ការរៀបចំពិធីរំលឹកខួបទី៥ នេះ មានអ្នកចូលរួមប្រមាណជាង ១ម៉ឺននាក់ ក្រោមអធិបតីភាព លោក សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជាមន្រ្តីនៃទីស្ដីការគណៈរដ្ឋមន្រ្តី និងមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលជាច្រើនរូបទៀត។
នៅក្នុងពិធីនេះ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានអះអាងថា លោកនឹងរៀបចំរាជធានីភ្នំពេញ ឲ្យក្លាយទៅជាទីក្រុងទំនើបដូចនឹងទីក្រុងមួយចំនួននៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ដ៏ទំនើបដទៃទៀត។
នៅក្នុងការប្រារព្ធពិធីរំលឹកខួបនេះ មានការប្រគុំតន្រ្តីដែលមានសិល្បករខ្មែរជាច្រើនបានចូលរួម និងមានពិធីបញ្ចាំងឯកសារប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលបានឆ្លងកាត់ជាច្រើនរបប រួមមានរបបសង្គមរាស្រ្តនិយម របបសាធារណរដ្ឋខ្មែរ របបខ្មែរក្រហម របបរដ្ឋកម្ពុជា និងរបបបច្ចុប្បន្ន។ ក្រៅពីនេះ មានការបញ្ចាំងអំពីសកម្មភាពនានា មុនឈានដល់ការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។
ការរៀបចំពិធីរំលឹកខួបចំនួន ៥ឆ្នាំនៃថ្ងៃដាក់បញ្ចូលប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោក ដោយអង្គការយូណេស្កូ (UNESCO) នៅថ្ងៃទី៧ កក្កដា នេះ គឺនៅខណៈដែលគណបក្សនយោបាយទាំងអស់កំពុងធ្វើសកម្មភាពឃោសនាបោះឆ្នោតនីតិកាលទី៥ យ៉ាងគគ្រឹកគគ្រេង បានចំនួន ១០ថ្ងៃមក ហើយគិតពីថ្ងៃទី២៧ មិថុនា មកដល់ថ្ងៃទី៧ កក្កដា ឆ្នាំ២០១៣។
នៅក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៃថ្ងៃរំលឹកខួបនេះ ទោះបីជាគ្រប់គណបក្សនយោបាយមិនមានសិទ្ធិយកឱកាសនៅក្នុងពិធីឃោសនារកសំឡេងឆ្នោតក៏ដោយ ក៏ប៉ុន្តែមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលហាក់បីដូចជាឆ្លៀតឱកាសជាវេទិកាឃោសនា ដោយបានស្រែកគាំទ្រលោក ហ៊ុន សែន ដោយគេបានប្រើពាក្យស្លោកថា មានសម្ដេចតេជោ ហ៊ុន សែន មានសាមគ្គីភាពជាតិ មានការអភិវឌ្ឍ និងអភិវឌ្ឍន៍ប្រាសាទព្រះវិហារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។