សហរដ្ឋ​អាមេរិក​ផ្ដល់​ថវិកា​ជា​ច្រើន​លាន​ដុល្លារ​ក្នុង​ការ​ជួសជុល និង​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​ខ្មែរ

0:00 / 0:00

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​តាម​រយៈ​មូលនិធិ​ឯក​អគ្គ​រដ្ឋ​ទូត​សម្រាប់​ការ​អភិរក្ស​វប្បធម៌ នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុង​ភ្នំពេញ បាន​ផ្ដល់​ជំនួយ​ជា​ច្រើន​លាន​ដុល្លារ​ក្នុង​ពេល​កន្លង​មក សម្រាប់​ការ​ជួសជុល និង​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​កម្ពុជា ដែល​ក្នុង​នោះ​រួម​មាន​ការ​ជួសជុល​ប្រាង្គ​ប្រាសាទ​នានា ការ​ចុះ​បញ្ជី​វត្ថុ​បុរាណ​ខ្មែរ និង​ការ​ការពារ​ការ​នាំ​ចេញ​ដោយ​ខុស​ច្បាប់​នូវ​វត្ថុ​បុរាណ​ខ្មែរ​ទៅ​សហរដ្ឋ​ជាដើម។

ក្នុង​ឆ្នាំ២០០៣ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក និង​រដ្ឋាភិបាល​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ការ​ហាម​ប្រាម​ការ​នាំ​ចូល​វត្ថុ​បុរាណ​ខ្មែរ​ដោយ​ខុស​ច្បាប់​ទៅ​កាន់​សហរដ្ឋ​អាមេរិក ហើយ​កិច្ច​ព្រមព្រៀង​នោះ បាន​បន្ត​ក្នុង​រយៈ​ពេល​ប្រាំ​ឆ្នាំ​ម្ដង គឺឆ្នាំ២០០៨ ឆ្នាំ២០១៣ និង​ឆ្នាំ២០១៨។ សហរដ្ឋ​អាមេរិក បាន​ចាត់​ទុក​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​ខ្មែរ មាន​សារ​សំខាន់ និង​បង្ហាញ​ពី​ការ​គោរព​របស់​ខ្លួន ចំពោះ​កេរដំណែល​វប្បធម៌​ខ្មែរ។ ក្រៅ​ពី​កិច្ច​ព្រមព្រៀង​ក្នុង​ការ​ការពារ​វត្ថុបុរាណ​ខ្មែរ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ក៏​បាន​ផ្ដល់​ថវិកា​ជា​ច្រើន​លាន​ដុល្លារ​អាមេរិក ក្នុង​ការ​អភិរក្ស និង​ជួសជុល​ប្រាសាទ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

