បក្ស​ប្រឆាំង​ស្នើ​របប​ក្រុងភ្នំពេញ​ចាត់វិធានការ​ផ្អាក​ការ​សង​បំណុល​រយៈពេល​៣​ខែ​សម្រាប់​ពលរដ្ឋ

គណបក្ស​សង្គ្រោះ​ជាតិ ទទូច​ឱ្យ​របប​ក្រុងភ្នំពេញ ចាត់វិធានការ​ឱ្យ​មាន​ប្រសិទ្ធិភាព​ក្នុងការ​ពន្យា​ពេល ឬ​ផ្អាក​ការ​សង​បំណុល​របស់​ប្រជាពលរដ្ឋ​ខ្មែរ​រយៈពេល​យ៉ាងតិច ៣​ខែ​ទៅ​មុខ​ទៀត ខណៈ​ពលរដ្ឋ​ខ្មែរ​រាប់លាន​នាក់​កំពុង​ជួប​ទុក្ខលំបាក​ផ្នែក​ជីវភាព​ដោយសារ​ជំងឺ កូ​វីដ​-១៩​។ ចំណែក មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​អះអាង​ថា រដ្ឋាភិបាល មិន​អាច​ដោះស្រាយ​តាម​សំណើរ​របស់​បក្ស​ប្រឆាំង​ដែល​បង្កប់​ហេតុផល​នយោបាយ​បាន​ទេ។

គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ថា វិបត្តិ​សេដ្ឋកិច្ច បង្ក​ដោយ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ កំពុង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រាប់លាន​នាក់​ជួប​ទុក្ខលំបាក​យ៉ាង ខ្លាំង​ក្នុង​ជីវភាព​រស់នៅ ដោយសារ​បាត់​បង់ការ​ងារ និង​ប្រាក់​ចំណូល ជាពិសេស​ពលរដ្ឋ​ដែល​ជំពាក់​បំណុល​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។

ស្ថិតក្នុង​ស្ថានភាព​ដែល​ពលរដ្ឋ​ខ្មែរ​រាប់លាន​នាក់​កំពុង​ប្រឈម​នឹង​វិបត្តិ​ជំពាក់​បំណុល​នេះ គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ឱ្យ​របប​ក្រុងភ្នំពេញ ចាត់វិធានការ​ជាក់លាក់ និង​ម៉ឹងម៉ាត់ ដើម្បី​ធានា​ឱ្យ​មានការ​ពន្យារ​ពេល ព្យួរ ឬ​ផ្អាក​ការសង​បំណុល​ទាំង​ប្រាក់​ដើម និង​ការប្រាក់​របស់​ប្រជាពលរដ្ឋ​ដល់​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រកបដោយ​ប្រសិទ្ធិភាព​ពេញលេញ សម្រាប់​រយៈពេល ៣​ខែ​ទៅមុខទៀត និង​ធានា​កុំ​ឱ្យ​មានការ​រឹបអូស​ផ្ទះសម្បែង និង​ដីធ្លី​របស់​ពលរដ្ឋ។ គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ ក៏​ស្នើសុំ​ឱ្យ​របប​ក្រុង​ភ្នំពេញ ត្រូវ​បញ្ចេញ​កញ្ចប់​ថវិកាជាតិ​បន្ទាន់​មួយ ដើម្បី​ជួយ​ទ្រទ្រង់ ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ទទួល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ក្នុង​បំណង​ធានា​និរន្តរភាព​នៃ ការផ្តល់​កម្ចី​ឥណទាន ព្រមទាំង​ប្រតិបត្តិការ​របស់​ធានាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំង​នោះ។

អាស៊ីសេរី មិនអាច​សុំ​ការឆ្លើយតប​រឿងនេះ​ពី​អគ្គនាយក​បច្ចេកទេស និង​ជា​អ្នកនាំពាក្យ​ធនាគារជាតិ នៃ​កម្ពុជា​អ្នកស្រី ជា សិរី បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង តែ​គ្មាន​អ្នក​ទទួល។

