នៅពេលដល់រដូវបុណ្យចូលឆ្នាំប្រពៃណីជាតិម្ដងៗ ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ ច្រើនតែនិយមយកតន្ត្រីស្គរដៃ ឬហៅថា កន្ទ្រឹម សម្រាប់ប្រគំរាំលេងកម្សាន្តសប្បាយនៅតាមទីវត្តអារាម ក្នុងពិធីបុណ្យភូមិ និងនៅតាមគេហដ្ឋានក្នុងពិធីផ្សេងៗជាដើម។
សាស្ត្រាចារ្យផ្នែកសិល្បៈ និងវប្បធម៌នៃវិទ្យាស្ថានរាជបណ្ឌិត្យសភាកម្ពុជា បញ្ជាក់ថា តន្ត្រីស្គរដៃជាតន្ត្រីប្រពៃណីរបស់ខ្មែរតាំងពីយូរលង់ណាស់មកហើយ និងមានប្រជាពលរដ្ឋនិយមលេងនៅខេត្តជាប់ប្រទេសថៃ និងឡាវ។
«សំឡេងស្គរដៃ»៖ នេះគឺជាសំឡេងការប្រគំតន្ត្រីស្គរដៃ ដែលប្រជាពលរដ្ឋកំពុងរាំលេងយ៉ាងសប្បាយនៅក្នុងពិធីមង្គលការកូនរបស់អ្នកស្រុកនៅទីជនបទមួយក្នុងភូមិបែកចាន សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ និងមានចម្ងាយប្រមាណ ១០គីឡូម៉ែត្រពីសាលាខេត្តបន្ទាយមានជ័យ។ អ្នករាំស្គរដៃនៅក្នុងពិធីមង្គលការនេះ ភាគច្រើនជាមនុស្សចាស់ នាំគ្នារាំចង្វាក់ប្រពៃណីខ្មែរ មានរាំក្បាច់ និងរាំចង្វាក់សារ៉ាវ៉ាន់ជាដើម។
«សំឡេងតន្ត្រី»
ប្រជាពលរដ្ឋមួយចំនួនដែលចូលរួមរាំលេងកម្សាន្ត ប្រាប់វិទ្យុអាស៊ីសេរីថា ពួកគាត់ស្រលាញ់ និងចូលចិត្តតន្ត្រីស្គរដៃរបស់ខ្មែរខ្លាំងណាស់រកអ្វីប្រៀបមិនបានឡើយ ពីព្រោះសំឡេងតន្ត្រីពីរោះរណ្ដំចិត្តបែបភ្លេងបូរាណខ្មែរ។ អ្នកភូមិបន្ថែមថា ទាំងក្មេងនិងមនុស្សចាស់ចូលចិត្តទៅរាំលេងតន្ត្រីស្គរដៃនេះដូចគ្នា ប៉ុន្តែមូលហេតុដែលមិនសូវមានយុវជន ដោយសារពួកគេមិនទាន់ត្រឡប់មកពីប្រទេសថៃ នៅឡើយ។
ទោះបីជាបែបនេះក្ដី ពួកគាត់អះអាងថា យ៉ាងហោចណាស់ក៏អ្នកភូមិនាំគ្នារាំលេងសប្បាយពី ៣ ទៅ ៥ដងដែរក្នុងមួយឆ្នាំ៖ «ខ្ញុំពេលលឺសំឡេងស្គរដៃមិនបានទេ គឺខ្ញុំញាក់មុនគេហើយ ព្រោះអីតន្ត្រីនេះរាំបានទាំងក្មេងទាំងចាស់ ហើយមិនមានឈ្លោះទាស់ទែងគ្នាទេ។ បាទ! មូលហេតុដែលខ្ញុំជួលស្គរដៃមកលេងក្នុងពិធីមង្គលការកូនរបស់ខ្ញុំនេះ ដើម្បីញាំងឲ្យកម្មវិធីអធិកអធម និងបានរាំលេងសប្បាយទាំងគ្នា»។
ស្រដៀងគ្នានេះដែរ អ្នកដឹកនាំតន្ត្រីស្គរដៃ ដែលមានឈ្មោះថា វង្សកន្ទ្រឹមជនបទ នៅភូមិបែកចាន សង្កាត់ម្កាក់ លោក សាប់ យឿត ថ្លែងថា លោកប្រកបរបរលេងតន្ត្រីស្គរដៃប្រមាណ ៣ឆ្នាំមកហើយ ដោយលេងមួយលើកចំណាយពេលពី ៤ ទៅ ៥ម៉ោង។ ចំណែកឯតម្លៃឈ្នួលលោកថា គិតទៅតាមទីជិតនិងឆ្ងាយ ប្រសិនបើចម្ងាយប្រមាណ ១០គីឡូម៉ែត្រចុះក្រោមតម្លៃ ៤០ម៉ឺនរៀល ក្នុងមួយលើក ហើយចាប់ពី ១៥ ទៅ ៥០គីឡូម៉ែត្រ តម្លៃ ៦០ម៉ឺនរៀល។ លោកបន្ថែមថា រដូវដែលអ្នកស្រុកនិយមជួលកន្ទ្រឹមរបស់លោកខ្លាំងនៅខែមីនា និងខែមេសា។
