ហោរា​មួយ​ចំនួន​ទស្សន៍ទាយ​ពី​ស្ថានភាព​កម្ពុជា​ឆ្នាំ​ថ្មី​២០១៤

ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តែ​មាន​ជំនឿ​ទៅ​លើ​ការ​ទស្សន៍ទាយ​ពី​វាសនា​អនាគត​នៃ​មនុស្ស​ម្នាក់ៗ​ទៅ​ថ្ងៃ​មុខ ឬ​ទាយ​ពី​លាភ​សំណាង ការ​រក​ស៊ី​ប្រចាំ​ឆ្នាំ ដើម្បី​ចង់​ដឹង​មុន​ថា តើ​រវាង​ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំ​ថ្មី​នោះ មាន​ជួប​គ្រោះ​កាច​អាក្រក់ ឬ​ក៏​មាន​ការ​ចម្រុង​ចម្រើន​លើស​ពី​ឆ្នាំ​ចាស់​យ៉ាង​ណា​ខ្លះ?

0:00 / 0:00

ការ​ទៅ​រក​គ្រូទាយ​មិន​ប្រាកដ​ថា គ្រូ​នោះ​ទាយ​ឆុត ឬ​ត្រូវ​ទៅ​តាម​ការ​ព្យាករ​ទុក​មុន​នោះ​ទេ ប៉ុន្តែ​មនុស្ស​នៅ​តែ​មាន​ជំនឿ​តាម​គ្នា​ជា​បន្តបន្ទាប់។

នៅ​ក្នុង​ឆ្នាំ​២០១៣ ចូល​ឆ្នាំ​២០១៤ ខ្ញុំ​បាទ​សូម​នាំ​អារម្មណ៍​លោក​អ្នក​នាង​ទៅ​ជួប​គ្រូទាយ​ពីរ​កន្លែង ដែល​នៅ​ដាច់​ឆ្ងាយ​ពី​គ្នា។ លោក​អ្នក​នាង​កុំ​ទាន់​អាល​ជឿ តែ​សុំ​ជួយ​ពិចារណា​ទាំងអស់​គ្នា។

ជា​ដំបូង​នេះ សូម​ជួប​ជាមួយ​គ្រូទាយ​នៅ​ជិត​វត្ត​ភ្នំ​ដូនពេញ។ គ្រូទាយ​នៅ​តាម​ចិញ្ចើម​ថ្នល់ ឬ​នៅ​តាម​ម្លប់​ឈើ​បច្ចុប្បន្ន​នេះ​មិន​សម្បូរ​ដូច​កាល​ពី​ប៉ុន្មាន​ឆ្នាំ​ មុន​នោះ​ទេ ដោយសារ​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ បណ្ដេញ​ទៅ​ឲ្យ​តាំង​អាសនៈ​នៅ​កន្លែង​ផ្សេងៗ។

ស្ត្រី​គ្រូទាយ​ម្នាក់​អាយុ​ប្រមាណ​ជាង ៦០​ឆ្នាំ ដែល​តាំង​អាសនៈ​ជាប់​របង​សួន​កុមារ​ខាង​ត្បូង​វត្ត​ភ្នំ។ គ្រូទាយ​វ័យ​ចំណាស់​រូប​នេះ​មើល​ទៅ​ដូច​ជា​រវល់​នឹង​មុខ​របរ​ទាយ​នេះ​គួរ​សម សូម្បី​តែ​សក់​ក៏​មិន​សូវ​មាន​ពេល​សិត​ផង​មើល​ទៅ បាន​ជា​សក់​គាត់​មិន​សូវ​ជា​មាន​របៀប​រៀប​រយ​ប៉ុន្មាន​ទេ។ ចំណែក​អាសនៈ​ដង្វាយ​គ្រូ​ក៏​មិន​សូវ​មាន​អ្វី​ច្រើន​ដែរ គឺ​មាន​តែ​កូន​តុ​មួយ ផ្តិល​ខាត់​ធំ​មួយ ម៉ាញ៉េ​ចាក់​ភ្លេង​ពិណពាទ្យ​មួយ ដប​ទឹក និង​ស្លាក​យីហោ​មួយ​ផ្ទាំង​សរសេរ​ថា មើល​បៀ។ តម្លៃ​សេវា ឬ​ហៅ​ថា​ទ្រនឹប​គ្រូ​នោះ ក៏​បាន​សរសេរ​បង្ហាញ​ឲ្យ​ដឹង​ជា​ស្រេច គឺ ២​ម៉ឺន​រៀល ដើម្បី​កុំ​ឲ្យ​អតិថិជន​ពិបាក​សួរ ឬ​ច្រឡំ​ដាក់​តិច​ជាង​នេះ។

