ពលរដ្ឋចូលរួមលេងកម្សាន្តថ្ងៃអុំទូកច្រើនជាង២ថ្ងៃដំបូង តែមានចំនួនតិចជាងឆ្នាំមុន
2019.11.13
ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នៅរាជធានីភ្នំពេញ នៅថ្ងៃចុងក្រោយ មានពលរដ្ឋចូលរួមលេងកម្សាន្តច្រើនជាង ២ថ្ងៃកន្លងទៅ តែនៅតែតិចជាងឆ្នាំមុនៗ។ អ្នកចូលរួមលេងកម្សាន្ត និងអ្នករត់រ៉ឺម៉កកង់បី ដឹកភ្ញៀវ ប្រាប់ថា សមត្ថកិច្ចនៅតែរឹតបន្តឹងខ្លាំងដូចពេល២ថ្ងៃកន្លងទៅ ហើយពលរដ្ឋទៅលេងកម្សាន្ត មិនច្រើនកុះករដូចឆ្នាំមុនទេ។
អ្នករត់កង់បីនៅម្ដុំវិមានឯករាជ្យម្នាក់ លោក ខែក វិចិត្រ ប្រាប់ថា ទាំងពេលថ្ងៃ និងយប់ មិនសូវមានពលរដ្ឋច្រើន ដូចឆ្នាំមុនៗ ទេ ហើយឆ្នាំនេះ លោករត់រ៉ឺម៉កកង់បីមិនសូវបានលុយទេ ព្រោះគ្មានអ្នកជិះ។ លោកបន្តថា សមត្ថកិច្ចបានដាក់បារ៉ាស់ បិទផ្លូវ តាំងពីម្ដុំវិមានឯករាជ្យ មិនឱ្យម៉ូតូ ឡាន បើកចូលទីតាំងលេងកម្សាន្តដូចរាល់ឆ្នាំ ឯអ្នកលក់ដូររបរតូចតាច និងអ្នករត់ម៉ូតូឌុប រ៉ឺម៉កកង់បី ក៏មិនសូវមានច្រើនដូចរាល់ឆ្នាំដែរ៖ «មិនច្រើនខ្លាំងអ្វីទេបង គ្រាន់តែច្រើនជាងថ្ងៃម្សិលមិញ ។ វាមិនបានដូចឆ្នាំមុនទេបង មិនអាចប្រៀបធៀបនឹងឆ្នាំទៅ។ អាកន្លែងចតរ៉ឺម៉ក គេមិនឱ្យចតទេបង»។
ពលរដ្ឋ និងសង្គមស៊ីវិលសង្កេតឃើញថា ពិធីបុណ្យអុំទូករយៈពេល ២ថ្ងៃកន្លងទៅ គឺនៅថ្ងៃទី១០ និងទី១១ វិច្ឆិកា មានភាពសោះកក្រោះជាងរាល់ឆ្នាំ ដោយសារពលរដ្ឋចូលរួមលេងកម្សាន្តបុណ្យអុំទូក មានចំនួនតិចជាងកងកម្លាំងប្រដាប់អាវុធ ដែលអាជ្ញាធរបានដាក់ពង្រាយយាមកាម និងដើរចល័តតាមផ្លូវ ក្នុងបរិវេណកន្លែងកម្សាន្តពិធីបុណ្យ។ របាយការណ៍របស់សមត្ថកិច្ច បង្ហាញថា ថ្ងៃដំបូងនៃព្រះរាជពិធីបុណ្យអុំទូក មានអ្នកចូលរួមប្រមាណជាង ៥០ម៉ឺននាក់ តិចជាងឆ្នាំមុនប្រមាណ ៤០ម៉ឺននាក់។
ក្រោយពេលព្រះរាជពិធីបុណ្យអុំទូក ២ថ្ងៃមកនេះ មិនសូវមានពលរដ្ឋចូលរួមលេងកម្សាន្ត មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បានស្ដីបន្ទោសថា មានជនអគតិប្រឌិតពាក្យចចាមអារ៉ាម បំភ័យពលរដ្ឋ។ លោកសរសេរលើហ្វេសប៊ុក (facebook) នៅព្រឹក ថ្ងៃទី១២ វិច្ឆិកាថា ពិធីបុណ្យអុំទូកបានកន្លងផុតទៅអស់ ២ថ្ងៃហើយ សង្ឃឹមថា បងប្អូនជនរួមជាតិ និងកូនក្មួយយុវជន ព្រមទាំងទេសចរជាតិ និងអន្តរជាតិ បានចូលរួមកម្សាន្តសប្បាយទាំងអស់គ្នា នៅទូទាំងប្រទេស។ ថ្ងៃចុងក្រោយ លោកសូមអញ្ជើញពលរដ្ឋ ឱ្យនាំកូនចៅមកកម្សាន្តសប្បាយឱ្យបានច្រើនកុះករ។
