អាជ្ញាធរ​ខេត្ត​បាត់ដំបង​រៀបចំ​ពិធី​សង្ក្រាន្ត​​​ឆ្នាំថ្មី​ទ្រង់ទ្រាយ​ធំ ៤​ថ្ងៃ​

អាជ្ញាធរ​ខេត្ត​បាត់ដំបង​​អនុញ្ញាត​ឲ្យ​ក្រុម​យុវជន​របស់​គណបក្ស​កាន់​អំណាច​នៅ​ក្នុង​ខេត្ត​នេះ ​​រៀបចំ​ពិធី​សង្ក្រាន្ត​ដ៏​ធំ​លើក​ដំបូង​នៅ​កណ្ដាល​ទីរួមខេត្ត​បាត់ដំបង​​ចាប់​ពី​ថ្ងៃ​ទី​១២​ ដល់​ថ្ងៃ​ទី​១៦​ មេសា​ ដើម្បី​អបអរ​​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ។ ​ពលរដ្ឋ​និង​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ខេត្ត​បាត់ដំបង​បាន​​រិះគន់​ចំពោះ​ការ​រៀបចំ​ពិធី​នេះ​ថា​​ ជា​ចេតនា​​ធ្វើ​ដើម្បី​បម្រើ​មហិច្ឆតា​នយោបាយ។

ពលរដ្ឋ​នៅ​ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯកភ្នំ​ ខេត្ត​បាត់ដំបង​ លោក ចាន់​ សុភ័ក្រ​ ថ្លែង​នៅ​ថ្ងៃ​ទី​១១​ មេសា​ថា លោក​ស្វាគមន៍​ ប្រសិន​បើ​អាជ្ញាធរ​​រៀបចំ​ពិធី​​កម្សាន្ត​​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ ដើម្បី​ឲ្យ​ពលរដ្ឋ​​បាន​ទៅ​លេង​សប្បាយ​ ដោយ​មិន​មាន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​នោះ។ ប៉ុន្តែ​ពលរដ្ឋ​រូប​នេះ​កត់សំគាល់​ថា អាជ្ញាធរ​រៀបចំ​ពិធី​នេះ​ មិន​មែន​ដើម្បី​សប្បាយ​តែ​មួយ​មុខ​ទេ​ តែ​ជា​ការ​ធ្វើ​ឡើងជា​​មហិច្ឆតា​នយោបាយ​ច្រើន​ជាង៖ «អាច​ជា​ចេតនា​នយោបាយ​ ហើយ​បាន​ប៉ះពាល់​ដល់​យុវជន​មួយ​ចំនួន​ដែល​មិន​មែន​យុវជន​ដែល​រៀបចំ​នឹង​គាត់​មិន​បាន​ធ្វើ​អី​​ គាត់​អត់​បាន​ចូលរួម​គាត់​មិន​សិទ្ធិ​អី​ក្នុង​ការ​ចូលរួម​ ព្រោះ​កម្មវិធី​នឹង​ប្រកាស​តាម​ព័ត៌មាន​ រៀបចំ​ដោយ​យុវជន​ ប . . ស​ ធ្វើ​នៅ​សាលា​ នេត យ៉ង​ អភិបាល​ខេត្ត​បាត់ដំបង​ប្រកាស។ ហេតុ​គឺ ដោយ​សារ​យុវជន​ក្រុម​នេះ​ជាប់​ទាក់ទិន​នឹង​រឿង​នយោបាយ »

អាជ្ញាធរ​ខេត្ត​បាត់ដំបង​ត្រៀម​ពិធី​សង្ក្រាន្ត​ដ៏​ធំ​លើក​ដំបូង​​​នៅ​បរិវេណ​​ផ្លូវ​ខាង​មុន​វិទ្យាល័យ​ នេត យ៉ង​​ ជាប់​រង្វង់​មូល​លោក​តា​ដំបង​ក្រញូង ​ដើម្បី​ឲ្យ​ពលរដ្ឋ​បាន​លេង​កម្សាន្ត​សប្បាយ​ ក្នុង​ថ្ងៃ​​បុណ្យ​ឆ្នាំ​ប្រពៃណី​ខ្មែរ ​​ចាប់​​ពី​ថ្ងៃ​ទី​១២ ​ដល់​ថ្ងៃ​ទី​១៦ មេសា។

