កម្ពុជាហៅការចម្លងប្រាសាទព្រះវិហារពីសំណាក់ភាគីថៃថាជាទង្វើបោកប្រាស់
2016.05.18

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ហៅភាគីថៃ ថាកំពុងព្យាយាមបោកប្រាស់ និងបំភាន់ប្រជាជនថៃ និងពិភពលោក បន្ទាប់ពីភាគីថៃ ប្រកាសជំហរចចេសបើកទទួលទេសចរចូលទស្សនាប្រាសាទព្រះវិហារចម្លង ដែលសាងសង់ពីស៊ីម៉ង់នៅខេត្តស៊ីសាកេត នៃប្រទេសថៃ ក្បែរព្រំដែនកម្ពុជា-ថៃ។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ប្រតិកម្មថា ការសាងសង់ប្រាសាទព្រះវិហារ ចម្លងពីប្រាសាទព្រះវិហារខ្មែរ ដែលសាងសង់ពីស៊ីម៉ង់របស់ថៃ ទំហំ ១ ភាគ ១០ នៃប្រាសាទដើម ជាចេតនានយោបាយរបស់រដ្ឋាភិបាលយោធាថៃ ដែលព្យាយាមបង្វែរចំណាប់អារម្មណ៍ស្ថានភាពនយោបាយក្នុងស្រុកថៃ។
លោក ផៃ ស៊ីផាន សង្កត់ធ្ងន់ថា ការព្យាយាមរបស់រដ្ឋាភិបាលយោធាថៃ គឺកំពុងបំផ្លាញចំណងការទូត និងមិត្តភាពរវាងប្រទេសកម្ពុជា និងថៃ៖ «ប្រាសាទព្រះវិហារ ស្ថិតនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ហើយគួរឲ្យសោកស្ដាយដែលគេសាងសង់ប្រាសាទមួយទៀតដើម្បីមតិជាតិថៃ និងអន្តរជាតិ ដែលសាងសង់នៅជាប់នឹងប្រាសាទព្រះវិហារ ដែលធ្វើពីថ្មធម្មជាតិ។ នេះជាការប្រឆាំងនឹងតម្លៃប្រាសាទព្រះវិហារ»។
កាសែតបាងកក ប៉ុស្ដិ៍ (Bangkok Post) នៅប្រទេសថៃ បានរាយការណ៍ថា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ឧត្ដមសេនីយ៍ ប្រាវិត វង្សសុវណ្ណ (Pravit Wongsuwon) អះអាងថា ប្រាសាទព្រះវិហារចម្លងធ្វើពីស៊ីម៉ង់របស់ថៃ គឺនឹងមិនត្រូវវាយចោលនោះទេ ហើយអាចនឹងបើកទទួលទេសចរ។
បាងកក ប៉ុស្តិ៍ បន្តផ្សាយសម្ដីឧត្ដមសេនីយ៍ ប្រាវិត ដែលបានថ្លែងថា នេះជាសិទ្ធិរបស់ប្រទេសថៃ ដែលអាចសាងសង់ប្រាសាទព្រះវិហារចម្លង នៅលើទឹកដីថៃ ហើយថា ការសាងសង់នេះមិនបង្កជាបញ្ហាអ្វីនោះទេ។ ក៏ប៉ុន្តែភាគីកម្ពុជា ច្រានចោលការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់ថៃ រូបនេះ។
សម្រាប់ លោក ផៃ ស៊ីផាន ការរឹងចចេសរបស់ថៃ ជាការប្រឆាំងទៅនឹងតម្លៃរបស់ប្រាសាទព្រះវិហារកម្ពុជា ដែលត្រូវបានអង្គការយូណេស្កូ (UNESCO) ផ្ដល់តម្លៃជាប្រាសាទល្អឯកគ្មានពីរលើលោក ហើយបានចាត់ជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិ៖ «ដូច្នេះការធ្វើនឹងគឺប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់ថៃ ហើយប្រឆាំងនឹងអង្គការពិភពលោក»។
ភាគីថៃ អះអាងថា ការសាងសង់ប្រាសាទសិប្បនិម្មិតនេះ គ្មានការជំទាស់ពីភាគីកម្ពុជា នោះទេ។ តែអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីកម្ពុជា លោក ផៃ ស៊ីផាន បដិសេធចំពោះការអះអាងនេះ ហើយថា កម្ពុជា បានអន្តរាគមន៍ជាច្រើនដង ស្នើឲ្យបញ្ឈប់ការសាងសង់ប្រាសាទចម្លងនេះ។
កាលពីថ្ងៃទី១០ ខែឧសភា នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលយោធាថៃ ឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) បានប្រកាសមិនអនុញ្ញាតឲ្យសាងសង់សំណង់ចម្លងពីប្រាសាទព្រះវិហាររបស់កម្ពុជា ទេ។
ស្រដៀងនឹងរឿងនេះដែរ ប្រទេសឥណ្ឌា ធ្លាប់ព្យាយាមសាងសង់សំណង់សិប្បនិមិត្តលំនាំប្រាសាទអង្គរវត្តកម្ពុជាដែរ ក៏ប៉ុន្តែកាលពីខែកញ្ញា ឆ្នាំ២០១៥ រដ្ឋាភិបាលឥណ្ឌា សម្រេចផ្អាកការសាងសង់បន្ទាប់ពីមានការតវ៉ាពីភាគីកម្ពុជា៕