នៅ​ពេល​ដែល​សាកសួរ​ពី​ជោគ​វាសនា​បុគ្គល​ម្នាក់ លោក​យាយ​គ្រូ​ឆ្លើយ​មិន​ទាល់​ទេ ប៉ុន្តែ​ពេល​សួរ​នាំ​អំពី​បញ្ហា​នយោបាយ​ស្រុក​ទេស ឬ​សុខ​ទុក្ខ​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ប្រទេស​ក្នុង​ឆ្នាំ​ថ្មី​ឆ្នាំ​២០១៤ នេះ តើ​មាន​សុខ​ទុក្ខ ឬ​រក​ស៊ី​កាក់កប​យ៉ាង​ណា​នោះ លោក​យាយ​រាង​អល់អែក ហើយ​គ្រវី​ក្បាល​បដិសេធ​ថា​មិន​ចង់​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​ទេ៖ «មើល​រឿង​ខ្លួន​ឯង​អត់​មាន មើល​រឿង​ប្រទេស​ជាតិ...? ប៉ុន្តែ​គ្រូ​អត់​ចង់​មើល​ទេ ចង់​ឲ្យ​កូន​ឯង​ទៅ​សួរ ហ៊ុន សែន ទៅ! ...គ្រូ​អត់​ចង់​លូក​ដៃ​ទេ ...ប៉ុន្តែ​បើ​ទសបារមី​មក​មើល គ្រូ​មើល​អោយ»

ទោះ​យ៉ាង​ណា លោក​យាយ​គ្រូ​ថា ចាំ​បួងសួង​សួរ​ទសបារមី​លោក​យាយ​ដូនពេញ សិន តើ​អនុញ្ញាត​ព្រម​ឲ្យ​មើល​ឃើញ​ពី​អនាគត​ប្រទេស​ជាតិ និង​សុខ​ទុក្ខ​ប្រជាពលរដ្ឋ​នៅ​ឆ្នាំ​ថ្មី​នេះ​ដែរ​ឬ​ទេ?

សំណួរ៖ សម្រាប់​សុខ​ទុក្ខ​ប្រទេស​ខ្មែរ​យើង​ហ្នឹង! ពលរដ្ឋ​ទាំង​មន្ត្រី​តូច មន្ត្រី​ធំ​រក​ស៊ី​ធ្វើ​កិច្ចការ​អី​នៅ​ឆ្នាំ​ថ្មី​ហ្នឹង វា​អាច​ទៅ​ឬ​ក៏​មិន​ទៅ សុខ​ឬ​ក៏​មិន​សុខ ចំរើន​ឬ​ក៏​មិន​ចំរើន​សម្រាប់​ឆ្នាំ​ថ្មី​ហ្នឹង...? គ្រូ៖ ...អ៊ីចឹង​មាន​តែ​សុំ​រតនា​បារមី​លោក​យាង! កូនថ្វាយ​បង្គំ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ព្រះអង្គ​ថែរក្សា លោក​យាយ​ម៉ៅ លោក​យាយ​ពេញ សូម​យាង​កូន​ចាប​មាន​ការ​បន្តិច លោក​តា​ម្ចាស់​ទឹក​ម្ចាស់​ដី​ដែល​នៅ​ទី​តាំង​កន្លែង​នេះ កូនចៅ​សូម​ថ្វាយបង្គំ​គ្រប់​អង្គ​ទាំង​អស់ សូម​យាង ឥឡូវ​កូន​ចាប​ចង់​ដឹង​ពី​រឿង​ស្រុក​ទេស ល្អ​ឬ​មួយ​អាក្រក់​សូម​យាង​បារមី...។

