នៅក្នុងវេទិកាសេដ្ឋកិច្ចឥស្លាមពិភពលោកលើកទី១២ នៅប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី៤ ខែសីហា ក្រុមអ្នកជំនាញបានអះអាងថា វិស័យអាជីវកម្មខ្នាតតូច និងមធ្យម ឬ អេស.អិម.អ៊ី (SMEs) ជាចលករសំខាន់រុញច្រានសេដ្ឋកិច្ច។ យ៉ាងណា អេស.អិម.អ៊ី ដែលភាគច្រើនជាអាជីវកម្មបែបគ្រួសារ ជាអាជីវកម្មក្រៅប្រព័ន្ធ ជួបការលំបាកក្នុងការទទួលបានជំនួយហិរញ្ញវត្ថុ ដើម្បីពង្រីកទំហំអាជីវកម្ម។
តើ អេស.អិម.អ៊ី គួរធ្វើយ៉ាងណាខ្លះដើម្បីមានឱកាសទទួលបានមូលធន? ហើយតើរចនាសម្ព័ន្ធបែបណាដែលអាចឲ្យ អេស.អិម.អ៊ី ទទួលបានហិរញ្ញវត្ថុដោយចីរភាព?
អាជីវកម្មខ្នាតតូច និងមធ្យម ឬ អេស.អិម.អ៊ី (SMEs) មានចំនួនជាង ៦០លានអាជីវកម្មនៅប្រទេសឥណ្ឌូនេស៊ី ដែលតំណាងឲ្យ ៦០ភាគរយនៃផលិតផលក្នុងស្រុកសរុប និងតំណាងឲ្យ ៩០ភាគរយនៃការងាររបស់ប្រទេសនេះ។ ចំនួន អេស.អិម.អ៊ី មាន ៥៥លានអាជីវកម្មកាលពី ៣ឆ្នាំមុន។
អស់រយៈពេលជាច្រើនឆ្នាំ ឥណ្ឌូនេស៊ី មានគោលនយោបាយលើកកម្ពស់អាជីវកម្មខ្នាតតូច និងមធ្យម ឬ អេស.អិម.អ៊ី (SMEs) ដាក់ឈ្មោះថា «ប៊ុមរ៉ា (Bumra)»។ ប៊ុមរ៉ា បង្កើតជាប្រព័ន្ធអេកូឡូស៊ីសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមមួយ។ ក៏ប៉ុន្តែអាជីវកម្មខ្នាតតូច និងមធ្យមនៅបណ្ដាប្រទេសមួយចំនួនទៀត មិនទាន់មានប្រព័ន្ធបែបនេះនៅឡើយ។
សហស្ថាបនិកនៃក្រុមហ៊ុន សូលេកត្រា អ៊ីនធឺណេស៊ិនណល (Solektra International) លោក ស្ស៊ន នៀង (Thoine Niang) ថ្លែងថា ពិភពលោកផ្លាស់ប្ដូរដោយសារអ៊ីនធឺណិត (Internet)ហើយលោកថា តាមរយៈអ៊ីនធឺណិត អាជីវកម្មជាច្រើនបានកើតឡើងព្រោងព្រាត។ លោកបញ្ជាក់ពីបទពិសោធន៍នៃអាជីវកម្មរបស់លោកក្នុងសហរដ្ឋអាមេរិក ថា អ្វីដែលត្រូវការចាំបាច់ក្នុងកាលៈទេសៈអំណោយទានផ្នែកបច្ចេកវិទ្យាបច្ចុប្បន្ន គឺឆន្ទៈ។ លោកសង្កត់ធ្ងន់ថា ឆន្ទៈនេះ គឺសំខាន់ខ្លាំងណាស់៖ « បើសិនជាយើងព្យាយាមរៀនពីវា ជាឧទាហរណ៍ យើងចង់លក់សេវាកម្ម ឬក៏ផលិតផលណាមួយ ហើយអ្វីដែលយើងត្រូវធ្វើនោះ គឺបង្កើតទំព័រហ្វេសប៊ុកមួយ។ ដំបូងព្យាយាមលក់របស់សេវាកម្មយើងជាមួយបណ្ដាញអ្នកដែលយើងស្គាល់ គ្រួសារ ឬមិត្តភ័ក្ដិជិតស្និទ្ធ។ ប្រមូលក្រដាសប្រាក់ ៥ដុល្លារ ឬ ១០ដុល្លារពីអ្នកដែលជឿជាក់លើយើងមុនគេ។ មនុស្សនឹងមកយកយើង ពេលយើងជោគជ័យ។ ដូច្នេះភាពជាដៃគូជារឿងមិនអាចមើលរំលងបាន »។
លោក ស្ស៊ន បន្ថែមទៀតថា នៅពេលលោកចាប់ផ្ដើមអាជីវកម្មថាមពលជីវម៉ាសដំបូង គាត់ព្យាយាមជួបមនុស្សឲ្យបានច្រើន ដើម្បីសិក្សាស្វែងយល់ពីវិស័យនេះ៖ « ស្គាល់អ្នកល្បីៗឲ្យបានច្រើន ដែលពួកគេមានអ្នកគាំទ្រ ឬហ្វែលឡូវឺ (Followers) ច្រើន។ វាល្អដែលយើងមានអ្នកស្គាល់ច្រើន។ យើងផ្ដោតធ្វើអ្វីដែលយើងចេះ ហើយធ្វើអ្វីដែលយើងស្រឡាញ់ »។
លោក ស្ស៊ន អះអាងថា លោកប្រាប់ទៅយុវជនដែលចង់ធ្វើជំនួញថា ពួកគេមិនចាំបាច់មានលុយដើម្បីបង្កើតអាជីវកម្មនោះទេ។ អ្វីដែលគេត្រូវការនោះ គឺគំនិត។ ប្រសិនបើគេមានគំនិត ហើយមានឆន្ទៈអនុវត្តគំនិត។
តើមានឆន្ទៈតែមួយមុខគ្រប់គ្រាន់ហើយឬនៅ ដើម្បីជោគជ័យក្នុងការធ្វើអាជីវកម្មនេះ?