អ្នកស្រី នន សុរីមាស មន្ត្រី​ជំនាញ​ផ្នែក​គ្រប់គ្រង​គម្រោង និង​កម្មវិធី​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុង​ភ្នំពេញ បាន​ប្រាប់​អាស៊ី​សេរី​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក តាម​រយៈ​កម្មវិធី​មូលនិធិ​ឯក​អគ្គ​រដ្ឋទូត ដើម្បី​អភិរក្ស​វប្បធម៌​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​ផ្ដល់​ថវិកា​ប្រមាណ​ជិត ៤,៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ជួយ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​ខ្មែរ ដែល​ក្នុង​នោះ ទឹក​ប្រាក់​ប្រមាណ​ជាង ៣លាន​ដុល្លារអាមេរិក ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​អភិរក្ស និង​ជួសជុល​ប្រាសាទ​ភ្នំ​បាក់​ខែង ដែល​ស្ថិត​នៅ​ជិត​ប្រាសាទ​អង្គរវត្ត ក្នុង​ខេត្ត​សៀមរាប។​ អ្នកស្រី​បន្ត​ថា ក្រៅ​ពី​ការ​អភិរក្ស​ប្រាសាទ​ភ្នំ​បាក់​ខែង និង​ការ​អភិរក្ស​សំលៀក​បំពាក់​របស់​ជន​រង​គ្រោះ​សម័យ​ខ្មែរ​ក្រហម​នៅ​ក្នុង​សារមន្ទីរ​ទួល​ស្លែង រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ក៏​បាន​ជួយ​ដល់​គម្រោង​អភិរក្ស​វប្បធម៌​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​គម្រោង​សរុប​ប្រមាណ ៣៥គំរោង ក្នុង​នោះ​មាន​ដូច​ជា ការ​ជួយ​អភិរក្ស​ប្រាសាទ​ភ្នំ​ហាន់ជ័យ​ក្នុង​ខេត្ត​កំពង់ចាម ប្រាសាទ​ភ្នំ​ដារ​ក្នុង​ខេត្ត​តាកែវ ប្រាសាទ​បន្ទាយ​ឆ្មារ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ ការ​ចុះ​បញ្ជី​វត្ថុ​បុរាណ​ខ្មែរ របាំ​ប្រពៃណី​ខ្មែរ និង​គម្រោង​ផ្សេងៗ ជា​ច្រើន​ទៀត។ សហរដ្ឋ​អាមេរិក ក៏​បាន​ជួយ​បណ្ដុះបណ្ដាល​មន្ត្រី​អនុវត្ត​ច្បាប់ និង​មន្ត្រី​ជំនាញ ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​បេតិកភណ្ឌ​ផង​ដែរ៖ « ការ​អភិរក្ស​សម្បត្តិ​វប្បធម៌ គឺ​ជា​ការ​បង្ហាញ​នូវ​ការ​គោរព​យ៉ាង​ជ្រាលជ្រៅ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​បេតិកភណ្ឌ​វប្បធម៌​ខ្មែរ។ ការ​ដើរ​តួនាទី​ឈាន​មុខ នៅ​ក្នុង​ការ​ខិតខំ​អភិរក្ស​បេតិកភណ្ឌ​របស់​សហរដ្ឋ​អាមេរិក បាន​បង្ហាញ​នូវ​ការ​គោរព​យ៉ាង​ខ្ពង់ខ្ពស់ ចំពោះ​វប្បធម៌​ដ៏​ទៃ។ បុគ្គលិក​កម្មករ​ភាគ​ច្រើន​ដែល​ធ្វើការ​នៅ​ការដ្ឋាន គឺ​ជា​ជន​ជាតិ​ខ្មែរ​ ដែល​ពួក​គេ​ពិត​ជា​មាន​មោទនភាព​ នៅ​ក្នុង​ការ​អភិរក្ស​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា ក៏​ដូច​ជា​ប្រាង្គ​ប្រាសាទ​តាម​រយៈ​ការងារ​របស់​ពួក​គេ​ផង​ដែរ »

អ្នកស្រី​ឱ្យ​ដឹង​ថា ការ​អភិរក្ស​ប្រាសាទ​ភ្នំ​បាក់​ខែង ចែក​ចេញ​ជា​ប្រាំ​ដំណាក់​កាល ដែល​ក្នុង​នោះ​មាន​ដំណាក់​កាល​នៃ​ការ​សិក្សា​ស្រាវជ្រាវ និង​ការ​អភិរក្ស​ជា​បន្ទាន់​នៃ​ផ្នែក​ខ្លះ​នៃ​តួ​ប្រាសាទ ដោយ​ប្រើប្រាស់​សម្ភារៈ និង​វត្ថុ​ទំនើប និង​បុរាណ។ ការ​អភិរក្ស និង​ជួសជុល​ប្រាសាទ​ភ្នំ​បាក់​ខែង​ បាន​ប្រើប្រាស់​កម្លាំង​កម្មករ និង​អ្នក​ជំនាញ​ក្នុង​ស្រុក​ប្រមាណ ១០០​នាក់។

