អឺរ៉ុប​គ្រោង​ធ្វើ​បេសកកម្ម​ស្វែងរក​ការពិត​នៅ​កម្ពុជា​មុន​​ពិចារណា​លុប​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ

0:00 / 0:00

សហភាព​អឺរ៉ុប​នឹង​ធ្វើ​ការពិចារណា​ឡើងវិញ​ចំពោះ​ការ​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ឱ្យ​កម្ពុជា ក្រោម​កម្មវិធី «​អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ» ឬ Everything But Arms ក្រោយ​បេសកកម្ម​ស្វែងរក​ការពិត​នៅ​កម្ពុជា​ខែ​មិថុនា ខាងមុខនេះ។ ការ​ពិចារណា​ឡើងវិញ​ចំពោះ​ការ​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ធ្វើឡើង​ក្រោយ​ពី​​សភា និង​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប ធ្លាប់​បាន​ព្រមាន​ជា​បន្តបន្ទាប់​អំពី​វិធានការណ៍​នេះ បន្ទាប់​ពី​របប​ក្រុងភ្នំពេញ​រម្លាយ​ប្រជាធិបតេយ្យ​ជា​ស្ថាពរ​នៅ​កម្ពុជា។

គណៈកម្មការ​អឺរ៉ុប និង​រដ្ឋសភា​អឺរ៉ុប​បាន​បើក​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​ទី​២៥ មេសា ដើម្បី​កំណត់​យុទ្ធសាស្ត្រ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​នៅ​កម្ពុជា។ យុទ្ធនាការ​នោះ​នឹង​ចាប់ផ្ដើម​ជា​ដំបូង តាមរយៈ​បេសកកម្ម​ស្វែងរក​ការពិត​មួយ ក្នុង​ប្រទេស​កម្ពុជា ក្នុង​ខែ​មិថុនា ខាងមុខនេះ និង​ថា ជំហាន​ជា​ចំណាត់ការ​បន្តបន្ទាប់​ទៀត នឹង​ត្រូវ​ធ្វើឡើង ឬ​សម្រេច​នៅ​ក្រោយ​ការ​បោះឆ្នោតជាតិ ខែ​កក្កដា ខាងមុខនេះ។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃ​ទី​១ ឧសភា នេះ បាន​ស្រង់​សម្ដី​ពី​ប្រភព​មួយ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា ក្រោយ​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា គណៈកម្មការ​អឺរ៉ុប​នឹង​ធ្វើ​ការពិចារណា​វិធានការណ៍​រឹតត្បិត​ជាក់លាក់​សម្រាប់​កម្ពុជា។ គណៈកម្មការ​អឺរ៉ុប មិន​អាច​ទទួល​យក​បាន​ឡើយ​ចំពោះ​ស្ថានការណ៍​ធ្លាក់​ចុះ​ដុនដាប ផ្នែក​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ។

កិច្ចប្រជុំ​បិទទ្វារ​រវាង​គណៈកម្មការ​អឺរ៉ុប និង​រដ្ឋសភា​អឺរ៉ុប​នេះ ធ្វើឡើង​ក្រោយពី​សហភាព​អឺរ៉ុប ដែល​មាន​ប្រទេស​ចំនួន ៤៥ ជា​សមាជិក បាន​អនុម័ត​នូវ​សេចក្ដី​សម្រេច​ជា​បន្តបន្ទាប់ ទាមទារ​ឱ្យ​របប​ក្រុង​ភ្នំពេញ ស្ដារ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ឱ្យ​ដូចដើម​វិញ និង​បាន​គំរាម​លុបចោល​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ប្រសិនបើ​កម្ពុជា​មិន​ធ្វើតាម​លក្ខខណ្ឌ​ដែល​សហភាព​អឺរ៉ុប​បាន​ដាក់​ចេញ ក្នុង​នោះ​រួមមាន​ការ​ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ការ​ផ្តល់ ឬ​ស្ដារ​នីតិសម្បទា​ដល់​គណបក្ស​សង្គ្រោះ​ជាតិ និង​ថ្នាក់ដឹកនាំ​គណបក្ស​នេះ​ឡើងវិញ ដើម្បី​ឱ្យ​គណបក្ស​នេះ​អាច​ចូលរួម​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា​ខាងមុខនេះ​បាន ប្រកបដោយ​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដដែល​នេះ ក៏បាន​ដកស្រង់​សេចក្ដីថ្លែងការណ៍​មួយ​របស់​អ្នកស្រី Federica Mogherini ដែល​ជា​នាយិកា​រង​គណៈកម្មការ​អឺរ៉ុប ទទួលបន្ទុក​កិច្ចការ​បរទេស ដែល​អ្នកស្រី​បាន​លើក​ឡើង​ថា ការ​គោរព​សិទ្ធិមនុស្ស និង​សេរីភាព​ជា​មូលដ្ឋាន គឺជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប និង​ជា​មូលដ្ឋាន​ផ្លូវច្បាប់ នៃ​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប។

