ ហ៊ុន សែន ទៅកាត់ទោស»។
ក្នុងករណីនេះ លោក ហ៊ុន សែន អាចដោះលែងលោក កឹម សុខា នៅមុនខែកក្កដា ដើម្បីបន្ទន់ចិត្តសហភាពអឺរ៉ុបមួយផ្នែកសិន មុននឹងគណៈកម្មការអឺរ៉ុប ចេញរបាយការណ៍ បិទបញ្ចប់ដំណាក់កាលប្រាំមួយខែដំបូងនោះ។
ក៏ប៉ុន្តែ ប្រសិនបើលោក ហ៊ុន សែន ប្រថុយទុកលោក កឹម សុខា នៅក្នុងឃុំ រហូតហួសខែកក្កដា លោក សម រង្ស៊ី អាចនឹងវិលទៅស្រុកខ្មែរវិញ ចុងឆ្នាំ២០១៩ ឬមិនហួសដើមឆ្នាំ២០២០។ ក្នុងខែទាំងនេះ គឺស្ថិតក្នុងដំណាក់កាលទីបី ដែលគណៈកម្មការអឺរ៉ុប នឹងចេញសេចក្តីសម្រេចស្ថាពរមួយ ថាតើត្រូវព្យួរ ឬមិនព្យួរប្រព័ន្ធអនុគ្រោះពន្ធនោះ។
ការវិលត្រឡប់របស់លោក សម រង្ស៊ី នៅចុងឆ្នាំ ២០១៩ ឬ ដើមឆ្នាំ ២០២០ អាចចំណេញយុទ្ធសាស្ត្រនយោបាយបក្សប្រឆាំង និងធ្វើឱ្យលោក ហ៊ុន សែន ប្រឈមមុខនឹងទ្វេគ្រោះ។ គ្រោះទីមួយ បើលោក ហ៊ុន សែន ដែលជាបុរសខ្លាំងខាងអំពើហិង្សានេះ មិនចាប់លោក សម រង្ស៊ី លោកជាមនុស្សកំសាក ព្រោះជ្រុលប្រកាសក្ដែងៗ ថា ចាប់ទៅហើយ។ គ្រោះទីពីរ បើចាប់លោក សម រង្ស៊ី កម្លាំងគាំទ្របក្សប្រឆាំង នឹងក្រោកតវ៉ាកក្រើក អាចកើតជាអំពើហិង្សា ដែលធ្វើឱ្យសភាពការណ៍ ពិបាកគ្រប់គ្រង។ ការចាប់ខ្លួន ឬ បង្ក្រាបនេះ គឺមិនខុសអ្វី ពីយកសាំងទៅចាក់បន្ថែមលើភ្លើង ព្រោះសហភាពអឺរ៉ុប កំពុងតែមិនពេញចិត្ត ទៅនឹងការរំលោភសិទ្ធិមនុស្សស្រាប់ផង ស្រាប់តែឥឡូវ បន្ថែមចាប់លោក សម រង្ស៊ី ឬ អាចចាប់អ្នកគាំទ្របក្សនេះជាច្រើន ញាត់គុកបន្ថែម ដែលប្រការនេះ នឹងរឹតតែធ្វើឱ្យការសម្រេចដកការអនុគ្រោះពន្ធ កាន់តែងាយស្រួល។ នេះមិនទាន់រាប់ដល់ ការដែលរបបនេះ មិនអាចការពារសុវត្ថិភាពអាយុជីវិត របស់លោក សម រង្ស៊ី បាននោះផង។
លោក ហ៊ុន សែន អាចយល់ថា លោក សម រង្ស៊ី ចាញ់ការភ្នាល់គ្នានេះ ព្រោះលោក សម រង្ស៊ី មិនវិលត្រឡប់ទៅស្រុកខ្មែរ វិញនៅត្រឹមថ្ងៃទី៣ ខែ មីនាកន្លងទៅនោះ ទោះលោក ហ៊ុន សែន មិនដោះលែងលោក កឹម សុខា ត្រឹមថ្ងៃនោះក៏ដោយ។
