តើ​របាំ​គោះ​អង្រែ​មាន​ប្រវត្តិ​យ៉ាង​ណា​ខ្លះ?

ដោយ សុជីវី
2016.04.18
គោះ​អង្រែ ៨៥៥ ក្រុម​កុមារ​បាសាក់ សម្ដែង​របាំ​គោះ​អង្រែ​កាល​ពី​ខែ​មេសា ឆ្នាំ​២០១០។ RFA/Uon Chhin
RFA/Uon Chhin

គោះ​អង្រែ ជា​របាំ​ប្រពៃណី​មួយ​ប្រភេទ​ដែល​ប្រទះ​ឃើញ​មាន​លេង​នៅ​ស្ទើរ​គ្រប់​ស្រុក​នៅ​ទូទាំង​ប្រទេស ប៉ុន្តែ​របាំ​នេះ​បាន​នៅ​សល់​តិចតួច ដែល​ប្រឈម​នឹង​ការ​បាត់បង់ ដោយ​ពុំ​មាន​អ្នក​ចេះ​ចាំ​លេង​បាន​តាម​ទម្រង់​ដើម​ឡើយ។ ឧត្តរមានជ័យ ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​អះអាង​ថា ជា​ប្រភព​ដើម​នៃ​របាំ​គោះ​អង្រែ។ មក​ដល់​ពេល​នេះ អ្នក​ស្រុក​នេះ​ក៏​មិន​សូវ​មាន​អ្នក​ចេះ​ចាំ​លេង​ល្បែង​នេះ​ដែរ។

តើ​របាំ​គោះ​អង្រែ​នេះ​មាន​ប្រវត្តិ​យ៉ាង​ណា​ខ្លះ?

ពលរដ្ឋ​ខ្មែរ​និយម​រាំ​របាំ​គោះ​អង្រែ​នៅ​ក្នុង​ពិធី​បុណ្យ​ធំៗ ដែល​ក្នុង​នោះ​មាន​ទាំង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ផង។

អ្នក​ស្រាវជ្រាវ​មរតក​វប្បធម៌​អរិយធម៌​ខ្មែរ អ្នកស្រី កែវ ណារុំ មាន​ប្រសាសន៍​ថា របាំ​គោះ​អង្រែ​នេះ ពលរដ្ឋ​ខ្មែរ​និយម​លេង​នៅ​ក្នុង​ពេល​ប្រមូល​ផល ដើម្បី​កម្សាន្ត​សប្បាយ​បំបាត់​ការ​នឿយ​ហត់។ អង្រែ ជា​វត្ថុ​ដែល​ពលរដ្ឋ​ខ្មែរ​ប្រើប្រាស់​សម្រាប់​បុក​ស្រូវ ហើយ​ត្រូវ​ច្នៃ​ជា​របាំ គឺ​ដើម្បី​ជួយ​បង្កើន​ភាព​រីក​រាយ​របស់​កសិករ៖ «អង្រែ​ហ្នឹង​គឺ​សម្រាប់​បុក​ស្រូវ ពេល​ប្រមូល​ភោគ​ផល​គេ​បុក។ ដល់​បាន​ផល​រួច​ហើយ​ទៅ គេ​យក​អង្រែ​មក​គោះ​លេង​ទៅ រាំ​ទៅ​កំដរ​បរិយាកាស​កុំ​ឲ្យ​ហត់​នឿយ​ពេក»

នៅ​ក្នុង​សៀវភៅ​របាំ​ប្រជាប្រិយ​ខ្មែរ​ដែល​ស្រាវជ្រាវ​ដោយ​ក្រុម​ជំនុំ​ទំនៀមទម្លាប់ បោះពុម្ព​ផ្សាយ​កាល​ពី​ឆ្នាំ​១៩៦៤ បញ្ជាក់​ថា ពលរដ្ឋ​នៅ​ក្នុង​តំបន់​មួយ​ចំនួន​ក្នុង​ខេត្ត​ឧត្តរមានជ័យ បច្ចុប្បន្ន​នេះ បាន​ស្វិតស្វាញ​រក្សា​របៀប​រាំ​របាំ​នេះ ជាពិសេស​អ្នក​នៅ​ស្រុក​សំរោង​ចុងកាល់ និង​ជាំក្សាន្ត ជាដើម។

ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​ឧត្តរមានជ័យ លោក ហុង យឿន មាន​ប្រសាសន៍​ថា នៅ​ពេល​ដែល​វត្ថុ​ប្រើប្រាស់​មិន​ទាន់​រីក​ចម្រើន​ដូច​ពេល​បច្ចុប្បន្ន​នេះ អង្រែ​ជា​វត្ថុ​ចាំបាច់​ណាស់​សម្រាប់​កសិករ។ ចំពោះ​ពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​មួយ​ចំនួន​ក្នុង​ខេត្ត ក៏​មិន​ខុស​ពី​កសិករ​នៅ​ទូទាំង​ប្រទេស​ដែរ គឺ​មាន​អង្រែ​នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន។ លោក​ថា ប្រហែល​មូលហេតុ​ដែល​ប្រើប្រាស់​អង្រែ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ញឹកញាប់ ទើប​ធ្វើ​ឲ្យ​កើត​មាន​របាំ​នេះ៖ «ជា​ឧបករណ៍​សម្រាប់​បុក​ស្រូវ អ៊ីចឹង​ហើយ​គាត់​យក​មក​លេង​ចងក្រង​ជា​ល្បែង វា​ពាក់ព័ន្ធ​ដូចជា​ការ​បេះ​ក្រវាញ​អ៊ីចឹង​ដែរ សម្រាប់​ថា​វា​សម្បូរ​នៅ​ក្នុង​តំបន់​របស់​គាត់។ ប៉ុន្តែ​នៅ​តំបន់​ណា​ក៏​គេ​បុក​ស្រូវ​នឹង​ត្បាល់​ដូច​តែ​គ្នា​ចឹង​កាល​ពី​មុន»

ក្នុង​សៀវភៅ​របាំ​ប្រជាប្រិយ​ខ្មែរ​បញ្ជាក់​ថា នៅ​ក្នុង​អតីត​កាល​កន្លង​ច្រើន​ទសវត្ស​ទៅ ពេល​គេ​រាំ​របាំ​គោះ​អង្រែ​នេះ គេ​តែង​ច្រៀង និង​ទះ​ដៃ​បង្កើត​ជា​ចង្វាក់​ឲ្យ​អ្នក​រាំ​លោត​លេង​តាម​នោះ​ដែរ។ ចម្រៀង​នោះ ជា​របៀប​ឌឺដង​ស្នេហា​រវាង​បុរស និង​នារី ប៉ុន្តែ​ចម្រៀង​ទាំង​នោះ ស្ទើរ​បាត់បង់​ទៅ​ហើយ គឺ​ពុំ​ឃើញ​គេ​ច្រៀង​នៅ​ពេល​រាំ​គោះ​អង្រែ​ទៀត​ទេ នៅ​សល់​តែ​ពាក្យ​ស្រែក​បន្ទរ​មួយ​ម៉ាត់​ពីរ ហើយ​ទះ​ដៃ​រំពង។ តាម​ឯកសារ​ដដែល​នេះ​បញ្ជាក់​ថា របាំ​នេះ​មាន​ចម្រៀង​ច្រើន​បទ​ច្រើន​បែប​ណាស់​ដែរ។

ការ​ចងក្រង​ឯកសារ​ពី​របាំ​គោះ​អង្រែ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​របាំ​របស់​ពលរដ្ឋ​ក្នុង​តំបន់​នេះ​ត្រូវ​បញ្ចូល​ក្នុង​បញ្ជី​របាំ​ប្រពៃណី​ខ្មែរ ដោយ​ដំឡើង​ឲ្យ​មាន​ក្រុម​របាំ និង​មាន​បទ​ភ្លេង​ចម្រៀង​ប្រចាំ​របាំ​នេះ​ផង​នៅ​ក្នុង​ទសវត្ស​ឆ្នាំ​១៩៦០។ ចម្រៀង​នេះ​ច្រៀង​ពី​ការ​សម្រាក​លំហែ​របស់​កសិករ ហើយ​នាំ​គ្នា​រាំ​គោះ​អង្រែ។

