ពលរដ្ឋថា ស្ថានភាពបុណ្យអុំទូកឆ្នាំនេះ ស្ងប់ស្ងាត់ខុសធម្មតា
2019.11.10

ពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងមន្ត្រីសង្គមស៊ីវិល ឱ្យដឹងថា ការប្រារព្ធពិធីបុណ្យអុំទូកឆ្នាំនេះមានភាពស្ងប់ស្ងាត់ខុសធម្មតា ពុំសូវមានមនុស្សចូលរួមដូចឆ្នាំមុនៗ នោះទេ បើទោះបីជាលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញមោទនភាពថា ប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញក៏ដោយ។ ពលរដ្ឋមួយចំនួននៅតែបង្ហាញអារម្មណ៍មិនសប្បាយចិត្ត ទាក់ទិនការពង្រាយកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល ក្នុងពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ដែលជាមូលហេតុធ្វើឱ្យពួកគេខកខានមកចូលរួម។
ពលរដ្ឋរស់នៅរាជធានីភ្នំពេញ កម្មករកម្មការិនី និងពលរដ្ឋរស់នៅតាមបណ្ដាខេត្តនានា ចាត់ទុកការប្រារព្ធពិធីបុណ្យអុំទូក ឆ្នាំនេះ មិនបង្ហាញបរិយាកាសល្អ ដើម្បីឱ្យពួកគេ បានចូលរួមដោយចិត្តជ្រះស្រឡះនោះទេ ផ្ទុយទៅវិញ ពលរដ្ឋមួយចំនួនបែរជា ភ័យខ្លាចបរិយាកាសនយោបាយ ហើយនាំគ្នាទៅលេងស្រុកកំណើត និងដើរកម្សាន្តតាមរមណីយដ្ឋាននានាជំនួសវិញ។
ពលរដ្ឋរស់នៅរាជធានីភ្នំពេញម្នាក់ ឈ្មោះ ស៊ុន បាន ប្រាប់អាស៊ីសេរីនៅថ្ងៃទី១០ វិច្ឆិកា ថា ទិដ្ឋភាពបុណ្យអុំទូកឆ្នាំនេះ មានភាពស្ងប់ស្ងាត់ ខុសគ្នាដាច់ស្រឡះ កាលពីឆ្នាំមុនៗ។ លោកថា ការពង្រាយកងកម្លាំងកាន់អាវុធ របស់រដ្ឋាភិបាលច្រើនស្អេកស្កះ ក្នុងពិធីបុណ្យអុំទូក ការជាប់គាំងនយោបាយ និងការប្រកាសវិលត្រឡប់របស់លោក សម រង្ស៊ី គឺហេតុផលចម្បង ធ្វើឱ្យរូបលោក និងពលរដ្ឋមិនសប្បាយចិត្ត និងគ្មានអារម្មណ៍ចូលរួមពិធីបុណ្យជាតិឆ្នាំនេះទេ៖ «វាឋិតក្នុងភាពមិនសប្បាយដូចសព្វមួយដង ដោយពុំមានការជួបជុំពលរដ្ឋ ឬក៏កម្មករកម្មការិនីគាត់ចង់សប្បាយបុណ្យអុំទូកហ្នឹង វាស្ងាត់។ ស្ងាត់មែនទែនហ្មង បើសប្បាយកុះករដូចឆ្នាំសព្វមួយដងវាអត់មាន យើងឃើញថា ពលរដ្ឋយើងកាលណា បង្ហាញពីទាហាន និងកងរាជអាវុធហត្ថ គឺពួកគាត់តែងតែខ្លាច»។