រីឯ​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ចាត់ទុក​ការលើកឡើង​របស់​គណ​បក្សប្រឆាំង​នេះ​ថា គ្រាន់តែ​ជា​វោហាស័ព្ទ​ឱ្យ​ពីរោះ​ស្តាប់ និង​ឆ្លៀត​កេង​ចំណេញ​ផលប្រយោជន៍​នយោបាយ​ប៉ុណ្ណោះ៖ «មិនមែនជា​ការពិត​ស្តែង​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា ។ យើង​ឃើញ​ធនាគារកណ្តាល​កម្ពុជា បានធ្វើ​កិច្ចការ​បាន​ពន្យល់​ប្រាប់​ដល់​រាល់​សាខា​ធនាគារ​មីក្រូហិរញ្ញវត្ថុ ហើយ​នៅពេល​ថ្មីៗ​នេះ ដូចជា​ម្សិលមិញ​នេះ គឺ​ឯកឧត្តម ជា ចាន់តូ បាន​ទៅ​ដល់​ខេត្ត​ប៉ៃលិន និង​បាន​ពន្យល់​ប្រាប់​ពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​អំពី​រឿង​ហិរញ្ញវត្ថុ​នេះឯង ហើយ​យើង​មាន​វិធានការ​មួយចំនួន ប៉ុន្តែ​ការងារ​ហិរញ្ញវត្ថុ គេ​អត់​ផ្សាយ​ជា​សាធារណៈ​ទេ ពី​ព្រោះ​យើង​ដឹងថា អ្នកខ្លះ​ដេក​ផ្សំ​ដួល»។

ទោះជា​យ៉ាងណា គណបក្ស​បក្សប្រឆាំង បាន​លើកឡើង​ដូច​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​មួយចំនួន​ដែរ​ថា វិធានការ​មួយចំនួន​របស់​រដ្ឋាភិបាល​កន្លងមក​ដែល​លើកទឹកចិត្ត​ឱ្យ​គ្រឹះស្ថាន ផ្តល់ប្រាក់​កម្ចី​ពិនិត្យ​លទ្ធភាព​នៃ​ការសង​បំណុល​របស់​ពលរដ្ឋ តាម​ករណី​ជាក់ស្តែង​នីមួយៗ​នោះ មិន​​មាន​ប្រសិទ្ធភាព​ពេញលេញ​នោះទេ​។ គណបក្ស​បក្សប្រឆាំង កត់សម្គាល់​ថា ស្ថាប័ន​ផ្តល់​ប្រាក់កម្ចី មួយចំនួន នៅតែ​បន្ត​ឱ្យ​ពលរដ្ឋ​សងបំណុល​ដូច​ធម្មតា ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្លះ​បង្ខំចិត្ត​លក់​កេរអាករ​ឬ​រក​កម្ចី​ដែលមាន​អត្រា​ការប្រាក់​ខ្ពស់ ឬ​អ្នកខ្លះ​បង្ខំចិត្ត​ធ្វើ​ចំណាកស្រុក​ប្រថុយប្រថាន​ទៅ​ប្រទេស​ថៃ​ជាថ្មី ដើម្បី​រកប្រាក់​ដោះស្រាយ​បំណុល។​ទោះជា​យ៉ាងណាក្តី អ្នកនាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ លោក កាំង តុងងី ថ្លែងថា ចំពោះ​ការស្នើសុំ​របស់​គណបក្ស​សង្គ្រោះជាតិ​នេះ គឺ​ខាង​ស្ថាន​ប័ន​មីក្រូហិរញ្ញវត្ថុ បាន​ដោះស្រាយ​រួចហើយ​។ លោក​បញ្ជាក់​ថា គិត​មកទល់ពេលនេះ មាន​អតិថិជន ១៧​ម៉ឺន​នាក់ បានស្នើ​សុំ​រៀបចំ​កម្ចី​ឡើងវិញ ហើយ​ក្នុងនោះ​មាន​ជាង ១៥​ម៉ឺន​នាក់ ត្រូវ​បាន​ដោះស្រាយ​ជូន និង​កំពុង​ពិនិត្យ​ដោះស្រាយ​ជា​បន្តបន្ទាប់​ទៀត៖ «ទាក់ទង​នឹង​ការសុំ​កុំ​ឱ្យ​រឹបអូស​ដីធ្លី​អី​នេះ សមាគម រួមទាំង សមាជិក​របស់ខ្លួន​បាន​ប្តេជ្ញាចិត្ត​រួចទៅហើយ​ថា ក្នុង​រយៈពេល​នៃ​ការលំបាក​បណ្តាលមកពី​កូ​វីដ​ -១៩​នេះ នឹង​មិន​មាន​ការ​រឹបអូស​ដីធ្លី​ផ្ទះសម្បែង​អតិថិជន​នោះទេ។ វា​មិនមែន​ត្រឹមតែ​ជាការ​ប្តេជ្ញាចិត្ត​នោះទេ ប៉ុន្តែ​ក៏​មាន​ការ​ប្រកាស​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ផងដែរ»។

