កីឡាករ​ទូក​ត្រៀម​កម្លាំង​ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក

0:00 / 0:00

នៅ​ពេល​ដែល​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក កាន់​តែ​ខិត​ជិត​ចូល​មក​ដល់ កីឡាករ និង​អ្នក​និយម​ចូល​ចិត្ត​គាំទ្រ​ទូក​ប្រណាំង ឬ​ចំណុះ​ទូក បាន​នាំ​គ្នា​រៀបចំ​ត្រៀម​ជា​ស្រេច​ក្នុង​ការ​ចូលរួម​ប្រកួត​ប្រជែង​នា​ឆ្នាំ​នេះ។

តើ​កីឡាករ​ទូក​កំពុង​ត្រៀម​អ្វី​ខ្លះ​នៅ​មុន​ពេល​ប្រកួត​នេះ?

អ្នកស្រី ខែ សុណង មាន​សេចក្ដី​រាយការណ៍​អំពី​ការ​ត្រៀម​ខ្លួន​របស់​កីឡាករ​ទូក​ប្រណាំង​ដូច​ត​ទៅ៖

កីឡាករ​ទូក​ប្រណាំង​វត្ត​ច័ន្ទបុរីវង្ស ដែល​នឹង​ចូលរួម​ប្រកួត​នា​ឱកាស​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក បាន​នាំ​គ្នា​ចុះ​ទូក​អុំ​សាកល្បង និង​សាក​កម្លាំង​គ្នា​នៅ​លើ​ដង​ទន្លេសាប។

«សំឡេង​អុំ​ទូក​សាក»

អ្នក​ឈរ​នៅ​លើ​ច្រាំង​ទន្លេ បាន​ផ្ដល់​យោបល់​កែ​តម្រូវ​កីឡាករ​នៅ​លើ​ទូក។

«សំឡេង​អុំ​ទូក​សាក»

កីឡាករ​អុំ​ទូក បាន​ចាប់​ផ្ដើម​អុំ​សាកល្បង​ជា​រៀង​រាល់​ថ្ងៃ ឬ​ហៅ​ថា​សម​ពីរ​ទៅ​បី​សប្ដាហ៍​មុន​ថ្ងៃ​ប្រកួត​មក​ដល់ គឺ​ថ្ងៃ​ប្រារព្ធ​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៧ វិច្ឆិកា។

កីឡាករ​មួយ​រូប គឺ​លោក អឿន វាសនា ជា​ចំណុះ​ទូក​រស់​នៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល ដែល​នឹង​ចូលរួម​ប្រកួត​ឲ្យ​ទូក​វត្ត​ព្រែកសំរោង បាន​ថ្លែង​ថា នៅ​អំឡុង​ពេល​មួយ ឬ​ពីរ​សប្ដាហ៍​មុន​ប្រកួត ពួក​គាត់​បាន​ហាត់​សម​គ្នា​អុំ​នៅ​ដង​ទន្លេ។ លោក​ថា សាមគ្គីភាព គឺ​ជា​កត្តា​សំខាន់​បំផុត​ក្នុង​ការ​ផ្ដួល​ដៃគូ​ប្រកួត។ ក្រៅ​ពី​នេះ កីឡាករ​ត្រូវ​មាន​កម្លាំង​ពលំ​មាំមួន។ លោក​ថា ការ​ចូលរួម​ប្រកួត​ឆ្នាំ​នេះ មិន​មែន​ជា​លើក​ទី​១​ទេ ពីព្រោះ​វា​ជា​ចំណង់​ចំណូល​ចិត្ត​របស់​គាត់៖ «ចិត្ត​ចេះ​តែ​ចង់​អុំ​តែ​ម្ដង យើង​ដូច​ថា​ស្រឡាញ់​ទូក ព្រោះ​អី​ធ្លាប់​អុំ​ទូក​តាំង​ពី​តូច​មក​ដល់​ពេល​នេះ ចេះ​តែ​ចង់​អុំ។ ទី​១ យើង​ទប់​កម្លាំង យើង​កុំ​ដើរ​លេង​ច្រើន យើង​អុំ​យើង​ចេះ​សាមគ្គី​គ្នា​ផង ទី​១ យើង​ទប់​ជើង​ច្រវា នរណា​ខុស​ចឹង​ប្រាប់​ទៅ​ណា កុំ​ឲ្យ​ច្រឡោត តែ​ច្រឡោត​ទូក​ក្រញែង​អុំ​អត់​ទៅ​មុខ​ទេ។ គេង​ឲ្យ​គ្រប់គ្រាន់ កុំ​ឲ្យ​ដើរ​លេង​ណា ព្រោះ​កាល​ណា​អត់​បាន​គ្រប់គ្រាន់ យើង​ចាញ់​កម្លាំង​គេ ទូក​លឿន​ម៉េច​ក៏​អត់​ទៅ​រួច​នឹង​គេ​ដែរ ព្រោះ​យើង​ចាញ់​កម្លាំង​គេ​បាត់​ហើយ​ហ្នឹង យើង​ធ្វើ​ម៉េច​កុំ​ហូប​ចុក​ស្រា កាល​ណា​ហូប​ចុក​ស្រា យើង​ខ្សោយ ហើយ​ទៅ​អត់​រួច​ទេ យើង​សម​រាល់​ថ្ងៃ»

