នៅប្រទេសកម្ពុជា បច្ចុប្បន្ន បើនិយាយពីកាកសំណល់ផ្ទះបាយ និងសំរាមសរីរាង្គ គឺប្រជាពលរដ្ឋជាច្រើនបានត្រឹមតែខ្ចប់យកទៅបោះចោល ហើយមានកសិករតិចតួចបំផុតដែលចេះយកសំរាមទាំងនេះទៅធ្វើជាជីកំប៉ុសដាក់ដំណាំ ឬក៏យកទៅដាក់ស្រូវនៅក្នុងស្រែ។ ក៏ប៉ុន្តែវិចិត្រករខ្មែរម្នាក់បានរកឃើញថា កាកសំណល់ផ្ទះបាយជាច្រើនប្រភេទ ព្រមទាំងសំរាមសរីរាង្គនៅជុំវិញផ្ទះ គឺមានប្រយោជន៍អាចយកទៅធ្វើជាផ្ទាំងគំនូរ ព្រមទាំងវត្ថុអនុស្សាវរីយ៍ ហើយលក់ដូរបានប្រាក់ជួយទ្រទ្រង់ជីវភាពគ្រួសារមួយផ្នែក។
តើគេអាចយកសំរាមទៅកែច្នៃធ្វើជាគំនូរ និងវត្ថុអនុស្សាវរីយ៍បានយ៉ាងដូចម្ដេច?
ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប គឺជាភូមិដែលស្ថិតនៅតំបន់ឧទ្យានអង្គរជិតប្រាសាទអង្គរវត្ត។ ទីនោះមានបុរសម្នាក់ដែលជាវិចិត្រករអាយុ ៣៤ឆ្នាំ កំពុងច្នៃប្រឌិតកាកសំណល់ផ្ទះបាយ និងសំរាមសរីរាង្គ ដូចជាស្លឹកឈើងាប់ ព្រមទាំងដើមរុក្ខជាតិពុកៗខ្លះឲ្យទៅជាផ្ទាំងគំនូរ និងវត្ថុអនុស្សាវរីយ៍ដ៏ល្អស្អាត សម្រាប់លក់ឲ្យភ្ញៀវទេសចរណាដែលមានការចាប់អារម្មណ៍ និងចង់បាន។

បុរសឈ្មោះ រៀម មុនីស៊ីឡុង មានសម្បុរស្រអែម ហើយប្រវត្តិជាកូនកសិករ មានប្រសាសន៍ថា រូបគាត់បានយកសំរាមមកច្នៃប្រឌិតធ្វើជាគំនូរ និងវត្ថុអនុស្សាវរីយ៍ជាច្រើនប្រភេទ ដើម្បីលក់ឲ្យភ្ញៀវទេសចររយៈពេលប្រហែលមួយឆ្នាំហើយ។ ជារៀងរាល់ថ្ងៃចាប់តាំងពីព្រឹករហូតដល់យប់ គឺបុរសម្នាក់នេះរវល់នឹងការងាររបស់គាត់ ដូចជាយកស្លឹកឈើងាប់ៗទៅត្រាំទឹក ហើយយកមកបុកឲ្យម៉ត់ ព្រមទាំងយកទៅលាយច្របល់ជាមួយកាវចាក់ពុម្ពធ្វើជារូបសត្វជាច្រើនប្រភេទ ជាដើម។ បុរសដដែលបញ្ជាក់ថា កាកសំណល់ជាច្រើនប្រភេទដែលប្រជាពលរដ្ឋខ្មែរសល់ពីផ្ទះបាយ ហើយបោះចោល ដូចជាស្រកាត្រី សម្បកខ្យងខ្ចៅ សម្បកពងទា ព្រមទាំងសំណល់សរីរាង្គ ដូចជាស្លឹកឈើងាប់ ដើមល្ហុងពុក សម្បកធាងដូង ជួកត្នោត ព្រមទាំងកាកអំពៅជាដើម សុទ្ធតែអាចយកទៅកែច្នៃធ្វើជាក្រដាស ហើយគូរគំនូរដ៏ស្រស់ស្អាតបាន៖ « គំនិតខ្ញុំបង្កើតរូបគំនូរ និងវត្ថុអនុស្សាវរីយ៍ធ្វើពីសំរាមនេះឡើង ដោយសារតែខ្ញុំឃើញប្រពន្ធរបស់ខ្ញុំបោសសំរាមនៅជុំវិញផ្ទះ ហើយយកទៅដុតបង្កើតឲ្យមានផ្សែង ព្រមទាំងធ្វើឲ្យកើតជាតិអាស៊ីតនៅក្នុងដីជាច្រើន ដែលប៉ះពាល់ដល់បរិស្ថាន »។
