សិល្បករ​ពិការភាព​មួយ​ក្រុម​កង្វះ​ថវិកា​ដើម្បី​បន្ត​អភិរក្ស​ភ្លេងបុរាណ​ខ្មែរ និង​លើកកម្ពស់​សិទ្ធិមនុស្ស

យុវជន​មួយ​ក្រុម​ដែល​ភាគច្រើន​ជា​ជន​ពិការ ដែល​កំពុង​បន្ត​ការ​សិក្សា​តាម​សកល​វិទ្យាល័យ​នានា បាន​ជួបជុំគ្នា​រៀងរាល់​ខែ នៅ​ផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ដើម្បី​ប្រគំ​ភ្លេងបុរាណ​ខ្មែរ និង​ចូលរួម​អភិរក្ស​វប្បធម៌​អរូបី​ដែល​ប្រឈម​នឹង​ការ​បាត់បង់​។ ទោះជា​យ៉ាងណា​ក្រុម​ភ្លេង​ជនពិការ​នេះ​នៅ​តែ​ប្រឈម​កង្វះ​ថវិកា​ដែល​ត្រូវ​ការ​ឱ្យ​ក្រសួង​វប្បធម៌​ចូលរួម​ជួយ​គាំទ្រ​ដល់​សកម្មភាព​របស់​ពួកគាត់​បន្ត។

«មិន​ផ្ដល់​ឱកាស​ថា ខ្វះ​សមត្ថភាព ឱ្យ​តម្លៃ​ទាប​ធៀប​អ្នក​នៅ​ជិតៗ ជា​ការ​រើសអើង​ជាប់​គំនិត មិន​គោរព​សិទ្ធិ ពលរដ្ឋ​ពិការៗ»។

នេះ​គឺជា​ចង្វាក់​ប្រជាប្រិយ​ដែល​លេង​ភ្លេង និង​ច្រៀង​ដោយ​យុវជន​ក្រុម​កេរ​ដែល​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៩ នាំ​ដែល​មាន​ពិការភាព​ក្នុង​គោលបំណង​ចូលរួម​អភិរក្ស​ភ្លេងបុរាណ​រួមមាន រនាត តាខេ ទ្រសោ ទ្រអ៊ូ ស្គរ​ដៃ និង​ឧបករណ៍​ផ្សេងៗ ទៀត និង​ប្រើប្រាស់​ភ្លេងបុរាណ បង្កើត​ជា​បទ​សម្រាប់​លើកស្ទួយ​សិទ្ធិមនុស្ស និង​ចែករំលែក​ចំណេះដឹង។

disable_artist1.jpg
សមាជិកសមាជិកាក្រុមកេរ ដើម្បី​ផ្សព្វផ្សាយភ្លេងបុរាណខ្មែរ។ រូប៖ ហ្វេសប៊ុក កេរ

និស្សិត​ទស្សនវិជ្ជា លោក វិន វិចិត្រ ដែល​ពិការ​ភ្នែក​គឺជា​មនុស្ស​ម្នាក់​ដ៏​សំខាន់​អ្នកចូលរួម​ចងក្រង​យុវជន​មកលេង​ភ្លេងបុរាណ​ខ្មែរ​រួមមាន យីកេ មហោរី និង​ភ្លេងបុរាណ​ខ្មែរ​ផ្សេងៗ​ទៀត ដែល​កំពុង​ប្រឈម​នឹង​ការបាត់បង់​មិន​មាន​យុវជន​រៀន​នោះ​ទេ។

មុន​ចាប់ផ្ដើម​បង្កើត​ក្រុម​ភ្លេង លោក វិន វិចិត្រ ថ្លែង​ថា លោក​បាន​ពិភាក្សា​មិត្តភ័ក្ដិ​ផ្សេងទៀត ដែល​ចេះ​លេង​ឧបករណ៍​ភ្លេង​ខុសៗ​គ្នា រួមមាន​ទ្រ ស្គរ ខ្លុយ តាខេ រួមគ្នា​បង្កើត​ជា​ក្រុម​ភ្លេងបុរាណ​ក្នុង​ការ​ចូលរួម​លេង បង្រៀន និង​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ផង​ដែរ។