អ្នកវិភាគ​នយោបាយ​លោក​បណ្ឌិត មាស នី មើល​ឃើញ​ថា សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ប្រយ័ត្នប្រយែង​ក្នុង​ការ​ដាក់​ចេញ​នូវ​គំនាប​សេដ្ឋកិច្ច​ដល់​កម្ពុជា នៅមុន​ការ​បោះឆ្នោត​ជាតិ​នេះ ដោយសារតែ​ប្រទេស​ទាំងនេះ មិន​ចង់​ឃើញ​គំនាប​នេះ រង​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ទូទៅ​។ លោក​បណ្ឌិត មាស នី មើលឃើញ​ថា ទោះបី​សហគមន៍​អន្តរជាតិ​មិនទាន់​ចាត់វិធានការ​ប្រឆាំង​របប​ក្រុងភ្នំពេញ​នៅ​ពេល​នេះ​ក៏​ដោយ ប៉ុន្តែ​លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​ពេល​ខាងមុខ ពិសេស​ពេល​គ្មាន​ការចូលរួម​ពី​បក្ស​ប្រឆាំង នឹង​បណ្ដាល​ឱ្យ​សហគមន៍​អន្តរជាតិ​ផ្លាស់ប្ដូរ​ចិត្ត។ លោក​បន្ត​ថា បច្ចុប្បន្ន​អាមេរិក និង​អឺរ៉ុប​មិនទាន់​ធ្វើ​ចំណាត់​ការ​ណាមួយ​មក​លើ​កម្ពុជា ដោយសារតែ​ក្តី​បារម្ភ​ពី​វិបត្តិ​របស់​ពលរដ្ឋ​ស្លូតត្រង់​ខ្មែរ៖ «នៅ​ក្នុង​ពួក​បស្ចិមប្រទេស​ហ្នឹង គេ​មាន​បទពិសោធន៍​ពីមុនៗ គឺថា ការ​ធ្វើ​គំនាប​ណាមួយ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ហ្នឹង ដែល​ធ្វើ​ឱ្យ​ស្ថានភាព​ក្រីក្រ​វិល​មកវិញ នោះ​ការ​ស្ដារ​នូវ​លទ្ធិប្រជាធិបតេយ្យ​នឹង​មិន​ងាយ​ទាញ​មកវិញ​បាន​ឡើយ។ អ៊ីចឹង​បាន​ជា​ការ​យល់ឃើញ​របស់​ខ្ញុំ និង​ស្ដាប់​ពី​មន្ត្រី​ទូត​បរទេស​ខ្លះ​ក៏​គេ​គិត​អ៊ីចឹង​ដែរ គឺថា បើសិនជា​ការ​ធ្វើ​ការសម្រេច​ចិត្ត​ណាមួយ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ របស់​ពលរដ្ឋ​ម្នាក់ៗ​ធ្វើ​ឱ្យ​ពលរដ្ឋ​ក្រ​វិញ គឺ​ម្នាក់ៗ​គិតតែ​រឿង​ក្រពះ​វិញ»។

សហភាព​អឺរ៉ុប គឺជា​ទីផ្សារ​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​របស់​កម្ពុជា សម្រាប់​ការ​នាំ​ចេញ​ផលិតផល​ក្នុងស្រុក ដែល​កម្ពុជា​ផលិត ក្នុង​នោះ​រួមមាន​ដូចជា សំលៀកបំពាក់ ស្បែកជើង ផលិតផល​ធ្វើ​ពី​ស្បែក ប្លាស្ទិក ឬ​កៅស៊ូ អង្ករ ស្ករស និង​ផលិតផល​កសិកម្ម​ជាដើម។ សហភាព​អឺរ៉ុប បាន​ផ្តល់​ឱ្យ​ដល់​កម្ពុជា នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ឬ​មិន​គិត​ពន្ធ ក្រោម​កម្មវិធី​អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ (Everything But Arms, EBA) តាំងពី​ឆ្នាំ​២០១២ មក​ម្ល៉េះ។

ក្នុង​ឆ្នាំ​២០១៧​នេះ កម្ពុជា​ទទួល​បាន​ការ​មិន​យកពន្ធ​សរុប​តម្លៃ​ជិត​៧០០ លាន​ដុល្លារ ពី​សហភាព​អឺរ៉ុប។ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​សរុប​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប គឺ​ជិត ៦​ប៊ីលាន​អឺរ៉ូ (ឬជាង ៧​ប៊ី​លាន​ដុល្លារ) ក្នុង​នោះ​កម្ពុជា​នាំ​ចេញទៅ​ទីផ្សារ​អឺរ៉ុប សរុប​តម្លៃ​ជាង ៥​ប៊ី​លាន​អឺរ៉ូ ខណៈ​អឺរ៉ុប​នាំ​ចេញទៅ​កម្ពុជា​វិញ តម្លៃ​សរុប ៨៥១ លាន​អឺរ៉ូ។