«ចម្រៀង យើង​ខ្ញុំ​ជា​ក្រុម​កសិករ​ច្រៀង​រាំ​អង្រែ»

ចម្រៀង​ថ្មី​ប្រគំ​ដោយ​ឧបករណ៍​ច្រើន​ជាង​ភ្លេង​អ្នក​ភូមិ​លេង​កំដរ​របាំ​នេះ ដែល​មាន​តែ​សាដៀវ និង​អង្កួច ហើយ​ក្រុម​ខ្លះ​ទៀត​មាន​ស្គរ​អារក្ស​មួយ និង​ក្រាប់​មួយ។

«សំឡេង​ចម្រៀង»

ពេល​រាំ​របាំ​នេះ ទាមទារ​ឲ្យ​អ្នក​រាំ​ត្រូវ​មាន​ភាព​រហ័សរហួន​ខ្លាំង ត្រូវ​លោត​ចុះ​ឡើង​បណ្ដើរ រាំ​ពត់​ពេន​បណ្ដើរ​តាម​ចង្វាក់​នៃ​អ្នក​គោះ​អង្រែ ដោយ​លោត​ចូល​ក្នុង​ចន្លោះ​តាម​អង្រែ។ ចំណែក​អ្នក​គោះ​អង្រែ​វិញ ក៏​ត្រូវ​គោះ​ឲ្យ​មាន​ចង្វាក់​មាន​របៀប​ដែល​យល់​គ្នា​រវាង​អ្នក​គោះ និង​អ្នក​រាំ។ ចង្វាក់​ក៏​អាច​ផ្លាស់​ប្ដូរ​ពី​យឺតៗ​នៅ​ពេល​ចាប់​ផ្ដើម ទៅ​ញាប់​រន្ថើន​នៅ​ពេល​បញ្ចប់។

«ចម្រៀង»

ពិត​មែន​ថា​គេ​ប្រទះ​ឃើញ​របាំ​នេះ​នៅ​មាន​ទម្រង់​បូរាណ​ក្នុង​ខេត្ត​ភាគ​ពាយ័ព្យ ក៏​មាន​ការ​ស្រាវជ្រាវ​មួយ​ទៀត​អះអាង​ថា របាំ​គោះ​អង្រែ​នេះ​មាន​ប្រភព​ពី​ប្រទេស​ហ្វីលីពីន (Philippines)។ ការ​លើក​ឡើង​នោះ​សំអាង​ថា របាំ​នេះ​ត្រូវ​បាន​នាំ​មក​ស្រុក​ខ្មែរ​នៅ​ក្នុង​រជ្ជកាល​ព្រះ​នរោត្តម ដែល​ព្រះអង្គ​បាន​យាង​ទៅ​ក្រុង​ម៉ានីល ហើយ​បរិពារ​ព្រះអង្គ​បាន​រៀន​ចេះ​របាំ​នេះ ទើប​នាំ​យក​មក​លេង​នៅ​ស្រុក​ខ្មែរ។

ចំពោះ​អ្នក​ស្រាវជ្រាវ​មរតក​វប្បធម៌​អរិយធម៌​ខ្មែរ អ្នកស្រី កែវ ណារុំ ជឿជាក់​ថា របាំ​នេះ​មាន​ប្រភព​នៅ​ស្រុក​ខ្មែរ៖ «ចា៎! ជា​របស់​យើង បើ​និយាយ​ពី​អាស៊ី​អាគ្នេយ៍​ហ្នឹង ហ្វីលីពីន ក៏​មាន​ដែរ តែ​គេ​គោះ​ឫស្សី ហើយ​យើង​គោះ​អង្រែ គឺ​បុក​ស្រូវ​ហើយ​ក៏​យក​មក​គោះ»

ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​ឧត្តរមានជ័យ លោក ហុង យឿន ពន្យល់​ដែរ​ថា របាំ​នេះ​មាន​ប្រភព​ពី​ជនជាតិ​ដើម​ភាគ​តិច​កួយ ដែល​រស់​នៅ​ក្នុង​តំបន់​ខ្លះ​ក្នុង​ខេត្ត​ឧត្តរមានជ័យ ក្នុង​ទឹក​ដី​ខ្មែរ និង​ក្នុង​ខេត្ត​សុរិន្ទ ក្នុង​ទឹក​ដី​ថៃ បច្ចុប្បន្ន។ របាំ​នេះ​ត្រូវ​កំណត់​ជា​របាំ​ប្រពៃណី​របស់​អ្នក​ស្រុក​នេះ បន្ទាប់​ពី​របាំ​ទាក់​ដំរី និង​របាំ​គែន៖ «អត់​ទេ គឺ​អត់​ចម្លង​ពី​ខាង​ណា​ទេ អ្នក​ស្រុក​គាត់​ពី​ដើម​មក គឺ​ជា​ជនជាតិ​កួយ ផង លាយឡំ​នឹង​ពលរដ្ឋ​ខ្មែរ​យើង​ផង ខ្មែរ​សុរិន្ទ​ហ្នឹង​គាត់​ច្រើន​នាំ​គ្នា​គាត់​លេង ហើយ​គាត់​ចងក្រង​ចេះ​តៗ​គ្នា​ទៅ​ណាស់»

បើ​ទោះ​ជា​យ៉ាង​ណា ក្រុម​អ្នក​ស្រាវជ្រាវ​សន្និដ្ឋាន​ថា របាំ​នេះ​មាន​ប្រភព​ពី​បណ្ដា​ជនជាតិ​ក្នុង​អារ្យធម៌​អូស្ត្រូអាស៊ី (Austro Asiatiques) ទើប​មាន​ពលរដ្ឋ​តាម​តំបន់​មួយ​ចំនួន និង​នៅ​តាម​កោះ​មួយ​ចំនួន​ក្នុង​អាស៊ី ដែល​ឋិត​ក្នុង​មែក​ធាង​អារ្យធម៌​នេះ​មាន​ភាសា ភ្លេង ចម្រៀង និង​ទំនៀមទម្លាប់ ដែល​មាន​ឫសគល់​ជាមួយ​គ្នា។

ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​ឧត្តរមានជ័យ លោក ហុង យឿន បញ្ជាក់​ថា របាំ​ប្រជាប្រិយ​គោះ​អង្រែ ដែល​មិន​សូវ​មាន​អ្នក​លេង​នេះ មន្ត្រី​ជំនាញ​ក្នុង​ខេត្ត​ឧត្តរមានជ័យ ស្រាវជ្រាវ និង​រក្សា​មិន​ឲ្យ​បាត់បង់ ដ្បិត​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ក្មេងៗ​ជំនាន់​ក្រោយ​មិន​និយម​លេង​ល្បែង​នេះ​ទៀត​ឡើយ៖ «កោត​សរសើរ​អ្នក​ស្រុក​នោះ​ដែរ​ដែល​គាត់​នៅ​លេង​ជា​ល្បែង​ប្រជាប្រិយ តែ​ក្មេងៗ​ក្រោយ​ក៏​គាត់​មិន​សូវ​យល់​អី​ប៉ុន្មាន​ដែរ ព្រោះ​ឥឡូវ​គាត់​ភាគ​ច្រើន​គាត់​អត់​បាន​នៅ​ស្រុក បើ​គាត់​ធំ​ហើយ​គាត់​ចំណាក​ស្រុក។ បើ​គាត់​មិន​ទៅ​រៀន​ត​នៅ​មហាវិទ្យាល័យ​នៅ​ភ្នំពេញ​ទេ ក៏​គាត់​ទៅ​ធ្វើ​ការ​នៅ​ស្រុក​គេ​អ៊ីចឹង​ទៅ»

មក​ដល់​ពេល​នេះ របាំ​នេះ​ត្រូវ​ក្រុម​របាំ​នានា​នាំ​យក​មក​រាំ​បង្ហាញ​ទស្សនិកជន​ទៅ​តាម​តម្រូវ​ការ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។