ប្រជាពលរដ្ឋ និងមន្ត្រីអង្គការសង្គមស៊ីវិលសាទរនឹងវិធានការរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលចេញបម្រាមជាផ្លូវការហាមឃាត់ជនបរទេសប្រកបមុខរបរចំនួន១០ប្រភេទ ដែលប៉ះពាល់ដល់ការរកប្រាក់ចំណូលរបស់ពលរដ្ឋខ្មែរប្រកបរបរតូចតាចក្នុងស្រុក។ ទោះជាយ៉ាងណា ពួកគាត់លើកឡើងថា វិធានការនេះមិនទាន់គ្រប់គ្រាន់នៅឡើយទេ បើខ្វះការអនុវត្តជាក់ស្ដែង។
មុខរបរទាំង ១០ប្រភេទដែលក្រសួងហាមឃាត់សម្រាប់ជនបរទេសនោះ រួមមានទី១ អ្នកបើកបរយានជំនិះគ្រប់ប្រភេទ ជាលក្ខណៈអាជីវកម្មជាអាទិ៍ អ្នកបើកទោចក្រយានយន្ត អ្នកបើកត្រីចក្រយានយន្ត អ្នកបើកទោចក្រយានយន្តសណ្ដោងរ៉ឺម៉ក អ្នកបើកម៉ូតូកង់បួន អ្នកបើករថយន្តដឹកអ្នកដំណើរ និងដឹកទំនិញ ទី២ អ្នកលក់ដូរដោយមធ្យោបាយថ្មើរជើង ឬយានជំនិះគ្រប់ប្រភេទ នៅទីសាធារណៈ ទី៣ អ្នកម៉ាស្សា ចាប់សរសៃតាមទីសាធារណៈ ទី៤ អ្នកកាត់សក់ អ៊ុតសក់ និងថែរក្សាសម្ផស្ស ទី៥ អ្នកផ្តល់សេវាកម្មដេរ និងសម្អាតស្បែកជើង ទី៦. អ្នកកាត់ដេរ ទី៧ អ្នកប៉ះកង់ ជាងជួសជុលយានយន្ត ទី៨ អ្នកផលិតវត្ថុអនុស្សាវរីយ៍ខ្មែរ ទី៩ អ្នកផលិតឧបករណ៍ភ្លេងខ្មែរ បាត្រលោក ព្រះពុទ្ធរូប និងទី១០ ជាងទង ជាងច្នៃត្បូងពេជ្រ។
ក្រសួងបញ្ជាក់នៅក្នុងសេចក្ដីប្រកាសនៅថ្ងៃទី២៨ សីហាថា របបក្រុងភ្នំពេញនឹងមិនផ្ដល់ ឬបន្តសុពលភាពប័ណ្ណ ឬសៀវភៅការងារដល់ជនបរទេសដែលកំពុងប្រកបមុខរបរ និងការងារទាំង១០ប្រភេទនេះទៀតឡើយ ហើយបើជនបរទេសណាល្មើសនឹងប្រកាសនេះ នឹងត្រូវពិន័យជាប្រាក់ និងផ្ដន្ទាទោសតាមច្បាប់ការងារ ។ ទោះជាយ៉ាងណាសេចក្ដីប្រកាសនេះមិនបានបញ្ជាក់ពីទោសបញ្ញត្តិលើមាត្រាណាមួយនៃច្បាប់ការងារនោះឡើយ។
ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យលោក ឆេង ប៊ុនហាក់ ប្រាប់អាស៊ីសេរីថា ថ្វីត្បិតតែក្រសួងការងារចេញសេចក្ដីប្រកាសហាមឃាត់យ៉ាងនេះក្ដី ក៏មិនទាន់គ្រប់គ្រាន់ ក្នុងការស្កាត់ដល់ជនបរទេសចូលមកដណ្ដើមការងាររបស់ពលរដ្ឋខ្មែរបានដែរ។ លោកបញ្ជាក់ថា កំណើនជនបរទេសរស់នៅក្រុងប៉ោយប៉ែត ជាពិសេសជនជាតិចិន បានដណ្ដើមការងាររបស់ពលរដ្ឋខ្មែរជាច្រើនឆ្នាំមកហើយ ជាពិសេសប្រមាណ២ឆ្នាំចុងក្រោយនេះ ។ លោកបន្ថែមថា ការងារដែលជនជាតិចិនធ្វើនោះ ភាគច្រើនជាប្រភេទការងារលក់ដូរក្នុងហាងកាហ្វេ ធ្វើការតាមផ្ទះសំណាក់ បើកហាងម៉ាស្សា និង រត់រ៉ឺម៉កម៉ូតូកង់៣ ឬហៅរ៉ឺម៉កទេសចរ ជាដើម៖ «ក្នុងនាមយើងជាពលរដ្ឋខ្មែរយើងឈឺចាប់ណាស់ ដែលមកដណ្ដើមការងារអីចឹងយើងពិបាកនឹងទទួលយក។ ខ្ញុំសូមឱ្យ អាជ្ញាធរចាត់វិធានការឱ្យបានតឹងរ៉ឹង យើងគួរតែមើលប្រទេសជិតខាងដូចប្រទេសថៃ អ៊ីចឹង សូម្បីតែខ្មែរទៅក៏មិនអាចលក់ដូរបានដែរ បើទៅទេសចរបាន បើទៅដណ្ដើមការងារ គឺរដ្ឋាភិបាលគេយកចិត្តទុកដាក់ដល់ពលរដ្ឋគេណាស់ បើសិនរដ្ឋាភិបាលធ្វើដូចប្រទេសគេយើងគាំទ្រ មិនមែនលំៗបានដូចសព្វថ្ងៃទេ»។
មន្ត្រីអង្គការសង្គមស៊ីវិលយល់ស្របនឹងការលើកឡើងរបស់ពលរដ្ឋនេះ។ អង្គការសង្គមស៊ីវិលលើកឡើងថា ទោះជាវិធានការរបស់ក្រសួងការងារ ហាក់ដំណើរការយឺតពេលបន្តិចក្ដី ក៏ប៉ុន្តែជារឿងល្អប្រសិនបើអាជ្ញាធរពាក់ព័ន្ធអនុវត្តឱ្យមានប្រសិទ្ធភាពដូចក្នុងសេចក្ដីប្រកាសនោះមែន។
ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា (IDEA ) លោក វន់ ពៅ មានប្រសាសន៍ថា បម្រាមរបស់ក្រសួងការងារនេះ អាចទប់ស្កាត់បានមួយផ្នែកប៉ុណ្ណោះ ។ មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះ បញ្ជាក់ថា សព្វថ្ងៃមានការងារជាច្រើនផ្នែកទៀត ដែលជនបរទេស កំពុងដណ្ដើមពីពលរដ្ឋខ្មែរធ្វើ មានដូចជា ការងារក្នុងវិស័យសំណង់ និងវិស័យទេសចរជាដើម ។ លោកបន្ថែមថា បរទេសចូលមកដណ្ដើមការងារនេះ គឺជាផ្នែកមួយធ្វើឱ្យពលរដ្ឋខ្មែរជាច្រើននាក់អត់ការងារធ្វើ ហើយនាំគ្នាធ្វើចំណាកស្រុកទៅក្រៅប្រទេស ប្រថុយប្រថាននឹងគ្រោះថ្នាក់ដល់អាយុជីវិតជារៀងរាល់ឆ្នាំ៖ «ជាពិសេសគួរតែបន្ថែមអ្នកនៅតាមភោជនីយដ្ឋានមួយចំនួនក៏ត្រូវតែគិតដល់ចំណុចនឹងដែរ កុំឱ្យបរទេសគេបើកហាងទៅគេដាក់តែជនជាតិគេ គួរតែដាក់ពលរដ្ឋខ្មែរ ហើយគេគ្រាន់តែអ្នកម្ចាស់ហាងអ៊ីចឹងទៅ។ ជនជាតិវៀតណាមអីមកដណ្ដើមមុខរបរខ្មែរ ឥឡូវមានចិនថែមមួយជនជាតិទៀត ធ្វើឱ្យយើងកាត់បន្ថយប្រាក់ចំណូល ការងាររបស់យើងត្រូវបានគេដណ្ដើម ហើយយើងមិនអាចប្រកបមុខរបរទាំងអស់នេះបាន នេះហើយជាផលប៉ះពាល់មួយ»។
លោកកត់សម្គាល់ថា តំបន់ដែលជនបរទេសចូលមកដណ្ដើមការងារខ្មែរច្រើនជាងគេ មាននៅរាជធានីភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ ដោយសារតំបន់ទាំងនេះសំបូរជនបរទេសរស់នៅ និងមានកំណើនសេដ្ឋកិច្ចគ្រាន់បើជាងគេនៅកម្ពុជា។
ប្រជាពលរដ្ឋនិងមន្ត្រីសង្គមស៊ីវិល លើកឡើងថា ពួកគេនឹងតាមដានការអនុវត្តច្បាប់របស់អាជ្ញាធរជុំវិញសេចក្ដីប្រកាសរបស់ក្រសួងការងារបន្តទៀត៕
