គោះអង្រែ ជារបាំប្រពៃណីមួយប្រភេទដែលប្រទះឃើញមានលេងនៅស្ទើរគ្រប់ស្រុកនៅទូទាំងប្រទេស ប៉ុន្តែរបាំនេះបាននៅសល់តិចតួច ដែលប្រឈមនឹងការបាត់បង់ ដោយពុំមានអ្នកចេះចាំលេងបានតាមទម្រង់ដើមឡើយ។ ឧត្តរមានជ័យ ត្រូវបានអ្នកស្រាវជ្រាវអះអាងថា ជាប្រភពដើមនៃរបាំគោះអង្រែ។ មកដល់ពេលនេះ អ្នកស្រុកនេះក៏មិនសូវមានអ្នកចេះចាំលេងល្បែងនេះដែរ។
តើរបាំគោះអង្រែនេះមានប្រវត្តិយ៉ាងណាខ្លះ?
ពលរដ្ឋខ្មែរនិយមរាំរបាំគោះអង្រែនៅក្នុងពិធីបុណ្យធំៗ ដែលក្នុងនោះមានទាំងពិធីបុណ្យចូលឆ្នាំផង។
អ្នកស្រាវជ្រាវមរតកវប្បធម៌អរិយធម៌ខ្មែរ អ្នកស្រី កែវ ណារុំ មានប្រសាសន៍ថា របាំគោះអង្រែនេះ ពលរដ្ឋខ្មែរនិយមលេងនៅក្នុងពេលប្រមូលផល ដើម្បីកម្សាន្តសប្បាយបំបាត់ការនឿយហត់។ អង្រែ ជាវត្ថុដែលពលរដ្ឋខ្មែរប្រើប្រាស់សម្រាប់បុកស្រូវ ហើយត្រូវច្នៃជារបាំ គឺដើម្បីជួយបង្កើនភាពរីករាយរបស់កសិករ៖ « អង្រែហ្នឹងគឺសម្រាប់បុកស្រូវ ពេលប្រមូលភោគផលគេបុក។ ដល់បានផលរួចហើយទៅ គេយកអង្រែមកគោះលេងទៅ រាំទៅកំដរបរិយាកាសកុំឲ្យហត់នឿយពេក »។
នៅក្នុងសៀវភៅរបាំប្រជាប្រិយខ្មែរដែលស្រាវជ្រាវដោយក្រុមជំនុំទំនៀមទម្លាប់ បោះពុម្ពផ្សាយកាលពីឆ្នាំ១៩៦៤ បញ្ជាក់ថា ពលរដ្ឋនៅក្នុងតំបន់មួយចំនួនក្នុងខេត្តឧត្តរមានជ័យ បច្ចុប្បន្ននេះ បានស្វិតស្វាញរក្សារបៀបរាំរបាំនេះ ជាពិសេសអ្នកនៅស្រុកសំរោងចុងកាល់ និងជាំក្សាន្ត ជាដើម។
ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ លោក ហុង យឿន មានប្រសាសន៍ថា នៅពេលដែលវត្ថុប្រើប្រាស់មិនទាន់រីកចម្រើនដូចពេលបច្ចុប្បន្ននេះ អង្រែជាវត្ថុចាំបាច់ណាស់សម្រាប់កសិករ។ ចំពោះពលរដ្ឋរស់នៅក្នុងតំបន់មួយចំនួនក្នុងខេត្ត ក៏មិនខុសពីកសិករនៅទូទាំងប្រទេសដែរ គឺមានអង្រែនៅតាមផ្ទះរៀងៗខ្លួន។ លោកថា ប្រហែលមូលហេតុដែលប្រើប្រាស់អង្រែក្នុងជីវភាពប្រចាំថ្ងៃញឹកញាប់ ទើបធ្វើឲ្យកើតមានរបាំនេះ៖ « ជាឧបករណ៍សម្រាប់បុកស្រូវ អ៊ីចឹងហើយគាត់យកមកលេងចងក្រងជាល្បែង វាពាក់ព័ន្ធដូចជាការបេះក្រវាញអ៊ីចឹងដែរ សម្រាប់ថាវាសម្បូរនៅក្នុងតំបន់របស់គាត់។ ប៉ុន្តែនៅតំបន់ណាក៏គេបុកស្រូវនឹងត្បាល់ដូចតែគ្នាចឹងកាលពីមុន »។
