អាជ្ញាធរ​ផ្ដល់​អង្ករ​ថ្មី​ដល់​អ្នក​ផ្ទុក​មេរោគ​អេដស៍​ជំនួស​អង្ករ​កាកបាទ​ក្រហម​ដែល​ខូច

ដោយ យន់ សាមៀន
2015-03-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ថ្លែង​ក្នុង​ពិធី​ចែក​អំណោយ​ដល់​អ្នក​​​ផ្ទុក​មេរោគ​អេដស៍​នៅ​វត្ត​រកា ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាល​ថ្ងៃទី១៣ កុម្ភៈ ឆ្នាំ​២០១៥។
អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ថ្លែង​ក្នុង​ពិធី​ចែក​អំណោយ​ដល់​អ្នក​​​ផ្ទុក​មេរោគ​អេដស៍​នៅ​វត្ត​រកា ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាល​ថ្ងៃទី១៣ កុម្ភៈ ឆ្នាំ​២០១៥។
RFA/Hum Chamroeun

អាជ្ញាធរ​ខេត្ត​បាត់ដំបង បាន​ផ្ដល់​អង្ករ​ថ្មី​ដល់​គ្រួសារ​អ្នក​ផ្ទុក​មេរោគ​អេដស៍​ចំនួន​ជិត ១​ពាន់​នាក់ នៅ​ឃុំ​រកា ស្រុក​សង្កែ បន្ទាប់​ពី​អ្នក​ភូមិ​ទាំង​នោះ​មិន​អាច​បរិភោគ​អង្ករ និង​ត្រី​ខ​កំប៉ុង​ដែល​ផ្ដល់​ដោយ​កាកបាទ​ក្រហម​កម្ពុជា កាល​ពី​ខែ​កុម្ភៈ កន្លង​មក។
អ្នក​ភូមិ​អះអាង​ថា អង្ករ​ដែល​អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម​ចែក​ឲ្យ​នោះ ខូច​គុណភាព​មិន​អាច​ទទួល​ទាន​បាន​ទេ សូម្បី​តែ​សត្វ​ចិញ្ចឹម​ក៏​វា​មិន​ស៊ី​ដែរ។

អភិបាល​ខេត្ត​បាត់ដំបង លោក ច័ន្ទ សុផល បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​បាន​ផ្តល់​ជំងឺ​ចិត្ត​ដល់​អ្នក​ភូមិ​ដែល​ផ្ទុក​មេរោគ​អេដស៍ ដែល​មិន​អាច​បរិភោគ​អង្ករ​កាកបាទ​ក្រហម​បាន​នោះ តាម​រយៈ​ការ​ផ្តល់​អង្ករ​ថ្មី​បន្ថែម ៥០​គីឡូក្រាម​ទៀត​ឲ្យ​អ្នក​ផ្ទុក​មេរោគ​អេដស៍​ក្នុង​ម្នាក់ៗ។

លោក​បញ្ជាក់​ថា អង្ករ​កាកបាទ​ក្រហម​ដែល​ផ្តល់​ឲ្យ​អ្នក​ផ្ទុក​មេរោគ​អេដស៍​កាល​ពី​ថ្ងៃ​ទី​១៣ កុម្ភៈ ជា​អង្ករ​ដែល​បាន​រក្សា​ទុក​ក្នុង​ឃ្លាំង​រយៈពេល​យូរ ហើយ​កាកបាទ​ក្រហម​មិន​បាន​ពិនិត្យ​គុណភាព​មុន​ពេល​ចែក​អំណោយ​ទើប​មាន​បញ្ហា៖ «អ្នក​ដែល​បាន​ចែក​ទៅ​ហើយ​មាន​ការ​ខ្វះខាត​មិន​បាន​ពិនិត្យ​អង្ករ​ទៅ ក៏​គាត់​ទទួលទាន​​អត់​កើត ក៏​យើង​ចាត់ចែង​ដោះស្រាយ​ជីវភាព​​របស់​គាត់​ដើម្បី​ពួកគាត់​យក​ទៅ​ពិសា​វិញ»

លោក ច័ន្ទ សុផល សំដែង​ការ​សោកស្ដាយ​ដោយសារ​តែ​អ្នក​ភូមិ​ដែល​កំពុង​ជួប​ប្រទះ​បញ្ហា​ជីវភាព ប៉ុន្តែ​មិន​អាច​ប្រើប្រាស់​អង្ករ​ដាំបាយ​ទទួល​ទាន​បាន៖ «យើង​បាន​ខិតខំ​ធ្វើ​កិច្ចការ​នេះ​ហើយ កុំ​ឲ្យ​សៅហ្មង​ទឹក​ចិត្ត​បង​ប្អូន​ប្រជាពលរដ្ឋ។ យើង​ជួយ​​គាត់​ហើយ​បែរ​ជា​គាត់​ហូប​មិន​កើត ដូច្នេះ​បាន​ដោះស្រាយ​ភ្លាមៗ​ចប់​ហើយ»