បច្ចុប្បន្ននេះ ប្រជា​ពលរដ្ឋ​កម្ពុជា​ច្រើន​ជាង ២​លាន ៥​សែន​នាក់ មាន​ជាប់ជំពាក់​កម្ចី​ខ្នាតតូច ជាមួយនឹង​អត្រា​កម្ចី​ជា​មធ្យម ៣​ពាន់ ៨​រយ​ដុល្លារ ( ៣.៨០០​ដុល្លារ​) ដែល​ជា​ចំនួន​ច្រើន​ជាងគេ​នៅ​លើ​ពិភពលោក។អ្នកស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម បណ្ឌិត សេង សារី មាន​ប្រសាសន៍​ថា រដ្ឋាភិបាល មិនគួរ​បដិសេធ​ភ្លាមៗ​ចំពោះ​សំណើរ​ទាំងនោះ ដោយសារតែ​ជា​សំណើរ​របស់​បក្សប្រឆាំង ឬ​របស់​ក្រុម​អង្គការ​សង្គម ស៊ីវិល​ឡើយ។ លោក​ពិនិត្យ​ឃើញ​ថា ក្នុងអំឡុងពេល​នៃ​រីក​រាល​ជំងឺ​កូ​វីដ​-១៩​នេះ ពលរដ្ឋ​មិនមែន​ជួប​បញ្ហា​ប្រឈម​តែ​រឿង​ជំពាក់​បំណុល​នោះទេ សូម្បីតែ​រឿង​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគាត់ ក៏​កំពុង​ប្រឈម​បញ្ហា​ធ្ងន់ធ្ងរ​ដែរ​។ អ្នកស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម​រូបនេះ យល់​ថា វិធានការ​របស់​រដ្ឋាភិបាល ដែល​ណែនាំ​ឱ្យ​ស្ថាប័ន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អនុវត្ត​ឥណទាន​រៀបចំ​ឡើងវិញ ឬ​ពន្យារ​ពេល​សង​បណ្ដោះអាសន្ន​សម្រាប់​អតិថិជន​ដែល​រង​ផល​ប៉ះពាល់​ជាក់ស្ដែង​ក្នុង​វិស័យ​ចំនួន​៤ រួមមាន​៖ ទេសចរណ៍ វិស័យ​កាត់ដេរ វិស័យ​សំណង់ និង​វិស័យ​ដឹកជញ្ជូន​កន្លងមក​នោះ មិនគួរ​ជា ដំណោះស្រាយ​ចុងក្រោយ​នោះទេ គួរតែមាន​ដោះស្រាយ​ជា​បន្តបន្ទាប់​ទៀត៖ «ដំណោះស្រាយ​មួយ​នេះ ហាក់ដូចជា​ពលរដ្ឋ​មិនទាន់​យល់ដឹង ប៉ុន្មាន​ទេ ហើយ​ពលរដ្ឋ​មួយ​ចំនួន​ទៀត​ដែល​ជាប់បំណុល​ធនាគារ​នេះ មិន​ស្ថិត​នៅក្នុង​នៅក្នុង​វិស័យ អាទិភាព​ដែល​ធនាគារ​ជាតិ​បានកំណត់​ទៅទៀត។ ដំណោះស្រាយ​តទៅទៀត​នេះ​គឺជា​ពិសេស​កម្មករ​ដែល​បាត់បង់​ការងារ​ជិត ២០​ម៉ឺន​នាក់ គឺ​គួរ​ត្រូវតែ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​មួយចំនួន​ពីរ​ដ្ឋ ដែល​លោក នាយករដ្ឋមន្ត្រី ធ្លាប់បាន​ប្រកាស​ថា យើង​មាន​ទុនបម្រុង​សម្រាប់​ដោះស្រាយ​បញ្ហា​នេះ​ប្រមាណ​ពី ៨​រយ ទៅ ២​ពាន់​លាន (ដុល្លារ) គឺ​គួរតែ​ដល់ពេល​វេលា​មួយ ឬ​ពិចារណា​បញ្ចេញ​ថវិកា​នោះមក​ដើម្បី​ជួយ​ទប់​ជីវភាព​របស់​ពលរដ្ឋ»។

គណបក្សប្រឆាំង និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល បង្ហាញ​ការព្រួយបារម្ភ​ដូចៗ​គ្នា​ថា ប្រសិនបើ​រដ្ឋា​ភិ បាល នៅតែ​ពន្យារ​ពេល​មិន​បញ្ចេញ​កញ្ចប់​ថវិកាបម្រុង​ជួយ​ដល់​ពលរដ្ឋ និង​មិន​ចាត់វិធានការ​ដោះស្រាយ​វិបត្តិ​ជំពាក់​បំណុល​ទាំងនេះ​ទេ នឹង​ធ្វើឱ្យ​ជីវភាព​រស់នៅ សុខភាព និង​សុវត្ថិភាព​កម្មសិទ្ធិ​ដីធ្លី​រួមទាំង​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​កម្ពុជា​រាប់លាន​នាក់ ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ ហើយ​អាច នឹង​កើតមាន​វិបត្តិ​សង្គម​ផ្សេងៗ​ដែល​កាន់តែ​ពិបាក​ដោះស្រាយ​នៅ​ពេល​ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។