ប្រជាពលរដ្ឋមួយចំនួនត្អូញត្អែរថាពួកគាត់មានជីវភាពក្រីក្រលំបាកខ្លាំង ក៏ប៉ុន្តែអាជ្ញាធរមិនបានដាក់ឈ្មោះពួកគាត់ក្នុងបញ្ជីជនក្រីក្រ ដើម្បីទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលឡើយ។ ពលរដ្ឋទាំងនោះ ខ្លះនាំគ្នាដើររើសអេតចាយលក់ និងខ្លះទៀតដើររកខ្យងចំណិតធ្វើម្ហូបប្រចាំថ្ងៃ ស្របពេលដែលរដ្ឋាភិបាលបានបន្ថែមថវិកាចំនួន ៣០លានដុល្លារ ដើម្បីឧបត្ថម្ភដល់ជនក្រីក្រ អំឡុងពេលមានវិបត្តិជំងឺកូវីដ១៩។
ប្រជាពលរដ្ឋម្នាក់រស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោក ទុំ រ៉េន ថ្លែងថា គ្រួសាររបស់លោកមានសមាជិក៩នាក់ អត់ការងារជាង ៤ខែហើយ ដោយសារការរាតត្បាតជំងឺកូវីដ១៩។ បច្ចុប្បន្នលោកបាននាំប្រពន្ធនិងកូនដើររើសអេតចាយលក់យកប្រាក់ទិញស្បៀងអាហារហូបចុក ក៏ប៉ុន្តែរកប្រាក់ចំណូលមិនគ្រប់សម្រាប់ដោះស្រាយជីវភាពគ្រួសារនោះទេ។លោកបញ្ជាក់ថា ថ្វីត្បិតតែជីវភាពគ្រួសារលោករកព្រឹកខ្វះល្ងាចយ៉ាងនេះក្ដី ក៏អាជ្ញាធរមិនបានបញ្ចូលឈ្មោះលោកក្នុងបញ្ជីជនក្រីក្រ ដើម្បីបើកប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលឡើយ៖ «ដាច់ហ្នឹងហើយអត់មានអីធ្វើសោះបណ្ដោយ បើអត់មានអេតចាយទៀត ចប់តែម្ដង។បើអត់មានរកការងារអីបានធ្វើសោះ បើសំណង់ក៏អត់មានអីក៏អត់បានធ្វើ រាល់ថ្ងៃនេះកុំតែបានសាសនាយេស៊ូគ្រិស្ត គេឱ្យអង្ករមួយខែ ២៥គីឡូក្រាម។ អាជ្ញាធរអត់ដែលឃើញឱ្យអីផង តាំងពីបិទច្រកព្រំដែនមកកុំតែបានយេស៊ូហ្នឹង កុំអីងាប់ហើយ។ ខ្ញុំអត់មានកុហកអីផង ក្រុមគ្រួសារបងប្អូនខ្ញុំអត់ដែលបានអីផង។ខ្ញុំក្រីរកតែម៉ូតូមួយមិនមានជិះផង មានតែម៉ូតូសណ្ដោងអេតចាយមួយកញ្ចាស់ » ។
លោកបន្ថែមថា មានប្រជាពលរដ្ឋជាច្រើនគ្រួសារទៀតដែលប្រកបរបរលីសែងនិង កម្មករអូសរទេះនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មិនបានទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលដូចគ្នា ដោយសារពួកគាត់តែងតែចូលរួមតវ៉ាទាមទារឱ្យអាជ្ញាធរបើកច្រកទ្វារព្រំដែនកម្ពុជានិងថៃ។
