សៀមរាប គឺជាឈ្មោះខេត្តមួយនៅភាគខាងលិចឆៀងខាងជើងប្រទេសកម្ពុជា។ ខេត្តនេះជាតំបន់ដ៏មានប្រជាប្រិយ ដែលទាក់ទាញភ្ញៀវទេសចរបរទេសឱ្យចូលមកទស្សនារាប់លាននាក់ក្នុង១ឆ្នាំៗ ដោយសារតែមានប្រាសាទបុរាណ និងសម្រស់ធម្មជាតិស្រស់ត្រកាល។
បើទោះបីជាខ្មែរ និងបរទេសជាច្រើន បានស្គាល់ឈ្មោះខេត្តសៀមរាប ក៏ដោយក៏ភាគច្រើនមិនដែលដឹងថា ហេតុអ្វីបានជាបុព្វបុរសខ្មែរដាក់ឈ្មោះខេត្តនេះថា សៀមរាប ដូច្នេះទែ?
តើពាក្យថា សៀមរាប មានអត្ថន័យ និងការទាក់ទងជាមួយប្រវត្តិសាស្ត្រយ៉ាងណា?
ខេត្តសៀមរាប បច្ចុប្បន្នមានផ្ទៃដីប្រមាណជាង ១២.១៥០គីឡូម៉ែត្រក្រឡា ដែលមានប្រជាពលរដ្ឋរស់នៅប្រមាណជាង ៩៣ម៉ឺននាក់។ ក្នុងចំណោមប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តសៀមរាប នេះ គឺប្រមាណ ២៥% ជាអាជីវករ និងអ្នកធ្វើការងារ។ ចំណែក ៧៥% ទៀត ជាកសិករធ្វើស្រែ និងចម្ការ។
«សំឡេងចម្រៀង ចំប៉ីសៀមរាប»
ថ្វីត្បិតតែខេត្តសៀមរាប មានមន្តស្នេហ៍ធ្វើឱ្យប្រជាពលរដ្ឋខ្មែរ និងពិភពលោកជាច្រើនបានស្គាល់ថា តំបន់ទេសចរណ៍ដ៏អស្ចារ្យក៏ដោយ ក៏ប៉ុន្តែប្រសិនបើចោទសួរថា តើហេតុអ្វីបានជាខេត្តមួយនេះត្រូវបានគេដាក់ឈ្មោះថា សៀមរាប ហើយ តើឈ្មោះនេះមានចាប់តាំងពីពេលណា? គឺប្រាកដជាមានមនុស្សតែតិចតួចដែលបានដឹង។
បុរសចំណាស់អាយុជិត ៧០ឆ្នាំ រស់នៅក្រុងសៀមរាប គឺលោក មែន គឹមសាន។ លោកបានមានប្រសាសន៍ថា លោកបានស្គាល់ឈ្មោះខេត្តសៀមរាប តាំងពីលោកនៅកុមារភាព ក៏ប៉ុន្តែលោកមិនដឹងអំពីប្រវត្តិសាស្ត្រអតីតកាលយ៉ាងណាទេ៖ «ដែលអ៊ំកើតមកនោះ ឮតែគេនិយាយថា យ៉ាងម៉េចបានតែដាក់ថា សៀមរាប? គេឆ្លើយថាមកពីទីនេះ សៀម គេវាយរាបបានជាគេដាក់ថា សៀមរាប។ មិនដឹងថា ទ័ពសៀម ចូលមកពីឆ្នាំណាក៏អត់ដឹង គឺមិនច្បាស់លាស់ទេ អ៊ំនោះ។ កើតមកមិនបានជាគិតគូរស្រាវជ្រាវប្រវត្តិសាស្ត្រអ្វីឡើយ»។
«សំឡេងចម្រៀង»
អ្នកប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា បានពន្យល់ប្រហាក់ប្រហែលគ្នាថា ពាក្យ សៀម គឺទាក់ទងនឹងប្រទេសមួយ ដែលបច្ចុប្បន្នបានប្រែឈ្មោះទៅជាថៃ ទៅហើយ។ ឯពាក្យថា រាប គឺមានន័យថា ចាញ់។
