អ្នកជំនាញបុរាណវិទ្យាកំពុងសិក្សាស្រាវជ្រាវព្រែកបុរាណមួយក្នុងខេត្តសៀមរាប ដឹកថ្មកសាងប្រាសាទអង្គរ
2024.05.11
ក្រុមអ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយ និងស្រាវជ្រាវព្រែកបុរាណមួយកន្លែង ក្នុងខេត្តសៀមរាប ដែលជារចនាសម្ព័ន្ធផ្លូវទឹកយ៉ាងសំខាន់ សម្រាប់ដឹកជញ្ជូនថ្ម ដើម្បីកសាងប្រាសាទបុរាណក្នុងតំបន់អង្គរ បង្ហាញពីអរិយធម៌សម័យបុរាណ។
អ្នកស្រុកអង្គរ និងក្រុមមគ្គុទ្ទេសក៍អង្គរ គាំទ្រគម្រោងនេះហើយស្នើឱ្យអាជ្ញាធរកំណត់ទីតាំងអភិរក្សឱ្យច្បាស់លាស់ ចៀសវាងបណ្តែតបណ្តោយឱ្យតំបន់នោះ ក្លាយជាកន្លែងលក់ដីឡូត៍ និងសង់ផ្ទះគ្រប់គ្រងកម្មសិទ្ធិឯកជន។មនុស្សជាច្រើនដែលធ្វើដំណើរទៅទិសខាងកើតចាប់ពីក្រុងសៀមរាប ឆ្ពោះទៅរាជធានីភ្នំពេញមានចម្ងាយជាង ៣០គីឡូម៉ែត្រ តាមផ្លូវជាតិលេខ៦ នឹងឆ្លងកាត់ព្រែកបុរាណមួយកន្លែង ឬហៅថា ព្រែកស្រមោច ដោយមិនដឹងខ្លួន។
ព្រែកនេះមានប្រភពចាប់ពីភ្នំគូលែនរហូតដល់បឹងទន្លេសាប។ រចនាសម្ព័ន្ធធារាសាស្ត្រសម័យបុរាណនេះ អ្នកជំនាញបុរាណវិទ្យា កំពុងប្រឹងប្រែងធ្វើកំណាយដើម្បីប្រមូលព័ត៌មាន និងសិក្សាពីភស្តុតាងប្រវត្តិសាស្ត្រសម័យអង្គរ ក្រោយអង្គរ និងសម័យមុនអង្គរ។
មកទល់ពេលនេះព្រែកបុរាណនេះ កប់បាត់រូបរាងស្ទើរទាំងស្រុង ក៏ប៉ុន្តែមានផ្នែកខ្លះនៅសល់ស្លាកស្នាម ទ្រង់ទ្រាយព្រែកនៅប៉ែកខាងត្បូងផ្លូវជាតិលេខ៦ ឆ្ពោះទៅបឹងទន្លេសាប។
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១០ ឧសភា ថា ក្រុមអ្នកស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយ និងសិក្សាស្រាវជ្រាវ ដើម្បីស្វែងយល់ ឱ្យកាន់តែស៊ីជម្រៅ ពីតួនាទីរបស់ព្រែកស្រមោច តើវាមានសារៈសំខាន់យ៉ាងណា កាលពីសម័យបុរាណ។ លោកបន្ថែមថា ក្រោយពីធ្វើកំណាយលើគម្រោងនេះរួចរាល់ អាជ្ញាធរជំនាញនឹងបកស្រាយឱ្យច្បាស់លាស់ ពីសារៈសំខាន់នៃព្រែកជីកបុរាណនេះ ដោយភ្ជាប់នឹងអរិយធម៌សម័យបុរាណ។
លោក ឡុង កុសល៖ «អ្វីដែលយើងធ្វើសិក្សាហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម នៅពេលនោះ ដើម្បីស្វែងយល់ពីតឹកតាងប្រវត្តិសាស្ត្ររបស់យើង តើអ្វីទៅបណ្តាលឱ្យថ្នាក់ដឹកនាំ ឬព្រះមហាក្សត្រសម័យនោះ លោកគិតរឿងហ្នឹង ។ តើវាមានសារៈសំខាន់អ្វីខ្លះ?»។
ក្រុមអ្នកស្រាវជ្រាវនៃអាជ្ញាធរជាតិអប្សរា បង្ហាញភស្តុតាងមួយចំនួនជារូបថតព្រែកស្រមោច ចាប់ពីទិសខាងជើងទៅទល់នឹងទិសខាងត្បូងជាប់ បឹងទន្លេសាប ក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ឆ្លងកាត់តាមផ្លូវជាតិលេខ ៦ ឋិតក្នុងឃុំដំដែក រហូតដល់ ឃុំសំរោង ស្រុកសូទ្រនិគម។
ព្រែកជីកនេះមានប្រវែងទទឹងចន្លោះពី ២៣ ម៉ែត្រ ដល់ ៣០០ម៉ែត្រ និងមានកម្ពស់ជាង ៤ម៉ែត្រ ដោយមានប្រភពទឹកហូរចាក់ពីតំបន់ភ្នំគូលែន ផ្នែកខាងជើងវាលរាបអង្គរ និងប្រភពទឹកមួយខ្សែទៀត ហូរពីបឹងទន្លេសាប ច្រាលចូលក្នុងព្រែក។