ស្រដៀងគ្នានេះ ពលរដ្ឋរស់នៅរាជធានីភ្នំពេញ ម្នាក់ទៀត លោក ឯម សុខសុវណ្ណ ឱ្យដឹងថា លោក និងមិត្តភ័ក្ដិ មិនបានចូលរួមពិធីបុណ្យអុំទូកឆ្នាំនេះនោះទេ ដោយសារភ័យខ្លាចអាជ្ញាធរបង្ហាញកងកម្លាំងប្រាប់អាវុធច្រើនស្អេកស្កះតាមផ្លូវ។ លោកយល់ថា ការប្រារព្ធពិធីបុណ្យជាតិ គ្មានការគាំទ្រពីពលរដ្ឋ នឹងធ្វើឱ្យកម្ពុជាខាតបង់ថវិកាជាតិមួយកម្រិតទៀតដោយទទេរៗ។៖ «មូលហេតុដែលខ្ញុំមិនបានចូលរួមពិធីបុណ្យអុំទូក ដោយសារស្ថានភាពនយោបាយឡើងកម្ដៅខ្លាំងពេក ម្យ៉ាងអត់សូវមានអារម្មណ៍សប្បាយចិត្តរឿងស្ថានភាពនយោបាយ អ៊ីចឹង។ ប៉ុន្តែក្នុងការដើរទៅណា ជួបកងកម្លាំងក្នុងអារម្មណ៍មិនសប្បាយចិត្ត»។
ទោះជាបែបនេះក្តី លោក ហ៊ុន សែន បានថ្លែងក្នុងទំព័រហ្វេសប៊ុករបស់វខ្លួន នៅថ្ងៃទី១០ វិច្ឆិកាថា ព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៩នេះ មានពលរដ្ឋចូលរួមទស្សនាការប្រណាំងទូកងនៅមាត់ទន្លេ ច្រើនកុះករ និងបានទិញទំនិញតាមស្តង់តាំងពិព័រណ៍ ក្នុងរាជធានីភ្នំពេញ ព្រមទាំងទស្សនាការប្រគំតន្ត្រីសិល្បៈបុរាណ និងសម័យផងដែរ។ លោក ហ៊ុន សែន បន្ថែមថា ប្រទេសជាតិមានសុខសន្តិភាពពេញលេញ ទើបអាចប្រារព្ធពិធីបុណ្យជាតិធំៗប្រចាំឆ្នាំបែបនេះបាន។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន អះអាងថា អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ដើម្បីឱ្យពលរដ្ឋ និងភ្ញៀវទេសចរ សប្បាយរីករាយនៅក្នុងពិធីបុណ្យអុំទូក។ លោកបញ្ជាក់ថា ការពង្រាយកងកម្លាំង និងសមត្ថកិច្ច ពុំមែនដើម្បីគំរាមកំហែងពលរដ្ឋនោះទេ៖ «ចំនួនកីឡាករ មករាប់ពាន់នាក់ និងទូកងរាប់រយ នេះហើយជាសញ្ញាបង្ហាញថា វិធីបុណ្យអក អំបុកនៅតែជាពិធីប្រពៃណីជាតិរបស់យើងដដែល។ ក្នុងពេលនេះម៉ោងនេះ រដ្ឋាភិបាលនៅតែរក្សាសណ្ដាប់ធ្នាប់ជូនដល់មហាជនរបស់យើង។ នេះជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល»។
ផ្ទុយពីការលើកឡើងនេះ ពលរដ្ឋរស់នៅរាជធានីភ្នំពេញសង្កេតឃើញថា ការប្រណាំងទូកងឆ្នាំនេះ ពុំសូវមានមនុស្សចូលរួមច្រើនកុះករនោះឡើយ។ លើសពីនេះ តាមបណ្ដោយច្រាំងទន្លេ មុខព្រះបរមរាជវាំង ដែលធ្លាប់ឃើញមានមនុស្សច្រើនស្អេកស្កះ បែរជាស្ងាត់ជ្រងំ។ ពលរដ្ឋបញ្ជាក់ទៀត ថា រដ្ឋាភិបាលបានពង្រាយកងកម្លាំងចម្រុះ កាន់អាវុធគ្រប់ប្រភេទ និងរថពាសដែក នៅតាមព្រំដែនកម្ពុជា-ថៃ និងនៅកណ្ដាលរាជធានីភ្នំពេញ គឺជាមូលហេតុសំខាន់ ធ្វើឱ្យពួកគាត់ ភ័យព្រួយពីសុវត្ថិភាព។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ សង្កេតឃើញថា បុណ្យអុំទូកឆ្នាំនេះ មនុស្សចូលរួមទស្សនា ការប្រណាំងទូកងមានចំនួនតិចជាងឆ្នាំមុនៗ។ លោកថា បរិយាកាសក្នុងរាជធានីភ្នំពេញមានភាពស្ងប់ស្ងាត់ ព្រោះពលរដ្ឋមួយចំនួន បិទទ្វារផ្ទះ ដើរកម្សាន្តទៅខេត្តនានា និងទៅលេងស្រុកកំណើតជាដើម៖ «ឆ្នាំនេះឃើញថា ពង្រាយកម្លាំងប្រដាប់អាវុធតាំងពីព្រំដែន រហូតដល់កណ្ដាលរាជធានីភ្នំពេញ មានតែពីអាវុធគ្រប់ប្រភេទ អ៊ីចឹងហើយបានធ្វើឱ្យអារម្មណ៍ពលរដ្ឋ ជាពិសេស កម្មករកម្មការិនី ដែលធ្វើការនៅភ្នំពេញ លោកមិនមានក្តីសប្បាយរីករាយ ក្នុងពិធីបុណ្យអុំទូកឆ្នាំនេះ ។ ធ្វើឱ្យគាត់ភិតភ័យ។ សូមឱ្យរាជរដ្ឋាភិបាលគិតឡើងវិញ មេត្តាចូលតុចរចា ដើម្បីធ្វើឱ្យមានសន្តិភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍ និងកក់ក្ដៅ»។
កម្ពុជាធ្លាប់ខកខានមិនបានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក រយៈពេល ៣ឆ្នាំជាប់ៗ គ្នា កាលពីឆ្នាំ២០១១ ឆ្នាំ២០១២ និងឆ្នាំ២០១៣ ក្រោយពីមានព្រឹត្តិការណ៍រត់ជាន់គ្នានៅកោះពេជ្រ បណ្ដាលឱ្យមនុស្សជាង ៣៥០នាក់ស្លាប់ ដោយសារហេតុផលគ្រោះទឹកជំនន់ និងក្រោយការសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ។
ក្នុងឆ្នាំ២០១៤ ពិធីបុណ្យបុណ្យអុំទូកត្រូវបានរៀបចំធ្វើឡើងវិញ ក៏ប៉ុន្តែបានខកខានម្ដងទៀតនៅឆ្នាំ២០១៥ ស្របពេលដែលស្ថានភាពនយោបាយនៅកម្ពុជាបានឡើងកម្ដៅ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងថា ការផ្អាកប្រារព្ធពិធីនោះគឺដោយសារកម្ពស់ទឹកទន្លេទាបពេកមិនអាចអុំទូកបាន។ ប៉ុន្តែនៅឆ្នាំ២០១៩ នេះ លោក ហ៊ុន សែន អះអាងផ្ទុយទៅវិញថា ទោះបីជាកម្រិតទឹកទន្លេនៅសល់ត្រឹម ១ម៉ែត្រ ក៏ត្រូវតែរៀបចំព្រះរាជពិធីបុណ្យនេះដែរ ដោយសារលោកចង់ឈ្នះចិត្ត លោក សម រង្ស៊ី ដែលបានប្រកាសវិលចូលស្រុកវិញនៅអំឡុងពេលនេះ៖ «ខ្ញុំសូមបញ្ជាក់ថា កាលមុនទឹកធំពេកក៏យើងមិនអុំ ទឹកតូច ពេកក៏យើងមិនអុំ ប៉ុន្តែឆ្នាំនេះ បើទោះបីជាទឹកនៅតែ១ម៉ែត្រ ក៏ត្រូវតែអុំដែរ ព្រោះខ្ញុំក៏ចង់ស្គាល់ រសជាតិរបស់ដែលហៅថា "មកផ្តួលរំលំ ហ៊ុន សែន" នៅថ្ងៃទី៩ (វិច្ឆិកា)" ព្រោះយើង ថ្ងៃទី១០-១១-១២ យើងអុំទូក។ បើយើងមិនអុំទូក វាថា យើងហ្នឹងចាញ់»។
ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នៅឆ្នាំនេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែវិច្ឆិកា អំឡុងពេល លោក សម រង្ស៊ី ប្រកាស វិលចូលប្រទេសកំណើតវិញ៕