ថ្ងៃទី២៥ ខែមេសា ជាថ្ងៃកំណត់នៃសវនាការលើកដំបូងរបស់លោក វន់ ពៅ ព្រមទាំងមនុស្ស ២២ផ្សេងទៀត ដែលកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលចាប់ខ្លួនក្នុងពេលធ្វើបាតុកម្ម កាលពីដើមខែមករា។ រដ្ឋាភិបាលបានចោទអ្នកទាំងនោះថា ជាជនដែលបង្កចលាចលដល់សង្គម ប៉ះពាល់សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ។ ប៉ុន្តែមន្ត្រីសង្គមស៊ីវិលចាត់ទុកថា នេះជាសំណុំរឿងនយោបាយ។ តើវាសនាអ្នកទាំង ២៣នាក់នឹងទៅជាយ៉ាងណាក្នុងកាលៈទេសៈនេះ?
បើនិយាយពីជោគវាសនារបស់បុរសដែលជាប់ចោទទាំង ២៣នាក់ យើងត្រូវពិនិត្យមើលពីដើមហេតុដែលពួកគេត្រូវបានចាប់ខ្លួនជាមុនសិន។ មនុស្សទាំង ២៣នាក់ ត្រូវបានចាប់ខ្លួនពីរថ្ងៃផ្សេងគ្នា គឺថ្ងៃទី២ និងថ្ងៃទី៣ ខែមករា។
កាលពីថ្ងៃទី២ ខែមករា មនុស្ស ១០នាក់ ដែលមានសកម្មជនការពារសិទ្ធិមនុស្ស លោក វន់ ពៅ លោក ថេង សាវឿន លោក ចាន់ ពុទ្ធិសក្តិ និងកម្មករ ៨នាក់ផ្សេងទៀត ត្រូវបានទ័ពពិសេសឆត្រយោង ៩១១ ចាប់ខ្លួននៅរោងចក្រយ៉ាកជីន ម្ដុំកំបូល ក្នុងពេលដែលពួកគេធ្វើបាតុកម្មទាមទារប្រាក់ខែគោលឲ្យកម្មករឲ្យបាន ១៦០ដុល្លារក្នុង១ខែ។ មុនត្រូវបានចាប់ខ្លួនអ្នកការពារសិទ្ធិមនុស្សទាំង ៣នាក់ មានសកម្មភាពមិនអន់ឡើយនៅពេលតវ៉ាមុនៗ។
លោក វន់ ពៅ និងលោក ថេង សាវឿន តែងកាន់ក្បាលមេក្រូស្រែករិះគន់រដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក វន់ ពៅ ជាមេបាតុករដែលប្រមូលអ្នករត់ម៉ូតូឌុប និងរ៉ឺម៉កកង់បីមកតម្រៀបគ្នាស្រែកបន្ទរថា ហ៊ុន សែន អើយចុះចេញទៅៗ។ ចំណែកលោក ថេង សាវឿន ក៏មានមុខនៅកៀកៗជាប់លោក វន់ ពៅ ដែរ តែលោកជាអ្នកប្រមូលកសិករដែលមានបញ្ហានានាមកចូលរួមតវ៉ា។
ចំពោះលោក ចាញ់ ពុទ្ធិសក្តិ វិញ គឺមានតួនាទីជាអ្នកគ្រប់គ្រងចាត់ចែងស្បៀងម្ហូបអាហារឲ្យស្ត្រីបឹងកក់ ដែលចេញតវ៉ាម្ដងៗ។ ស្ត្រីបឹងកក់ដែលមានកម្លាំងប្រឈមនឹងសមត្ថកិច្ចក៏ដោយសារតែមានលោក ចាន់ ពុទ្ធិសក្តិ ជាអ្នកចាត់ចែងនៅខាងក្រោយខ្នងដែរ។ លោកកម្រនឹងចេញមុខតវ៉ាដោយផ្ទាល់ណាស់ ដោយសារអ្នកបឹងកក់យល់ថា បើប្រុសៗចេញតវ៉ា អាជ្ញាធរងាយនឹងមានលេសចោទប្រកាន់ ហើយចាប់ខ្លួន ដូចនេះប្រុសៗបឹងកក់ អាចដើរតួបាននៅក្រៅឆាកប៉ុណ្ណោះ។ តាមមើលទៅ សកម្មជនទាំងបីនាក់នេះ ទំនងជាមុខសញ្ញាដែលសមត្ថកិច្ច ប៉ុនប៉ងចាប់ខ្លួនអោយខានតែបានផងក៏មិនដឹង។