អ្នកស្រី ជាម ផល្លី ស្ថាបត្យករ​ជាន់​ខ្ពស់ និង​ជា​អ្នក​សម្រប​សម្រួល​គម្រោង​គាំពារ​អភិរក្ស​និង​ជួសជុល​ប្រាសាទ​នៃ​អង្គការ​មូលនិធិ​ប្រាសាទ​ពិភព​លោក (World Monument Fund) នៅ​កម្ពុជា បាន​ប្រាប់​អាស៊ី​សេរី​ថា អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក បាន​ទទួល​ថវិកា​សម្រាប់​ជួសជុល​ប្រាសាទ​ភ្នំ​បាក់​ខែង ពី​មូលនិធិ​ឯក​អគ្គ​រដ្ឋទូត​សម្រាប់​ការ​អភិរក្ស​វប្បធម៌ របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ដែល​មាន​ទឹក​ប្រាក់​ជាង ៣លានដុល្លារសហរដ្ឋអាមេរិក ហើយ​គម្រោង​ជួសជុល​ផ្នែក​ខាង​កើត​របស់​ប្រាសាទ​នេះ​បាន​បញ្ចប់​ទាំង​ស្រុង ដោយ​ប្រើ​រយៈ​ពេល​ប្រមាណ​ជា ១៥ឆ្នាំ គឺ​ចាប់​តាំង​ពី​ឆ្នាំ២០០៤ រហូត​ដល់​ឆ្នាំ២០១៩៖ « យើង​បាន​រៀប​ថ្ម​ដែល​ជ្រុះ​ហ្នឹង យើង​បាន​រៀប​ឡើង​ទៅវិញ ពង្រឹង​ដោយ​ប្រើ​ថ្ម​បាយ​ក្រៀម​ថ្មី ដើម្បី​ឱ្យ​គ្រឹះ​ផ្នែក​ខាង​ជ្រុង​រឹងមាំ​ឡើង​វិញ យូរអង្វែង ហើយ​ក៏​មាន​បន្ថែម​ការ​បញ្ចៀស​ទឹក​ភ្លៀង ព្រោះ​ធម្មតា​ទឹក​គឺ ជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​ប្រាសាទ​ហ្នឹង​ងាយ​រលំ​ខូចខាត​ដែរ។ អ៊ីចឹង​យើង​បាន​ប្រើ​សម្ភារៈ​ទំនើប​ការពារ​ជម្រាប​ទឹក​ហ្នឹង។ យើង​ត្រូវ​ថែម​សម្ភារៈ​ថ្មី ទំនើប​ទៅ​តាម​បច្ចេកវិជ្ជា​ហ្នឹង ដើម្បី​ជួយ​ឱ្យ​ប្រាសាទ​ហ្នឹង កាន់​តែ​រឹងមាំ​យូរ​អង្វែង​សំរាប់​មនុស្ស​ជំនាន់​ក្រោយ​បាន​ឃើញ និង​សិក្សា​រៀន​សូត្រ »

អ្នកស្រី ជាម ផល្លី បន្ត​ទៀត​ថា បន្ទាប់​ពី​ការងារ​ជួសជុល​តួ​ប្រាសាទ​ផ្នែក​ខាង​កើត បាន​ចប់​សព្វ​គ្រប់​ហើយ អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក នឹង​ចាប់​ផ្ដើម​បន្ត​ជួសជុល​នូវ​តួ​ប្រាសាទ​ផ្នែក​ខាង​លិច​ទៀត ដោយ​មិន​បាន​រង់ចាំ​ពី​ថវិកា​ពី​មូលនិធិ​ឯក​អគ្គ​រដ្ឋ​ទូត​នៃ​ស្ថានទូត​អាមេរិក​នោះ​ទេ ដោយ​ប្រើប្រាស់​នូវ​ថវិកា​ដែល​ខ្លួន​ទទួល​បាន​តាម​រយៈ​ស្ថាប័ន​ឯកជន និង​សប្បុរស​ជន​ផ្សេង។ អ្នកស្រី​បន្ត​ថា ថវិកា​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ជួសជុល​ផ្នែក​ខាង​លិច​នេះ​គឺ​អាច​ប្រើប្រាស់​ប្រមាណ​ជា ៤លាន​ដុល្លារ ដើម្បី​បញ្ចប់​គម្រោង​ផ្នែក​ខាង​លិច​ទាំង​ស្រុង៖ « រយៈ​ពេល​១៥ឆ្នាំ​ផ្នែក​ខាង​កើត​យើង​បាន​ប្រើប្រាស់​ពេល​វេលា​យូរ ពីព្រោះ​យើង​មិន​ទាន់​បាន​យល់​ដឹង​អំពី​បច្ចេកទេស។ ដល់ពេល​ឥឡូវ​នេះ​មាន​ន័យ​ថា យើង​ស្ទាត់​ជំនាញ​តែ​ម្ដង យើង​យល់​ដឹង​ទាំង​អស់ អ៊ីចឹង​ហើយ​យើង​មិន​ប្រើ​ពេល​វេលា សិក្សា​ស្រាវជ្រាវ​អី​បន្ត​ទៀត​ទេ ព្រោះ​យើង​យល់​ហើយ។ អ៊ីចឹង​យើង​ប្រើ​រយៈ​ពេល​តែ​ពី ៧ ទៅ ៨ឆ្នាំ​ទេ ហើយ​យើង​នឹង​គ្រោង​ចំណាយ​ថវិកា​ប្រមាណ ៤លានដុល្លារ ដើម្បី​បញ្ចប់​ផ្នែក​ខាង​លិច​ហ្នឹង​ចាស៎ »