នៅ​ទូទាំង​ពិភពលោក មាន​ប្រទេស​សរុប​ចំនួន ៤៩​ប្រទេស បច្ចុប្បន្ន​កំពុង​ទទួល​បាន​នូវ​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អឺរ៉ុប ក្រោម​កម្មវិធី អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ​នេះ ដែល​អនុញ្ញាត​ឱ្យ​ប្រទេស​ដែល​ទទួល​បាន​អត្ថប្រយោជន៍ ដែល​សុទ្ធ​តែ​ជា​ប្រទេស​ក្រីក្រ និង​កំពុង​អភិវឌ្ឍន៍ នាំចេញ​ទំនិញ​ទាំងអស់​ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប ដោយ​មិន​គិត​ពន្ធ។

សហភាព​អឺរ៉ុប កន្លងមក​ធ្លាប់​បាន​ព្រមាន​ពី​ការ​ឈាន​ទៅ​រក​ការលុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​នេះ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​ខ្លួន ក្រោយ​របប​លោក ហ៊ុន សែន បាន​សម្រេច​រម្លាយ​ប្រជាធិបតេយ្យ តាមរយៈ​ការ​កម្ទេច​គណបក្ស​សង្គ្រោះជាតិ ក្រុម​អ្នកនយោបាយ​ប្រឆាំង ការ​បំបិទ​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ព្រមទាំង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញមតិ នៅ​មុន​ការ​បោះឆ្នោត​ជាតិ ថ្ងៃ​ទី​២៩ កក្កដា ខាង​មុខ​នេះ។

មួយ​ខែ​ក្រោយ​ការ​រម្លាយ​គណបក្ស​សង្គ្រោះជាតិ សភា​សហភាព​អឺរ៉ុប​បាន​ចេញ​សេចក្ដី​សម្រេច​មួយ ចុះ​ថ្ងៃ​ទី​១៤ ធ្នូ ឆ្នាំ​២០១៧ គឺ​សេចក្ដី​សម្រេច​លេខ ២០១៧/៣០០២ (RSP)។ ក្នុង​សេចក្ដី​សម្រេច​នោះ ក្រៅពី​ថ្កោលទោស​របប​ក្រុងភ្នំពេញ​ដោយ​ប្រើ​ភាសា​ធ្ងន់ៗ សភា​សហភាព​អឺរ៉ុប បាន​អំពាវនាវ​ឱ្យ​នាយិកា​រង​គណៈកម្មការ​អឺរ៉ុប ឬ​តំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប សម្រាប់​កិច្ចការ​ការបរទេស និង​គោលនយោបាយ​សន្តិសុខ អ្នកស្រី Federica Mogherini និង​តំណាង​ពិសេស​របស់​សហភាព​អឺរ៉ុប ដើម្បី​សិទ្ធិមនុស្ស ឱ្យ​ប្រើប្រាស់​គ្រប់​វិធានការណ៍​ទាំងអស់​ដែល​មាន ដើម្បី​ការពារ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​កម្ពុជា និង​ធានា​អំពី​គោលការណ៍​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ឱ្យ​បាន​ខ្ជាប់ខ្ជួន​ស្របតាម​រដ្ឋធម្មនុញ្ញ​កម្ពុជា។

សភា​សហភាព​អឺរ៉ុប ក៏បាន​អំពាវនាវ​ឱ្យ​គណៈកម្មការ​អឺរ៉ុប និង​ស្នងការ​សហភាព​អឺរ៉ុប លោក Malmstrom ធ្វើការ​សើរើ និង​ត្រួត​ពិនិត្យមើល​ឡើងវិញ ចំពោះ​កាតព្វកិច្ច​របស់​កម្ពុជា ក្រោម​អនុសញ្ញា ត្រង់​មាត្រា ១៩ នៃ​បទប្បញ្ញត្តិ​ស្ដីពី​ការ​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA។

សេចក្ដី​សម្រេច​ដដែល​នេះ គូស​បញ្ជាក់​ថា ប្រសិនបើ​កម្ពុជា នៅតែ​រំលោភ​កាតព្វកិច្ច​របស់​ខ្លួន ក្រោម​បទប្បញ្ញត្តិ EBA នេះ នោះ​ការ​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​នេះ នឹង​ត្រូវ​ផ្អាក​ជា​បណ្ដោះអាសន្ន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។