លោកបន្តដោយសំដីមួយៗទៀតថា បើទោះជារបរលេងតន្ត្រីស្គរដៃនេះ មិនអាចជួយឲ្យជីវភាពរបស់លោកធូរធារក៏ដោយ ក៏ប៉ុន្តែដោយសារការស្រលាញ់ និងចង់រក្សាប្រពៃណីរបស់ខ្មែរឲ្យបានគង់វង្សទៅមុខយូរអង្វែង ទើបលោកមិនបោះបង់មុខរបរនេះ៖ «បាទ! ភាគច្រើនគេជួលទៅលេងនៅពេលយប់ជាជាងពេលថ្ងៃ។ ខ្ញុំសូមឲ្យបង្អូនខ្មែរយើងទាំងនៅក្នុងស្រុក និងអ្នករស់នៅក្រៅប្រទេសជួយគាំទ្រដន្ត្រីស្គរដៃឲ្យបានច្រើន ដើម្បីបន្សល់ទុកដល់កូនចៅខ្មែរបានស្គាល់ទៅថ្ងៃខាងមុនទៀត»។
លោកបន្ថែមថា អ្នកភូមិនិយមជួលស្គរដៃទៅលេងភាគច្រើនក្នុងពិធីមង្គលការ ឡើងផ្ទះ ខួបកំណើត ក្នុងកម្មវិធីបុណ្យទានផ្សេងៗ តាមទីវត្តអារាម និងពិធីបុណ្យភូមិជាដើម។
អភិបាលរងខេត្តបន្ទាយមានជ័យ ទទួលបន្ទុកផ្នែកវប្បធម៌ និងវិចិត្រសិល្ប អ្នកស្រី ប៉ុក ណាឌី មានប្រសាសន៍ថា ប្រជាពលរដ្ឋនិយមរាំលេងការប្រគំតន្ត្រីស្គរដៃ ខ្លាំងក្នុងកម្មវិធីផ្សេងៗប្រមាណ ៣ឆ្នាំមកហើយ។ ចំណែកឯតំបន់ដែលពលរដ្ឋចូលចិត្តតន្ត្រីនេះច្រើនជាងគេ គឺនៅស្រុកថ្មពួក និងស្រុកស្វាយចេក ដែលស្រុកជាប់ព្រំដែនកម្ពុជា-ថៃ៖ «ដោយសារស្គរដៃនេះជាប្រពៃណីបូរាណរបស់ខ្មែរយើងពីដើមមក ដូច្នោះហើយបានជាបងប្អូនខ្មែរយើងមួយចំនួនគាត់និយមចូលចិត្តតន្ត្រីនេះយកទៅប្រគំកម្សាន្តសប្បាយក្នុងពិធីផ្សេងៗ»។
សាស្ត្រាចារ្យផ្នែកសិល្បៈ និងវប្បធម៌ខ្មែរនៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត ធុយ ចាន់ធួន ពន្យល់ថា តន្ត្រីស្គរដៃជាតន្ត្រីរបស់ខ្មែរជាយូរលង់ណាស់មកហើយ ដែលពលរដ្ឋសម័យដើមលេងក្នុងពិធីបញ្ជាន់អារក្សបែបអប្បិយជំនឿ ដើម្បី ទស្សន៍ទាយ និងសុំសេចក្ដីសុខសប្បាយនៅក្នុងភូមិ។
លោកបន្ថែមទៀតថា សព្វថ្ងៃប្រជាពលរដ្ឋនិយមតន្ត្រីប្រភេទនេះពាសពេញប្រទេស ជាពិសេសខេត្តជាប់ព្រំដែនប្រទេសថៃ និងប្រទេសឡាវ និយមរាំលេងកម្សាន្តច្រើនជាងគេ៖ «តន្ត្រីបូរាណខ្មែរនេះមិនមែនជារឿងបូរាណទេ បើកាលណាយើងស្ដាប់ការប្រគំតន្ត្រីទៅ វាក្លាយទៅជាបទប្រពៃណីមួយដ៏មានប្រជាប្រិយទៅវិញ។ អ៊ីចឹងទេ ខ្ញុំសូមឲ្យបងប្អូនជួយអភិរក្សតន្ត្រីប្រភេទនេះ ជាប្រពៃណីដ៏ល្អរបស់ជាតិ»។
ឧបករណ៍សំខាន់នៅក្នុងការប្រគំតន្ត្រីស្គរដៃ មានស្គរដៃ ឧបករណ៍ទ្រ លាយឡំជាមួយឧបករណ៍តន្ត្រីសម័យមួយចំនួនទៀត និងមានអ្នកចម្រៀងប្រុស អ្នកចម្រៀងស្រីច្រៀងឆ្លងឆ្លើយគ្នា ដោយមានកាយវិការក្រមិចក្រមើមតាមចង្វាក់ភ្លេង ធ្វើឲ្យអ្នកទស្សនាយោគខ្លួនតាមចង្វាក់ភ្លេង និងឡើងរាំកម្សាន្តសប្បាយយ៉ាងច្រើនកុះករ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។