ការព្យាយាមរកទុនដើម្បីដំណើរការអាជីវកម្ម គឺលំបាកគ្រប់ទីកន្លែងលើពិភពលោកសម្រាប់សហគ្រិនវ័យក្មេង។ គេត្រូវមានគំនិត និងគម្រោងអាជីវកម្មច្បាស់លាស់។ ពេលខ្លះ សហគ្រិនមិនមានព័ត៌មានគ្រប់គ្រាន់ដូចអ្វីដែលធនាគារទាមទារ ដែលពេលខ្លះត្រូវការលិខិតស្នាមច្រើន។

នាយកប្រតិបត្តិនៃធនាគារឥស្លាមឌូបៃ (Dubai Islamic Bank) បណ្ឌិត អែដណាន់ ចីលវ៉ាន់ (Adnan Chilwan) មានប្រសាសន៍ថា ពេលខ្លះសហគ្រិនមិនបានព្យាយាមសិក្សាពីហេតុផល ហេតុអ្វីបានជាអ្នកដទៃគេជោគជ័យ ហើយបដិសេធនឹងបរាជ័យខ្លួនឯង។
ថ្នាក់ដឹកនាំនៃធនាគារក្នុងប្រទេសអារ៉ាប់រួម (United Arab Emirates) នៅមជ្ឈិមបូព៌ារូបនេះសង្កត់ធ្ងន់ថា យុទ្ធសាស្ត្រសំខាន់ដើម្បីជួយជំរុញអាជីវកម្មខ្នាតតូច និងមធ្យម ត្រូវការការខំប្រឹងប្រែងខ្លាំង៖ « យើងត្រូវដាក់ដំណើរការទាំងក្នុងជំនួញ ជាប្រព័ន្ធអេកូឡូស៊ី។ ពេលមានប្រព័ន្ធអេកូឡូស៊ីច្បាស់លាស់ សហគ្រិនអាចរៀបចំប្រព័ន្ធអាជីវកម្មច្បាស់លាស់ ដែលអនុញ្ញាតឲ្យរដ្ឋាភិបាលជួយសម្របសម្រួល »។
លោកថ្លែងថា អ្វីដែលគេតែងនិយាយកន្លងមក គឺអាជីវកម្មខ្នាតតូច និងមធ្យម គឺល្អ ដែលវាជួយជំរុញកំណើនសេដ្ឋកិច្ច ក៏ប៉ុន្តែអ្វីដែលសហគ្រិនត្រូវការនោះ គឺជំនួយផ្នែកហិរញ្ញវត្ថុ៖ « ស្ថាប័នហិរញ្ញវត្ថុពង្រីកការផ្ដល់មូលធនដល់ អេស . អិម . អ៊ី ក៏ប៉ុន្តែត្រូវដឹងថា ស្ថាប័នហិរញ្ញវត្ថុទាំងនេះក៏ត្រូវមានទំនួលខុសត្រូវចំពោះម្ចាស់ភាគហ៊ុន »។
លោក អែដណាន់ បញ្ជាក់ថា នៅពេលសហគ្រិនមានរចនាសម្ព័ន្ធអាជីវកម្មច្បាស់លាស់ជាលក្ខណៈស្ថាប័នច្បាស់លាស់ វាបង្កភាពងាយស្រួលដើម្បីទទួលបានប្រាក់ពង្រីកអាជីវកម្ម ដែលមានលទ្ធភាពទូលំទូលាយចូលក្នុងទីផ្សារ និងប្រព័ន្ធច្បាប់៖ « ខ្ញុំគិតថាចំណុចទាំងនេះសំខាន់ខ្លាំងណាស់ »។
ទោះបីជាយ៉ាងណា ប្រធានផ្នែកដៃគូសហការនៃមូលនិធិ អេស.អិម.អ៊ី អ៊ីមផេក (SMEs Impact Fund) លោក ផេនញ៉ែល អាលីវ៉ា (Peniel Uliwa) កត់សម្គាល់ឃើញថា អាជីវកម្មខ្នាតតូច និងមធ្យម គឺពិបាកបំពេញតម្រូវការតាមការទាមទាររបស់ស្ថាប័នហិរញ្ញវត្ថុ ដើម្បីទទួលបានថវិកាដំណើរការអាជីវកម្ម។ មូលនិធិរបស់លោក ផេនញ៉ែល ជួបសម្របសម្រួលសហគ្រិននៅប្រទេសតង់ហ៊្សានី (Tanzania) ទ្វីបអាហ្វ្រិក។