អភិបាល​រង​ក្រុង​បាត់ដំបង​ លោក លាង វាសនា មាន​ប្រសាសន៍​ថា ពិធី​នេះ​រៀបចំ​ដោយ​​សហភាព​សហព័ន្ធ​​យុវជន​កម្ពុជា​ខេត្ត​បាត់ដំបង ដែល​ជា​យុវជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ លោក លាង វាសនា អះអាង​ទៀត​ថា ពិធី​នេះ​នឹង​មាន​ការ​ដាក់​តាំង​ពិព័រណ៍​​ផលិតផល​សក្ដានុពល​តំណាង​ឲ្យ​ស្រុក​នីមួយៗ ​ដាក់​បង្ហាញ​ឲ្យ​សាធារណជន​បាន​ទស្សនា​ផង​ដែរ៖ «នៅ​ស្រុក​រុក្ខ​គីរី​គាត់​ធ្វើ​ជា​ម្នាស់​យក្ស​ ហើយ​ខាង​ស្រុក​សំពៅ​លូន​គាត់​ធ្វើ​ពោត​យក្ស​មាន​កម្ពស់​ប្រហែល​៧ម៉ែត្រ ហើយ​នៅ​តាម​ស្រុក​ដទៃ​ទៀត​គាត់​រើស​យក​ម្ហូប​ ឬ​ក៏​អ្វី​ដែល​ជា​របស់​ប្រពៃណី​ខ្មែរ​ពី​បូរាណ​យក​មក​តាំង​បង្ហាញ ហើយ​យើង​រៀបចំ​ព្រឹត្តិការ​សង្ក្រាន្ត​នេះ​ឡើង​ក្នុង​គោល​បំណង​គិត​ដល់​ការ​ថែរក្សា ​និង​ដើម្បី​ឲ្យ​ប្អូន​ប្រជាពលរដ្ឋ​យុវជន​ជំនាន់​ក្រោយ​ចងចាំ​ទំនៀមទម្លាប់​ប្រពៃណី​របស់​ខ្មែរ »

លោក​លាង វាសនា​បន្ថែម​ទៀត​ថា ក្នុង​ពិធី​នេះ​មាន​​​កីឡាប្រដាល់ និង​មាន​​ល្បែង​ប្រជាប្រិយ​របស់​ខ្មែរ​មួយ​ចំនួន​ទៀត​ ក៏​ដាក់​ឲ្យ​ទស្សនា​ និងលេង​កម្សាន្ត​​រៀងរាល់​ថ្ងៃ​ដែរ។

ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ខេត្ត​បាត់ដំបង​ ព្រះតេជ គុណ ឡុញ សុខជា មាន​ថេរ​ដីកា​ថា អាជ្ញាធរ​នៅ​ស្ទើរ​តែ​នៅ​ទូទាំង​ប្រទេស​ទៅ​ហើយ​ ​ដែល​បាន​រៀប​ចំ​ពិធី​ស្វាគមន៍​បុណ្យចូលឆ្នាំ​ដ៏​អធិកអធម​ខុស​ពី​ឆ្នាំ​មុនៗ មាន​​ដូចជា​នៅ​ខេត្ត​បាត់ដំបង​ជា​ដើម ដែល​កាល​ពី​ឆ្នាំ​មុន​ៗ​មិន​មានការ​​រៀបចំ​ធំ​ដុំ​ដូច​ឆ្នាំ​នេះ​ទេ។ ព្រះ​តេជ​គុណ​ ឡុញ សុខជា ចាត់​ទុក​ការ​រៀបចំ​ពិធី​ដ៏​ធំ​នេះ​ថា ជា​ការ​ធ្វើ​ឡើង​ដើម្បី​ទាក់​ទាញ​​ពលរដ្ឋ​ឲ្យ​គាំទ្រ​គណបក្ស​កាន់​អំណាច​ច្រើន​ជាង៖ «យើង​មើល​ទៅ​តាម​សភាព​ជាក់​ស្ដែង​នៃ​សង្គម​កម្ពុជា​សព្វថ្ងៃ​នេះ​វា​ហាក់​ដូច​ជា​មិន​មាន​តម្លៃ​ជា​ដុំ​កំភួន​ទេ​ ព្រោះ​ប្រសិន​បើ​អាជ្ញាធរ​គាត់​យក​ចិត្ត​ទុកដាក់​ពិតប្រាកដ​ចំពោះ​ជាតិ​ គួរ​តែ​​ដោះស្រាយ​ផ្នែក​នយោបាយ​ឲ្យ​ឆាប់រហ័ស​ និង​ឲ្យ​មាន​ការ​បោះឆ្នោត​ត្រឹមត្រូវ​និង​យុត្តិធម៌​ទៅ​​គឺ​ពលរដ្ឋ​មាន​ឱកាស​ចិញ្ចឹមជីវិត​ ធ្វើ​ឲ្យ​សេកកិច្ច​ខ្មែរ​លូតលាស់​ទើប​ប្រពៃ។ ប៉ុន្តែ​បើ​គ្រាន់​តែ​រៀបចំ​កម្មវិធី​នឹង​ឲ្យ​បាន​ធំ​ហើយ​ពលរដ្ឋ​លំបាក​វេទនា​នោះ​ មិន​ចំណេញ​ទេ »

អាជ្ញាធរ​ក្រុង​បាត់ដំបង​រំពឹង​ថា ​ពិធី​នេះ​ នឹង​មាន​ពលរដ្ឋ​ក្នុង​ខេត្ត​ និង​អ្នក​​មក​ពី​តាម​បណ្ដា​ខេត្ត​ជាប់​ខេត្ត​បាត់ដំបង​មក​​លេង​កម្សាន្ត​រយៈ​ពេល ៤ថ្ងៃ​​​ប្រមាណ​ពី ១០ ទៅ ១៦​ម៉ឺន​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។