អនុប្រធានផ្នែកប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាសាស្ត្រាចារ្យប្រវត្តិសាស្ត្រនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា លោក សំបូរ មាណ្ណារ៉ា បានពន្យល់ថា ចាប់ពីសតវត្សទី៩ និងទី១០ នៃគ្រិស្តសករាជ ខេត្តសៀមរាប គេបានប្រើឈ្មោះជាទីក្រុងយសោធបុរៈ ដោយសារតែព្រះមហាក្សត្រខ្មែរព្រះនាម ព្រះបាទ យសោវរ្ម័នទី១ បានកសាង។ ក៏ប៉ុន្តែក្រោយមក ត្រូវបានគេហៅថា អាណាចក្រអង្គរ។ នៅក្នុងរជ្ជកាលនៃព្រះរាជាក្រោយៗមក ដែលបានប្ដូររាជធានីទៅតាំងនៅភាគខាងត្បូង និងទួលបាសាន រហូតដល់ចតុមុខ ជាដើម គឺទីក្រុងអង្គរ ត្រូវបានបោះបង់ចោលមួយរយៈ។ ជាច្រើនឆ្នាំក្រោយមក ទើបមានការចាប់ផ្ដើមគ្រប់គ្រងជារាជធានីឡើងវិញ។
លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា បានពន្យល់ទៀតថា បន្ទាប់ពីមានការគ្រប់គ្រងជារដ្ឋបាលឡើងវិញនោះ គឺតំបន់អង្គរត្រូវបានទ័ពសៀម នៃនគរស្រីអយុធ្យា ចូលមកលុកលុយជាច្រើនលើក ចាប់តាំងពីសតវត្សទី១៤ នៃគ្រិស្តសករាជ។ នៅក្នុងសតវត្សទី១៥-១៦ មានព្រះមហាក្សត្រខ្មែរមួយអង្គព្រះនាម អង្គច័ន្ទរាជា បានធ្វើចម្បាំងជាមួយទ័ពសៀម ដើម្បីបណ្ដេញឱ្យចេញពីតំបន់អង្គរ។ ក្នុងការធ្វើសង្គ្រាមកាលណោះ គឺកងទ័ពខ្មែរបានជោគជ័យ ហើយពាក្យថា សៀមរាប គឺត្រូវបានគេដាក់ឈ្មោះ បន្ទាប់ពីជ័យជម្នះរបស់កងទ័ពខ្មែរ៖ «ពាក្យថា សៀមរាប គឺមានន័យថា សៀម បានខ្លបខ្លាចលោក បានចាញ់លោក បានអស់ឫទ្ធិអ៊ីចឹងទៅ។ ដូច្នេះ គេឱ្យឈ្មោះថា តំបន់សៀមរាប នេះជាទស្សនៈរបស់ជាតិខ្មែរ របស់អ្នកតំណដែលបានលើកឡើងក្នុងដំណែលប្រវត្តិសាស្ត្រនេះផងដែរ។ ចំណុចនេះហើយ បានជាចាប់ផ្ដើមមានពាក្យថា សៀមរាប»។
ការអធិប្បាយរបស់លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា នេះ គឺដូចគ្នានឹងអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរផ្សេងទៀត។
សៀវភៅប្រវត្តិសាស្ត្រខ្មែរសង្ខេបមួយ ដែលសរសេរដោយ លោក នួន សុធិមន្ត ដែលបច្ចុប្បន្នជាមន្ត្រីរាជការនៅទីស្ដីការគណៈរដ្ឋមន្ត្រី បានអធិប្បាយថា នៅឆ្នាំ១៥២៥ នៃគ្រិស្ដសករាជ ព្រះមហាក្សត្រខ្មែរព្រះនាម អង្គច័ន្ទរាជាទី១ បានវាយបង្ក្រាបកងទ័ពសៀម ដែលឈ្លានពាន ឱ្យបរាជ័យនៅតំបន់អង្គរ។ ដូច្នេះហើយ បានជាព្រះបាទអង្គច័ន្ទរាជាទី១ បានដាក់ឈ្មោះថា សៀមរាប គឺមានន័យថា ទ័ពសៀម ចាញ់រាបដូចកន្ទេល។
