មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាលទទួល​ស្គាល់​ថា ផល​ប៉ះពាល់​នៃ​ជំងឺ​កូវីដ-១៩ មាន​ទំហំ​ធំធេង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា

0:00 / 0:00

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ទទួល​ស្គាល់​ថា ផល​ប៉ះពាល់​នៃ​ជំងឺ​កូវីដ-១៩ ពិត​ជា​មាន​វិសាលភាព​ធំធេង​ហួស​ពី​ការ​រំពឹងទុក ហើយ​កំពុងតែ​ជះឥទ្ធិពល​អវិជ្ជមាន ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា។ ការ​លើក​ឡើង​នេះ កើត​មាន​ឡើង​ក្រោយ​ធនាគារ​ពិភពលោក​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា នឹង​ធ្លាក់​ចុះ​យ៉ាង​គំហុក មិន​ធ្លាប់​មាន​ពី​មុន​មក មក​នៅ​ត្រឹម​តែ ២,៥% ក្នុង​ឆ្នាំ​២០២០​នេះ ដោយ​សារ​​មួយ​ភាគ​ធំ បណ្តាល​មក​ពី​វិបត្តិ នៃ​ការ​ផ្ទុះ​រីក​រាលដាល​ឡើង​នៃ​ជំងឺ​រាតត្បាត​ជា​សាកល​កូវីដ-១៩។

មន្ត្រី​ក្រសួង​សេដ្ឋកិច្ច ប្រាប់​អាស៊ីសេរី កាលពី​យប់​ថ្ងៃ​​ទី​០១ មេសា តាម​បណ្ដាញ​សង្គម តេឡេក្រាម ថា ក្រសួង​នឹង​យក​របាយការណ៍​របស់​ធនាគារ​ពិភពលោក​នេះ ទៅ​សិក្សា បន្ថែម​ទៀត ព្រោះ​នេះ​ជា​ការ​វាយតម្លៃ​បឋម​។ លោក មាស សុខសេនសាន មន្ត្រី​នាំ​ពាក្យ និង​ជា​អគ្គលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​ប្រសាសន៍ថា លោក​មិនទាន់​អាច​ទទួលយក ឬ​បដិសេធ​ចំពោះ​ការ​ព្យាករណ៍​របស់​ធនាគារ​ពិភពលោក នា​ពេល​នេះ​នៅឡើយ​ទេ ដោយ​ក្រសួង​កំពុង​បន្ត​រង់​ចាំ​មើល​ការវាយតម្លៃ​បន្ទាប់ របស់​ស្ថាប័ន​ដទៃ​ទៀត ដូចជា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB ជាដើម។

យ៉ាងណាក៏ដោយ លោក មាស សុខសេនសាន ថ្លែង​ទទួល​ស្គាល់​ថា ផល​ប៉ះពាល់​នៃ​ជំងឺ​កូវីដ ១៩​នេះ មាន​ទំហំ​ធំធេង​ហួស​ពី​ការ​រំពឹង​ទុក និង​ពិបាក​ប៉ាន់ស្មាន​សម្រាប់​ពិភពលោក​ទាំងមូល ដែល​ការណ៍​នេះ កំពុងតែ​ជះឥទ្ធិពល​អវិជ្ជមាន​ច្រើន​ដល់​សេដ្ឋកិច្ច​កម្ពុជា៖ «ជំងឺ​កូវីដ​១៩​ នេះ វា​មាន​វិសាលភាព ហើយក៏​មាន​ទំហំ​នៃ​ផល​ប៉ះពាល់​ធំ រហូតដល់​ប្រទេស​ជាច្រើន​នៅ​លើ​សាកល​លោក រង​ផល​ប៉ះពាល់​។ ហើយ​ដែល​រង​ផល​ប៉ះពាល់​នេះ គឺ​មិនធម្មតា​ទៀត រហូតដល់​បិទ​ព្រំដែន ទុក​ឱ្យ​ប្រទេស​របស់​ខ្លួន​ស្ថិតនៅ​ដាច់​ពី​ប្រទេស​ដទៃ​ទៀត​។ អ៊ីចឹង​គឺ​វា​នឹង​មាន​ផល​ប៉ះពាល់ ជា​រួម​ដោយសារ​កត្តា​ពី​ខាងក្រៅ​មក មានន័យថា សេដ្ឋកិច្ច​ជា​រួម គឺ​មាន​ផល​ប៉ះពាល់​ជារួម នៅ​លើ​ពិភពលោក ដែល​ជា​រួម​នេះ វា​នឹង​ជះឥទ្ធិពល ជា​អវិជ្ជមាន​ជាច្រើន​ទៅដល់​សេដ្ឋកិច្ច​កម្ពុជា​យើង ដែល​យើង​ក៏​អាស្រ័យ​ទៅ​នឹង​កត្តា​នៃ​ពាណិជ្ជកម្ម​អន្តរជាតិ ដោយ​យើង​ត្រូវ​ការ​នាំ​ផលិតផល​ចេញទៅ​ក្រៅ​។ បើ​សិន​ជា​មាន បញ្ហា​ទីផ្សារ​នៅ​ខាងក្រៅ ដោយសារ​កត្តា​ដែល​យើង​បាន​ឮ​នេះ វា​ប្រាកដ​ជា​មាន​ផល មួយ​ជំហាន​ទៀត ដែល​វា​នឹង​អាច​ធ្វើ​ឱ្យ​កំណើន​សេដ្ឋកិច្ច​របស់​យើង នឹង​ប្រាកដ​ជា​មាន​ផល​ប៉ះពាល់​បន្ថែម​ទៀត ក្រៅពី​អ្វី​ដែល​យើង​បាន​ព្យាករណ៍​ពីមុន»។

