កម្ពុជាត្រៀមនាំអង្ករចេញ ៣ម៉ឺនតោន ទៅប្រទេសទីម័រខាងកើត
2020.06.12

កម្ពុជាត្រៀមនាំចេញអង្ករស ប្រមាណ៣ម៉ឺនតោន ទៅលក់នៅប្រទេសទីម័រខាងកើត នាពេលឆាប់ៗខាងមុខនេះ។
អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា លោក លន់ យ៉េង មានប្រសាសន៍ប្រាប់អាស៊ីសេរី តាមទូរស័ព្ទ កាលពីយប់ថ្ងៃទី១១ ខែមិថុនាថា កម្ពុជាមានអង្ករស ស្តុកទុកគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអង្ករនៅប្រទេសទីម័រខាងកើត។ លោកបន្តថា អង្ករសលក់តម្លៃមធ្យមប្រមាណជា ៩៣០ដុល្លារ ក្នុងមួយតោន ក៏ប៉ុន្តែរហូតមកដល់ពេលនេះ កម្ពុជា មិនទាន់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំអង្ករចេញនៅឡើយទេ៖ «អង្ករនាំចេញទៅទីម័រខាងកើតនេះ គ្រាន់តែជជែកគ្នា អត់ទាន់មានកិច្ចសន្យានៅឡើយទេ។ ខាងទូត គាត់បានស្នើទិញពីខាងយើង ប៉ុន្តែខាងគាត់មានបញ្ហា ដូចជាផ្លាស់ប្ដូររដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ហេតុនេះបានជាយឺតយ៉ាវ។ ចំណែកកម្ពុជា យើងចាំតែខាងគាត់ទេ បើឯកភាពគ្នាលើតម្លៃហើយ យើងអាចមានបរិមាណគ្រប់គ្រាន់សម្រាប់លក់ឱ្យគាត់»។
ការប្រកាសនេះ ក្រោយពេលជំនួបរវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ ជាមួយឯកអគ្គរដ្ឋទូតទីម័រខាងកើត ប្រចាំកម្ពុជា លោក អើមេនីហ្គីលដូ កូប៉ាឡូព (Ermenegildo Kupa Lopes) កាលពីថ្ងៃទី៩ ខែមិថុនា។ លោក ប៉ាន សូរស័ក្ដិ ត្រូវសារព័ត៌មានក្នុងស្រុកស្រង់សំដីថា កម្ពុជាបានត្រៀមអង្ករ ៣ម៉ឺនតោនរួចរាល់ហើយ សម្រាប់ផ្គត់ផ្គង់ទីផ្សារប្រទេសទីម័រខាងកើត និងក៏បានស្នើសុំឱ្យភាគីទីម័រខាងកើត ជូនដំណឹងមកកម្ពុជាវិញឱ្យបានឆាប់ៗ។ លោក ប៉ាន សូរស័ក្ដិ ក៏បានជំរុញ និងលើកទឹកចិត្តដល់ វិស័យឯកជនប្រទេសទីម័រខាងកើត ឱ្យចូលមកបើករោងម៉ាស៊ីនកិនស្រូវនៅកម្ពុជា ផងដែរ។
ចំណែកលោកឯកអគ្គរដ្ឋទូតទីម័រខាងកើតឱ្យដឹងថា ទីម័រខាងកើត ក៏មានកសិផលមួយចំនួនទៀត ដែលអាចនាំចូលមកទីផ្សារកម្ពុជាវិញផងដែរ។ ចំណែកវិស័យប្រេងឥន្ធនៈ វិញ លោកថា ទីម័រខាងកើត អាចផ្តល់ឱកាសការងារ ចំនួន៣ពាន់កន្លែង សម្រាប់ប្រជាពលរដ្ឋខ្មែរ។
របាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជាបង្ហាញថា ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២០នេះ កម្ពុជាបាននាំចេញអង្ករទៅទីផ្សារអន្តរជាតិចំនួន ជាង ៣៥ម៉ឺនតោន (៣៥៦.០៩៧) គឺកើនឡើងជាង ៤២% បើប្រៀបធៀបអំឡុង ពេលដូចគ្នា កាលពីឆ្នាំ២០១៩ ដែលមានចំនួនជាង ២៥ម៉ឺនតោន (២៥០,១៧២)៕