ប្រាសាទ​ភ្នំ​បា​ខែង​ជា​ប្រភេទ​ប្រាសាទ​បុរាណ​ខ្មែរ ដែល​បាន​កសាង​ឡើង​នៅ​ចុង​សតវត្ស​ទី៩ ក្នុង​រជ្ជកាល​ព្រះបាទ​យ​សោ​វរ្ម័ន (៨៨៩-៩១០)។ ប្រាសាទ​នេះ​ឋិត​នៅ​លើ​កំពូលភ្នំ​បាក់ខែង​តាម​ផ្លូវ​ទៅកាន់​ក្រុង​អង្គរធំ និង​ជា​ទី​ដ៏​ពេញ​និយម​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​គយគន់​ទេសភាព​ដ៏​ប្រណីត​នៅ​តំបន់​អង្គរ និង​ទស្សនា​ព្រះ​អាទិត្យ​រះ និង​អស្ដង្គត។ ប្រាសាទ​នេះ​ត្រូវ​បាន​អ្នកប្រវត្តិសាស្ត្រ​ចាត់ទុកថា​ជា​មូលដ្ឋាន​ដ៏​សំខាន់​ក្នុង​ការ​កសាង​ប្រាសាទ​ផ្សេងៗ ទៀត​នៅ​ក្នុង​តំបន់​អង្គរ។

ទន្ទឹម​នឹង​ការ​ផ្ដល់​ថវិកា​សម្រាប់​ការ​អភិរក្ស និង​ជួសជុល​ប្រាង្គ​ប្រាសាទ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា សហរដ្ឋអាមេរិក ក៏​បាន​ផ្ដល់​ថវិកា​ជា​ច្រើន​ម៉ឺន​ដុល្លារ​ដល់​ការ​អភិរក្ស​សំលៀក​បំពាក់​ជន​រង​គ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​នៅ​សារមន្ទីរ​ទួល​ស្លែង​ផង​ដែរ។

អ្នកស្រី ខូ ចិន្តា ប្រធាន​ផ្នែក​អភិរក្ស​នៃ​សារមន្ទីរ​ទួល​ស្លែង បាន​ប្រាប់​អាស៊ី​សេរី​ថា ស្ថានទូត​សហរដ្ឋ​អាមេរិក តាម​រយៈ​មូលនិធិ​ឯក​អគ្គ​រដ្ឋ​ទូត បាន​ផ្ដល់​ថវិកា​ឱ្យ​សារមន្ទីរ​ទួល​ស្លែង​ប្រមាណ ៥ម៉ឺន​ប្រាំ​ពាន់ (៥៥.០០០) ដុល្លារ​អាមេរិក ក្នុង​ការ​អភិរក្ស និង​ការ​ការពារ​ការ​ខូចខាត​នៃ​សំលៀក​បំពាក់​របស់​ជនរងគ្រោះ ដែល​បាន​ជាប់​ឃុំ​នៅ​ក្នុង​សារមន្ទីរ​ទួល​ស្លែង​ក្នុង​របប​វាល​ពិឃាដ​ខ្មែរ​ក្រហម។ អ្នកស្រី​បន្ត​ថា គម្រោង​នេះ​ មាន​សារ​សំខាន់​ណាស់​សម្រាប់​ការងារ​អភិរក្ស ហើយ​គម្រោង​នេះ​បាន​បញ្ចប់​ទៅ​នៅ​ដើម​ឆ្នាំ២០១៩ នេះ។ អ្នកស្រី​បញ្ជាក់​ថា ក្រុម​ការងារ​អភិរក្ស​របស់​អ្នកស្រី បាន​ទទួល​ការ​បណ្ដុះបណ្ដាល​ពី​អ្នក​ជំនាញ​ជន​ជាតិ​អាមេរិក ក្នុង​ការងារ​នេះ ​ឱ្យ​ស្រប​ទៅ​តាម​ស្តង់ដារ​ក្នុង​ការ​ប្រមូល ការ​ចុះ​បញ្ជី​សារពើពន្ធ និង​ការ​ថែរក្សា​ទុក​នូវ​បំណែក​ខោ​អាវ​ចាស់ៗ របស់​ជន​រង​គ្រោះ​ក្នុង​សម័យ​ខ្មែរ​ក្រហម៖ «រាល់​វាយនភណ្ឌ​ទាំង​អស់​ដែល​មាន​ក្នុង​សារមន្ទីរ​ហ្នឹង​ កាល​ពី​មុន​ឡើយ​យើង​អត់​ទាន់​មាន​ការ​អភិរក្ស ឬ​ក៏​ការ​ទុក​ដាក់​ឱ្យ​វា​មាន​តាម​ស្តង់ដារ​នៅ​ឡើយ​ទេ គឺ​ពួក​យើង​ត្រូវ​ធ្វើ​ការ​ចុះ​លេខ ដើម្បី​ឱ្យ​ដឹង​ពី​ស្ថានភាព​ផ្ទាល់​របស់​វាយនភណ្ឌ​ទាំង​អស់​ផង​ថា វា​មាន​ការ​ខូចខាត​ដល់​កម្រិត​ណា។ នៅ​ដំណាក់​កាល​ទី​មួយ​ហ្នឹង យើង​ធ្វើ​ការ​អភិរក្ស​ទៅ​លើ​ខោ​អាវ​ណា ដែល​មាន​ការ​មាន​ការ​ខូចខាត​ខ្លាំង ហើយ​យើង​ធ្វើ​ការ​សង្គ្រោះ​បន្ទាន់ Total all ( ចំនួន​សរុប ) វា ៦៥កេស »

អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​អាមេរិក អ្នកស្រី អ៊ីមមីលី ហ្សីប៊ឺក (Emily Zeeberg) ថ្លែង​ប្រាប់​អាស៊ី​សេរី​ថា ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក បាន​សម្រេច​យល់​ព្រម​ផ្តល់​កញ្ចប់​ថវិកា​បន្ថែម​ថ្មី​ដល់​សារមន្ទីរ​ទួល​ស្លែង ដើម្បី​បន្ត​ការងារ​របស់​ខ្លួន ហើយ​ស្ថាន​ទូត​អាមេរិក និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នឹង​ធ្វើ​ពិធី​ប្រកាស​ជា​ផ្លូវការ​ក្នុង​ការ​បន្ត​គម្រោង​នេះ​នៅ​ដើម​ឆ្នាំ​ក្រោយ។

លោក ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រាប់​អាស៊ី​សេរី​ថា គម្រោង​មូលនិធិ​អភិរក្ស​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក បាន​ផ្ដល់​ជំនួយ និង​ការ​បណ្ដុះបណ្ដាល​ដល់​ការ​ថែរក្សា និង​អភិរក្ស​វប្បធម៌​ខ្មែរ ដែល​ក្នុង​នោះ​ផ្ដល់​ជំនួយ​បច្ចេកទេស និង​ថវិកា​ក្នុង​ការ​ជួសជុល និង​ថែរក្សា​ប្រាសាទ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា៖ « មាន MoU ជា​មួយ​សហរដ្ឋ​អាមេរិក​ហ្នឹង គឺ​ការ​ទប់​ស្កាត់​វត្ថុ​បុរាណ​ខ្មែរ​ដែល​ទៅ​ក្រៅ​ប្រទេស​ដោយ​ខុស​ច្បាប់។ ជំនួយ​ហ្នឹង​យើង​តែង​បាន​ទទួល​ជា​រៀង​រាល់​ឆ្នាំ ដែល​សហរដ្ឋ​អាមេរិក បាន​ជួយ​មក​ដល់​វិស័យ​អភិរក្ស បេតិកភណ្ឌ​ជាតិ​របស់​កម្ពុជា។ ឆ្នាំ​កន្លង​មក​នេះ យើង​បាន​ទទួល​ជំនួយ​ទាក់ទង​នឹង​ការ​អភិរក្ស​សំលៀក​បំពាក់​ជន​រង​គ្រោះ​នៅ​សារមន្ទីរ​ទួល​ស្លែង​ជា​ដើម។ កិច្ច​សហប្រតិបត្តិការ​ដែល​យើង​មាន​ជាមួយ MoU នេះ វា​មាន​សារៈសំខាន់។ វត្ថុ​បុរាណ​ខ្មែរ​ដែល​យក​ចេញ​ទៅ​សហរដ្ឋអាមេរិក ក្នុង​ពេល​កន្លង​មក​ហ្នឹង ត្រូវ​បាន​រដ្ឋាភិបាល​អាមេរិក​ហ្នឹង ជួយ​យើង​ក្នុង​ការ​ទប់​ស្កាត់​ ក្នុង​ការ​ឃាត់​ក្នុង​ការ​ចាប់ និង​ជួយ​ផ្នែក​ផ្លូវ​ច្បាប់ ដើម្បី​បញ្ជូន​វត្ថុ​បុរាណ​ខ្មែរ ត្រឡប់​មក​កម្ពុជា​វិញ តាម​រយៈ​សហប្រតិបត្តិការ​ដែល​មាន »