លោក ផេនញ៉ែល ក៏សង្កេតឃើញការបាត់បង់នូវចំណុចមួយចំនួនក្នុងដំណើរការស្វែងរកហិរញ្ញប្បទានរបស់ អេស.អិម.អ៊ី ដែលទាមទារឲ្យសហគ្រិនក្រឡេកមើលមុំថ្មីពីការកំណត់តម្រូវការ៖ « យើងគួរកំណត់វាដោយការរីកចម្រើនផ្នែកវិស័យកសិពាណិជ្ជកម្ម។ សហគ្រិនត្រូវមានចំណេះពីការវិភាគទីផ្សារ។ ដូច្នេះ សហគ្រិនត្រូវពិនិត្យមើលសង្វាក់ផលិតកម្ម។ ឧទាហរណ៍ពិនិត្យមើលថា តើសង្វាក់ផលិតកម្មក្នុងកសិពាណិជ្ជកម្មនេះមានអ្វីខ្លះ ? ហើយដំណាក់កាលសំខាន់នៃឥទ្ធិពលនេះ គឺទាក់ទងជាមួយកសិករ និងអ្នកផលិតមួយចំនួន »។
លោកបន្ថែមថា ប្រសិនបើគេពិនិត្យឲ្យដិតដល់ពីតម្រូវការសាច់ប្រាក់ ដើម្បីឲ្យច្បាស់ថា ម្ចាស់អាជីវកម្មត្រូវការកម្រិតណា? លោកលើកឧទាហរណ៍ថា កសិពាណិជ្ជកម្មត្រូវការវត្ថុធាតុដើម ហើយវត្ថុធាតុដើមភាគច្រើនមាននៅរដូវប្រមូលផល ដែលតម្រូវឲ្យសហគ្រិនមានទុនក្នុងដៃគ្រប់គ្រាន់ដើម្បីទិញវត្ថុធាតុដើមទុកទាន់ពេលវេលា៖ « យើងត្រូវឲ្យច្បាស់ថា ភាពទាន់ពេល គឺសំខាន់។ មូលធនគឺជាផ្នែកមួយដែលត្រូវមានក្នុងដៃឲ្យទាន់ពេល ដើម្បីឲ្យសហគ្រិនអាចដើរតួនាទីក្នុងសង្វាក់ផលិតកម្ម និងសិក្សាពីទីផ្សារ »។
លោក អែដណាន់ នៃធនាគារអារ៉ាប់ឌូបៃ គូសបញ្ជាក់ថា ក្រៅពីតម្រូវឲ្យមានទុន និងប្រព័ន្ធរចនាសម្ព័ន្ធមួយរឹងមាំ រដ្ឋាភិបាលត្រូវដើរតួនាទីឲ្យសកម្ម ដើម្បីជួយសម្រួលសហគ្រិន៖ « រដ្ឋាភិបាលមិនអាចចេះតែបន្តនិយាយពីតួនាទី និងសារសំខាន់របស់អាជីវកម្មខ្នាតតូច និងមធ្យមនោះទេ គឺត្រូវធ្វើសកម្មភាព។ ក្រុមការងារបច្ចេកទេស គោលនយោបាយ និងនីតិវិធីផ្សេងទៀត គឺបានរៀបចំរួចហើយ ក៏ប៉ុន្តែសួរថា តើនរណាជាអ្នកអនុវត្តវា ?»។
លោកបន្តទៀតថា កម្មវិធីលើកទឹកចិត្តអាជីវកម្មខ្នាតតូច និងមធ្យម ក៏រដ្ឋាភិបាលគួរជួយឧបត្ថម្ភគាំទ្រ ហើយមិនមែនតែជួយផ្នែកការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ គឺត្រូវជួយផ្នែកការអភិវឌ្ឍធនធានមនុស្សផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