រៀម មុនីស៊ីឡុង មានប្រវត្តិជាជាងគំនូរដែលដើរស៊ីឈ្នួលគូររូបនៅតាមព្រះវិហារនៃព្រះពុទ្ធសាសនាជាច្រើនវត្ត ក៏ប៉ុន្តែជាងពីរឆ្នាំមុន គាត់បានបោះបង់ចោលមុខរបរជាងគំនូរស៊ីឈ្នួលដើរគូរតាមវត្តនោះ ហើយបានចូលបម្រើការនៅក្នុងអង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះ ជីវិតខ្មែរឯករាជ្យ ដែលហៅកាត់ថា ខេ.អាយ.អិល.ធី (K.I.L.T)។ នៅក្នុងអង្គការនោះមានជនជាតិជប៉ុន ម្នាក់ បានបង្រៀនរូបគាត់ឲ្យចេះយកស្លឹកឈើងាប់ ព្រមទាំងដើមរុក្ខជាតិពុកៗជាច្រើនប្រភេទទៅធ្វើជាក្រដាសសម្រាប់គូរគំនូរ និងធ្វើវត្ថុអនុស្សាវរីយ៍ផ្សេងៗ។ បន្ទាប់ពីគាត់រៀនចេះពីការយកសំរាមទៅធ្វើជាក្រដាស និងវត្ថុអនុស្សាវរីយ៍មក ក្នុងរយៈពេលប្រហែលមួយឆ្នាំមកនេះ គឺគាត់បានប្រឹងប្រែងគូរគំនូរលើក្រដាសសំរាមទាំងនេះ ព្រមទាំងកែច្នៃធ្វើរូបដែលជាវត្ថុអនុស្សាវរីយ៍ជាច្រើនប្រភេទទៀត។
បច្ចុប្បន្ន ស្នាដៃរបស់គាត់ គឺមាននៅតាមសណ្ឋាគារខ្លះ និងផ្សាររាត្រីខ្លះក្នុងខេត្តសៀមរាប ដើម្បីផ្ញើលក់ទៅឲ្យភ្ញៀវទេសចរបរទេសណាដែលចាប់អារម្មណ៍ និងចង់បាន។
បើទោះបីជាវិចិត្រករខ្មែរម្នាក់នេះកំពុងមានមោទនភាពនឹងស្នាដៃច្នៃប្រឌិតរបស់ខ្លួន ដោយយកសំរាមមកធ្វើជាគំនូរ និងវត្ថុអនុស្សាវរីយ៍បានក៏ដោយ ក៏ភរិយារបស់គាត់ហាក់នៅមិនទាន់ពេញចិត្ត និងចង់ឲ្យរូបគាត់បន្តមុខរបរដូចនេះតទៅទៀតទេ។
ភរិយារបស់លោក រៀម មុនីស៊ីឡុង គឺអ្នកស្រី ប៉ា គឹមសាន មានប្រសាសន៍ថា អ្នកស្រីមិនសូវពេញចិត្តនឹងមុខរបររបស់ប្ដីដូចពេលបច្ចុប្បន្ននេះទេ។ អ្វីដែលអ្នកស្រីមិនចង់ឲ្យប្ដីប្រកបមុខរបរច្នៃសំរាមនេះតទៅទៀត ដោយសារតែវាបានចំណូលមិនគ្រប់គ្រាន់ទៅតាមទំហំដែលគ្រួសាររបស់គាត់ចំណាយក្នុងមួយខែៗ៖ « សំខាន់រឿងជីវភាពផង ចំណូលតិចពេក។ បើដូចមុខរបរសព្វថ្ងៃនេះ ខ្ញុំដូចជាមិនសង្ឃឹមថារីកចម្រើនទេ »។