លោក វិន វិចិត្រ បន្ត​ថា បច្ចុប្បន្ន​ក្រុម​កេរ​មាន​សមាជិក​ស្នូល​ដែល​ជា​ជនពិការ​ចំនួន​១០​នាក់ និង​យុវជន​៥​នាក់​ផ្សេងទៀត​បាន​ចូលរួម​រៀន និង​ជួយ​ថត​សម្រាប់​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម។ លោក វិន វិចិត្រ លើកឡើង​ថា ក្រៅតែពី​ចូលរួម​អភិរក្ស​ភ្លេងបុរាណ​ខ្មែរ ហើយ​ក្រុម​កេរ​ក៏​បាន​និពន្ធ​ចម្រៀង​តាមរយៈ​ភ្លេងបុរាណ​ទាំងនេះ​ដើម្បី​ទាមទារ​សិទ្ធិមនុស្ស សិទ្ធិ​ជន​ពិការ ឬ​បង្កើត​ចំណេះដឹង​ផ្សេងៗ​ជាដើម។

លោក វិន វិចិត្រ៖ «ទី​ពីរ យើង​ប្រើប្រាស់​សិល្ប​បុរាណ​នេះ​ដើម្បី​តស៊ូ​មតិ​ក្នុង​សង្គម គឺ​យើង​ចង់​ប្រើប្រាស់​សិល្ប​នេះ​ដើម្បី​ធ្វើ​យ៉ាងណា​អប់រំ​មនុស្ស​ក្នុង​សង្គម​ពី​រឿង​ច្បាប់ រឿង​ទម្លាប់ រឿង​វប្បធម៌ រឿង​អក្សរសាស្ត្រ បញ្ឈប់​ការរើសអើង​ទៅលើ​អ្នក​ដែល​មាន​សំឡេង​តិច​ដូចជា​ជន​ពិការ អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​អ៊ីចឹង​ទៅ អ៊ីចឹង​យើង​ធ្វើ​ម៉េច​យក​សិល្បៈ ដើម្បី​ការពារ​សិទ្ធិមនុស្ស យើង​យក​សិល្បៈ ដើម្បី​ផ្ដល់​ចំណេះដឹង​ឱ្យ​មនុស្ស យើង​មិនមែន​គ្រាន់តែ​ស្ដាប់​កម្សាន្ត»។

លោក វិន វិចិត្រ បន្ត​ថា ការបង្កើត​ក្រុម​ភ្លេង និង​ផ្សព្វផ្សាយ​បាន​ជួប​ការ​លំបាក ព្រោះ​សមាជិក​ក្រុម​ជួប​បញ្ហា​ជីវភាព​ចាប់​តាំង​ការ​រាតត្បាត​ជំងឺ​កូវីដ​-១៩​មក​ម្ល៉េះ ដូច្នេះ​សមាជិក​នីមួយៗ មិន​មាន​ពេល​គ្រប់គ្រាន់​មក​ហាត់​សម​នោះ​ទេ។ លោក វិន វិចិត្រ បន្ថែម​ថា ក្រុម​ភ្លេង​ក៏​ប្រឈម​កង្វះ​ថវិកា​លើ​ថ្លៃ​ចំណាយ​នៅពេល​ដែល​មាន​ការហាត់​សម និង​មិន​មាន​សម្ភារៈ​គ្រប់គ្រាន់​ដើម្បី​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​នោះ​ឡើយ។