ចំណែកប្រជាពលរដ្ឋនៅភូមិព្រែកតាវេន ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង លោកស្រីឆាត ឈឿន វិញ ប្រាប់ថា គ្រួសាររបស់លោកស្រីមានសមាជិក៨នាក់អត់ការងារធ្វើប្រមាណ៥ខែមកហើយ ។លោកស្រីបន្តថា សព្វថ្ងៃកូនរបស់លោកស្រីនាំគ្នាដើររាវខ្យង និងខ្ចៅ តាមប្រឡាយទឹកយកមកចំអិនធ្វើអាហារហូបចុកប្រចាំថ្ងៃ ព្រោះគ្មានប្រាក់ទិញស្បៀងជាច្រើនថ្ងៃមកហើយ ។លោកបញ្ជាក់ថា អាជ្ញាធរមិនបានដាក់ឈ្មោះលោកស្រីក្នុងបញ្ជីជនក្រីក្រ ដើម្បីទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលឡើយ ហើយលោកស្រីក៏មិនដែលបានទទួលអំណោយពីអាជ្ញាធរផងដែរ៖ «វាពិបាកណាស់ កូនមកពីប្រឡាយរាវបានខ្ចៅខ្យងមិញនៅត្រាំក្នុងឡាំងល្ងាចឡើងមិនដឹងធ្វើអីហូបទេ ចេះដើររាវខ្យងរាវខ្ចៅអីចឹងទៅបើថាមានកូនមាន់ទ្រើសៗ ធ្វើហូបអីចឹងទៅ បើអត់មានអត់ទៅ។ខ្ញុំអាណិតតែយាយនិងតាចេះតែហូបទៅបើអត់មានអីហូបផង។ខ្ញុំមានអារម្មណ៍ចេះតែពិបាកចិត្តគ្មានអីហូបអីចឹងហើយកូនចៅអីនៅជុំគ្នា ដេកយប់ឡើងខ្ញុំចេះតែគិតមិនដឹងទៅរកអីទេ ។អ្នកនៅម្ដុំខ្ញុំអត់បានប្រាក់ឧបត្ថម្ភច្រើនដែរ ដូចថាវាប្រកាន់បក្សពួកយ៉ាប់ណាស់ » ។
ស្របពេលដែលពលរដ្ឋមួយចំនួនមិនទាន់ទទួលបានប្រាក់ជំនួយនេះ រដ្ឋាភិបាលបានទម្លាក់ថវិកាជុំទី២ ចំនួន ៣០លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩។ សេចក្ដីប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចុះថ្ងៃទី២៥ សីហាថា ថវិកាទាំងនេះឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រចំនួន ២លាន ៦សែននាក់នៅក្នុងខែសីហា និងចាប់ផ្ដើមអនុវត្តពីថ្ងៃទី២៥ សីហារហូតមក។
ក្រុមប្រជាពលរដ្ឋទាំងនេះអំពាវនាវ សុំឱ្យអាជ្ញាធរបញ្ចូលឈ្មោះពួកគេក្នុងបញ្ជីជនក្រីក្រ ទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលនៅជុំទី២ នេះ ដើម្បីបានប្រាក់មកដោះស្រាយជីវភាពគ្រួសារដែលកំពុងខ្វះខាត។
អាស៊ីសេរីមិនអាចទាក់ទងអភិបាលខេត្តបាត់ដំបង ងួន រតនៈ និងអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២៧ សីហា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
ប៉ុន្តែរដ្ឋមន្ត្រីក្រសួងផែនការណ៍ លោក ឆាយ ថន មានប្រសាសន៍នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី៦ កក្កដាថា មានខេត្តចំនួន១៣ ដែលមានបញ្ហាខ្លាំងជាងគេរឿងការដាក់បញ្ចូលឈ្មោះពលរដ្ឋក្រីក្រ ក្នុងនោះពលរដ្ឋពុំមានប័ណ្ណក្រីក្រ មានជិត ៦០០ករណី និងប័ណ្ណរហែក ឬបាត់ មានជិត ៣ពាន់ករណី។ លោកឱ្យដឹងថា អំឡុងការរាតត្បាតជំងឺកូវីដ១៩ នេះ មានប្រជាពលរដ្ឋ ប្រមាណ៥៦ម៉ឺនគ្រួសារ ស្មើនឹងជាង ២លាន ៣សែននាក់ក្រីក្រ គឺកើនឡើង ២ម៉ឺន ៤ពាន់គ្រួសារ។ លោកបញ្ជាក់ថា