ក្រោយ​ពី​បួងសួង​ហើយ លោក​យាយ​គ្រូ​ធ្វើ​មុខ​ជ្រួញ​បន្តិច ហើយ​ឆ្ងល់​ថា ម៉េច​បាន​ជា​ឆាប់​ម្ល៉េះ។ លោក​យាយ​ថា នៅ​ចុង​ឆ្នាំ​២០១៣ មាន​បញ្ហា​វឹកវរ​បន្តិច ដោយ​អ្នក​នយោបាយ​មិន​ត្រូវរ៉ូវ​គ្នា ពលរដ្ឋ​មិន​សប្បាយ​ចិត្ត ពិបាក​នឹង​រក​ស៊ី ឬ​បង្កើត​មុខ​របរ​ថ្មី​ណា​មួយ​បាន ប៉ុន្តែ​បើ​តាម​សន្លឹក​បៀ​ទាយ​សម្រាប់​ឆ្នាំ​ថ្មី​២០១៤ ឃើញ​ថា ល្អ​ទៅ​វិញ គឺ​យ៉ាង​យូរ​ក្រោយ​ខែ​១ អ្នក​នយោបាយ​ត្រូវ​គ្នា​វិញ​ហើយ ប្រជារាស្ត្រ​ក៏​បាន​សុខ រក​ស៊ី​មាន​បាន​ក្នុង​ឆ្នាំ​ថ្មី​ទាំងអស់​គ្នា៖ «ខែ​មួយ​បើ​និយាយ​ពី​រឿង​អី​គឺ​វា​ចប់​សព្វគ្រប់ អា​ហ្នឹង​កូន​ចាប​មើល​សិន​កុំ​អាល​ជឿ​ណា ព្រោះ​គ្រូ​ហ្នឹង​ក៏​អត់​ការ​ពិត​ដែរ។ រឿង​ហ្នឹង​លោក​យាយ​ម៉ៅ​ហាម​ដាច់​ខាត​រឿង​អួត គឺ​មិន​ឲ្យ​អួត ប៉ុន្តែ​រឿង​ហ្នឹង​មិន​ធម្មតា​ទេ...! ប៉ុន្តែ​ក្នុង​សន្លឹក​បៀ​ខ្ញុំ​ទៅ​ជា​ចេញ​លទ្ធផល​ល្អ មិន​ដែល​ចេញ​ទេ...»

នេះ​បើ​តាម​លទ្ធផល​ពី​ការ​ទាយ​តាម​សន្លឹក​បៀ ប៉ុន្តែ​សម្រាប់​ចិត្ត​លោក​យាយ​គ្រូ​ផ្ទាល់ មាន​ការ​ងឿង​ឆ្ងល់​ថា ហេតុ​អ្វី​ដូច​ជា​ឆាប់​ម្ល៉េះ? លោក​យាយ​គ្រូ​បាន​មើល​បន្ត​ទៀត​ថា មុន​នឹង​ត្រូវរ៉ូវ​គ្នា​នោះ ប្រាកដ​ជា​មាន​ប៉ះ​ទង្គិច​គ្នា​ខ្លះ​ពី​ដើម​ឆ្នាំ ដោយ​ជៀស​មិន​ផុត ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​ពេក​ទេ៖ «គ្រូ​ប្រាប់​ថា មាន​ខែ​១២ មុន​នឹង​ចូល​ខែ​មួយ​នេះ មាន​គេ​ធ្វើ​បន្តិចបន្តួច​ហើយ មាន​ឈាម​បន្តិច​បន្តួច​ហើយ រឿង​ឲ្យ​អត់​សោះ អត់​មាន​ទេ គ្រូ​ប្រាប់​ថា​មាន... ប៉ុន្តែ​វា​មិន​ចលាចល​ខ្លាំង​ទេ ប៉ុន្តែ​លេខ​លោក​ប្រាប់​ថា អត់​អី​ផង សុខសប្បាយ​ទេ​កូន អត់​អី​ទេ...»