អ្នកស្រី ប៉ា គឹមសាន បញ្ជាក់ថា មុខរបរកែច្នៃសំណល់ផ្ទះបាយ និងសំណល់សរីរាង្គយកទៅធ្វើជាគំនូរ និងវត្ថុអនុស្សាវរីយ៍ដូចប្ដីរបស់គាត់ក្នុងពេលបច្ចុប្បន្ន គឺមានតែភ្ញៀវអឺរ៉ុបខ្លះដែលគាំទ្រ ចំណែកប្រជាពលរដ្ឋខ្មែរវិញ គឺមិនទាន់មានអ្នកគាំទ្រនៅឡើយ។ ក្នុងមួយខែៗនៅរដូវសម្បូរភ្ញៀវទេសចរ គាត់អាចរកប្រាក់បានពីការលក់គំនូរ និងវត្ថុអនុស្សាវរីយ៍នេះប្រមាណ ៣០០ដុល្លារអាមេរិក ប៉ុន្តែនៅរដូវខ្សត់ភ្ញៀវ គឺរកបានប្រមាណពី ១០០ដុល្លារទៅ ២០០ដុល្លារ។

លោក រៀម មុនីស៊ីឡុង ឲ្យដឹងថា ប្រពន្ធរបស់គាត់ ចង់ឲ្យរូបគាត់បោះបង់ចោលមុខរបរច្នៃសំរាមនេះ ហើយងាកទៅរកមុខរបរដាំបន្លែវិញ ក៏ប៉ុន្តែគាត់បានតាំងចិត្តយ៉ាងមុតមាំថានឹងមិនបោះបង់ការកែច្នៃសំរាមឲ្យក្លាយទៅជាគំនូរ និងវត្ថុអនុស្សាវរីយ៍នេះដោយងាយៗទេ។ លោក រៀម មុនីស៊ីឡុង អំពាវនាវដល់មគ្គុទ្ទេសក៍ទេសចរណ៍ដែលតែងនាំភ្ញៀវដើរកម្សាន្តនៅតំបន់អង្គរ ឲ្យជួយណែនាំពីផលិតផលរបស់លោក ហើយក៏អំពាវនាវឲ្យពលរដ្ឋខ្មែរគ្រប់រូបជួយលើកទឹកចិត្តផងដែរ៖ « ខ្ញុំចង់ឲ្យខ្មែរទាំងអស់ ព្រមទាំងជនជាតិបរទេស សូមជួយគាំទ្រផលិតផលដែលខ្ញុំបានធ្វើនេះ »។
ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប លោក ភួង លីណា មានប្រសាសន៍ថា ជាច្រើនឆ្នាំមកហើយនៅក្នុងប្រទេសកម្ពុជា គឺមានតែប្រជាពលរដ្ឋខ្លះដែលយកកាកសំណល់ផ្ទះបាយ និងសំណល់សរីរាង្គទៅធ្វើជាជីកំប៉ុស ប៉ុន្តែប្រសិនបើពលរដ្ឋខ្មែរចេះកែច្នៃសំរាមធ្វើជាក្រដាសគូរគំនូរ និងវត្ថុអនុស្សាវរីយ៍ទៀតនោះ គឺស្នាដៃថ្មីដែលមានសារសំខាន់បំផុតគួរឲ្យលើកទឹកចិត្ត៖ « នៅក្នុងប្រទេសរបស់យើង ជាទូទៅសំរាមច្រើនតែយកមកធ្វើជីកំប៉ុសទេ ការកែច្នៃជាវត្ថុអនុស្សាវរីយ៍អីនោះ មិនមានច្រើនទេ »។
លោក រៀម មុនីស៊ីឡុង បង្ហាញពីបំណងសម្រាប់អនាគតថា ប្រសិនបើស្នាដៃរបស់លោកមានការគាំទ្រច្រើន គឺលោកនឹងត្រៀមខ្លួនបង្រៀនជំនាញកែច្នៃសំរាមនេះដល់កូនខ្មែរជាច្រើន ឲ្យចេះប្រកបរបរចិញ្ចឹមជីវិតផង ព្រមទាំងជួយកាត់បន្ថយសំរាម និងជាតិពុលពីបរិស្ថាន ប្រយោជន៍ជួយសុខភាពឲ្យប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូលបានប្រសើរផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។