សមាគមមគ្គទេសក៍អង្គរអះអាងថា ទោះបីក្រសួងទេសចរណ៍អះអាងថា ភ្ញៀវទេសចរមកកម្ពុជាមានចំនួនកើនឡើងក៏ដោយ ក៏ពួកគេមិនសូវទទួលបានផលប្រយោជន៍ដែរ ជាពិសេសភ្ញៀវទេសចរចិន។ ប្រធានសមាគមមគ្គទេសក៍អង្គរ ខេត្តសៀមរាប លោក ខៀវ ធី និយាយថា ភ្ញៀវទេសចរចិន ដែលមកលេងស្រុកខ្មែរ មិនបានផ្តល់ប្រាក់ដល់ប្រជាពលរដ្ឋខ្មែរទេ ព្រោះពួកគេមិនសូវត្រូវការអ្នកមគ្គទេសក៍ និងអ្នកបើកបរ។
លោក ខៀវ ធី បន្តថា ភ្ញៀវទេសចរជនជាតិផ្សេងវិញ តែងតែផ្ដល់ប្រយោជន៍ ដល់ប្រជាពលរដ្ឋកម្ពុជា ប៉ុន្តែ អ្នកទេសចរចិនខុសគ្នាស្រឡះ។ លោកថា អ្នកទេសចរមកពីបស្ចិមប្រទេស ច្រើនតែមកជាគ្រួសារ ជាមិត្តភ័ក្ដិពីរបីនាក់ ពួកគាត់ត្រូវការមគ្គុទ្ទេសក៍និងអ្នកបើកបររថយន្តច្រើន៖ «ជនជាតិចិន គាត់មកទៅ គាត់ត្រូវការ Guide ១ និងតៃកុងឡាន ១នាក់ ហើយដើរចូលទៅញុំាអាហារជនជាតិចិនរបស់គាត់ ហើយចូលទៅ Shopping នៅហាងជនជាតិចិន របស់គាត់ ហើយបើជនជាតិមកពីបស្ចិមប្រទេស និងជនជាតិមកពីប្រទេសដទៃទៀត តែងតែដើរមើលផ្សារ ដើរទិញតាមតូបមួយៗ ទៅ។ គាត់ជិះតាក់ស៊ីទៅ គឺវាមានការខុសគ្នាអ៊ីចឹង»។
របាយការណ៍របស់ក្រសួងទេសចរណ៍ ផ្សាយនៅថ្ងៃពុធ ទី១១ ខែកញ្ញានេះថា ប្រទេសកម្ពុជាបានទទួលភ្ញៀវទេសចរចិនចំនួន ១,៥ លាននាក់ក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំ ២០១៩ កើនឡើង ៣៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍នេះអះអាងថា ប្រទេសចិននៅតែជាប្រភពធំបំផុតនៃភ្ញៀវទេសចរបរទេស ទៅកាន់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ដែលមានចំនួន ៣៩ភាគរយនៃចំនួនភ្ញៀវទេសចរបរទេសសរុបមកកាន់ប្រទេសនេះ ក្នុងអំឡុងពេលពីខែមករាដល់ខែកក្កដា។ របាយការណ៍បញ្ជាក់ថា ភ្ញៀវទេសចរអន្តរជាតិសរុបចំនួន ៣,៨៤ លាននាក់បានធ្វើដំណើរមកប្រទេសកម្ពុជាក្នុងអំឡុងពេល ៧ខែដំបូងនៃឆ្នាំនេះ គឺកើនឡើង ១១,១០ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កាលពីឆ្នាំមុនប្រទេសកម្ពុជាបានទទួលភ្ញៀវទេសចរបរទេសចំនួន ៦,២ លាននាក់ ក្នុងនោះមានជនជាតិចិន ២លាននាក់ ដែលមានប្រាក់ចំណូលសរុប ៤,៣៥ពាន់លានដុល្លារសហរដ្ឋអាមេរិក។