យ៉ាង​ណា​ក្តី លោក​យាយ​គ្រូទាយ​រូប​នេះ​បាន​ប្រាប់​ពី​ខាង​ដើម​មក​ហើយ​ថា កុំ​ឲ្យ​ជឿ​គាត់​ខ្លាំង​ពេក សូម​ឲ្យ​តាម​ដាន​ស្ថានការណ៍​ជាក់ស្តែង​ទាំងអស់​គ្នា។

ចាក​ចេញ​ពី​គ្រូទាយ​វត្ត​ភ្នំ ហើយ​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ​ក្រុង​បន្តិច គឺ​ទៅ​រក​គ្រូទាយ​នៅ​ជើង​ភ្នំ​ស្រង់ ក្នុង​ខេត្ត​កំពង់ស្ពឺ មាន​ចម្ងាយ​ប្រមាណ ៦០​គីឡូម៉ែត្រ​ពី​ភ្នំពេញ។

គ្រូទាយ​នៅ​ទីនោះ​ក៏​មិន​ខុស​គ្នា​ពី​វត្ត​ភ្នំ​ប៉ុន្មាន​ដែរ។ លោក​គ្រូទាយ​វ័យ​ជាង ៥០​ឆ្នាំ ឈ្មោះ ចន្ទ ឌូណារ៉ាម។ អាសនៈ​របស់​គាត់​រៀប​ចំ​ឡើង​ដោយ​មាំទាំ​ណាស់ សភាព​ដូច​ជា​កន្លែង​អាថ៌កំបាំង​ផង និង​រៀប​ចំ​តាម​ទំនៀម​ពុទ្ធសាសនា​ផង និង​ព្រហ្មញ្ញសាសនា​ផង។ មុន​ធ្វើ​ការ​ទស្សន៍ទាយ លោកគ្រូ​រូប​នេះ​ក៏​ធ្វើ​ពិធី​បួងសួង​ដូច​លោក​យាយ​នៅ​វត្ត​ភ្នំ​ដែរ៖ «នៅ​កិច្ចការ​ទី​មួយ​ខ្ញុំ​សូម​បួង​សួង​នូវ​វត្ថុ​ស័ក្ដិសិទ្ធិ​របស់​ព្រះពុទ្ធ​សាសនា​ព្រះ​បរមគ្រូ​នៃ​យើង ព្រះសាមន្តគោឧត្តម ហើយ​សូម​បួងសួង​ម្កុដរាជ ព្រះ​ខ័ន​រាជ​និង​ដាវ​រាជា ស្លាក​បញ្ជា​អង្គ​ព្រះមហាក្សត្រ​បិតា​ជាតិ​ខ្មែរ​គ្រប់​ជំនាន់​ទី​មួយ ព្រះ​បិតា​សម្ដេច​ឪ សីហនុ...»

ក្រោយ​បួងសួង​ចប់ លោក​គ្រូទាយ​ថា ប្រទេស​កម្ពុជា នៅ​ឆ្នាំ​២០១៤ ខាង​មុខ​នេះ ពី​ដើម​ឆ្នាំ​អាច​មាន​សង្គ្រាម​ពាក្យ​សម្ដី​តតាំង​គ្នា​យ៉ាង​ស្វិតស្វាញ រវាង​ក្រុម​មន្ត្រី ថ្នាក់​ដឹក​នាំ​ប្រជាពលរដ្ឋ ប៉ុន្តែ​ចំពោះ​សង្គ្រាម​ប្រដាប់​អាវុធ​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាយុ​ ជីវិត​ពលរដ្ឋ​នោះ ប្រាកដ​ជា​មិន​មាន​ទេ៖ «បាទ! អត់​មាន​ទេ​ស្រុក​ខ្មែរ ព្រោះ​ខ្ញុំ​ដឹង​ថា នាគ​ខៀវ និង​នាគ​ក្រហម គ្រាន់​តែ​សម្ដែង​ឫទ្ធិ​បញ្ចេញ​អំណាច​តែ​ប៉ុណ្ណឹង ទី​បញ្ចប់​នាគ​និង​នាគ​ឱន​ក្បាល​ដាក់​គ្នា កន្ទុយ​បក់​ឡើង​ទៅ​លើ​ក្ដោប​នាគ ហ្នឹង​មាន​ន័យ​ថា ក្ដោប​ទឹក​ដី​ប្រជានុរាស្ត្រ​មិន​ឲ្យ​គ្រោះថ្នាក់​ដោយ​អាវុធ​ទេ»