​នៅ​ក្នុង​ពិធី​ចែក​អំណោយ​កាល​ពី​ថ្ងៃ​ទី​១៣ កុម្ភៈ អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា បាន​ផ្ដល់​អំណោយ​ដល់​អ្នក​ផ្ទុក​មេរោគ​អេដស៍​ទាំង​ថ្មី និង​ចាស់​ទូទាំង​ស្រុក​សង្កែ ខេត្ត​បាត់ដំបង ប្រមាណ​ជាង ៩០០​នាក់ ដោយ​ម្នាក់ៗ ទទួល​អំណោយ​អង្គរ ៥០​គីឡូក្រាម មុង​មួយ ភួយ​មួយ ត្រីខ​កំប៉ុង និង​ថវិកា ១០​ម៉ឺន​រៀល។

អ្នក​ភូមិ​អះអាង​ថា ក្រោយ​ពេល​ទទួល​បាន​អង្ករ​នោះ​ភ្លាម ពួកគេ​បាន​យក​ទៅ​ដាំ​បាយ​ដើម្បី​បរិភោគ ប៉ុន្តែ​បាយ​នោះ​បរិភោគ​មិន​កើត​ដោយសារ​ក្លិន​ផ្អួរ ហើយ​សូម្បី​តែ​សត្វ​ជ្រូក​ក៏​វា​មិន​ស៊ី​ដែរ។ អ្នក​ភូមិ​បន្ថែម​ទៀត​ថា មិន​ត្រឹមតែ​អង្ករ​ទេ​ដែល​បរិភោគ​មិន​បាន សូម្បីតែ​ត្រីខ​កំប៉ុង​នាំ​ចូល​ពី​បរទេស​ក៏​ទទួល​ទាន​មិន​បាន​ដែរ។

សំឡេង​អ្នក​ភូមិ​ច្រើន​នាក់៖ «លក់​តែ​ប្រាំ​ម៉ឺន​ក៏​គ្មាន​អ្នក​ណា​ទិញ​ដែរ។ ឲ្យ​ជ្រូក ជ្រូក​ក៏​អត់​ស៊ី​ដែរ ហើយ​បើ​ត្រីខ​ចោល។ កុំ​ថា​មនុស្ស​សត្វ​វា​ស៊ី​អត់​កើត​ដែរ។ រឿង​អី​ហូប​កើត​បើ​ធុំ​ក្លិន»

មេ​ឃុំ​រកា អ្នកស្រី ស៊ឹម ពៅ កាល​ពី​ថ្ងៃ​ទី​៣ មីនា បញ្ជាក់​ថា អ្នក​ភូមិ​គ្រប់ៗ​គ្នា​បាន​រអ៊ូរទាំ​ពី​គុណភាព​អង្ករ ប៉ុន្តែ​ឥឡូវ​នេះ អ្នក​ភូមិ​របស់​អ្នកស្រី​ចំនួន ២៨៣​នាក់ បាន​ទទួល​អង្ករ​ម្នាក់ៗ ៥០​គីឡូក្រាម​បន្ថែម​ទៀត​ពី​អាជ្ញាធរ​ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​២ កុម្ភៈ។

អ្នក​ភូមិ​អះអាង​ថា ការ​ចែក​អង្ករ​មិន​មាន​គុណភាព​នោះ អាច​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ពុករលួយ​នៅ​ថ្នាក់​មូលដ្ឋាន ដែល​ទទួល​បាន​ថវិកា​ពី​កាកបាទ​ក្រហម​កម្ពុជា សម្រាប់​ទិញ​អង្ករ ប៉ុន្តែ​បែរ​ជា​ទិញ​អង្ករ​គ្មាន​គុណភាព​ក្នុង​តម្លៃ​ថោក​ឲ្យ​ពលរដ្ឋ​ទៅ​វិញ។

អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​ភូមិ​រកា​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា គ្រួសារ​លោកស្រី​ទទួល​បាន​អង្ករ​ពី​កាកបាទ​ក្រហម​ចំនួន ៥០​គីឡូក្រាម។ អង្ករ​ទាំង​នោះ​មាន​ក្លិន​ផ្អួរ​មិន​អាច​ទទួល​ទាន​បាន។ លោកស្រី​ស្នើ​ឲ្យ​កាកបាទ​ក្រហម​ពិនិត្យ​គុណភាព​អង្ករ​មុន​នឹង​ចែក​ឲ្យ​ពលរដ្ឋ​ក្រីក្រ។

