ក្នុងអំឡុងពេលពលរដ្ឋខខ្មែរទូទាំងប្រទេសកំពុងប្រារព្ធពិធីបុណ្យកាន់បិណ្ឌតាមទំនៀមទម្លាប់ ពួកគេតែងតែគ្នាក្រោកពីព្រឹកព្រហាម ដើម្បីទៅបាយបិណ្ឌជុំវិញព្រះវិហារនៅតាមវត្តអារាមនីមួយៗ។
តើពិធីបោះបាយបិណ្ឌមានទិដ្ឋភាព និងអត្ថន័យបែបនេះចំពោះពលរដ្ឋខ្មែរ?
ក្រុមពលរដ្ឋដែលទៅបោះបាយបិណ្ឌ នាំគ្នាក្រោកតាំងម៉ោង១២ ឬម៉ោង ២ទៀបភ្លឺ ដើម្បីរៀបចំដាំបាយដំណើប ធូប ទៀន ផ្លែឈើ និងទង់ក្រពើ រួចនាំយកទៅវត្ត។ យ៉ាងយូរបំផុតត្រឹមម៉ោង ៤ទៀបភ្លឺពេលគេ បានទៅដល់វត្ត។
ការបោះបាយបិណ្ឌនេះ ពលរដ្ឋខ្មែរមានជំនឿថា នឹងបានទៅដល់ញាតិសន្ដានដែលកើតទៅជាប្រេត ដោយប្រេតទាំងនោះខ្លាចពន្លឺថ្ងៃ។ ដូច្នេះហើយទើបត្រូវបោះបាយបិណ្ឌឲ្យបានមុនព្រះសូរិយារះ។ បើគេមើលពីចម្ងាយឃើញភ្លើងធូប ទៀន ទៅមុខតិចៗ វិលជុំវិញព្រះវិហារ។ រីឯគណៈកម្មការអាចារ្យវត្ត បានរៀបចំដាក់ចានជ័រទំហំធំល្មមនៅកៀនៗ វិហារនោះ ដើម្បីឲ្យពលរដ្ឋដាក់បាយបិណ្ឌ និងដោតធូបនៅទីនោះ៖ «»
ដៃកាន់បាយបិណ្ឌ និងមានដោតទង់ក្រពើពីលើបាយបិណ្ឌផងនោះ ពលរដ្ឋរស់នៅក្រុងភ្នំពេញ ម្នាក់លោកស្រី ស៊ីន មួយគា ឲ្យដឹងថា អ្នកស្រីភ្ញាក់តាំងពីម៉ោង១២យប់ដើម្បីរៀបចំបាយម្ហូប និងគ្រឿងបូជាផ្សេងៗ។ លោកស្រីយល់ថា បើតាមជំនឿដែលចាស់ៗនិយាយតគ្នាបាយបិណ្ឌនេះនឹងបានដល់ដូនតាសាច់ញាតិរបស់លោកស្រីដែលបានចែកឋានរំលាយកាយទៅហើយនោះ៖ « ភ្ញាក់នៅផ្ទះតាំងពីម៉ោង១២ ឡើងធ្វើបាយម្ហូប គេងអត់លក់ចង់មកតែវត្ត។ ពេលមកធ្វើបុណ្យអ៊ីចឹងទៅបានជ្រះថ្លាស្រឡះក្នុងខ្លួន » ។
ដើរជុំវិញវិហារខ្សិបតិចៗ ហៅឈ្មោះដូនតា ដែលបានចែកឋានទៅទាំងប្រាំពីរសណ្តានលោកស្រី សន គឹមចន និយាយថា លោកស្រីតែងតែឆ្លៀតមកបោះបាយបិណ្ឌរៀងរាល់ឆ្នាំ។ លោកស្រីសង្ឃឹមថា ដូនតាដែលចែកឋានទៅ ហើយអាចទទួលយកទៅសេពសោយនូវអ្វី ដែលលោកស្រីយកមកធ្វើពិធីនៅពេលនេះ៖ « សង្ឃឹមថា ជីដូនជីតាបានទទួល ចេះតែហៅឈ្មោះគាត់ នៅថ្ងៃបិណ្ឌខ្ញុំត្រូវឲ្យបានពីរវត្ត » ។
អាចារ្យវត្តសិរីកៀនឃ្លាំង លោក ចាយ សុវណ្ណរ៉ា និយាយថា តាមជំនឿពេលបោះបាយបិណ្ឌគឺត្រូវហៅឈ្មោះសាច់ញាតិ ឬជីដូនជីតាឲ្យបានត្រឹមត្រូវទើបប្រេតនោះអាចទទួលបាននូវអ្វី សាច់ញាតិរបស់ខ្លួនបានឧទ្ទិសជូន។ លោកបន្តទៀតថា ពេលបោះបាយបិណ្ឌជុំវិញព្រះវិហារបីជុំរួចហើយ គេត្រូវយកបាយបិណ្ឌទៅធ្វើពិធីនៅឆ្ងាយពីវិហារបន្តិច ឬធ្វើនៅមាត់ទឹក ព្រោះគេមានជំនឿថា ប្រេតដែលមានកម្មច្រើនមិនអាចចូលមកដល់វិហារ ដើម្បីសេពសោយបាយបិណ្ឌបានទេ៖ « កម្មនៅតិចតួចអាចមកដល់វិហារ ព្រោះព្រះវិហារមានបណ្ចុះខណ្ឌសីមា វាមានសីមាប្រេតមិនអាចឡើងសីមាបានទេ ហើយក៏យើងមិនអាចដាក់តាមរបងបានទេ»។