លោក វិន វិចិត្រ លើកឡើង​ថា ក្រុម​កេរ​រំពឹង​ថា ក្រសួង​ពាក់ព័ន្ធ ឬ​សប្បុរសជន​ដែល​មាន​បំណង​ផ្ដល់​ថវិកា​ជួយ​គាំទ្រ​ក្នុង​សកម្មភាព​អភិរក្ស​ភ្លេងខ្មែរ ក៏ដូចជា​គាំទ្រ​ជំហរ​របស់​ក្រុម​លោក​ដែល​ច្រៀង​លើកឡើង​ពី​បញ្ហា​សិទ្ធិមនុស្ស​ផង​ដែរ។

លោក វិន វិចិត្រ៖ «លក្ខខណ្ឌ​គឺ​យើង​អត់​ផ្លាស់ប្ដូរ​គោលជំហរ​របស់​ពួក​យើង​ទេ ឧទាហរណ៍​ថា​គេ​ឧបត្ថម្ភ ប៉ុន្តែ​ឱ្យ​ខ្ញុំ​ឈប់​ច្រៀង​អំពី​សិទ្ធិ​ជន​ពិការ ឈប់​ច្រៀង​អំពី​សិទ្ធិ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា ឬ​ឈប់​ពី​ការ​អប់រំ តែ​ច្រៀង​អំពី​អ្វី​ដែល​សប្បាយៗ ដែល​គេ​គាំទ្រ​គឺ​ពួក​ខ្ញុំ​អត់​ធ្វើ​ទេ ហើយក៏​ពួក​ខ្ញុំ​អត់​យក​ដែរ»។

អ្នកចូលរួម​បង្កើត​ក្រុម​កេរ​ម្នាក់ទៀត លោក ខេង វិឆ័យ អាយុ​៣០ ឆ្នាំ លើកឡើង​ថា ក្រុម​ភ្លេង​កេរ​បាន​ផ្ដោត​សំខាន់​ក្នុង​ចូលរួម​អភិរក្ស​ប្រភេទ​ភ្លេងបុរាណ​ដែល​កំពុង​ប្រឈម​នឹង​ការបាត់បង់​ជាងគេ​គឺ​ក្រុម​យីកេ។ លោក ខេង វិឆ័យ បន្ថែម​ថា មូលហេតុ​ដែល​ប្រឈម​នឹង​បាត់បង់​ដោយសារ​ឯកសារ​នៃ​វង់ភ្លេង​នេះ​បាន​បាត់បង់​មួយចំនួន ហើយ​ប្រជាជន​មិន​សូវ​ចាប់អារម្មណ៍​ប្រគំ​ភ្លេង​យីកេ ឬ​ជួល​ភ្លេង​បុរាណ​បែប​នេះ​ក្នុង​ពិធី​បុណ្យ​ផ្សេងៗ នោះ​ទេ។

លោក ខេង វិឆ័យ បន្ថែម​ថា បើទោះបី​ក្រុម​ភ្លេង​កេរ​មិន​បាន​ស្វែងរក​ប្រាក់​ចំណេញ​ក្ដី តែ​លោក​អំពាវនាវ​ដល់​សាធារណជន​ជួយ​រួម​ចែករំលែក​បន្ត​នូវ​បទ​ភ្លេង​របស់​ក្រុម​កេរ ដែល​បាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដេញ​សង្គម​។ លោក ខេង វិឆ័យ ក៏​ស្នើ​ដល់​សប្បុរសជន​ផ្សេងទៀត​ជួយ​ចូលរួម​អភិរក្ស ឬ យុវជន​ផ្សេងទៀត​ចូលរួម​រៀន​ភ្លេងបុរាណ​ទាំងនេះ។