ចាប់លោក វន់ ពៅ ធ្វើឲ្យកម្លាំងអ្នករត់ម៉ូតូឌុបព្រួយបារម្ភ។ ចាប់លោក ថេង សាវឿន ធ្វើឲ្យកសិកររារែក។ ចាប់ លោក ចាន់ ពុទ្ធិសក្តិ ធ្វើឲ្យអ្នកបឹងកក់ ថមថយកម្លាំង។ រីឯកម្មករទាំង ៧នាក់ផ្សេងទៀត សុទ្ធសឹងតែជាអ្នកកើតទុក្ខមិនសុខចិត្តចំពោះប្រាក់ខែទាប និងកញ្ជ្រោលតាមខ្យល់បក់មួយប្រាវប៉ុណ្ណោះ ហើយពួកគេភាគច្រើនលើសលប់ជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។ មិនតែប៉ុណ្ណោះ មនុស្សទាំង ១០នាក់ ត្រូវបានធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរ ឈាមស្រោចជោគខ្លួន មុននឹងបញ្ជូនទៅតុលាការទៀតផង។
ការចាប់ខ្លួនលោក វន់ ពៅ និងអ្នកផ្សេងទៀតនៅថ្ងៃទី២ ខែមករា ក៏ជាមូលហេតុចម្បងមួយដែលនាំឲ្យមានកូដកម្មនៅផ្លូវវ៉េងស្រេង ដែរ។ កូដកម្មនៅសួនកាណាឌីយ៉ា ផ្លូវវ៉េងស្រេងនោះ មិនគ្រប់គ្រាន់ឲ្យសមត្ថកិច្ចចាប់ខ្លួនកម្មករឡើយ។ សកម្មភាពរបស់កងកម្លាំងប៉េអឹមដែលចុះទៅវាយបំបែកជាន់កកម្មករដែលកំពុងរាំលេងធ្វើកូដកម្មនៅមុខរោងចក្រ នៅថ្ងៃទី៣ មករា គឺជាការចាក់សាំងទៅលើភ្លើងដែលបង្កាត់ឡើងដោយកម្លាំងប៉េអឹមខ្លួនឯង មុននេះមួយថ្ងៃ។ កម្មករទាំងស្រី ទាំងប្រុស ខឹងសម្បានឹងទង្វើនេះជាខ្លាំងរហូតក្លាយជាកំហឹងសងសឹក ធ្វើឲ្យផ្លូវវ៉េងស្រេង ក្លាយជាផ្លូវដែលគ្របដណ្ដប់ដោយផេះ និងតំណក់ឈាមរាស្ត្រខ្មែរ។
សហជីព អ្នកនយោបាយ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ មិនបានចេញមុខមកចរចារំងាប់កំហឹងកម្មករទេ ដោយទុកឱកាសឲ្យកងទ័ពពិសេសប្រដាប់ដោយកាំភ្លើងគ្រប់ដៃ ចាត់ការជំនួសវិញ។ កងទាហានវាយប្រហារមួយថ្ងៃពេញ ដោយបាញ់មនុស្ស ៥នាក់ ឲ្យស្លាប់ និងរបួសជាង ៣០នាក់។ ប្រតិបត្តិការនោះ ចាប់ខ្លួនមនុស្សបាន ១៣នាក់ យកដាក់គុកត្រពាំងផ្លុង ហើយត្រូវតុលាការចោទពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងបង្កអសន្តិសុខសង្គម។
អ្នកទាំង ១២នាក់ដែលត្រូវចាប់ខ្លួនកាលពីថ្ងៃទី៣ ខែមករា ភាគច្រើនជាកម្មករមានកំហឹងចំពោះសមត្ថកិច្ចប៉េអឹម ដែលប្រើហិង្សាលើកម្មករ កម្មការិនីដែលធ្វើកូដកម្ម។ អំពើហិង្សាបំផ្លាញទ្រព្យសម្បត្តិសាធារណៈនៅផ្លូវវ៉េងស្រេង ជាមូលហេតុគ្រប់គ្រាន់នាំឲ្យអាជ្ញាធររដ្ឋាភិបាល ចេញបម្រាមបង្អាក់គម្រោងជួបជុំមនុស្ស ១លាននាក់របស់បក្សប្រឆាំង និងវាយបំបែកបោសសម្អាតបាតុករចេញពីទីលានប្រជាធិបតេយ្យ។ បន្ទាប់មក គ្មានឡើយបាតុកម្ម ឬការជួបជុំនៅទីលានប្រជាធិបតេយ្យ បើសិនណាអ្នកនយោបាយចរចាមិនត្រូវគ្នានោះ។