មិន​ខុស​គ្នា​នោះ​ទេ យុវជន រិន ភារម្យ ដែល​មាន​បទពិសោធន៍​ប្រកួត ៥​លើក​រួច​មក​ហើយ និង​ធ្លាប់​បាន​ជ័យ​លាភី​លេខ​១​ផង​នោះ ថ្លែង​ថា គាត់​ធ្លាប់​បាន​អុំ​ទូក​ឈ្មោះ​ព្រះ​ទីនាំង​ឫទ្ធី​ក្លាហាន ដែល​ជា​ទូក​តែង​បាន​ឆ្លង​កាត់​វគ្គ​កាត់​ព្រាត់ គឺ​ជា​វគ្គ​ចុង​ក្រោយ។ យុវជន​រូប​នេះ បាន​ផ្ដល់​បទពិសោធន៍​ថា កីឡាករ​ត្រូវ​តែ​មាន​ទាំង​កម្លាំង​កាយ និង​កម្លាំង​ចិត្ត​ល្អ​ព្រម​គ្នា ទើប​ទទួល​បាន​ជ័យជម្នះ៖ «ចុះ​អុំ​ទូក យើង​ត្រូវ​តែ​ត្រៀម​កម្លាំង​កាយ​កម្លាំង​ចិត្ត​ទាំងអស់​គ្នា ហើយ​យើង​ត្រូវ​បំប៉ន​កម្លាំង ហើយ​ត្រូវ​ដេក​ឲ្យ​គ្រប់គ្រាន់ បើ​យើង​ដេក​អត់​គ្រប់គ្រាន់ ចេះ​តែ​ទៅ​ណេះ​ទៅ​ណោះ យើង​វា​មិន​កើត។ ដូច្នេះ យើង​ត្រូវ​តែ​ខិត​ខំ​ហ្វឹកហាត់ ហើយ​ខំ​ហាត់​កម្លាំង​កាយ​កម្លាំង​ចិត្ត​ទាំងអស់​គ្នា។ បើ​យើង​មិន​ខំ​ទេ យើង​មិន​អាច​ឈ្នះ​គូ​ប្រកួត​បាន​ទេ»

ប៉ុន្តែ មុន​ពេល​បាន​ឈាន​ទៅ​ដល់​ការ​ហាត់​សម​កម្លាំង​នេះ គេ​បាន​រៀបចំ​ពិធី​បែប​សាសនា​មួយ​ចំនួន​ជា​ស្រេច​សិន។