ទោះបីយ៉ាងណា លោក ខៀវ ធី កត់សម្គាល់ថា ភ្ញៀវទេសចរនៅខេត្តសៀមរាប ធ្លាក់ចុះប្រមាណ ១០ភាគរយចាប់តាំងពីខែឧសភា មកដល់ខែកញ្ញាឆ្នាំនេះ ហើយទេសចរណ៍ ជនជាតិចិនក៏មានការធ្លាក់ចុះច្រើនដែរក្នុងរយ:ពេលដូចគ្នានេះ។ លោកថា មិនចំពោះតែស្រុកខ្មែរទេ សូម្បីតែប្រទេសថៃ ប្រទេសវៀតណាម ទូទាំងពិភពលោក ជនជាតិចិនមិនសូវធ្វើដំណើរ ដើរកម្សាន្តដូចកាលពីឆ្នាំមុនទេ៖ «បើយើងនិយាយអំពីទេសចរចិន ចាត់ទុកថាសេដ្ឋកិច្ចរបស់គាត់ហាក់ដូចជា មានការធ្លាក់ចុះនៅឆ្នាំ២០១៩ នេះ ប៉ុន្តែលោករដ្ឋមន្ត្រី ក្រសួងទេសចរ កម្ពុជា លោកបានស្តីបន្ទោសទៅលើការលក់កញ្ចប់ទេសចរណ៍ ហើយតម្កើងឲ្យភ្ញៀវមកទិញទំនិញនៅស្រុកខ្មែរឡើងថ្លៃ ហើយនេះជាកត្តា ឲ្យជនជាតិចិនធ្លាក់ចុះ នៅក្នុងខេត្តសៀមរាបយើង»។
លោក ខៀវ ធី និយាយថា មគ្គទេសក៍របស់គាត់ធ្លាប់ដើរបម្រើភ្ញៀវ ជាទូទៅពី ១៥ ទៅ ១៨ថ្ងៃ ក្នុង ១ខែ កាលពីឆ្នាំមុន។ ប៉ុន្តែឆ្នាំនេះ ដើរបានតែពី ៥ ទៅ ៧ថ្ងៃ យ៉ាងច្រើន ក្នុង ១ខែ។
លោកសង្កេតឃើញថា មូលហេតុ នៃការធ្លាក់ចុះភ្ញៀវទេសចរនេះ គឺដោយសារសភាពការណ៍នយោបាយនៅស្រុកខ្មែរមិនសូវល្អ ហើយភ្ញៀវទេសចរណ៍មកពីបស្ចិមប្រទេស មានការច្រណែន ដោយសារកម្ពុជាបើកចំហឲ្យមានការលំហូរចូលជនជាតិចិនច្រើនពេក។
លោក ខៀវ ធី បន្តថារដ្ឋាភិបាលកម្ពុជា គួរតែរៀបចំឲ្យបានល្អនៅច្រកព្រំដែនជាមួយប៉ូលិសអន្តោប្រវេសន៍ សូមមេត្តាជួយផ្ដល់ការងារងាយស្រួលដល់ភ្ញៀវទេសចរណ៍ ព្រោះភ្ញៀវភាគច្រើនបានរអ៊ូរទាំថា ប៉ូលិសអន្តោប្រវេសន៍តាមច្រកព្រំដែន មិនសូវសហការជាមួយពួកគាត់ មិនសូវសប្បាយចិត្តចំពោះពួកគាត់។
លោកថា ប្រធានមន្ទីរទេសចរខេត្តសៀមរាប បាននិយាយក្នុងអង្គប្រជុំ ជាមួយសមាគមមគ្គទេសក៍ទេសចរកាលពីថ្ងៃទី១០ កញ្ញាថា ភ្ញៀវទេសចរនៅខេត្តសៀមរាប មានការធ្លាក់ចុះរង្វង់ ១០ភាគរយ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរខេត្តសៀមរាប។
អាស៊ីសេរីបានទាក់ទង លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរខេត្តសៀមរាប កាលពីថ្ងៃពុធ ទី១១ ខែកញ្ញា នេះ ប៉ុន្តែលោកថា ជាប់រវល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។