អាជ្ញាធរខេត្តបាត់ដំបងអនុញ្ញាតឲ្យក្រុមយុវជនរបស់គណបក្សកាន់អំណាចនៅក្នុងខេត្តនេះ រៀបចំពិធីសង្ក្រាន្តដ៏ធំលើកដំបូងនៅកណ្ដាលទីរួមខេត្តបាត់ដំបងចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ មេសា ដើម្បីអបអរបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ ពលរដ្ឋនិងបណ្ដាញព្រះសង្ឃឯករាជ្យខេត្តបាត់ដំបងបានរិះគន់ចំពោះការរៀបចំពិធីនេះថា ជាចេតនាធ្វើដើម្បីបម្រើមហិច្ឆតានយោបាយ។
ពលរដ្ឋនៅឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង លោក ចាន់ សុភ័ក្រ ថ្លែងនៅថ្ងៃទី១១ មេសាថា លោកស្វាគមន៍ ប្រសិនបើអាជ្ញាធររៀបចំពិធីកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ដើម្បីឲ្យពលរដ្ឋបានទៅលេងសប្បាយ ដោយមិនមានពាក់ព័ន្ធនឹងរឿងនយោបាយនោះ។ ប៉ុន្តែពលរដ្ឋរូបនេះកត់សំគាល់ថា អាជ្ញាធររៀបចំពិធីនេះ មិនមែនដើម្បីសប្បាយតែមួយមុខទេ តែជាការធ្វើឡើងជាមហិច្ឆតានយោបាយច្រើនជាង៖ «អាចជាចេតនានយោបាយ ហើយបានប៉ះពាល់ដល់យុវជនមួយចំនួនដែលមិនមែនយុវជនដែលរៀបចំនឹងគាត់មិនបានធ្វើអី គាត់អត់បានចូលរួមគាត់មិនសិទ្ធិអីក្នុងការចូលរួម ព្រោះកម្មវិធីនឹងប្រកាសតាមព័ត៌មាន រៀបចំដោយយុវជន ប . ស . ស ធ្វើនៅសាលា នេត យ៉ង អភិបាលខេត្តបាត់ដំបងប្រកាស។ ហេតុគឺ ដោយសារយុវជនក្រុមនេះជាប់ទាក់ទិននឹងរឿងនយោបាយ » ។
អាជ្ញាធរខេត្តបាត់ដំបងត្រៀមពិធីសង្ក្រាន្តដ៏ធំលើកដំបូងនៅបរិវេណផ្លូវខាងមុនវិទ្យាល័យ នេត យ៉ង ជាប់រង្វង់មូលលោកតាដំបងក្រញូង ដើម្បីឲ្យពលរដ្ឋបានលេងកម្សាន្តសប្បាយ ក្នុងថ្ងៃបុណ្យឆ្នាំប្រពៃណីខ្មែរ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ មេសា។
អភិបាលរងក្រុងបាត់ដំបង លោក លាង វាសនា មានប្រសាសន៍ថា ពិធីនេះរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ដែលជាយុវជនរបស់គណបក្សប្រជាជនកម្ពុជា។ លោក លាង វាសនា អះអាងទៀតថា ពិធីនេះនឹងមានការដាក់តាំងពិព័រណ៍ផលិតផលសក្ដានុពលតំណាងឲ្យស្រុកនីមួយៗ ដាក់បង្ហាញឲ្យសាធារណជនបានទស្សនាផងដែរ៖ «នៅស្រុករុក្ខគីរីគាត់ធ្វើជាម្នាស់យក្ស ហើយខាងស្រុកសំពៅលូនគាត់ធ្វើពោតយក្សមានកម្ពស់ប្រហែល៧ម៉ែត្រ ហើយនៅតាមស្រុកដទៃទៀតគាត់រើសយកម្ហូប ឬក៏អ្វីដែលជារបស់ប្រពៃណីខ្មែរពីបូរាណយកមកតាំងបង្ហាញ ហើយយើងរៀបចំព្រឹត្តិការសង្ក្រាន្តនេះឡើងក្នុងគោលបំណងគិតដល់ការថែរក្សា និងដើម្បីឲ្យប្អូនប្រជាពលរដ្ឋយុវជនជំនាន់ក្រោយចងចាំទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរ » ។
លោកលាង វាសនាបន្ថែមទៀតថា ក្នុងពិធីនេះមានកីឡាប្រដាល់ និងមានល្បែងប្រជាប្រិយរបស់ខ្មែរមួយចំនួនទៀត ក៏ដាក់ឲ្យទស្សនា និងលេងកម្សាន្តរៀងរាល់ថ្ងៃដែរ។
ប្រធានបណ្ដាញព្រះសង្ឃឯករាជ្យខេត្តបាត់ដំបង ព្រះតេជ គុណ ឡុញ សុខជា មានថេរដីកាថា អាជ្ញាធរនៅស្ទើរតែនៅទូទាំងប្រទេសទៅហើយ ដែលបានរៀបចំពិធីស្វាគមន៍បុណ្យចូលឆ្នាំដ៏អធិកអធមខុសពីឆ្នាំមុនៗ មានដូចជានៅខេត្តបាត់ដំបងជាដើម ដែលកាលពីឆ្នាំមុនៗមិនមានការរៀបចំធំដុំដូចឆ្នាំនេះទេ។ ព្រះតេជគុណ ឡុញ សុខជា ចាត់ទុកការរៀបចំពិធីដ៏ធំនេះថា ជាការធ្វើឡើងដើម្បីទាក់ទាញពលរដ្ឋឲ្យគាំទ្រគណបក្សកាន់អំណាចច្រើនជាង៖ «យើងមើលទៅតាមសភាពជាក់ស្ដែងនៃសង្គមកម្ពុជាសព្វថ្ងៃនេះវាហាក់ដូចជាមិនមានតម្លៃជាដុំកំភួនទេ ព្រោះប្រសិនបើអាជ្ញាធរគាត់យកចិត្តទុកដាក់ពិតប្រាកដចំពោះជាតិ គួរតែដោះស្រាយផ្នែកនយោបាយឲ្យឆាប់រហ័ស និងឲ្យមានការបោះឆ្នោតត្រឹមត្រូវនិងយុត្តិធម៌ទៅគឺពលរដ្ឋមានឱកាសចិញ្ចឹមជីវិត ធ្វើឲ្យសេកកិច្ចខ្មែរលូតលាស់ទើបប្រពៃ។ ប៉ុន្តែបើគ្រាន់តែរៀបចំកម្មវិធីនឹងឲ្យបានធំហើយពលរដ្ឋលំបាកវេទនានោះ មិនចំណេញទេ » ។
អាជ្ញាធរក្រុងបាត់ដំបងរំពឹងថា ពិធីនេះ នឹងមានពលរដ្ឋក្នុងខេត្ត និងអ្នកមកពីតាមបណ្ដាខេត្តជាប់ខេត្តបាត់ដំបងមកលេងកម្សាន្តរយៈពេល ៤ថ្ងៃប្រមាណពី ១០ ទៅ ១៦ម៉ឺននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
