ជប៉ុន​ផ្ដល់​ជំនួយ​ជិត​៥​លាន​ដុល្លារ​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​ធនធានមនុស្ស​កម្ពុជា

0:00 / 0:00

កម្ពុជា​ទទួល​បាន​ជំនួយ​ជិត ៥​លាន​ដុល្លារ​ពី​ប្រទេស​ជប៉ុន ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​ធនធាន​មនុស្ស។

គេហទំព័រ​ព័ត៌មាន​ក្រសួង​ព័ត៌មាន​ឱ្យ​ដឹង​ថា នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក ស៊ិនហ្ស៊ូ អាបេ (Shinzo Abe) បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​ផ្ដល់​ជំនួយ​ឥត​សំណង​នោះ កាលពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា។

ជំនួយ​នោះ​ផ្ដល់​ទៅ​វិស័យ​ចំនួន ២ គឺ​ការ​អនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម សំដៅ​ទៅ​ការ​សាងសង់​ស្ថានីយ​រថយន្ត​ដឹកទំនិញ​ធំៗ ឬ​កុងតឺន័រ ក្នុង​ទឹកប្រាក់ ២០០​លាន​យ៉េន ស្មើ​ប្រមាណ ១,៨​លាន ដុល្លារ​អាមេរិក និង​ការអនុវត្ត​គម្រោង​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស ដែល​មាន​ទឹកប្រាក់ ៣៣៩ លាន យ៉េន​ស្មើ​ប្រមាណ​ជាង ៣​លាន​ដុល្លារ​អាមេរិក។

ក្នុង​ពេល​នោះ​ដែរ​លោក ហ៊ុន សែន ស្នើសុំ​ជប៉ុន​បន្ត​ជួយ​កម្ពុជា​ជាពិសេស​ផ្នែក​កម្ចីសម្បទាន និង​លើកទឹកចិត្ត​ការ​បណ្ដាក់​ទុន​មក​កម្ពុជា​។ លើស​ពី​នេះ​លោក ហ៊ុន សែន ក៏​ស្នើ​ឱ្យ​ជប៉ុន​បន្ត​ជួយ​ផ្នែក ដោះ​មីន​នៅ​កម្ពុជា សម្រាប់​គម្រោង ៣​ឆ្នាំ​ទៀត ត្រូវ​ការ​ថវិកា​ប្រមាណ ២៨​លាន​ដុល្លារ​អាមេរិក និង​បញ្ហា​កង្វះ​អគ្គិសនី ដោយសារ​បម្រែបម្រួល​អាកាសធាតុ។

នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ បញ្ជាក់​ថា ជប៉ុន​សង្ឃឹម​ថា លោក ហ៊ុន សែន នឹង​បន្ត​កែទម្រង់​នៅ​ក្នុង​ប្រទេស ជាពិសេស​ការ​ពង្រឹង​ច្បាប់។

ក្នុងពេលដែល លោក ហ៊ុន សែន ស្នាក់នៅ​ប្រទេស​ជប៉ុន ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ ទី​៣១ ខែ ឧសភា ដើម្បី​ចូលរួម​សន្និសីទ​អន្តរជាតិ​លើក​ទី​២៥ ស្ដីពី​អនាគត​របស់​អាស៊ី នៅ​ទីក្រុង​តូក្យូ​នោះ ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​ប្រមាណ ៣០​នាក់​បាន​នាំគ្នា​តវ៉ា​ប្រឆាំង​នឹង​ទាមទារ​ឱ្យ​លោក ហ៊ុន សែន ចុះ​ចេញពី​អំណាច។ ពួកគេ​ទាមទារ​រដ្ឋាភិបាល​ជប៉ុន​ថា កុំ​ឱ្យ​ទទួលស្គាល់ លោក ហ៊ុន សែន ដែល​ជា​នាយករដ្ឋមន្ត្រី​កើត​ចេញពី​ការបោះឆ្នោត​ក្លែងក្លាយ។ ពួកគេ​ថា ពលរដ្ឋ​កម្ពុជា​ត្រូវការ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ពិតប្រាកដ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។