ក្រុមសហជីពឯករាជ្យ១២ស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍រួមមួយ សំដែងការខកចិត្តដែលកម្មករពុំទទួលបានប្រាក់ឈ្នួលអប្បបរមាចំនួន ២១៣ដុល្លារតាមការស្នើសុំរបស់ក្រុមសហជីព។ សេចក្ដីថ្លែងការណ៍នេះធ្វើឡើងបន្ទាប់ពី ក្រសួងការងារកំណត់ប្រាក់ឈ្នួលអប្បបរមាឱ្យកម្មករត្រឹមតែ ២០៤ដុល្លារប៉ុណ្ណោះ ក្នុងឆ្នាំ២០២៤។
ក្រុមសហជីពឯករាជ្យដែលធ្វើការពាក់ព័ន្ធនឹងសិទ្ធិការងារ និងសិទ្ធិមនុស្ស ស្នើឱ្យរដ្ឋាភិបាលគិតគូរពីជីវភាពរបស់កម្មករដើម្បីធានាឱ្យពួកគាត់រស់នៅប្រកបដោយសេចក្ដីថ្លៃថ្នូរ និងមានលទ្ធភាពសងបំណុលធនាគារ។
ក្រុមសហជីពឯករាជ្យទាំងនោះរួមមាន សម្ព័ន្ធសហជីពកម្ពុជា (CATU) សម្ព័ន្ធសហជីពប្រជាធិបតេយ្យកាត់ដេរកម្ពុជា (CCAWDU) មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ (CENTRAL) សហព័ន្ធសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា (FTUWKU) សហព័ន្ធសហជីពឯករាជ្យ(INTUFE) និងសហភាពការងារកម្ពុជា(CLC) និងសហជីពសំខាន់ៗមួយចំនួនទៀត។
ប្រធានសហភាពការងារកម្ពុជា (CLC) លោក អាត់ ធន់ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៣០ កញ្ញា ថា គោលបំណងនៃការចេញសេចក្ដីថ្លែងការណ៍រួមនេះ គឺដើម្បីបង្ហាញពីគោលជំហររបស់សហជីពឯករាជ្យមិនយល់ស្របចំពោះការដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន ៤ដុល្លារក្នុងឆ្នាំ២០២៤នោះទេ ពីព្រោះជាចំនួនតិចតួចមិនគ្រប់គ្រាន់សម្រាប់ការចំណាយរបស់កម្មករ។ ពួកគេសង្កេតឃើញថា បច្ចុប្បន្នក្រុមកម្មករមួយចំនួនបានកាត់បន្ថយការហូបចុករបស់ខ្លួនដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព ជាពិសេសគឺសុខុមាលភាពរបស់កុមារ។
លោក អាត់ ធន់៖ «កាតព្វកិច្ចនៃការបង់ទៅកុងធនាគារផ្សេងៗអាចនឹងមិនបានថវិកាបង់ ហើយពាក់ព័ន្ធកូនរៀនក៏ដូចជាការថែទាំក្មេងអីផ្សេងៗទៀតអានេះវាជាបន្ទុកមួយធ្ងន់ណាស់ប្រសិនបើគាត់រៀននៅសាលាឯកជនក៏គាត់ត្រូវចំណាយលុយច្រើន ទោះបីគាត់រៀននៅសាលារដ្ឋក៏ត្រូវចំណាយលុយខ្លះដែរ ហើយបើគាត់ពិបាកខ្លាំងអាចកូនគាត់ពិបាកក្នុងការទៅរៀនអីអ៊ីចឹងទៅ អ៊ីចឹងធ្វើឱ្យប៉ះពាល់អនាគតកូនរបស់ពួកគាត់ដែរ»។
សេចក្ដីថ្លែងការណ៍រួមចេញផ្សាយកាលពីថ្ងៃទី២៩ កញ្ញា បានសង្កត់ធ្ងន់ថា ក្រុមកម្មករភាគច្រើនជំពាក់បំណុលធនាគារក្នុងអំឡុងពេលបិទខ្ទប់ដោយបញ្ហាកូវីដ១៩ ដែលធ្វើឱ្យពួកគាត់ពុំមានលទ្ធភាពសងបំណុលធនាគារនៅឡើយ។ ជាងនេះទៅទៀតពួកគាត់ត្រូវធ្វើការថែមម៉ោងដោយទទួលបានប្រាក់ខែមិនសមាមាត្រនឹងការចំណាយ ពោលគឺអតិផរណាទំនិញគ្រប់សារពើនៅលើទីផ្សារឡើងថ្លៃ ដែលធ្វើឱ្យពួកគាត់កាត់បន្ថយការហូបចុក។ សហជីពឯករាជ្យចំនួន ១២ស្ថាប័នស្នើឱ្យរដ្ឋាភិបាលពិចារណាលើចំណុចស្នូលចំនួន១៦ មានដូចជា ការស្នើឱ្យរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួលអប្បបរមា ២១៣ដុល្លារ ក្នុងឆ្នាំ២០២៤ និងការពិចារណារយៈពេលខ្លីដំឡើងប្រាក់ឈ្នួលពីចន្លោះ ៣០០ដុល្លារ ដល់ ៥០០ដុល្លារ សម្រាប់រយៈពេលវែង ការកាត់បន្ថយអតិផរណាលើចំណីអាហារ ប្រេងសាំង និងការអនុវត្តច្បាប់សម្រាប់ផ្ទះជួលឱ្យមានប្រសិទ្ធភាព។