លោក ហ៊ុន សែន សរសេរថា នៅតាមខេត្តមួយចំនួន លេចឮពាក្យចចាមអារ៉ាម និងពាក្យប្រឌិតភូតកុហកបោកប្រាស់ បំពុល និងបំប៉ោងបញ្ហាសន្តិសុខសង្គម ធ្វើឱ្យពលរដ្ឋភ័យខ្លាច។ លោក អះអាងថា រាជរដ្ឋាភិបាលសូមធានាជូននូវសន្តិសុខដល់ប្រជាពលរដ្ឋមិនឱ្យមានអ្វីកើតឡើងឡើយ។ លោក សំណូមពរពលរដ្ឋកុំជឿ ពាក្យភូតកុហក ព្រោះលោកយល់ថា អ្នកភូតកុហកទាំងនោះ ជាក្រុមមិនចង់ឃើញពីការរីកចម្រើនរបស់ប្រទេសជាតិ។
ទោះជាយ៉ាងណា ពលរដ្ឋ និងសង្គមស៊ីវិលប្រាប់ថា មានកត្តាមួយចំនួន ដែលបណ្ដាលឱ្យមិនសូវមានការចូលរួមលេងកម្សាន្តបុណ្យអុំទូកនៅឆ្នាំនេះ គឺដោយសារ ធ្លាប់មានប្រវត្តិរត់ជាន់គ្នាស្លាប់នៅម្ដុំកោះពេជ្រក្នុងពេលបុណ្យអុំទូក ការប្រារព្ធពិធី បុណ្យអុំទូកតាមទំនើងចិត្តរបស់លោក ហ៊ុន សែន ពលរដ្ឋខ្លះយកឱកាសឈប់សម្រាកទៅលេងស្រុក ការបង្កើតកម្មវិធីប្រណាំងទូកតាមខេត្ត អាជ្ញាធរខិលខូចឆ្លៀតឡើងភាស៊ីថ្លៃទីតាំងតូប កន្លែងផ្ញើឡាន ម៉ូតូ កត្តាបញ្ហានយោបាយ និងការដាក់ពង្រាយកងកម្លាំងប្រដាប់ដោយសព្វាវុធច្រូងច្រាងច្រើនហួសហេតុ ជាដើម។
ពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងជាអាជីវករលក់ដូរនៅផ្សារដើមគម្នាក់ អ្នកស្រី ម៉ៅ លក្ខិណា ឱ្យដឹងថា នៅឆ្នាំនេះ ក្រុមអាជីវករនៅផ្សារដើមគ ដែលធ្លាប់ចេញទៅលក់ក្នុងពិធីបុណ្យអុំទូក មិនទៅលក់ទេ ដោយសារលក់មិនដាច់ ខ្សត់មនុស្សដើរលេងពេក។ អ្នកស្រី ប្រាប់ថា អ្នកលក់ដូរ នៅផ្សារដើមគ មួយចំនួន មិននាំគ្នាទៅលេងបុណ្យអុំទូកទេ គឺពួកគេបិទតូបចេញទៅលេងស្រុកដែរ ដោយសារលក់មិនដាច់៖ «អ្នកខ្លះលក់នៅផ្សារ អ្នកខ្លះលក់នៅផ្សារក៏អត់ដាច់ដែរ គេទៅស្រុកលេង។ ថ្ងៃនេះ ខ្ញុំលក់អត់ដាច់ផង លក់ទើបតែបាន ១ម៉ឺន ៥ពាន់(រៀល) លក់ខោអាវ»។
ជុំវិញការចូលរួមរបស់ពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូក នៅថ្ងៃទី៣ នេះ អាស៊ីសេរីមិនអាចសុំការបញ្ជាក់ពីខាងមន្ត្រីគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យអុំទូក និងអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានទេ ដោយសារមិនទទួលទូរស័ព្ទ។ តែយ៉ាងណា អនុប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ លោក ប៊ូ ជុំសេរី បានប្រាប់អាស៊ីសេរី កាលពីថ្ងៃទី១១ វិច្ឆិកាថា ជាទម្លាប់ នៅថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យ គឺមានពលរដ្ឋចូលរួមលេងកម្សាន្តច្រើន ជាងថ្ងៃដំបូងៗ៕