ក្រសួងពាណិជ្ជកម្មកម្ពុជាអះអាងថា ការចរចាជុំទីមួយលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសចិន មានលទ្ធផលវិជ្ជមាន ដោយភាគីទាំងពីរបានផ្លាស់ប្ដូររមតិ និងគោលជំហរទៅវិញទៅមក ព្រមទាំងឯកភាពលើមាត្រាមួយចំនួនផងដែរ។ ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នេះ គឺជាការអនុវត្តតាមបំណងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រមុខដឹកនាំចិន ដែលចង់ពង្រីកការធ្វើពាណិជ្ជកម្ម វិនិយោគ សេវាកម្ម និងកិច្ចសហប្រតិបត្តិការកាន់ស៊ីជម្រៅរវាងប្រទេសទាំងពីរ ដើម្បីសម្រេចគោលដៅពាណិជ្ជកម្មចំនួន ១ ម៉ឺនលានដុល្លារអាមេរិកនៅឆ្នាំ២០២៣ ខាងមុខ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២៨ មករា ឱ្យដឹងថា កិច្ចចរចាជុំទីមួយនេះ ធ្វើឡើងនៅទីក្រុងប៉េកាំងប្រទេសចិន កាលពីថ្ងៃទី២០ និង២១ មករា កន្លងទៅ។ ភាគីកម្ពុជាតំណាងដោយរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក សុខ សុភ័ក្ត្រ និងភាគីចិនតំណាងដោយ អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក រេន ហុងប៊ីន (Ren Hongbin)។ ប្រភពដដែលបន្តថា ភាគីទាំងពីរនឹងពន្លឿនការលើកឡើងពីចំណុច ឬសំណើផ្សេងៗតាមក្រុមការងារនីមួយៗ ដើម្បីឈានទៅរកការឯកភាពលើកកិច្ចព្រមព្រៀង ក្នុងពេលឆាប់ៗខាងមុខនេះ។ កិច្ចចរចាជុំទីពីរនឹងប្រព្រឹត្តទៅនៅកម្ពុជា ក្នុងឆមាសទី១ នៃឆ្នាំ២០២០ នេះ។
ការចរចាស្ដីពីការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននេះ ធ្វើឡើងស្របពេលដែលកម្ពុជាកំពុងប្រឈមមុខនឹងការបាត់បង់ឋានៈអនុគ្រោះពន្ធ EBA ពីទីផ្សារសហភាពអឺរ៉ុប។ ក្រៅពីជាមួយចិន រដ្ឋាភិបាលលោក ហ៊ុន សែន ក៏គ្រោងចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសកូរ៉េខាងត្បូងផងដែរ។
អ្នកតាមដានស្ថានការណ៍យល់ថា រដ្ឋាភិបាលកម្ពុជាគួរតែពិចារណាឱ្យបានដិតដល់ចំពោះការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន ពីព្រោះកម្ពុជាអាចទទួលបានផលប្រយោជន៍តិចពីកិច្ចព្រមព្រៀងនេះ ដោយសារកម្ពុជាជាប្រទេសនាំចូល ច្រើនជាងនាំចេញ។ ជាក់ស្ដែង ក្នុងឆ្នាំ២០១៨ កម្ពុជានាំទំនិញទៅចិនបានជាង ៨ រយលានដុល្លារអាមេរិក ប៉ុន្តែចិននាំមកកម្ពុជាវិញ បានជាង៦ ពាន់លានដុល្លារអាមេរិក។ តួលេខរបស់ក្រសួងពាណិជ្ជកម្មនេះបង្ហាញថា ចិនជាអ្នកចំណេញកប់ក្ដោងពីការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