ជាង​នេះ​ទៅ​ទៀត លោក​គ្រូទាយ​ដដែល​បាន​ព្យាករ​ទុក​ថា អ្វីៗ​ដែល​ខ្មែរ​បាន​បាត់​បង់​កន្លង​មក​នោះ នៅ​ឆ្នាំ​២០១៤ នេះ ខ្មែរ​នឹង​ទទួល​បាន​មក​វិញ​ជា​បន្តបន្ទាប់៖ «ព្រះពុទ្ធ​សាសនា​ប្រជារាស្ត្រ​ខ្មែរ​នៅ​ឆ្នាំ​២០១៤​នេះ ខ្ញុំ​សន្មត​ថា​កិច្ចការ​អ្វីៗ​នឹង​ឡើង​ទាំង​អស់ ពី​សេដ្ឋកិច្ច​នៅ​ក្នុង​ពិភពលោក​ទាំង​អស់ ត្រូវ​ការ​យក​លុយ​មក​ឲ្យ​ខ្មែរ​វិញ ពេល​អ្នក​ឯង​យក​របស់​ខ្មែរ​អស់​រយៈពេល ៩០​ឆ្នាំ អ្នក​ឯង​ត្រូវ​តែ​យក​របស់​ហ្នឹង​មក​ឲ្យ​ខ្មែរ​វិញ អ៊ីចឹង​មាន​ន័យ​ថា យក​លុយ​មាស ផុស​លុយ​ហោះ គឺ​ត្រូវ​យក​មក​ឲ្យ​ខ្មែរ ទោះ​ខ្មែរ​បាត់​ដី ទោះ​បី​ជា​ខ្មែរ​បាត់​ផល​នៃ​ធម្មជាតិ មច្ឆា​ក្ដី គឺ​ពេល​ហ្នឹង​ពិភពលោក​ទាំង​អស់​មិន​ថា​ប្រទេស​ណា​ទេ គឺ​ត្រូវ​តែ​មក​ជួយ​ខ្មែរ​ទាំង​អស់»

យ៉ាង​ណា​ក៏ដោយ ការ​ពោល​ឡើង​ទាំង​នេះ​គ្រាន់​ជា​ការ​ព្យាករ​ទៅ​តាម​ទំនៀម​ដែល​ពលរដ្ឋ​ធ្លាប់ ​មាន​ជំនឿ​តាំង​ពី​បុរាណ​មក ហើយ​មិន​មាន​ចែង​ក្នុង​ព្រះពុទ្ធ​សាសនា​នោះ​ទេ។

សុភាសិត​បុរាណ​ខ្មែរ​ក៏​បាន​លើក​ឡើង​ដែរ​ថា គ្រូទាយ ម្តាយ​ថា និង​សុភាសិត​មួយ​ទៀត​ពោល​ថា ភូត​នៅ​ហោរ ចោរ​នៅ​ជាង។ បើ​តាម​សេចក្តី​ពន្យល់​នៅ​ក្នុង​វចនានុក្រម​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត ចំពោះ​ពាក្យ​ថា ក្បួន​ហោរ ឬ​ទំនាយ​ហោរ​នោះ បាន​ឲ្យ​ដឹង​ថា បាន​ជា​បុរាណ​លោក​ពោល​តៗ​គ្នា​នូវ​ពាក្យ​នេះ​ឡើង ដោយសារ​ហោរ​តែង​តែ​ភូត កុហក​ផ្សំ​ខ្លះ ចំណែក​ចោរ​នៅ​ជាង គឺ​ចង់​សំដៅ​ទៅ​លើ​ជាង​ធ្វើ​គ្រឿង​មាស​ប្រាក់ តែង​តែ​លប​គៃ​កិប​យក​មាស​ប្រាក់​ពី​អ្នក​ដែល​គេ​យក​មក​ឲ្យ​ធ្វើ​អលង្ការ​នោះ ប៉ុន្តែ​មិន​សុទ្ធ​តែ​អ៊ីចឹង​ទាំងអស់​គ្នា​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។