ប្រធាន​គណៈកម្មការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​កាកបាទ​ក្រហម​កម្ពុជា លោក អ៊ុយ សំអាត បដិសេធ​មិន​ផ្ដល់​បទសម្ភាសន៍​នឹង​វិទ្យុ​អាស៊ីសេរី​ឡើយ កាល​ពី​ថ្ងៃ​ទី​៣ មីនា។

ពាក់ព័ន្ធ​ទៅ​នឹង​គុណភាព​អង្ករ​នេះ លោក ច័ន្ទ សុផល អះអាង​ថា ជា​អង្ករ​ដែល​កាកបាទ​ក្រហម​ទទួល​បាន​ពី​សប្បុរសជន​ដែល​ផ្ដល់​អំណោយ​ដល់​កាកបាទ​ក្រហម​កម្ពុជា។ គេហទំព័រ​កាកបាទ​ក្រហម​កម្ពុជា ផ្សាយ​រូបភាព​ចែក​អំណោយ​របស់​អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន បង្ហាញ​ថា អង្ករ​ដែល​ខូច​គុណភាព​ទាំង​នោះ​ត្រូវ​បាន​ដាក់​ក្នុង​បាវ មាន​ស្លាក​សញ្ញា​កាកបាទ​ក្រហម​កម្ពុជា។

រហូត​មក​ទល់​ពេល​នេះ អ្នក​ដែល​ផ្ទុក​មេរោគ​អេដស៍​នៅ​ឃុំ​រកា មាន​ចំនួន ២៦៩​នាក់ គិត​ត្រឹម​ថ្ងៃ​ទី​១៥ កុម្ភៈ។ ចំណែក​ឯ​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់​ចំនួន ៥​នាក់​ហើយ គិត​ត្រឹម​ថ្ងៃ​ទី​២៥ កុម្ភៈ។ បច្ចុប្បន្ន​នេះ អ្នក​ភូមិ​មួយ​ចំនួន​កំពុង​ខ្វះខាត​ជីវភាព និង​ជំពាក់​បំណុល​ធនាគារ​ដោយសារ​តែ​ពួកគេ​បាន​បោះបង់​ចោល​ការងារ​ចំណែក​អ្នក​ខ្លះ​ទៀត​គ្មាន​កម្លាំង​ដើម្បី​ធ្វើស្រែ និង​ចំការ។ ពួកគេ​ស្នើ​ឲ្យ​កាកបាទ​ក្រហម​កម្ពុជា ពិនិត្យ​គុណភាព​អំណោយ​មុន​នឹង​ផ្តល់​ឲ្យ​អ្នក​ជំងឺ ពីព្រោះ​ប្រសិនបើ​អ្នក​ជំងឺ​បរិភោគ​អង្ករ​គ្មាន​គុណភាព​នោះ​នឹង​បណ្តាល​ឲ្យ​កាន់តែ​ប៉ះពាល់​សុខភាព​របស់​ពួកគេ​ដែល​កំពុងតែ​ទ្រុឌទ្រោម​ស្រាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

Where is PM Hun Sen? Why does not he blame head of Cambodian Red Cross?

Mar 04, 2015 04:40 AM

អ្នក​អាន​អនាមិក

ដល់អញ្ចឹងទើបដឹងថាពាលកំពុងតែតាមស៊ីពាលហើយ យើងមើល​ហ៊ានបំបាក់មុខជុំទាវធំផង ពិតជាលេបប្រម៉ាត់ខ្លាឃ្មុំមែនពួកនេះ តែមិនអីទេវាមកអេមលោកចាន់សុផលវិញ ដែលលោកយល់ថាអ្នក​ឈឺក៏ជាមនុស្ស អ្នកក្រក៏ជាមនុស្សដែរ មិនអន់ជាងសត្វទេ បើជ្រូកវា​មិនចង់ស៊ីផង ដល់មនុស្សទៅទទួលទានមានតែអន់ជាងសត្វពេក មិន​អញ្ចឹងបាទ?

Mar 04, 2015 03:18 AM

អ្នក​អាន​អនាមិក

EVEN RICE FROM KHMER ROUGE RED CROSS BOUN RANI PRIME MINISTER WIFE SICK TOO BECAUSE THOSE RICE HAVING HIV, THEY WANT ALL KHMER PEOPLE DIES AND GET THE LAND TO SALE.

Mar 04, 2015 12:10 AM

គេហទំព័រ​ទាំងមូល