ការ​ថ្លែង​របស់​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច​រូប​នេះ កើតមានឡើង​ក្រោយ​ធនាគារ​ពិភពលោក​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា ក្នុង​ឆ្នាំ​២០២០​ នេះ នឹង​ធ្លាក់​ចុះ​យ៉ាង​គំហុក មក​នៅ​ត្រឹមតែ ២,៥%។ ការ​ព្យាករណ៍​របស់​ធនាគារ​ពិភពលោក​នេះ បង្ហាញ​ឱ្យ​ឃើញ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា បាន​ធ្លាក់​ចុះ​ដុនដាប​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក ក្នុង​រយៈពេល​ជាង ១០​ឆ្នាំ​ចុង​ក្រោយនេះ ពោល​គឺ​តាំងពី​ក្រោយ​ពេល​ដែល​ពិភពលោក​ជួប​វិបត្តិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ឆ្នាំ​២០០៨ និង​ ២០០៩​ កន្លងទៅ ដែល​កាលណោះ កំណើន​សេដ្ឋកិច្ច​កម្ពុជា មាន​ត្រឹមតែ ០,០៨៧% តែ​ប៉ុណ្ណោះ។

ការ​ព្យាករណ៍​នេះ ធ្វើឡើង​នៅ​ក្នុង​របាយការណ៍​បច្ចុប្បន្ន​ភាព​ប្រចាំ​ឆ្នាំ ផ្សាយ​កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ស្ដីពី​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ក្នុងអំឡុងពេល​វិបត្តិ​ជំងឺ​រាតត្បាត​កូវីដ-១៩។ ធនាគារ ពិភពលោក​ពន្យល់​ថា សេដ្ឋកិច្ច​កម្ពុជា បាន​រង​ការ​ប៉ះទង្គិច​ខ្លាំង ដោយសារ​តែមួយ​ភាគ​ធំ​បណ្តាល​មក​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩។ បញ្ហា​នេះ​បណ្ដាល​ឱ្យ​មានការ ថមថយ​ចុះ​ខ្លាំង ក្នុង​វិស័យ​ចម្បងៗ ​ជួយ​ជំរុញ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច ក្នុង​ត្រីមាស​ទីមួយ ឆ្នាំ​២០២០​នេះ​។ ធនាគារ​ពិភពលោក ផ្ដល់​អំណះអំណាង​ថា វិស័យ​ទេសចរណ៍​រង​ការ​ប៉ះទង្គិច​ខ្លាំង​ជាងគេ​បំផុត ក្នុង​ចំណោម​​វិស័យ​ដទៃ​ទៀត ដែល​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​កម្ពុជា គឺ​ដោយសារតែ​ការ​រីក​រាល​នៃ​ជំងឺ​កូវីដ១៩​។ ដូចគ្នា​នេះ​ដែរ ធនាគារ​ថា វិស័យ​ឧស្សាហកម្ម​កាត់ដេរ ក៏​រង​ការ​រង្គោះរង្គើ​ខ្លាំង ដោយសារតែ​គ្មាន​តម្រូវ​ការ​​ជា​​សាកល ព្រមទាំង​ការ​ដកហូត​ដោយ​ផ្នែក​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ​» ហៅ​កាត់​ថា EBA របស់​សហភាព​អឺរ៉ុប។