លោកអាចារ្យ ចាយ សុវណ្ណរ៉ា ឲ្យដឹងថា វត្តអារាមត្រូវបានរៀបចំទីធ្លារួចរាល់អស់ហើយដើម្បីទទួលពុទ្ធបរិស័ទដូចជាសម្អាតទីធ្លាដាក់ចានឆ្នាំងឬជើងពានដើម្បីដាក់បិណ្ឌ។ លោកអាចារ្យបន្តថា នៅវត្តសិរីគៀនឃ្លាំងមានរៀបចំទៅសូត្រធម៌និងបោះបាយបិណ្ឌនៅជិតមាត់ទន្លេឆ្ងាយពីវិហារព្រោះគេយល់ថា អ្នកមានកម្មខ្លាំងមិនអាចទទួលបាយបិណ្ឌនៅព្រះវិហារបានទេ៖ «ញាតិការទាំងប្រាំពីរសណ្តានមិនដឹងថា គាត់កើតទៅជាប្រេត ឬតិរច្ឆានយ៉ាងណាទេ។ អ៊ីចឹងទេ ត្រូវឧទ្ទិសទើបបានដល់ញាតិការ » ។
សៀវភៅ "ពិធីប្រចាំដប់ពីរខែ" របស់អ្នកស្រី ពេជ្រ សល់ សរសេរអំពីដើមកំណើតនៃពិធីបុណ្យភ្ជុំបិណ្ឌនេះថា ផ្អែកតាមសិលាចារិករបស់ព្រះបាទយសោវរ្ម័នគ្រងរាជសម្បត្តិរវាងគ.ស.៨៨៩ ដល់ ៩១០ព្រះអង្គបានសាងអាវាស (វត្ត ឬ លំនៅ) ជាច្រើន ហើយទ្រង់តែងធ្វើពិធីបូជាបាយបិណ្ឌជារៀងរាល់ខែ ដើម្បីឧទ្ទិសកុសលចំពោះវិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងចម្បាំង និងចំពោះខ្មោចទាំងឡាយ ដែលគ្មានបងប្អូន គ្រួសារ ញាតិសណ្តាន។
តាមទំនៀមចាស់ពីបរមបុរាណមកនៅថ្ងៃ ១កើត ខែអស្សុជនេះ ពុទ្ធបរិស័ទនាំគ្នាធ្វើពិធីជូនដំណើរព្រលឹងដូនតាត្រឡប់ទៅទីឋានដើមវិញ។ ពិធីនេះកាលពីសម័យមុនប្រព្រឹត្ដទៅអស់រយៈពេល ៣ខែ ប៉ុន្ដែក្រោយមកប្ដូរចុះមក ១៥ថ្ងៃវិញ។
ពិធីបោះបាយបិណ្ឌ ដែលមានតាំងបរមបុរាណ ដូចនេះ ពលរដ្ឋខ្មែរនៅតែនាំគ្នាថែរក្សាបានយ៉ាងល្អដោយពួកគេនាំគ្នាគោរពប្រតិបត្តិទាំងចាស់ ទាំងក្មេង និងនាំគ្នាទៅវត្តជាក្រុមៗ រីឯ កម្លោះក្រមុំដែលមានគូសង្សារ ក៏បបួលគ្នាទៅបោះបាយបិណ្ឌដែរ។
ពិធីកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌនៅសម័យនេះ មានរយៈពេល ១៥ថ្ងៃគឺពីថ្ងៃ ១រោច ខែភទ្របទ ដល់ថ្ងៃទី១៥ រោច ខែភទ្របទ ដែលថ្ងៃចុងក្រោយគេហៅថាពិធីបុណ្យភ្ជុំបិណ្ឌ។
ក្រោយពលរដ្ឋធ្វើពិធីបោះបាយបិណ្ឌ ដែលត្រូវបញ្ចប់នៅមុនពេលថ្ងៃរះ ពលរដ្ឋក៏នាំគ្នាយកចង្ហាន់ ឬថវិកាទៅប្រគេនព្រះសង្ឃ និងធ្វើពិធីរាប់បាត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។