លើសពីនេះ គណបក្សជាប់ឆ្នោតទាំងពីរ សុទ្ធតែបានផលលាភពីជនជាប់ចោទទាំង ២៣នាក់។ គណបក្សប្រជាជនកម្ពុជា អាចបន្លាចមនុស្សម្នាកុំឲ្យហ៊ានប្រថុយធ្វើបាតុកម្មតទៅទៀត ហើយជាសារព្រមានថា បើហ៊ានតវ៉ាខ្លាំងក្លាគឺត្រូវជាប់គុកដោយជៀសមិនរួច។ មូលហេតុមួយទៀត បើពលរដ្ឋចេះតែបន្តជួបជុំគ្នាច្រើនឡើងៗនោះ នឹងធ្វើឲ្យអ្នកដឹកនាំសង្កៀរត្រចៀកសម្រាន្តមិនលក់បក់មិនល្ហើយនោះទេ។ ពិតណាស់បម្រាមហាមជួបជុំនេះ នឹងធ្វើគណបក្សកាន់អំណាចរងការរិះគន់ និងស្តីបន្ទោសពីប្រទេសកាន់លទ្ធិប្រជាធិបតេយ្យមួយចំនួន។ ប៉ុន្តែសម្រាប់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ដែលធ្លាប់តែមានកេរ្តិ៍ឈ្មោះអាក្រក់ខាងមិនគោរពសិទ្ធិមនុស្ស និងសម្លាប់អ្នកប្រឆាំងនឹងរបបខ្លួនស្រាប់ទៅហើយនោះ ការរិះគន់ចំពោះការសម្លាប់ និងបង្ក្រាបលើកនេះ ក៏ប្រហែលជាមិនធ្វើអោយរដ្ឋាភិបាលដែលស៊ាំនឹងជំងឺរំលោភសិទ្ធិមនុស្សដ៏រ៉ាំរ៉ៃនេះកែខ្លួនបានដែរ។
ចាប់ខ្លួនអ្នកទាំង ២៣នាក់ និងបោសសម្អាតទីលានប្រជាធិបតេយ្យ ជាទង្វើមិនល្អរបស់បក្សកាន់អំណាច តែទង្វើនេះគឺជះឥទ្ធិពលវិជ្ជមានឲ្យបក្សប្រឆាំង។ មេដឹកនាំបក្សប្រឆាំងអាចយកហេតុផលនេះទៅជជែកជាមួយភាគីបរទេស ដើម្បីដាក់សម្ពាធមកលើរដ្ឋាភិបាល ហើយទាមទារអ្វីដែលខ្លួនចង់បាន ដូចជាការទាមទារឲ្យបោះឆ្នោតឡើងវិញ សើរើលទ្ធផលបោះឆ្នោត ឬទាមទារតំណែងក្នុងរដ្ឋសភា ដើម្បីឲ្យមានតុល្យភាពអំណាចជាដើម។
ទោះយ៉ាងណាក្តី ការចរចារវាងអ្នកនយោបាយក្នុងរយៈពេលចុងក្រោយនេះ មិនបានដាក់ជនជាប់ចោទទាំង ២៣នាក់ ជារបៀបវារៈសំខាន់ដែលត្រូវដោះស្រាយនោះឡើយ បើទោះជាពួកគេជាប់គុកក៏ដោយសារតែអ្នកនយោបាយទាំងសងខាងក៏ដោយចុះ។
បើសិនជាតុលាការកម្ពុជា ជាតុលាការមិនស្ថិតក្រោមឥទ្ធិពលនយោបាយមែននោះ ជនជាប់ចោទទាំង ២៣នាក់ នឹងអាចបន្តជាប់គុក ឬអាចនៅក្រៅឃុំ ឬក៏រួចទោសតែម្ដង ដោយផ្អែកលើភស្តុតាងដាក់បន្ទុក សាក្សី ពិសេសសមត្ថភាពមេធាវីការពារក្តីរបស់ពួកគេ ហើយមន្ត្រីប៉ូលិស ទាហាន ដែលបាញ់សម្លាប់អ្នកតវ៉ា និងប្រើទារុណកម្មលើជនសង្ស័យទាំងនោះ ក៏មិនមានពេលដើរគ្រហើៗបានដូចសព្វថ្ងៃដែរ។ ក៏ប៉ុន្តែបើតុលាការកម្ពុជា ស្ថិតក្រោមឥទ្ធិពលនយោបាយ វាសនាអ្នកទាំង ២៣នាក់ ក៏នឹងត្រូវកំណត់ដោយកត្តានយោបាយដែរ។ ពួកគេអាចតម្រឹមទោស ឬបង្វែរបទចោទមកនៅត្រឹមបទល្មើសមជ្ឈិម ហើយគុណគូលេខអត្តឲ្យបានរួចពីគុកដោយងាយ បើបក្សទាំងពីចរចាគ្នាត្រូវ។ ប៉ុន្តែបើចរចាមិនត្រូវវិញ អ្នកទាំង ២៣នាក់ នឹងត្រូវបន្តដេកក្នុងគុកដោយជៀសមិនរួច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។