បក្ស​ប្រជា​ជន​ប្រកាស​គាំទ្រ​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​របស់​លោក ហ៊ុន សែន ជា​បន្ត

គណ​បក្ស​ប្រជា​ជន​កម្ពុជា នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា បាន​ប្រកាស​ថា ខ្លួន​បន្ត​គាំទ្រ​លោក ហ៊ុន សែន អនុ​ប្រធាន​គណ​បក្ស ជា​បេក្ខភាព​នាយក​រដ្ឋ​មន្ត្រី​សម្រាប់​អាណត្តិ​ក្រោយៗ ទៀត បើ​សិន​ណា​គណ​បក្ស​នេះ​ឈ្នះ ក្នុង​ការ​បោះ​​ឆ្នោត​សាកល​ឆ្នាំ​២០១៣ ខាង​មុខ។

ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា លោក ជា ស៊ីម បាន​មាន​ប្រសាសន៍​ទៅ​កាន់​សមាជិក​ជា​ច្រើន​ពាន់​នាក់ នៅ​ក្នុង​ខួប​លើក​ទី ៦០​ឆ្នាំ នៃ​ការ​បង្កើត​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ថា ៖ "តាងនាម​ឲ្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ខ្ញុំ​សូម​បញ្ជាក់​ជា​ថ្មី​គាំទ្រ​បេក្ខភាព​របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន ជា​នាយក​រដ្ឋ​មន្ត្រី​សម្រាប់​អាណត្តិ​ទី​៥ និង​អាណត្តិ​ក្រោយៗ​ទៀត"

លោក ជា ស៊ីម បាន​បញ្ជាក់​ទៀត​ថា គណ​បក្ស​ប្រជា​ជន​កម្ពុជា​នឹង​បន្ត​ធ្វើ​សម្ពន្ធភាព​ជា​មួយ​គណ​បក្ស​ហ៊្វុនស៊ិនប៉ិច នៅ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​នៅ​អាណត្តិ​ក្រោយ​ទៀត។

កន្លង​មក លោក​នាយ​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា លោក​នឹង​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​រហូត​ដល់​អាយុ ៩០​ឆ្នាំ ឬ​មួយ​ជីវិត បើ​សិន​ជា​ប្រជា​ពល​រដ្ឋ​នៅ​តែ​បន្ត​បោះ​ឆ្នោត​គាំទ្រ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​នោះ៕