បច្ចុប្បន្ននេះ ខេត្តសៀមរាប មិនត្រឹមតែជានិមិត្តរូបនៃជាតិខ្មែរប៉ុណ្ណោះទេ ក៏ប៉ុន្តែ វាក៏កំពុងនាំប្រទេសកម្ពុជា ឱ្យទទួលបាននាមថ្មីមួយទៀត គឺព្រះរាជាណាចក្រអច្ឆរិយ ដោយសារតែភាពល្បីល្បាញខាងវប្បធម៌ប្រវត្តិសាស្ត្រ។
«សំឡេង Kingdom of Wonder»
អ្នកទេសចរចម្រុះជាតិសាសន៍ក្នុងពិភពលោកកំពុងនាំគ្នាមកទស្សនាប្រាង្គប្រាសាទបុរាណដ៏សម្បូរបែបនាទឹកដីនេះ។
ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានមានប្រសាសន៍ថា នៅក្នុងខែមករា ឆ្នាំ២០១៤ គឺមានភ្ញៀវទេសចរបរទេសចំនួនជាង ៣០ម៉ឺននាក់ បានមកទស្សនាតំបន់អង្គរ។ ក្រុមទេសចរបរទេសទាំងនោះ បានចាប់អារម្មណ៍ទៅលើសំណង់បុរាណដែលជាប្រវត្តិសាស្ត្រ និងសម្រស់ធម្មជាតិ៖ «ភ្ញៀវមួយចំនួនទៅភ្នំគូលែន ជាពិសេសភ្ញៀវរុស្ស៊ី។ មានទៅតំបន់បឹងទន្លេសាប ហើយនិងប៉ែកតំបន់អង្គរធំ»។
ភ្ញៀវទេសចរបរទេសដែលមកទស្សនាតំបន់អង្គរ ហើយកើនឡើងច្រើនជាងគេ មានដូចជា ជនជាតិចិន កូរ៉េ វៀតណាម និងរុស្ស៊ី ជាដើម។ ជារៀងរាល់ថ្ងៃ មានជនជាតិកូរ៉េ ជាច្រើនបាននាំភ្ញៀវទេសចរដើរទស្សនាក្នុងរមណីយដ្ឋានអង្គរ។
«សំឡេង Guide Korea»
អ្នកមគ្គុទ្ទេសក៍ជាតិខ្មែរមួយរូប គឺលោក រ៉េត សាមុត បានមានប្រសាសន៍ថា ខេត្តសៀមរាប ប្រៀបបានទៅនឹងជង្រុកវប្បធម៌ដ៏សម្បូរបែប ដោយធ្វើឱ្យអ្នកទេសចរបរទេសចង់ឃើញ និងចង់ស្វែងយល់៖ «ក្នុងនោះយើងសង្កេតឃើញមានប្រាង្គប្រាសាទចំនួន ៥៤៤ប្រាសាទ ហើយមានស្ពានថ្មចំនួន៥៩ ហើយក៏មានស្រះ បារាយណ៍ និងប្រព័ន្ធធារាសាស្ត្រផ្សេងៗ រួមជាមួយនឹងវត្ថុសិល្បៈផ្សេងៗ ដូចជា ប្រពៃណីទំនៀមទម្លាប់ក៏រួមផ្សំផងដែរ»។
លោក រ៉េត សាមុត បានអធិប្បាយថា ដោយសារតែមានប្រាង្គប្រាសាទ និងវប្បធម៌ដ៏យូរលង់នេះ ធ្វើឱ្យទឹកដីខេត្តសៀមរាប មានមន្តស្នេហ៍យ៉ាងខ្លាំង ក្នុងការទាក់ទាញបេះដូងអ្នកទេសចរចម្រុះជាតិសាសន៍៖ «ទឹកដីខេត្តសៀមរាប យើងនេះ បានបង្កប់មន្តស្នេហ៍សម្រាប់គេទៅទស្សនាពេលព្រះអាទិត្យលិច ក៏ដូចជាទៅមើលជីវិតការរស់នៅរបស់ប្រជាពលរដ្ឋ ដូចជា ច្រូតកាត់ ដកស្ទូង ជាដើម និងការធ្វើតម្បាញសិប្បកម្ម ដូចជា កន្ត្រក ជាល ស្មុគអីជាដើម គឺឃើញថាច្រើនមែនទែន»។