បើ​តាម​ធនាគារ​ពិភពលោក ផល​ប៉ះពាល់​នេះ ក៏​បន្ត​សាយភាយ ដល់​វិស័យ​សំណង់ និង​អចលនទ្រព្យ ខណៈ​ភាព​ចលាចល​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ ក៏​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ខ្លាំង​ដល់​កំណើន​សេដ្ឋកិច្ច ផង​ដែរ​។ ធនាគារ​ពិភពលោក​ពន្យល់​ថា ការ​ផ្ទុះ​រាលដាល​ឡើង​គួរ​ឱ្យ​កត់សម្គាល់ នៃ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ស្រុក ការ​កែ​សម្រួល​ទីផ្សារ​អចលនទ្រព្យ បន្ទាប់ពី​មានការ​រីក​សុះសាយ នៃ​វិស័យ​សំណង់ និង​អចលនទ្រព្យ​ដែល​បាន​អូស​បន្លាយ ការ​ផ្តល់​ឥណទាន​ចេះតែ​កើន​ឡើង ដល់​វិស័យ​សំណង់ អចលនទ្រព្យ ឬ​កម្ចី​សម្រាប់​ទិញ​អចលនទ្រព្យ ដែល​កាល​ពី​ពេល​ថ្មីៗ​នេះ ពឹងផ្អែក​ខ្លាំង​លើ​ការ​វិនិយោគ​របស់​ចិន ព្រមទាំង​ឥណទាន​ដែល​នៅ​ជាប់​បំណុល​ខ្ពស់ ជាដើម​នោះ គឺ​សុទ្ធសឹងតែ​ជា​ការ​បន្ថែម​ភាព​ងាយ​រងគ្រោះ​ដល់​សេដ្ឋកិច្ច​កម្ពុជា។

លោក មាស សុខសេនសាន បញ្ជាក់​ថា រដ្ឋាភិបាល​កំពុង​ដាក់​ចេញ​វិធានការ​ជា​បន្តបន្ទាប់ ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច​ជាតិ ដោយ​ផ្ដល់​អាទិភាព​ជាពិសេស​ដល់​វិស័យ ដែល​រង​ផល​ប៉ះពាល់​ខ្លាំង ដូចជា​វិស័យ​ទេសចរណ៍ និង​កាត់ដេរ​ជាដើម៖ «ឥឡូវ​យើង​ចាប់ផ្ដើម​គិតគូរ​ដល់​ក្រុមហ៊ុន អាកាសចរណ៍ ក៏​យើង​បាន​គិត​គូរ​ជួយ​បន្ធូរបន្ថយ ធ្វើ​យ៉ាងម៉េច​ដើម្បី​ឱ្យ​វិស័យ​ទេសចរណ៍​ជា​រួម ភ្នាក់ងារ​ទេសចរណ៍ ភោជនីយដ្ឋាន និង​ស្អី​ដែល​នៅ​ក្នុង​វិស័យ ទេសចរណ៍​ហ្នឹង មិន​ឱ្យ​ធ្ងន់ធ្ងរ​ដុនដាប​ខ្លាំង​ពេក​។ អ៊ីចឹង គឺ​យើង​រក​វិធី​ដើម្បី​ជួយ តាមរយៈ​ការ​អនុគ្រោះ​ពន្ធ​ផ្សេងៗ និង​តាមរយៈ​ការ​ជួយ​ជា​វិភាគទាន​របស់​រដ្ឋាភិបាល នៅ​ក្នុង​ការ​ជួយ​ទ្រទ្រង់​ដល់​កម្មករ​ដែល​រង​ផល​ប៉ះពាល់​នៅ​ក្នុង​បញ្ហា​នេះ​។ យើង​នឹង​បន្ត​ឃ្លាំមើល​តទៅទៀត ថា​តើ​ផល​ប៉ះពាល់​នេះ នៃ​វិស័យ​ដទៃ​ទៀត នឹង​រង​ផល​ប៉ះពាល់​អ្វី​ទៀត ដែល​យើង​នឹង​ចាត់វិធានការ​បន្ទាប់»។