នៅ​ឯ​វត្ត​ព្រែកសំរោង ស្ថិត​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ចៅអធិការ​វត្ត​នេះ​បាន​រៀបចំ​ពិធី​សែន​ក្រុង​ពាលី​សម្រាប់​ទូក ដោយ​មាន​ការ​តុបតែង​នៅ​លើ​ទូក​ចំនួន​៣ ហើយ​ដាក់​គ្រឿង​សំណែន និង​រៀបចំ​គ្រឿង​រណ្ដាប់​បាយ​សី​៧​ថ្នាក់ ដោយ​មាន​ធូប​ទៀន​ផ្កា​ភ្ញី ម្ហូប​អាហារ បាយ​សម្ល ផ្លែ​ឈើ និង​មាន​ក្រុម​ភ្លេង​ប្រពៃណី​ផង។ នៅ​ក្នុង​នោះ លោក​អាចារ្យ​ក៏​ចាប់​ផ្ដើម​ពិធី ដោយ​ការ​សំបូងសង្រូង​ដល់​បារមី​សក្ដិសិទ្ធិ ដើម្បី​សុំ​សិរី​សួស្ដី ថែរក្សា​ដល់​ចំណុះ​ជើង​ទូក ឬ​កីឡាករ​ទូក។

«សំឡេង​លោក​តា​អាចារ្យ»

ក្រុម​ចំណុះ​ទូក​បាន​អង្គុយ​លើក​ដៃ​ប្រណម​បិទ​ភ្នែក​សុំ​សេចក្ដី​សុខ​សប្បាយ កុំ​ឲ្យ​មាន​ភ័យ​អាសន្ន និង​គ្រោះថ្នាក់​នានា។

«សំឡេង​លោក​តា​អាចារ្យ»

ក្រុម​ភ្លេង​ប្រពៃណី ក៏​បាន​លេង​ភ្លេង​អន្ទង​ព្រលឹង​ម្ចាស់​បារមី​ឲ្យ​មក​កាន់​ទូក។ នៅ​ក្នុង​ពិធី​អន្ទង​ព្រលឹង​នោះ គឺ​មាន​ការ​លេង​ភ្លេង​អារក្ស៖ «សំឡេង»។

បន្ទាប់​ពី​ពិធី​សែន​ព្រេន​នេះ​រួច ក្រុម​កីឡាករ និង​អ្នក​គាំទ្រ​ទូក បាន​នាំ​គ្នា​បញ្ចុះ​ទូក​ទៅ​ក្នុង​ទឹក​ទន្លេ ដោយ​ស្រែក​ជយឃោស​យក​ជ័យជម្នះ៖ «សំឡេង»។

កីឡាករ​មួយ​រូប ដែល​និយាយ​បណ្ដើរ​ហើយ​ដៃ​អង្អែល​ទូក​បណ្ដើរ លោក រិន ភារម្យ និយាយ​ដោយ​ទឹក​មុខ​សើច​ញឹមៗ​ថា ទូក​របស់​លោក​នឹង​ទទួល​បាន​ជោគជ័យ​នា​ឆ្នាំ​នេះ៖ «បាន​ឈ្នះ​ចិត្ត​សប្បាយ​រីករាយ​ចង់​ឈ្នះ​យក​កិត្តិយស​ឲ្យ​វត្ត»

នៅ​ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក ឆ្នាំ​២០១៤ មាន​ទូកង និង​ទូក​មួង​ជាង ២០០​ទូក ចូលរួម​ប្រកួត។ ទន្ទឹម​នឹង​នេះ សម្រាប់​កីឡាករ និង​កីឡាការិនី​ជា​ចំណុះ​ទូក​វិញ​ជាង ១​ម៉ឺន ៧​ពាន់​នាក់ (១៧.០៦២​នាក់) និង​កីឡាករ​បម្រុង​ជាង ២​ពាន់​នាក់ (២.០១៥​នាក់) ប៉ុន្តែ​មាន​ការ​ថយ​ចុះ​ជាង​ឆ្នាំ​កន្លង​ទៅ ដែល​ទូក​ប្រកួត​មាន​ដល់​ជាង ៤០០​ទូក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។