អ្នកប្រវត្តិសាស្ត្របានឱ្យដឹងថា ខេត្តសៀមរាប បានឆ្លងការចម្បាំង និងការធ្វើអាណានិគមពីបរទេសជាច្រើនជំនាន់រាប់មិនអស់ ក៏ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន ប្រជាពលរដ្ឋនៅទីនេះនៅតែរក្សាទុកបាននូវសំនៀងដើមនៃភាសារបស់ខ្មែរ ជាមួយនឹងវប្បធម៌ជាច្រើនទៀត ដែលតំបន់ផ្សេងៗបានបាត់បង់អស់ទៅហើយ។ វប្បធម៌ទាំងនេះ ដូចជា ពិធីកោរជក់កូនក្មេង ពិធីចូលម្លប់ ពិធីហៅព្រលឹង និងពិធីរំដោះគ្រោះជាដើម។ មានអ្នកភូមិខ្លះ នៅពេលដែលត្រូវការស្រោចទឹករំដោះគ្រោះ គឺគេតែងទៅវត្តដើម្បីទួលសុំព្រះសង្ឃឱ្យធ្វើពិធី ព្រមទាំងមានដូនចាស់ជាច្រើននាក់ អង្គុយព័ទ្ធជុំវិញស្រែកហៅព្រលឹងផង។
«សំឡេង»
ក្រៅតែពីប្រាសាទបុរាណ និងប្រពៃណីវប្បធម៌ដែលអាចទាក់ទាញអ្នកទេសចរបរទេសច្រើនលាននាក់ក្នុង១ឆ្នាំនោះ កត្តាដែលជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋឱ្យរស់នៅបាន ដោយអាស្រ័យលើកសិកម្ម គឺទីពឹងលើប្រភពទឹកជាអ្នកផ្ដល់ជីវិតឱ្យសត្វលោក ដែលហូរចុះពីកំពូលភ្នំគូលែន ជាទីស័ក្តិសិទ្ធិទៅកាន់បឹងទន្លេសាប។
«សំឡេង»
បឹងទន្លេសាបមិនមែនតែជាកន្លែងគយគន់ទេសភាពនៃអ្នកទេសចរណ៍ប៉ុណ្ណោះទេ គឺជាតំបន់ផ្ដល់ប្រភពត្រីឱ្យធ្វើជាម្ហូបអាហារ តាំងតែពីសម័យកសាងអង្គរមកម្ល៉េះ។
ស្នាមអារ្យធម៌ដ៏ខ្ពង់ខ្ពស់សម្បូរបែបរបស់បុព្វបុរសខ្មែរ ដែលបន្សល់ទុកនៅខេត្តសៀមរាប គឺមិនត្រឹមតែបង្ហាញឱ្យដឹងពីភាពរុងរឿងនៃអតីតកាលប៉ុណ្ណោះទេ គឺសម្រាប់អនាគតក៏នឹងក្លាយទៅជាតំបន់ទេសចរណ៍ ដែលគ្មានគូប្រៀបដែរ។
ការសិក្សាស្ដីពីផែនការមេរួម សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពក្រុងសៀមរាប មួយរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍អន្តរជាតិ នៃប្រទេសជប៉ុន បានទស្សន៍ទាយថា សៀមរាប នឹងក្លាយទៅជាទីក្រុងទេសចរណ៍ល្អបំផុតតែមួយគត់នៅក្នុងតំបន់អាស៊ីអគ្នេយ៍ នៅឆ្នាំ២០២០ ដោយឈរលើមូលដ្ឋានប្រវត្តិសាស្ត្រសិល្បៈ វប្បធម៌ និងលក្ខណៈជាខ្មែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។