លោក​បន្ត​ថា ក្រសួង​សេដ្ឋកិច្ច​នឹង​ប្រើប្រាស់​កញ្ចប់​ថវិកា​រហូត​ដល់​ទៅ ២​ពាន់​លាន​ដុល្លារ ដែល​លោក​នាយក​រដ្ឋមន្ត្រី បាន​បញ្ជា​ឱ្យ​បម្រុង​ទុក​សម្រាប់​សេណារីយ៉ូ​អាក្រក់ ក្នុង​រយៈពេល​អូស​បន្លាយ​នៃ​ជំងឺ​កូ​វីដ​១៩​នេះ ដល់​ទៅ​ពេញ​មួយ​ឆ្នាំ​នោះ​។ ក៏ប៉ុន្តែ លោក​ពុំ​បាន​បញ្ជាក់​ទេ​ថា តើ​ថវិកា​នោះ​បាន​មកពី​ប្រភព​ណា​។ លោក​គ្រាន់តែ​អះអាង​ថា ការ​ស្រោចស្រង់​នេះ គឺ​ធ្វើ​ឡើង​ក្នុង​គោលដៅ​ធានា​ថា សេដ្ឋកិច្ច​កម្ពុជា នឹង​មិន​ធ្លាក់​ចូល​ដល់​កម្រិត​ដុនដាប។

ប្រឈម​នឹង​បញ្ហា​វិបត្តិ​ជា​សាកល​នៃ​ជំងឺ​រាតត្បាត​កូវីដ​១៩​នេះ ធនាគារ​ពិភពលោក ផ្តល់​អនុសាសន៍​ជា​រួម​ថា ប្រទេស​នានា ចាំបាច់​ត្រូវតែ​ចាត់វិធានការ​ឱ្យ​បាន​ឆាប់រហ័ស និង​ដោយ​មិន​រារែក ដើម្បី​ទប់ស្កាត់​ការ​រីក​រាល​នៃ​ការ​ឆ្លង​ជំងឺ​នេះ ហើយ​ក្នុង​ពេល ជាមួយគ្នា​នោះ ត្រូវ​ព្យាបាល និង​ធ្វើតេស្ត​រក​មេរោគ​នេះ​លើ​ពលរដ្ឋ​ខ្លួន និង​តាមដាន​ការ​ចម្លង​មេរោគ​នេះ​។ ក្រៅ​ពី​នេះ ធនាគារ​ផ្ដល់​អនុសាសន៍​ថា ការ​កែ​សម្រួល គោលនយោបាយ​សុខាភិបាល និង​ម៉ាក្រូ​សេដ្ឋកិច្ច ការ​បង្កើន​សមត្ថភាព​សេវា​ថែ​ទាំង​សុខភាព ជាបន្ទាន់ ការ​កែសម្រួល​គោលនយោបាយ​រូបិយវត្ថុ និង​សារពើពន្ធ ព្រមទាំង​ការ​បន្ត​បើក​ចំហ គោលនយោបាយ​ពាណិជ្ជកម្ម និង​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ក្នុង​ការ​ធានា ការ​ផ្គត់ផ្គង់​ផលិតផល​វេជ្ជសាស្ត្រ​សំខាន់ៗ គឺ​សុទ្ធតែ​ជា​កត្តា​ចម្បង ដែល​អាច​ចូលរួម កាត់បន្ថយ​ការ​ធ្លាក់​ចុះ​ដុនដាប​ផ្នែក​សេដ្ឋកិច្ច។

សម្រាប់​ឆ្នាំ​២០១៩ បើ​តាម​ធនាគារ​ពិភពលោក ផលិតផល​ក្នុងស្រុក​សរុប GDP របស់​កម្ពុជា មានតម្លៃ ២៦,៩ ប៊ី​លាន​ដុល្លារ​អាមេរិក ស្មើនឹង​ជាង ១.៦០០​ដុល្លារ (១.៦២៣​ដុល្លារ​) សម្រាប់​ពលរដ្ឋ​ម្នាក់ៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។