ការកំណើតអត្តសញ្ញាណជនក្រីធ្វើឡើងដោយល្អិតល្អន់ ដើម្បីជ្រើសយកអ្នកក្រពិតប្រាកដ៖ «អីចឹងទេការដែលឧបត្ថម្ភប្រាក់បានឬមិនបាន គឺអាស្រ័យការកំណត់ពិតប្រាកដ ណែគ្រួសារហ្នឹងក្រីក្រពិតប្រាកដ។អ្វីដែលជាប្រមុខរដ្ឋាភិបាលលោកចង់បានគឺថា ធ្វើយ៉ាងការឧបត្ថម្ភសាច់នេះឱ្យចំទិសដៅឱ្យដល់គោលដៅអ្នកក្រីក្រពិតប្រាកដ មិនមានការស៊ុមគ្រលុំគ្នាដើម្បីបង្កើត ទៅជារឿងមួយបានប័ណ្ណក្រីក្រហ្នឹងរួចហើយ ទៅបើកលុយពីរដ្ឋាភិបាលនោះទេ » ។
ទោះជាយ៉ាងណាប្រធានអង្គការតម្លាភាពកម្ពុជា (TIC) លោក ប៉ិច ពិសី កត់សំគាល់ថា ការផ្ដល់ប្រាក់ឧបត្ថម្ភដល់ពលរដ្ឋក្រីក្រនៅជុំទី១ រងការរិះគន់ពីប្រជាពលរដ្ឋជាច្រើនកន្លែង ដោយពលរដ្ឋក្រីក្រពិតប្រាកដមិនបានទទួលប្រាក់ឧបត្ថម្ភនេះឡើយ។លោកបញ្ជាក់ថា រដ្ឋាភិបាលគួរតែផ្ដល់ប្រាក់ឧបត្ថម្ភឱ្យបានស្មើភាពគ្នា ពីព្រោះជាថវិការដ្ឋ ដែលបានមកពីការបង់ពន្ធរបស់ប្រជាពលរដ្ឋ៖ «ខ្ញុំគិតថា ដំបូងគឺការកំណត់អត្តសញ្ញាណ នៃគ្រួសារដែលគាត់ត្រូវទទួលថវិកាហ្នឹង ហើយធ្វើយ៉ាងដូចម្ដេច យើងត្រូវតែមានការចូលរួមជាមួយភាគីពាក់ព័ន្ធ តាំងអាជ្ញាធរមូលដ្ឋាន ហើយមានអង្គការសង្គមស៊ីវិលថ្នាក់មូលដ្ឋាន គឺជាប្រសើរ។ កាលណាយើងកំណត់អ្នកដែលត្រូវទទួលបានថវិកាហ្នឹងឱ្យច្បាស់ដោយមិនមានការរើសអើង គឺយើងប្រើប្រាស់លុយហ្នឹងបានហើយ បានន័យថាលុយហ្នឹងត្រូវចំគោលដៅហើយមានប្រសិទ្ធភាពខ្ពស់ » ។
កន្លងមក នៅជុំទី១រដ្ឋាភិបាលបានទម្លាក់ថវិកាប្រមាណ ៥០លានដុល្លារ ឧបត្ថម្ភដល់ប្រជាពលរដ្ឋនៅខែមិថុនា និងខែកក្កដា។
ថវិកាទាំងនេះ គឺពលរដ្ឋទទួលបានប្រាក់ខុសៗ គ្នាទៅតាមកម្រិតនៃភាពក្រីក្រ និងទីតាំងដែលពួកគាត់រស់នៅ។ ជាឧទាហរណ៍ បើរស់នៅជនបទ ពួកគាត់អាចទទួលបានយ៉ាងតិចបំផុត ២០ដុល្លារអាមេរិក ហើយបើនៅទីប្រជុំជន និងរាជធានីភ្នំពេញ ពួកគាត់អាចបានទាបបំផុត ៣០ដុល្លារអាមេរិក។ ពលរដ្ឋក្រីក្រនឹងទទួលបានប្រាក់ឧបត្ថម្ភជាក់ស្ដែងច្រើនជាងនេះ ដោយសារការបូកថែមសមាជិកគ្រួសារម្នាក់ៗ និងលក្ខខណ្ឌមួយចំនួនទៀត។
ធនាគារពិភពលោកព្យាករណ៍កាលពីពេលថ្មីៗនេះថា ពលរដ្ឋខ្មែរជិត២ លាននាក់នឹងធ្លាក់ខ្លួនក្រីក្រដោយសារវិបត្តិជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២០ នេះ ធ្វើឱ្យចំនួនអ្នកក្រនៅកម្ពុជានឹងកើនឡើងដល់៤ លាននាក់ ក្នុងចំណោមពលរដ្ឋសរុបជាង១៥ លាននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។