ចាប់តាំងពីឆ្នាំ១៩៩៧ មក រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក និង​ក្រសួង​វប្បធម៌ បាន​ស្របស្រួល និង​ធ្វើ​កិច្ច​សហប្រតិបត្តិការ ក្នុង​ការ​ផ្ដល់​មក​ឱ្យ​កម្ពុជា​វិញនូវវត្ថុបុរាណខ្មែរជិត៣០មុខ ដែល​ត្រូវ​បាន​លួច​យក​ចេញ​ពី​ប្រទេស​កម្ពុជា និង​ធ្វើ​ចរាចរ​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។​​ ការ​បញ្ជូន​ត្រឡប់​មក​វិញ នូវ​វត្ថុបុរាណ​ទាំង​នេះ​ពី​សហរដ្ឋ​អាមេរិក​ ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​រដ្ឋាភិបាល​អាមេរិក ស្ថាប័ន សារមន្ទីរ និង​ដោយ​បុគ្គល​ផ្ទាល់។ ក្នុង​ចំណោម​វត្ថុ​បុរាណ​ទាំង​នោះ​មាន​ដូចជា រូប​សំណាក​ពល​រាម ដែល​សាង​សង់​ឡើង​ដោយ​ថ្ម​ភក់ ត្រូវ​បាន​ផ្តល់​មក​ឱ្យ​កម្ពុជា​វិញ​ដោយ​សារមន្ទីរ ណតុន​ ស៊ីមម៉ន (Norton Simon Museum) ក្នុង​ឆ្នាំ២០១៤ រូប​សំណាក​ហនុមាន ដែល​ធ្វើ​ពី​ថ្ម​ភក់ ត្រូវ​បាន​ផ្ដល់​ដោយ​សារមន្ទីរ​សិល្បៈ គ្លីវីលែន (Cleveland Museum of Art) ក្នុងឆ្នាំ២០១៥ និង​រូប​សំណាក​ដង​ខ្លួន​ព្រះ​រាម ដែល​ធ្វើ​ពី​ថ្ម​ភក់ ត្រូវ​បាន​ផ្ដល់​ដោយ​សារមន្ទីរ​សិល្បៈ​ដិនវើរ (Denver Art Museum) ក្នុង​ឆ្នាំ២០១៦ ជា​ដើម។

ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក ប៉ាទ្រីក មើហ្វី​ (Patrick Murphy) កាល​ពី​ពេល​ថ្មីៗ នេះ បាន​ជួប​ជា​មួយ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ អ្នកស្រី ភឿង សកុណា ដោយ​លើក​ឡើង​ពី​ភាព​ជោគជ័យ និង​កិច្ច​សហប្រតិបត្តិការ​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា​ក្នុង​ការ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​ដ៏​សំបូរ​បែប​របស់​កម្ពុជា ដែល​រួម​មាន​ការ​ជួសជុល អភិរក្ស​ប្រាសាទ​បុរាណ​ខ្មែរ និង​ការ​បញ្ជូន​ត្រឡប់​មក​ឱ្យ​កម្ពុជា​វិញ​នូវ​វត្ថុ​បុរាណ​ខ្មែរ ដែល​ត្រូវ​បាន​រត់​ពន្ធ​ដោយ​ខុស​ច្បាប់​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ក្នុង​ពេល​អតីតកាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។