ការលក់សំបុត្រចូលទស្សនានៅតំបន់ប្រាសាទអង្គរ ក្នុងខេត្តសៀមរាប នៅអំឡុងខែមេសា ឆ្នាំនេះ បានធ្លាក់ចុះយ៉ាងគំហុក រហូតដល់ទៅ ៩៩,៥% បើប្រៀបធៀបទៅនឹងអំឡុងពេលខែមេសា ដូចគ្នា កាលពីឆ្នាំ២០១៩ កន្លងមកនេះ។
អាជ្ញាធរអប្សរាឲ្យដឹងថា ដោយសារការរីករាលដាលសកលនៃជំងឺកូវីដ-១៩ (Covid-19) ភ្ញៀវទេសចរបរទេសចំនួន ៦៥៤នាក់ ដែលបានទិញសំបុត្រចូលទស្សនាតំបន់អង្គរ ក្នុងអំឡុងខែមេសា ដែលមានទឹកប្រាក់សរុបជិត ៣ម៉ឺនដុល្លារ (២៩.៣៦៨ដុល្លារ)។ ប៉ុន្តែក្នុងអំឡុងពេលដូចគ្នាកាលពីខែមេសា ឆ្នាំ២០១៩ អាជ្ញាធរអប្សរា លក់សំបុត្របានពីភ្ញៀវទេសចរនូវទឹកប្រាក់ ៧លានដុល្លារអាមេរិក។
របាយការណ៍បន្តថា ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២០ នេះ ប្រាក់ចំណូលបានពីការលក់សំបុត្រ ចូលទស្សនាតំបន់អង្គរ គឺមានចំនួន ប្រមាណជា ១៨លានដុល្លារ ដែលថយចុះ ៦០% បើធៀបអំឡុងពេលដូចគ្នា កាលពីឆ្នាំ២០១៩។
ចំនួនភ្ញៀវទេសចរថយចុះយ៉ាងគំហុកនេះ បណ្ដាលឲ្យក្រុងអង្គរខេត្តសៀមរាប ដែលធ្លាប់មានមនុស្សអ៊ូអរ និងមានភ្ញៀវទេសចរចម្រុះជាតិសាសន៍មកកម្សាន្តរាប់លាននាក់ ក្នុងមួយឆ្នាំៗ បែរជាស្ងាត់ជ្រងំ ធ្វើឱ្យកន្លែងផ្ដល់សេវាកម្មភ្ញៀវទេសចរណ៍ កន្លែងលក់វត្ថុអនុស្សាវរីយ និងភោជនីយដ្ឋានជាច្រើនបានបិទទ្វារ និងក្ស័យធន។ រីឯសណ្ឋាគារលំដាប់ពិភពលោកជាង ៤០កន្លែង និងផ្ទះសំណាក់តូចៗ ជាច្រើនទៀត ត្រូវបង្ខំចិត្តបិទទ្វារ។ កត្តានេះ ធ្វើឱ្យពលរដ្ឋរាប់ពាន់នាក់បាត់បង់ការងារធ្វើ និងគ្មានប្រាក់ចំណូល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។