សហជីពក៏ស្នើឱ្យរបរបេឡាសន្តិសុខសង្គមពង្រីកការចុះបញ្ជីឱ្យកម្មករ និងពង្រឹងសេវារបរសន្តិសុខសង្គមឱ្យមានគុណភាព ជាពិសេសជំរុញឱ្យអធិការកិច្ចចុះត្រួតពិនិត្យក្រុមហ៊ុន រោងចក្រ សហគ្រាសដែលមិនបានចុះបញ្ជីឱ្យក្រុមកម្មករត្រូវចាត់វិធានការណ៍តាមផ្លូវច្បាប់ ហើយនិងស្នើឱ្យរដ្ឋាភិបាលឧបត្ថម្ភសាច់ប្រាក់ចំនួន៥០ភាគរយនៃប្រាក់ខែគោលឱ្យទៅកម្មករក្នុងវិស័យកាត់ដេរ និងវិស័យផ្សេងៗទៀតដែលកំពុងព្យួរកិច្ចសន្យាការងារ និងបាត់បង់ការងារជាដើម។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី៣០ កញ្ញា។ ទោះបីយ៉ាងណាទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ ហាក់សំដែងការរីករាយចំពោះការដំឡើងប្រាក់បួនដុល្លារ ដែលមិនអាចទិញបានសាច់គោមួយគីឡូក្រាមបានផងនោះ។
ទាក់ទិនបញ្ហានេះមន្ត្រីសិទ្ធិការងារនៃអង្គការសង់ត្រាល់ (Central) លោក ឃុន ថារ៉ូ សោកស្ដាយដែលរដ្ឋាភិបាលកំណត់យកប្រាក់ឈ្នួលអប្បបរមា២០៤ដុល្លារ ហាក់មិនបានឆ្លើយតបទៅនឹងទុក្ខកង្វល់របស់កម្មករដែលកំពុងប្រឈមនឹងបំណុលវ័ណ្ឌក។ លោកបន្តថាដើម្បីលើកកម្ពស់ជីវភាពកម្មករឱ្យរស់នៅសមរម្យរដ្ឋាភិបាលត្រូវតែធ្វើកំណែទម្រង់លើវិស័យការងារ និងស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធEBA ពីសហភាពអឺរ៉ុប និងបន្តប្រព័ន្ធអនុគ្រោះពន្ធGSP របស់សហរដ្ឋអាមេរិក។
លោក ឃុន ថារ៉ូ៖«រដ្ឋត្រូវតែធ្វើការងារនេះជាមួយភាគីពាក់ព័ន្ធ ពីព្រោះប្រាក់ឈ្នួលនេះមិនមែនតែរដ្ឋ និងថៅកែទេពាក់ព័ន្ធនឹងក្រុមហ៊ុនអ្នកបញ្ជាទិញ អ៊ីចឹងក្រុមហ៊ុនធំៗជាអ្នកបញ្ជាទិញទំនិញពីបណ្ដារោងចក្រដែលផលិតនៃការនាំចេញទៅសហភាពអឺរ៉ុប ហើយសហរដ្ឋអាមេរិកនេះទាំងអស់ហ្នឹងគាត់មានកាតព្វកិច្ចក្នុងការលើកកម្ពស់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិកដែរ អ៊ីចឹងប្រសិនបើយើងធានាទីផ្សារនាំចេញទៅសហភាពអឺរ៉ុបដូចជាយើងទទួលបានការអនុគ្រោះ២០ភាគរយឡើងវិញ»។
ទោះជាយ៉ាងណាកន្លងមកក្រសួងការងារ តែងរងការរិះគន់ថា អនុវត្តច្បាប់ការងារលំអៀងទៅភាគីនិយោជក និងគ្មានឆន្ទៈជួយពលរដ្ឋខ្មែរ ជាពិសេសកម្មករឱ្យមានជីវភាពរស់នៅប្រសើរឡើយ។
មន្ត្រីសហជីព និងសិទ្ធិការងារទទូចឱ្យរដ្ឋាភិបាលអនុវត្តច្បាប់ដោយឈរលើគោលការណ៍អព្យាក្រឹត និងចុះសិក្សាស្រាវជ្រាវពីស្ថានភាពជីវភាពរបស់ក្រុមកម្មករដើម្បីឱ្យធ្វើពួកគាត់រស់នៅប្រកបដោយសេចក្ដីថ្លៃថ្នូរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