ក្នុងសៀវភៅរបាំប្រជាប្រិយខ្មែរបញ្ជាក់ថា នៅក្នុងអតីតកាលកន្លងច្រើនទសវត្សទៅ ពេលគេរាំរបាំគោះអង្រែនេះ គេតែងច្រៀង និងទះដៃបង្កើតជាចង្វាក់ឲ្យអ្នករាំលោតលេងតាមនោះដែរ។ ចម្រៀងនោះ ជារបៀបឌឺដងស្នេហារវាងបុរស និងនារី ប៉ុន្តែចម្រៀងទាំងនោះ ស្ទើរបាត់បង់ទៅហើយ គឺពុំឃើញគេច្រៀងនៅពេលរាំគោះអង្រែទៀតទេ នៅសល់តែពាក្យស្រែកបន្ទរមួយម៉ាត់ពីរ ហើយទះដៃរំពង។ តាមឯកសារដដែលនេះបញ្ជាក់ថា របាំនេះមានចម្រៀងច្រើនបទច្រើនបែបណាស់ដែរ។
ការចងក្រងឯកសារពីរបាំគោះអង្រែ ត្រូវបានធ្វើឡើងបន្ទាប់ពីរបាំរបស់ពលរដ្ឋក្នុងតំបន់នេះត្រូវបញ្ចូលក្នុងបញ្ជីរបាំប្រពៃណីខ្មែរ ដោយដំឡើងឲ្យមានក្រុមរបាំ និងមានបទភ្លេងចម្រៀងប្រចាំរបាំនេះផងនៅក្នុងទសវត្សឆ្នាំ១៩៦០។ ចម្រៀងនេះច្រៀងពីការសម្រាកលំហែរបស់កសិករ ហើយនាំគ្នារាំគោះអង្រែ។
« ចម្រៀង យើងខ្ញុំជាក្រុមកសិករច្រៀងរាំអង្រែ »
ចម្រៀងថ្មីប្រគំដោយឧបករណ៍ច្រើនជាងភ្លេងអ្នកភូមិលេងកំដររបាំនេះ ដែលមានតែសាដៀវ និងអង្កួច ហើយក្រុមខ្លះទៀតមានស្គរអារក្សមួយ និងក្រាប់មួយ។
« សំឡេងចម្រៀង »
ពេលរាំរបាំនេះ ទាមទារឲ្យអ្នករាំត្រូវមានភាពរហ័សរហួនខ្លាំង ត្រូវលោតចុះឡើងបណ្ដើរ រាំពត់ពេនបណ្ដើរតាមចង្វាក់នៃអ្នកគោះអង្រែ ដោយលោតចូលក្នុងចន្លោះតាមអង្រែ។ ចំណែកអ្នកគោះអង្រែវិញ ក៏ត្រូវគោះឲ្យមានចង្វាក់មានរបៀបដែលយល់គ្នារវាងអ្នកគោះ និងអ្នករាំ។ ចង្វាក់ក៏អាចផ្លាស់ប្ដូរពីយឺតៗនៅពេលចាប់ផ្ដើម ទៅញាប់រន្ថើននៅពេលបញ្ចប់។
« ចម្រៀង »
ពិតមែនថាគេប្រទះឃើញរបាំនេះនៅមានទម្រង់បូរាណក្នុងខេត្តភាគពាយ័ព្យ ក៏មានការស្រាវជ្រាវមួយទៀតអះអាងថា របាំគោះអង្រែនេះមានប្រភពពីប្រទេសហ្វីលីពីន (Philippines)។ ការលើកឡើងនោះសំអាងថា របាំនេះត្រូវបាននាំមកស្រុកខ្មែរនៅក្នុងរជ្ជកាលព្រះនរោត្តម ដែលព្រះអង្គបានយាងទៅក្រុងម៉ានីល ហើយបរិពារព្រះអង្គបានរៀនចេះរបាំនេះ ទើបនាំយកមកលេងនៅស្រុកខ្មែរ។
