លោកវរសេនីយ៍ឯក ជេត វណ្ណី ស្នងការរងនគរបាលខេត្តបាត់ដំបង ទទួលបន្ទុកផ្នែកយុត្តិធម៌។ លោកបានបញ្ជាក់ថា កាលពីម៉ោង ២យប់ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១១ ប៉ូលិសបានផ្តល់ព័ត៌មានពីខេត្តសៀមរាប មកថា មានករណីប្លន់សម្លាប់ និងចាប់រំលោភ។ ក្រុមចោរប្លន់នោះបានប្រើរថយន្តម៉ាក់ កូរ៉ូឡា ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2M-9954។
លោកបន្តថា ទទួលបានដំណឹងនេះភ្លាម សមត្ថកិច្ចប៉ូលិសបានប្រើកងកម្លាំងប៉ូលិសបង្ក្រាប និងកងកំម៉ង់ដូ សរុបមានគ្នា ៣០នាក់ ចាំស្ទាក់រថយន្តនោះនៅក្នុងខេត្តបាត់ដំបង។ លុះដល់ម៉ោង ៣យប់ រថយន្តជនសង្ស័យបានបើកឆ្លងកាត់ប៉ុស្តិ៍ ត្រួតពិនិត្យលើផ្លូវជាតិលេខ៥ ឆ្លងកាត់រង្វង់មូលលោកតាដំបងគ្រញូង។ ប៉ូលិសក៏បានឃាត់រថយន្តនោះ ប៉ុន្តែរថយន្តនោះពុំបានឈប់ទេ ហើយជនសង្ស័យបានបើករថយន្តគេចរហូតដល់ស្រុកសង្កែ។
សមត្ថកិច្ចប៉ូលិសបានតាមបាញ់ចំនួន ៦គ្រាប់ សំដៅបំបែកកង់រថយន្តនោះ បណ្ដាលឲ្យបែកកញ្ចក់ផ្នែកខាងក្រោយ និងមុខ ហើយជនសង្ស័យម្នាក់បានរងរបួស។ សមត្ថកិច្ចបានចូលទៅចាប់ខ្លួនបានជនសង្ស័យពីរនាក់។ ចំណែកឯជនសង្ស័យបួននាក់ទៀត បានលោតគេចខ្លួនទៅក្នុងទឹក។
លោកវរសេនីយ៍ឯក ជេត វណ្ណី ស្នងការរងនគរបាលខេត្តបាត់ដំបង បានបន្តថា លុះដល់ម៉ោង ១០ និង ១៥នាទី ព្រឹកថ្ងៃទី១ ខែវិច្ឆិកា ទើបសមត្ថកិច្ចចាប់បានជនសង្ស័យ ៤នាក់ថែមទៀត។ សរុបមានគ្នា ៦នាក់។ ក្នុងការតាមចាប់ជនសង្ស័យនេះ មានកងម្លាំងសមត្ថកិច្ចប៉ូលិស ប៉េអឹម និងការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកសង្កែចំនួនជាង ៣០០នាក់។
«ជនសង្ស័យទាំង ៦នាក់ ទីមួយឈ្មោះ ម៉ក់ ហ៊ីត អាយុ ២៦ឆ្នាំ ត្រូវជាកូនធម៌របស់ជនរងគ្រោះ។ ឈ្មោះ រស់ បុរី អាយុ ២៣ឆ្នាំ។ ឈ្មោះ ឃី វណ្ណី អាយុ ១៦ឆ្នាំ ជាអ្នករំលោភ។ ឈ្មោះ តង ហៅ ដូង ដែលត្រូវរបួសដេកនៅក្នុងមន្ទីរពេទ្យជាអ្នកអារក។ ឈ្មោះ អាកុយ អាយុ ២៤ឆ្នាំ ប៉េអឹម ជាអ្នកចាប់។ កែវ សុនី អាយុ ១៩ឆ្នាំ យើងប្រមូលបានទាំងអស់ ៦នាក់។ យើងបានសួរជាបឋមនេះ គឺថា ជនសង្ស័យបានឆ្លើយសារភាពករណីរំលោភ និងសម្លាប់នេះ គឺខ្លួនបានធ្វើពិតប្រាកដមែន»។
ក្រោយការចាប់ខ្លួនជនសង្ស័យ ឈ្មោះ ម៉ក់ ហ៊ីត បានឆ្លើយថា ពួកគេទាំងអស់គ្នាមានជាប់ពាក់ព័ន្ធក្នុងករណីសម្លាប់ និងរំលោភនេះពិតប្រាកដមែន៖ «គេសម្លាប់រួចបានខ្ញុំរំលោភតាមក្រោយ រំលោភកូនស្រីច្បង ឈ្មោះ តង់ ជាអ្នកអារកសម្លាប់ យកកាំបិត»។
សមត្ថកិច្ចប៉ូលិសបានឲ្យដឹងថា ជនសង្ស័យទាំង ៦នាក់ នឹងត្រូវប្រគល់ទៅសមត្ថកិច្ចប៉ូលិសខេត្តសៀមរាប ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការធ្វើការចោទប្រកាន់តាមនីតិវិធីច្បាប់៕