លោក ខេង វិឆ័យ៖ «ដើម្បី​ចូលរួម​ចំណែក​ថែរក្សា​សិល្បៈ ដូចជា​យីកេ​បាត់បង់​អស់ហើយ សូម​ជួយ​ចូលរួម​ចំណែក​ថែរក្សា​ទាំងអស់គ្នា កុំ​ឱ្យ​តែ​យើង​ថែរក្សា​តែ​ម្នាក់ៗ អ៊ីចឹង វា​ងាយ​នឹង​បាត់បង់ អ៊ីចឹង​សូម​ឱ្យ​យុវជន​មក​រក​មើល​សិល្បៈ​អ៊ីផង មិន​ចាំបាច់​តែ​រៀន គ្រាន់តែ​យើង​រាល់ថ្ងៃ​អ៊ីចឹង​មាន​បណ្ដាញ​សង្គម​គ្រាន់តែ​ជួយ​ឡាច ជួយ​ស៊ែ​ក៏​ជា​ចំណែក​ជួយ​ដល់​ក្រុម​ខ្ញុំ​ដែរ»។

រៀងរាល់​សប្ដាហ៍​សមាជិក​ក្រុម​ភ្លេង​កេរ​ធ្វើការ​ជួបជុំគ្នា​ដើម្បី ហាត់​សម សម្ដែង និពន្ធ​ចម្រៀង​តស៊ូ មតិ​ពី​បញ្ហា​សិទ្ធិមនុស្ស ប្រវត្តិសាស្ត្រ វប្បធម៌ ក្នុង​ប្រទេស​កម្ពុជា រួច​ផ្សព្វផ្សាយ​តាម​បណ្ដេញ​សង្គម​ហ្វេសប៊ុក​ដែល​មាន​ឈ្មោះថា កេរ។ ជួនកាល​ក្រុម​កេរ​ក៏បាន​សម្ដែង​តាម​ពិធីបុណ្យ ឬ​វេទិកា​របស់​អង្គការ​សង្គម​ស៊ីវិល​នានា។

វិទ្យុ​អាស៊ីសេរី​មិនអាច​សុំ​ការ​ឆ្លើយ​បង​ពី​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក ឡុង ប៊ុណ្ណាស៊ីរីវត្ថ និង​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា បាន​ទេ នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា។

សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន លើកឡើង​ថា សិល្បៈ​មិនបាន​ប្រកាន់​បក្សពួក ពណ៌ សម្បុរ ឬ​ជន​ពិការ​អ្វី​នោះ​ទេ ហើយ​លោក​យល់​ថា សកម្មភាព​របស់​ក្រុម​កេរ​គឺជា​រឿង​ដែល​ត្រូវ​កោតសរសើរ​ចំពោះ​ពួកគាត់ ហើយ​ក្រសួង​ពាក់ព័ន្ធ​គួរតែ​ជួយ​ជ្រោមជ្រែង​ដល់​សកម្មភាព​លើកស្ទួយ​អត្តសញ្ញាណ វប្បធម៌ ប្រពៃណីខ្មែរ។

លោក ស្រ៊ុន ស្រ៊ន បន្ត​ថា ក្រុម​កេរ​ដែល​ភាគច្រើន​ជា​ជន​ពិការ​នេះ ក៏​បង្ហាញ​ថា វិធីសាស្ត្រ ក្នុង​ការ​ជួយ​ជាតិ​មាន​ច្រើន​ទម្រង់ និង​អាច​ធ្វើ​បាន​គ្រប់​វ័យ មិន​ប្រកាន់​ចាស់ ក្មេង ឬ​ជន​ពិការ​នោះ​ទេ​។ ជាក់ស្ដែង ពួកគាត់​បាន​ចូលរួម​ផ្លាស់ប្ដូរ​ផ្នត់គំនិត​ថា ជន​ពិការ​មិន​ត្រឹមតែ​រស់នៅ​ដោយ​ខ្លួនឯង​ផ្ទាល់​នោះ​ទេ តែ​ពួកគាត់​ក៏​នឹង​អាច​ចូលរួម​ជួយ​ជាតិ​ដូច​ពលរដ្ឋ​ទូទៅ​បាន​ដែរ។