អ្នកស្រុកអង្គរ លោក ឈឹម ភាព សង្កេតឃើញថា អ្នកភូមិភាគច្រើនបានស្គាល់ច្បាស់ ពីស្លាកស្នាមព្រែកបុរាណនេះ ហើយពួកគាត់មួយចំនួនចូលរួមថែទាំ គោរពបូជា ផ្តល់តម្លៃ ស្នាដៃបុព្វបុរស។ តែយ៉ាងណាលោកថា បច្ចុប្បន្នភស្តុតាងប្រវត្តិសាស្ត្រនេះ ហាក់កប់បាត់មិនសូវមានអ្នកស្គាល់ និងមិនត្រូវបានផ្សព្វផ្សាយឱ្យបានទូលំទូលាយនោះឡើយ។ លោកស្នើឱ្យរដ្ឋាភិបាលគួរតែចាត់ឱ្យមន្ត្រីជំនាញ សិក្សាឱ្យបានគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ព្រែកបុរាណនេះឡើងវិញ ហើយកំណត់ទីតាំងអភិរក្សឱ្យច្បាស់លាស់ ដើម្បីកុំឱ្យបាត់បង់។
លោក ឈឹម ភាព៖ «បើលុបព្រែកនេះចោល ខ្ញុំស្តាយដែរ បើយើងស្តាយស្ដារឡើងវិញ ឱ្យបានចរាចរតាមផ្លូវទឹក ព្រោះព្រែកវាជាប់នៅទន្លេសាប ហើយភ្ញៀវទេសចរ គាត់អាចធ្វើដំណើរពីទន្លេសាបឡើងមកដុំដែក ស្រុកសូទ្រនិគម»។
លទ្ធផលនៃការធ្វើកំណាយ ក្នុងឆ្នាំ២០២៤នេះ ក្រុមអ្នកជំនាញបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរារកឃើញ ភាជន៍មួយចំនួនមានស្ថានភាពពុកផុយ ភាជន៍ខ្លះ លាបពណ៌ក្រហម (Red slip) ដែលដូនតាខ្មែរ ផលិតក្នុងសម័យមុនអង្គរ ឬដើមសម័យអង្គរ។ កន្លែងដែលរកឃើញនេះ ឋិតក្នុងភូមិថ្មី ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ដែលជាតំបន់មានប្រជាជនរស់នៅយូរយារមកហើយ។
លោក ឡុង កុសល បន្ថែមថា គោលបំណងនៃការធ្វើកំណាយនេះ ដើម្បីស្វែងយល់ និងសិក្សាពីហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គម សម័យបុរាណ ការតាំងទីលំនៅរបស់ប្រជាជន និងពេលវេលាដែលគាត់រស់នៅ។ លោកបញ្ជាក់ថា ក្រោយពីធ្វើកំណាយរួច អាជ្ញាធរគ្មានគម្រោងជីកស្ដារព្រែកបុរាណនេះឡើងវិញនោះទេ។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរលោក ខៀវ ធី យល់ថា ការធ្វើកំណាយនេះមានសារៈសំខាន់ណាស់ ដោយឆ្លុះបញ្ចាំងពីការធ្វើចរាចរផ្លូវទឹករបស់បុព្វបុរសខ្មែរ និងជីវិតរបស់មនុស្សសម័យបុរាណ។ លោកថា តំបន់នោះក៏ជាផ្នែកមួយទាក់ទាញភ្ញៀវទេសចរដែរ ដែលអាជ្ញាធរគួរតែផ្សព្វផ្សាយ និងសិក្សាឱ្យបានល្អិតល្អន់ ពីប្រព័ន្ធធារាសាស្ត្របុរាណ ភ្ជាប់នឹងរាជធានីបុរាណក្នុងតំបន់អង្គរ។
លោក ខៀវ ធី៖ «កំណាយរកឃើញវត្ថុបុរាណការធ្វើពាណិជ្ជកម្មសម័យដើម ក៏ជាការទាក់ទាញមួយដែរ កំណាយល្អទាក់ទាញភ្ញៀវទេសចរដែរ បងប្អូនអ្នកស្រុកលក់ដូរក៏បានទទួលផលកម្រៃ»។
អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយនៃក្រសួងវប្បធម៌ លោក ទិន ទីណា បានបង្ហោះសារ ក្នុងទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរាថា តើព្រែកបុរាណដ៏ធំនេះមាន តួនាទីដឹកថ្ម ពីតំបន់អូរថ្មដាប់ ដែលជាកន្លែងដាប់យកថ្មទៅកសាង ប្រាសាទក្នុងតំបន់អង្គរឬយ៉ាងណា? ចម្ងល់ទាំងនេះហើយដែលក្រុមអ្នកស្រាវជ្រាវ កំពុងសិក្សាស្រាវជ្រាវ ពីប្រភពព្រែកបុរាណនេះ តើមានតួនាទីអ្វី?
ក្រុមអ្នកស្រាវជ្រាវបុរាណវិទ្យារកឃើញថា អ្នកស្រុករស់នៅតាមទំនប់ព្រែកជីកបុរាណនេះនៅចាំតៗគ្នា ពីមួយជំនាន់ទៅមួយជំនាន់ថា ព្រែកស្រមោច ជាផ្លូវទឹកបុរាណមួយដោយមានសំពៅធំៗ ធ្វើចរាចរពីបឹងទន្លេសាបទៅដល់ភ្នំគូលែន និងជាផ្លូវទឹកសម្រាប់ដឹកជញ្ជូនថ្ម ដើម្បីសាងសង់ប្រាសាទនៅតំបន់អង្គរ។
អ្នកស្រុកអង្គរស្នើឱ្យអាជ្ញាធររៀបចំព្រែកបុរាណនេះឡើងវិញ ដោយជីកស្ដារ និងអភិរក្សឱ្យល្អិតល្អន់ ធ្វើយ៉ាងណា រក្សាភស្តុតាងប្រវត្តិសាសន៍សម័យបុរាណ ដើម្បីទាក់ទាញភ្ញៀវទេសចរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