ប្រហែលនៅមិនទាន់អស់ចិត្ត នឹងការឌឺដងឡងសម្ដីដាក់លោក សម រង្ស៊ី ពីរថ្ងៃ មុនផុតថ្ងៃឱសានវាទ នៃការភ្នាល់គ្នានេះ លោក ហ៊ុន សែន ប្រកាសតែងចម្រៀងមួយបទថែមទៀត៖ «ហើយខ្ញុំកំពុងចង់ត្រៀមចេញមួយវ៉ុលទៀត គឺបងជាទន្សាយ រត់បានឆ្ងាយ ដោយសារចាញ់ភ្នាល់»។
ក៏ប៉ុន្តែ ការភ្នាល់នេះ មិនបានធ្វើឱ្យលោក ហ៊ុន សែន ឈ្នះ ឬចំណេញអ្វីទាំងអស់។ គ្មានចំណុចត្រង់ណា ដែលថាលោក សម រង្ស៊ី ត្រូវតែវិលទៅស្រុកខ្មែរវិញ នៅថ្ងៃទី៣ ខែមីនានោះ ទើបស្របតាមលក្ខខណ្ឌភ្នាល់នោះដែរ។ ឱ្យតែលោកវិលទៅវិញ នៅពេលណាមួយក៏បាន ក្រោយថ្ងៃទី៣ ខែមីនានេះ គឺមិនខុសពីលក្ខខណ្ឌ នៃការភ្នាល់គ្នានោះទេ។ មិនតែប៉ុណ្ណោះ ការលង់ក្នុងល្បែងភ្នាល់នេះ រឹតតែបង្ហាញឱ្យឃើញ លោក ហ៊ុន សែន ខ្វះភាពចាស់ទុំក្នុងរឿងនយោបាយ ដោយសុខចិត្តលេងល្បែងភ្នាល់បែបនេះ។
លោក សម រង្ស៊ី ក៏មិនចំណេញផ្នែកគុណធម៌នោះដែរ ក្នុងការភ្នាល់គ្នានេះ។ លោករងការរិះគន់យ៉ាងខ្លាំងថា យកសេរីភាពរបស់លោក កឹម សុខា ទៅភ្នាល់គ្នាលេងបែបនេះ។ ទោះជាយ៉ាងនេះក្តី លោក សម រង្ស៊ី បង្ហាញឱ្យឃើញ ចំណុចខ្សោយរបស់លោក ហ៊ុន សែន ដែលធ្លាប់លោតតាមការញាក់របស់លោករាល់ដង ហើយធ្លោយបង្ហាញឱ្យឃើញកាន់តែច្បាស់ អំពីការប្រើអំណាចផ្ដាច់ការ ក្នុងការដឹកនាំប្រទេស ដែលយកប្រព័ន្ធតុលាការ ជាឧបករណ៍បម្រើនយោបាយក្រាញអំណាចរបស់លោកយ៉ាងចំហទៀតផង។
ទោះបីជាលោក ហ៊ុន សែន មិនបង្អន់ដៃ ក្នុងការគំរាមកំហែង និងធ្វើទុក្ខបុកម្នេញដល់មន្ត្រី និង សកម្មជនគណបក្សប្រឆាំង ដើម្បីកំញើញ និងបំបាក់ស្មារតីអ្នកគាំទ្រគណបក្សសង្គ្រោះជាតិខ្លាំងក្លាយ៉ាងណាក្តី ក៏កម្លាំងគាំទ្រគណបក្សប្រឆាំងនេះ រឹតតែមានសន្ទុះ និងក្លៀវក្លាជាងមុនទៅទៀត។ ជាក់ស្ដែង មហាបាតុកម្មភ្លើងទៀន នៅប្រទេសកូរ៉េ កាលពីថ្ងៃទី២០ ខែមេសា ដែលមានវត្តមានលោក សម រង្ស៊ី ដែរនោះ មានយុវពលករខ្មែរជិតមួយម៉ឺននាក់ ដែលអាចជាការលើកទឹកចិត្តបន្ថែម ដល់លោក សម រង្ស៊ី ក្នុងការវិលត្រឡប់ទៅកម្ពុជា ដើម្បីទាមទារឱ្យដោះលែងលោក កឹម សុខា និង ស្ដារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឡើងវិញ នៅក្នុងពេលឆាប់ៗនេះ៕