លោក ស្រ៊ុន ស្រ៊ន៖ «ពួកគាត់​នេះ​អាច​ជា​ចំណែក​មួយ ធ្វើ​ឱ្យ​មាន​ការផ្លាស់ប្ដូរ​ផ្នត់គំនិត​ពលរដ្ឋ​ខ្មែរ​ជាទូទៅ​ដែល​រើសអើង​ជន​ពិការ​ឱ្យ​លែង​រើសអើង ពីព្រោះ​ពួកគាត់​មាន​ស្មារតី​ខ្ពស់​ជាង​ជន​ពិការ​ទូទៅ ជន​ពិការ​ទូទៅ​គឺ​គាត់​ធ្វើ​អ្វី​ដើម្បី​តែ​ការរស់នៅ​ប្រចាំថ្ងៃ​គាត់​ទេ តែ​បង និង​ប្អូនៗ ដែល​កំពុង​ធ្វើ​កិច្ច​ការងារ​នេះ​គឺ​ដើម្បី​បង្ហាញ​ថា ពួកគាត់​មាន​សេចក្ដី​ថ្ងៃ​ថ្នូរ​ដូច​មនុស្ស​ទូទៅ​អ៊ីចឹង បាន​ន័យ​ថា​មនុស្ស​ទូទៅ​ជួយ​ជាតិ​បែប​ណា ប្អូនៗ​ក៏​អាច​ជួយ​ជាតិ»។

ជា​អតីត​មហាអំណាច​នៅ​តំបន់​អាស៊ីអាគ្នេយ៍ កម្ពុជា​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ជា​ប្រទេស​ដែល​មាន​មត៌ក​តន្ត្រី​សម្បូរ​បែប​ប្រកបដោយ​ទម្រង់​ប្លែកៗ​គ្នា​។ ភស្តុតាង​ដែល​អាច​ឱ្យ​គេ​និយាយ​បាន​ដូចនេះ គឺ​ចម្លាក់​នៅ​តាម​ប្រាសាទបុរាណ​នានា ដែល​បាន​បង្ហាញ​ពី​ឧបករណ៍​តន្ត្រី​ជាច្រើន​ប្រភេទ។

ការសិក្សា​ស្រាវជ្រាវ​របស់​អ្នកជំនាញ​មួយចំនួន​បញ្ជាក់​ថា ឧបករណ៍​តន្ត្រី​របស់​ខ្មែរ​ភាគច្រើន​ចាប់បដិសន្ធិ​ឡើង​ដោយសារ​អំណោយផល​ពី​ធម្មជាតិ​ដែល​នៅ​ជុំវិញ​ខ្លួន​ផ្ដល់​ឱ្យ។ ឧបករណ៍​តន្ត្រី​ដ៏​សំបូរ​បែប​បន្សល់​ទុក​ពី​បុរាណ​មក​នោះ អាច​ប្រឈម​នឹង​ការបាត់បង់ ដែល​ក្មេងៗ​ជំនាន់​ក្រោយ​នឹង​មិនបាន​ស្គាល់​អស់​ឡើយ។

អ្នកស្រាវជ្រាវ​បាន​យល់ស្រប​គ្នា​ថា ឧបករណ៍​តន្ត្រី​ខ្មែរ​ចែកចេញ​ជា ៤​ក្រុម គឺ​ឧបករណ៍​ខ្សែ​ឧបករណ៍​ផ្លុំ ឧបករណ៍​គោះ ដំ និង​ឧបករណ៍​ដទៃទៀត​។ ជា​អកុសល ឧបករណ៍​ខ្លះ​ត្រូវ​បាន​បាត់បង់ និង​ខ្លះទៀត​កំពុង​ប្រឈម​នឹង​ការបាត់បង់ ដោយសារ​កត្តា ៣​យ៉ាង គឺ​សង្គ្រាមរ៉ាំរ៉ៃ កង្វះ​ខាត​ទ្រឹស្ដី​ភ្លេង និង​កង្វះខាត​អក្សរ​ភ្លេង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។