ចំពោះអ្នកស្រាវជ្រាវមរតកវប្បធម៌អរិយធម៌ខ្មែរ អ្នកស្រី កែវ ណារុំ ជឿជាក់ថា របាំនេះមានប្រភពនៅស្រុកខ្មែរ៖ « ចា៎ ! ជារបស់យើង បើនិយាយពីអាស៊ីអាគ្នេយ៍ហ្នឹង ហ្វីលីពីន ក៏មានដែរ តែគេគោះឫស្សី ហើយយើងគោះអង្រែ គឺបុកស្រូវហើយក៏យកមកគោះ »។
ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ លោក ហុង យឿន ពន្យល់ដែរថា របាំនេះមានប្រភពពីជនជាតិដើមភាគតិចកួយ ដែលរស់នៅក្នុងតំបន់ខ្លះក្នុងខេត្តឧត្តរមានជ័យ ក្នុងទឹកដីខ្មែរ និងក្នុងខេត្តសុរិន្ទ ក្នុងទឹកដីថៃ បច្ចុប្បន្ន។ របាំនេះត្រូវកំណត់ជារបាំប្រពៃណីរបស់អ្នកស្រុកនេះ បន្ទាប់ពីរបាំទាក់ដំរី និងរបាំគែន៖ « អត់ទេ គឺអត់ចម្លងពីខាងណាទេ អ្នកស្រុកគាត់ពីដើមមក គឺជាជនជាតិកួយ ផង លាយឡំនឹងពលរដ្ឋខ្មែរយើងផង ខ្មែរសុរិន្ទហ្នឹងគាត់ច្រើននាំគ្នាគាត់លេង ហើយគាត់ចងក្រងចេះតៗគ្នាទៅណាស់ »។
បើទោះជាយ៉ាងណា ក្រុមអ្នកស្រាវជ្រាវសន្និដ្ឋានថា របាំនេះមានប្រភពពីបណ្ដាជនជាតិក្នុងអារ្យធម៌អូស្ត្រូអាស៊ី (Austro Asiatiques) ទើបមានពលរដ្ឋតាមតំបន់មួយចំនួន និងនៅតាមកោះមួយចំនួនក្នុងអាស៊ី ដែលឋិតក្នុងមែកធាងអារ្យធម៌នេះមានភាសា ភ្លេង ចម្រៀង និងទំនៀមទម្លាប់ ដែលមានឫសគល់ជាមួយគ្នា។
ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ លោក ហុង យឿន បញ្ជាក់ថា របាំប្រជាប្រិយគោះអង្រែ ដែលមិនសូវមានអ្នកលេងនេះ មន្ត្រីជំនាញក្នុងខេត្តឧត្តរមានជ័យ ស្រាវជ្រាវ និងរក្សាមិនឲ្យបាត់បង់ ដ្បិតក្នុងរយៈពេលចុងក្រោយនេះ ក្មេងៗជំនាន់ក្រោយមិននិយមលេងល្បែងនេះទៀតឡើយ៖ « កោតសរសើរអ្នកស្រុកនោះដែរដែលគាត់នៅលេងជាល្បែងប្រជាប្រិយ តែក្មេងៗក្រោយក៏គាត់មិនសូវយល់អីប៉ុន្មានដែរ ព្រោះឥឡូវគាត់ភាគច្រើនគាត់អត់បាននៅស្រុក បើគាត់ធំហើយគាត់ចំណាកស្រុក។ បើគាត់មិនទៅរៀនតនៅមហាវិទ្យាល័យនៅភ្នំពេញទេ ក៏គាត់ទៅធ្វើការនៅស្រុកគេអ៊ីចឹងទៅ »។
មកដល់ពេលនេះ របាំនេះត្រូវក្រុមរបាំនានានាំយកមករាំបង្ហាញទស្សនិកជនទៅតាមតម្រូវការដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។