ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​គម្រប់​ខួប​៦០​ព្រះវស្សា

ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​នៃ​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី គម្រប់​ខួប​៦០ យាង​ចូល ៦១​ព្រះវស្សា ចាប់​ពី​ថ្ងៃ​ទី១៣ ដល់​ថ្ងៃ​ទី១៥។ រាជ​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​អនុម័ត​ឲ្យ​មន្ត្រី​រាជការ និង​កម្មករ​និយោជិត​ទាំងអស់​ឈប់​សម្រាក​រយៈពេល​បី​ថ្ងៃ ដើម្បី​អបអរ​ព្រះរាជ​ពិធី​បុណ្យ​ដ៏​មង្គល​នេះ​ទៀត​ផង។

0:00 / 0:00

គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ និង​អន្តរជាតិ ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ទី១៨ ខែ​មេសា ឆ្នាំ​២០១៣ បញ្ជាក់​ថា បណ្ដា​ជន​កម្ពុជា ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​សម្ដែង​កតញ្ញូតា​ធម៌​ចំពោះ​ព្រះអង្គ ដែល​ខិតខំ​បម្រើ​ការងារ​ជា​ច្រើន​សម្រាប់​ប្រយោជន៍​ដល់​ប្រជាជាតិ​កម្ពុជា។

ទាក់ទង​នឹង​បញ្ហា​នេះ សម្ដេច​ព្រះ​សុគន្ធាធិបតី មហា​សង្ឃរាជ​នៃ​គណៈធម្មយុត្តិកនិកាយ ព្រះអង្គ បួរ គ្រី មាន​ព្រះរាជ​បន្ទូល​ថា ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​ថ្វាយ​ព្រះមហាក្សត្រ ពលរដ្ឋ​ខ្មែរ​ប្រារព្ធ​ព្រះរាជ​ពិធី​នេះ​តាំង​ពី​បុរាណ​មក ដើម្បី​ជា​ការ​តប​គុណ​ចំពោះ​ក្សត្រ​គ្រងរាជ្យ។ ព្រះអង្គ​មាន​ព្រះរាជ​បន្ទូល​បន្ត​ថា ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម​នេះ ប្រារព្ធ​នៅ​ព្រះបរមរាជវាំង ដោយ​មាន​ពិធី​បែប​សាសនា​មួយ​ចំនួន ដូចជា​ពិធី​ចម្រើន​ព្រះបរិត្ត និង​ថ្វាយ​ព្រះ​សុគន្ធវារី ឬ​ស្រោច​ទឹក​ថ្វាយ​ព្រះមហាក្សត្រ។ ក្រៅ​ពី​នោះ ព្រះមហាក្សត្រ​ក៏​នឹង​យាង​ទៅ​តាម​ទី​ជនបទ​ផ្សេងៗ ដើម្បី​បំពេញ​បុណ្យ​កុសល។

សៀវភៅ បុញ្ញ​ប្រវត្តិ ដែល​ចង​ក្រង​ឡើង​ដោយ លោក យិន វន់ សរសេរ​ថា ការ​ធ្វើ​បុណ្យ​ចម្រើន​ព្រះជន្ម​នេះ​ទាក់ទង​អត្ថន័យ​បី​យ៉ាង។ ទី១ ជីវិត​មហគ្គកម្ម ប្រារព្ធ​ពិធី​នេះ​ដើម្បី​អបស្ទប ឬ​ជប់​លៀង​ជីវិត​ដោយ​ធ្វើ​អំពើ​ល្អ​ផ្សេងៗ។ ទី២ អាយុវឌ្ឍនកម្ម មាន​ន័យ​ថា ប្រារព្ធ​ពិធី​នេះ​ដើម្បី​ចម្រើន​ព្រះជន្ម ឬ​អាយុ។ ទីបី អនុបទានកម្ម ប្រារព្ធ​ពិធី​នេះ​ឡើង​ដើម្បី​អនុគ្រោះ ឬ​សន្តោស​ដោយ​ឲ្យ​ចែក​ទ្រព្យ​សម្បត្តិ​ដែល​ខ្លួន​មាន​ជូន​ដល់​អ្នក​ដែល​អត់។

ចំណែក​ឯ​ផ្នែក​អាណាចក្រ​វិញ នៅ​ក្នុង​ថ្ងៃ​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​ថ្វាយ​ព្រះមហាក្សត្រ​នេះ​ជា​រៀង​រាល់​ឆ្នាំ មន្ត្រី​ធំៗ​របស់​រាជ​រដ្ឋាភិបាល នឹង​ចូល​គាល់​ព្រះមហាក្សត្រ ដើម្បី​ថ្វាយ​ព្រះពរ និង​ថ្វាយ​របាយការណ៍​ពី​ការ​អនុវត្ត​ការងារ ថ្វាយ​ព្រះមហាក្សត្រ​ទៀត​ផង។ នៅ​តាម​កញ្ចក់​ទូរទស្សន៍​ក្នុង​ស្រុក ក៏​ចាក់​ផ្សាយ​ពី​ព្រះរាជ​សកម្មភាព​ព្រះអង្គ​ចំពោះ​ជាតិ​មាតុភូមិ​ដែរ ក្នុង​នោះ​មាន​ការ​យាង​ទៅ​កាន់​ទី​ជនបទ ការ​បំពេញ​ព្រះរាជបូជនីយកិច្ច​ការងារ​សង្គម​ផ្សេងៗ។

សាលា​រាជធានី​ភ្នំពេញ ក៏​បាន​ប្រកាស​ថា​នឹង​មាន​រៀបចំ​ពិធី​បាញ់​កាំជ្រួច​រយៈពេល ៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី១៣ ដល់​ថ្ងៃ​ទី១៥ ខែ​ឧសភា ពី​ម៉ោង ១៩​យប់​ត​ទៅ។ ក្រៅ​ពី​នេះ គ្រប់​ក្រសួង មន្ទីរ ទី​សាធារណៈ​នានា ក៏​មាន​រៀបចំ​ពាក្យ​ស្លោក និង​សារ​ថ្វាយ​ព្រះពរ​ថ្វាយ​ព្រះមហាក្សត្រ​ដែរ។

គណៈកម្មការ​រៀបចំ​បុណ្យ​ជាតិ និង​អន្តរជាតិ ក៏​បាន​បញ្ជា​ឲ្យ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​រៀបចំ​ថែរក្សា​សណ្ដាប់ធ្នាប់ ជា​ពិសេស ជូន​ពលរដ្ឋ និង​រៀបចំ​សិល្បៈ​សម័យ​បុរាណ​ជូន​ពលរដ្ឋ​ទស្សនា​កម្សាន្ត។ នៅ​ក្នុង​ឱកាស​នេះ ព្រះមហាក្សត្រ​ក៏​បាន​សព្វ​ព្រះរាជ​ហរទ័យ​ប្រោស​ព្រះរាជ​ទាន​ការ​លើក​លែង និង​បន្ធូរបន្ថយ​ទោស​ដល់​ទណ្ឌិត​ជាង ១០០​នាក់​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។